YouVersion Logo
Search Icon

អេសាយ 33

33
ព្រះ‌អម្ចាស់​រំដោះ​ក្រុង​យេរូ‌សាឡឹម ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​ខ្មាំង​សត្រូវ
1អ្នក​បាន​បំផ្លាញ​អ្នក​ដទៃ
តែ​គ្មាន​នរណា​បំផ្លាញ​អ្នក​វិញ
អ្នក​មុខ​ជា​ត្រូវ​វេទនា​ពុំ‌ខាន!
អ្នក​បាន​ក្បត់​អ្នក​ដទៃ
តែ​គ្មាន​នរណា​ក្បត់​អ្នក​វិញ​ទេ។
ពេល​ណា​អ្នក​បំផ្លាញ​អ្នក​ដទៃ​ចប់​ហើយ
នោះ​នឹង​មាន​គេ​បំផ្លាញ​អ្នក​វិញ
ពេល​ណា​អ្នក​ក្បត់​អ្នក​ដទៃ​ចប់​ហើយ
នោះ​នឹង​មាន​គេ​ក្បត់​អ្នក​រាល់​គ្នា​វិញ។
2ឱ​ព្រះ‌អម្ចាស់​អើយ សូម​អាណិត​មេត្តា​យើង​ខ្ញុំ​ផង
យើង​ខ្ញុំ​សង្ឃឹម​លើ​ព្រះអង្គ​ហើយ
រៀង​រាល់​ព្រឹក
សូម​ព្រះអង្គ​ធ្វើ​ជា​កម្លាំង​ដល់​យើង​ខ្ញុំ។
នៅ​ពេល​មាន​អាសន្ន
សូម​សង្គ្រោះ​យើង​ខ្ញុំ​ផង!
3ពេល​ជាតិ​សាសន៍​ទាំង‌ឡាយ​ឮ​ស្នូរ​សន្ធឹក
របស់​ព្រះអង្គ គេ​នាំ​គ្នា​រត់​ចេញ​ទៅ
ពេល​ព្រះអង្គ​ក្រោក​ឡើង
ប្រជា‌ជាតិ​ទាំង‌ឡាយ​បែក‌ខ្ញែក​គ្នា​អស់។
4ពេល​នោះ មនុស្ស‌ម្នា​ច្រើន​ដូច​កណ្ដូប
នាំ​គ្នា​ប្រមូល​យក​ជយ‌ភណ្ឌ
គេ​លើក​គ្នា​ដូច​ស្រមោច
ទៅ​ដណ្ដើម​យក​ជយ‌ភណ្ឌ​នោះ។
5មនុស្ស‌ម្នា​លើក​តម្កើង​ព្រះ‌អម្ចាស់
ព្រោះ​ព្រះអង្គ​គង់​នៅ​ស្ថាន​ដ៏​ខ្ពង់‌ខ្ពស់​បំផុត!
ព្រះអង្គ​ប្រទាន​ឲ្យ​ក្រុង​ស៊ីយ៉ូន
មាន​ពោរ‌ពេញ​ដោយ
សេចក្ដី​សុចរិត និង​យុត្តិធម៌។
6ពេល​នោះ អ្នក​នឹង​រស់​នៅ​ដោយ​សុខ‌សាន្ត។
ប្រាជ្ញា​វាង‌វៃ និង​ការ​ស្គាល់​ព្រះ‌អម្ចាស់
នឹង​ផ្ដល់​ការ​សង្គ្រោះ​យ៉ាង​បរិបូណ៌​ឲ្យ​អ្នក
ហើយ​ការ​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់
ជា​កំណប់​ទ្រព្យ​ដ៏​ថ្លៃ‌ថ្នូរ​របស់​អ្នក!
