YouVersion Logo
Search Icon

អេសាយ 34

34
ព្រះ‌អម្ចាស់​វិនិច្ឆ័យ​ទោស​ស្រុក​អេដុម មាតុ​ភូមិ​និវត្តន៍​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល
1ប្រជា‌ជាតិ​ទាំង‌ឡាយ​អើយ
ចូរ​នាំ​គ្នា​ចូល​មក ហើយ​ស្ដាប់​ចុះ
ជាតិ​សាសន៍​ទាំង‌ឡាយ​អើយ
ចូរ​នាំ​គ្នា​ផ្ទៀង​ត្រចៀក!
ផែនដី និង​អ្វីៗ​នៅ​លើ​ផែនដី
ពិភព​លោក និង​អ្វីៗ​ដែល​កើត​ចេញ
ពី​ពិភព​លោក
ចូរ​ធ្វើ​ជា​សាក្សី​ដឹង​ឮ​ចុះ!
2 ព្រះ‌អម្ចាស់​ទាស់​ព្រះ‌ហឫទ័យ​នឹង
ប្រជា‌ជាតិ​ទាំង​អស់
ព្រះអង្គ​ព្រះ‌ពិរោធ​នឹង​កង‌ទ័ព​ទាំង​ប៉ុន្មាន
របស់​ពួក​គេ។
ព្រះអង្គ​បំផ្លាញ​ពួក​គេ​ថ្វាយ​ផ្ដាច់​ដល់​ព្រះអង្គ
ព្រះអង្គ​បញ្ជូន​ពួក​គេ​ទៅ​ឲ្យ​ខ្មាំង
សម្លាប់​រង្គាល។
3សាក‌សព​របស់​ពួក​គេ​នឹង​ត្រូវ​ទុក​ចោល
ឲ្យ​មាន​ក្លិន​អសោច
ហើយ​ឈាម​របស់​ពួក​គេ​ហូរ​ពាស‌ពេញ​ភ្នំ។
4 ផ្កាយ​ទាំង​ប៉ុន្មាន​នៅ​លើ​មេឃ​នឹង​រលាយ​សូន្យ
ផ្ទៃ​មេឃ​នឹង​ត្រូវ​រមូរ ដូច​ក្រាំង​ដែល​គេ​មូរ​ទុក
ហើយ​អ្វីៗ​នៅ​លើ​មេឃ​នឹង​ជ្រុះ​អស់
ដូច​ស្លឹក​ទំពាំង‌បាយជូរ និង​ស្លឹក​ឧទុម្ពរ
ដែល​ជ្រុះ​អស់​នោះ​ដែរ។
5 ព្រះ‌អម្ចាស់​កំពុង​គ្រវី​ព្រះ‌ខ័ន​នៅ​លើ​មេឃ
ព្រះ‌ខ័ន​នេះ​នឹង​ធ្លាក់​មក​លើ​ស្រុក​អេដុម
ដើម្បី​បំផ្លាញ​ប្រជា‌ជន
ដែល​ព្រះអង្គ​បាន​កាត់​ទោស​នេះ
ថ្វាយ​ផ្ដាច់​ដល់​ព្រះអង្គ។
6ព្រះ‌ខ័ន​របស់​ព្រះ‌អម្ចាស់​ប្រឡាក់​សុទ្ធ​តែ
ឈាម និង​ខ្លាញ់
គឺ​ដូច​ឈាម​កូន​ចៀម និង​ពពែ​ឈ្មោល
ដូច​ខ្លាញ់​ដែល​ជាប់​នឹង​ក្រលៀន
របស់​ចៀម​ឈ្មោល
ដ្បិត​ព្រះ‌អម្ចាស់​ធ្វើ​យញ្ញ‌បូជា​នៅ​ក្រុង​បូសរ៉ា
ហើយ​នឹង​មាន​ការ​សម្លាប់​រង្គាល​យ៉ាង​ខ្លាំង
នៅ​ស្រុក​អេដុម។
7នៅ​ពេល​នោះ ក្របី គោ​ស្ទាវ និង​គោ​បា
វិនាស​ជា​មួយ​គ្នា
ដី​នឹង​ជោក​ជាំ​ទៅ​ដោយ​ឈាម
ហើយ​ធូលី​ដី​នឹង​ប្រឡាក់​ជោក​ទៅ​ដោយ​ខ្លាញ់
8ដ្បិត​ថ្ងៃ​នោះ​ជា​ថ្ងៃ​ដែល​ព្រះ‌អម្ចាស់
សង‌សឹក​ខ្មាំង​សត្រូវ
ហើយ​នៅ​ឆ្នាំ​នោះ ព្រះអង្គ​ជម្រះ​បញ្ជី​ពួក​គេ
ជំនួស​ប្រជា‌ជន​នៅ​ក្រុង​ស៊ីយ៉ូន។