7នៅ​គ្រា​នោះ អ្នក​ក្រុង​អើរាល
ស្រែក​តាម​ផ្លូវ រក​គេ​ជួយ
រីឯ​អ្នក​ដែល​ទៅ​ចចារ​រក​សន្តិ‌ភាព
បែរ​ជា​មក​វិញ នាំ​គ្នា​យំ​យ៉ាង​ខ្លោច‌ផ្សា។
8ផ្លូវ​នានា​ស្ងាត់​ជ្រងំ
ឥត​មាន​នរណា​ដើរ​កាត់​តាម​នោះ​ទៀត​ទេ
គូ​ភាគី​លែង​គោរព​សន្ធិ‌សញ្ញា
គេ​ប្រមាថ​មាក់‌ងាយ​សាក្សី​នៃ​សន្ធិ‌សញ្ញា​នេះ
គឺ​គេ​មិន​គោរព​នរណា​ទាំង​អស់។
9ប្រជា‌ជន​នៅ​ក្នុង​ស្រុក​នាំ​គ្នា​កាន់​ទុក្ខ
ទឹក​ដី​កំពុង​តែ​រ៉ាំរ៉ៃ​ទៅៗ
ព្រៃ​ឈើ​នៅ​ភ្នំ​លីបង់​នឹង​រុះ​រោយ ហើយ​បាក់​មុខ
វាល​សារ៉ូន​ប្រៀប​បាន​នឹង​វាល​ហួត‌ហែង
ភ្នំ​បាសាន និង​ភ្នំ​កើមែល នឹង​លែង​មាន
ព្រៃ​ឈើ​ទៀត​ហើយ។
10 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖
«ឥឡូវ​នេះ យើង​ក្រោក​ឡើង
យើង​ត្រូវ​ងើប​ឡើង
ដើម្បី​បង្ហាញ​ឫទ្ធិ‌បារមី​របស់​យើង។
11គម្រោង‌ការ​របស់​អ្នក​រាល់​គ្នា​ប្រៀប​ដូច​ជា​ចំបើង
ពេល​ណា​សម្រេច​ជា​រូប​រាង​ឡើង
អ្នក​រាល់​គ្នា​នឹង​ឃើញ​មាន​តែ
កម្ទេច​សំរាម​ប៉ុណ្ណោះ
ដង្ហើម​របស់​អ្នក​រាល់​គ្នា​ប្រៀប​ដូច​ជា​ភ្លើង
ដែល​ឆេះ​បំផ្លាញ​អ្នក​រាល់​គ្នា។
12ជាតិ​សាសន៍​ទាំង‌ឡាយ​នឹង​ឆេះ​ក្នុង​ឡ
និង​ដូច​បន្លា​រពាក់​ដែល​គេ​កាប់​យក​ទៅ​ដុត»។
13អ្នក​រាល់​គ្នា​ដែល​នៅ​ស្រុក​ឆ្ងាយ​អើយ
ចូរ​នាំ​គ្នា​ស្ដាប់​អំពី​កិច្ចការ​ដែល​យើង​បាន​ធ្វើ!
អ្នក​រាល់​គ្នា​ដែល​នៅ​ជិតៗ​នេះ​អើយ
ចូរ​ទទួល​ស្គាល់​ឫទ្ធា‌នុភាព​របស់​យើង!
14នៅ​ក្រុង​ស៊ីយ៉ូន មនុស្ស​បាប​នាំ​គ្នា​ញ័រ​រន្ធត់
ពួក​ទមិឡ​នឹង​ភ័យ​តក់‌ស្លុត ទាំង​ពោល​ថា:
“ក្នុង​ចំណោម​ពួក​យើង តើ​នរណា​អាច​រស់​នៅ
ក្បែរ​ភ្លើង​ដ៏​សន្ធោ‌សន្ធៅ​នេះ​បាន?
តើ​នរណា​អាច​រស់​នៅ​ក្បែរ​គុក​ភ្លើង
ដែល​ឆេះ​អស់‌កល្ប​ជានិច្ច​នេះ​បាន?”។
15មាន​តែ​អ្នក​ប្រព្រឹត្ត​តាម​មាគ៌ា​ដ៏​សុចរិត
និង​អ្នក​និយាយ​ការ​ពិត
ទើប​អាច​នៅ​ក្បែរ​បាន
គឺ​អ្នក​មិន​ប្រព្រឹត្ត​អំពើ​ហិង្សា ដើម្បី​រក​កម្រៃ
អ្នក​មិន​ព្រម​ទទួល​សំណូក
អ្នក​ខ្ទប់​ត្រចៀក​មិន​ព្រម​ស្ដាប់​ពាក្យ
គេ​បបួល​ទៅ​ប្រហារ​ជីវិត​អ្នក​ដទៃ
អ្នក​មិន​ចង់​ឃើញ​អំពើ​អាក្រក់។
16មនុស្ស​បែប​នេះ​នឹង​បាន​រស់​នៅ​កន្លែង​ខ្ពស់ៗ