9ទឹក​ជ្រោះ​នៅ​ស្រុក​អេដុម​នឹង​ក្លាយ​ជា​ធ្យូង​ថ្ម
ដី​របស់​គេ​នឹង​ក្លាយ​ជា​ស្ពាន់ធ័រ
ហើយ​ស្រុក​របស់​គេ
ប្រៀប​ដូច​ជា​ធ្យូង​ដែល​កំពុង​តែ​ឆេះ​គគុក។
10 គឺ​មាន​ភ្លើង​ឆេះ​ទាំង​ថ្ងៃ​ទាំង​យប់
មាន​ផ្សែង​ហុយ​អស់‌កល្ប​ជានិច្ច។
ស្រុក​ទេស​របស់​គេ​នឹង​នៅ​ជា​ទី​ស្មសាន
ជា​ដរាប​ត​រៀង​ទៅ ឥត​មាន​នរណា​ម្នាក់
ដើរ​កាត់​តាម​នោះ​ទៀត​ឡើយ។
11សត្វ​ទុង និង​កាំ‌ប្រមា មក​អាស្រ័យ​នៅ​ក្នុង​ស្រុក
ហើយ​ទីទុយ និង​ក្អែក
ក៏​នាំ​គ្នា​មក​រស់​នៅ​ក្នុង​ស្រុក​នោះ​ដែរ។
ព្រះ‌អម្ចាស់​នឹង​ធ្វើ​ឲ្យ​ស្រុក​វិនាស​ហិន‌ហោច
ឥត​រូប​រាង​អ្វី​ទៀត​ឡើយ។
12នៅ​ក្នុង​ស្រុក​នឹង​លែង​មាន​អ្នក​ធំ
ដើម្បី​ជ្រើស​រើស​ស្ដេច​ឲ្យ​ឡើង
សោយ​រាជ្យ​ទៀត​ហើយ
រីឯ​អ្នក​ដឹក​នាំ​ស្រុក​ក៏​បាត់​សូន្យ​អស់​ដែរ។
13គុម្ព​បន្លា​នឹង​ដុះ​នៅ​តាម​កំពែង​ក្រុង
បន្លា​ស្អិត និង​ដើម​ដំបង‌យក្ស​នឹង​ដុះ​នៅ
ពាស‌ពេញ​បន្ទាយ
ដែល​ក្លាយ​ទៅ​ជា​ជម្រក​របស់​ចចក
និង​ជា​ទ្រនំ​របស់​សត្វ​ត្មាត។
14សត្វ​ដែល​រស់​នៅ​តាម​វាល​រហោ‌ស្ថាន
មក​ជួប‌ជុំ​នឹង​សត្វ​ស្វាន​នៅ​ទី​នោះ
ពពែ​ព្រៃ​មក​ជួប‌ជុំ​គ្នា
ហើយ​ព្រាយ​បិសាច​ក៏​មក​តាំង​ទី​លំ‌នៅ
និង​សម្រាក​នៅ​ទី​នោះ​ដែរ។
15រីឯ​ពស់​វែក​មក​ធ្វើ​រូង និង​ដាក់​ពង​នៅ​ទី​នោះ
រួច​ភ្ញាស់​កូន​របស់​វា។
ខ្លែង‌ស្រាក​ក៏​ហើរ​ទាំង​ហ្វូងៗ
មក​ជួប‌ជុំ​គ្នា​នៅ​ទី​នោះ​ដែរ។
16ចូរ​ពិនិត្យ​មើល​ក្នុង​គម្ពីរ​របស់​ព្រះ‌អម្ចាស់
អ្នក​រាល់​គ្នា​មុខ​ជា​ឃើញ​សេចក្ដី​ដែល​មាន​ចែង
ថា: «សត្វ​ទាំង​នោះ​នឹង​នាំ​គ្នា​មក
ឥត​ខ្វះ​មួយ​ណា​ឡើយ
គឺ​វា​ធ្វើ​តាម​បង្គាប់​ព្រះ‌អម្ចាស់​ទាំង​អស់​គ្នា
ដ្បិត​ព្រះ‌វិញ្ញាណ​របស់​ព្រះអង្គ
នឹង​ប្រមែ‌ប្រមូល​វា​មក។
17ព្រះអង្គ​ជ្រើស​រើស​កន្លែង​សម្រាប់​សត្វ​ទាំង​នោះ
ហើយ​វាស់​ទឹក​ដី​ចែក​ឲ្យ​ពួក​វា
ពួក​វា​ធ្វើ​ជា​ម្ចាស់ និង​រស់​នៅ​លើ​ទឹក​ដី​នោះ
រហូត​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ»។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in