គេ​នឹង​មាន​ថ្ម‌ដា​ដ៏​រឹង‌មាំ​ជា​ជម្រក
គេ​នឹង​មាន​អាហារ មាន​ទឹក​គ្រប់​គ្រាន់
ឥត​ខ្វះ​អ្វី​ឡើយ។
17ពេល​នោះ អ្នក​នឹង​ឃើញ​ព្រះ‌មហា‌ក្សត្រ
ប្រកប​ដោយ​ភាព​ថ្កុំ‌ថ្កើង
អ្នក​នឹង​ឃើញ​ស្រុក​ទេស​របស់​អ្នក
មាន​ទឹក​ដី​ធំ​ល្វឹង‌ល្វើយ។
18អ្នក​នឹក​ដល់​អតីតកាល
ដែល​ធ្វើ​ឲ្យ​អ្នក​ញ័រ​រន្ធត់ ហើយ​សួរ​ថា:
“តើ​ពួក​ត្រួត‌ត្រា ពួក​ទារ​ពន្ធ
និង​ពួក​អ្នក​ត្រួត​ពិនិត្យ​នៅ​តាម​កំពែង
ទៅ​ណា​បាត់​អស់​ហើយ?”។
19អ្នក​នឹង​លែង​ឃើញ​ជាតិ​សាសន៍​ដែល​វាយ​ឫក​ខ្ពស់
ហើយ​និយាយ​ភាសា​ចម្លែក​ស្ដាប់​ពុំ​បាន
គួរ​ឲ្យ​អស់​សំណើច​នោះ​ទៀត​ហើយ។
20ចូរ​សម្លឹង​មើល​ទៅ​ក្រុង​ស៊ីយ៉ូន ជា​ក្រុង​ដែល
យើង​តែង​ជួប‌ជុំ​គ្នា​ធ្វើ​ពិធី​បុណ្យ​នោះ​ទៅ
អ្នក​នឹង​ឃើញ​ថា
យេរូ‌សាឡឹម​ជា​ក្រុង​មួយ​ដ៏​សុខ​ក្សេម‌ក្សាន្ត
ជា​ពន្លា​ដែល​គ្មាន​នរណា​រុះ​រើ​ទៀត
ហើយ​ក៏​គ្មាន​នរណា​ដក​ចម្រឹង និង​ស្រាយ​ខ្សែ
ចេញ​ពី​ពន្លា​នេះ​បាន​ទៀត​ដែរ។
21នៅ​ទី​នោះ ព្រះ‌អម្ចាស់​សម្តែង​ភាព​ថ្កុំ‌ថ្កើង
របស់​ព្រះអង្គ​ឲ្យ​យើង​ឃើញ
គឺ​ព្រះអង្គ​ប្រទាន​ទន្លេ​ដ៏​ធំ​ទូលាយ
ជា​ទន្លេ​ដែល​នាវា​ចម្បាំង​ពុំ​អាច​ចូល​បាន
ហើយ​សំពៅ​ដ៏​ធំៗ​ក៏​ពុំ​អាច​ឆ្លង​កាត់​បាន​ដែរ។
22 ព្រះ‌អម្ចាស់​គ្រប់‌គ្រង​លើ​យើង
ព្រះអង្គ​ប្រទាន​ច្បាប់​ទម្លាប់​មក​យើង
ព្រះអង្គ​ជា​ព្រះ‌មហា‌ក្សត្រ​របស់​យើង
មាន​តែ​ព្រះអង្គ​ទេ​ដែល​សង្គ្រោះ​យើង។
23ខ្សែ​ដែល​អ្នក​ចង​ក្ដោង​នោះ​ធូរ​អស់​ហើយ
វា​ពុំ​អាច​ទប់​ដង​ក្ដោង​ឲ្យ​នៅ​រឹង‌ប៉ឹង​ទេ
ហើយ​ក៏​ពុំ​អាច​ចង​ក្ដោង​បាន​ទៀត​ដែរ។
ពេល​នោះ គេ​នឹង​យក​ជយ‌ភណ្ឌ​ដ៏​ច្រើន
មក​ចែក​គ្នា សូម្បី​តែ​មនុស្ស​ខ្វិន
ក៏​មក​យក​ជយ‌ភណ្ឌ​នេះ​ដែរ។
24នៅ​ក្រុង​យេរូ‌សាឡឹម គ្មាន​នរណា​ម្នាក់​ពោល​ថា
«ខ្ញុំ​មាន​ជំងឺ» ទៀត​ឡើយ
ព្រោះ​ព្រះ‌អម្ចាស់​បាន​លើក‌លែង​ទោស​ឲ្យ
ប្រជា‌ជន​នៅ​ក្នុង​ទីក្រុង​រួច​ពី​បាប។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

YouVersion uses cookies to personalize your experience. By using our website, you accept our use of cookies as described in our Privacy Policy