YouVersion Logo
Search Icon

អេសាយ 32

32
ព្រះ‌មហា‌ក្សត្រ​ប្រកប​ដោយ​ទសពិធ‌រាជ‌ធម៌
1ពេល​នោះ នឹង​មាន​ព្រះ‌មហា‌ក្សត្រ​គ្រង​រាជ្យ​ដោយ​សុចរិត
ហើយ​ពួក​មេ​ដឹក​នាំ​នឹង​គ្រប់‌គ្រង​លើ​ប្រជា‌រាស្ត្រ
ដោយ​យុត្តិធម៌។
2លោក​ទាំង​នោះ​ប្រៀប​ដូច​ជា​ជម្រក
ការពារ​នៅ​ពេល​មាន​ខ្យល់ មាន​ព្យុះ
ហើយ​ដូច​ជា​ទឹក​ហូរ​នៅ​លើ​ដី​បែក​ក្រហែង
និង​ដូច​ជា​ផ្ទាំង​ថ្ម​មួយ​ដ៏​ធំ
ផ្ដល់​ម្លប់​ទៅ​លើ​ដី​ហួត‌ហែង។
3ភ្នែក​របស់​អ្នក​ដែល​ត្រូវ​មើល
លែង​ស្រវាំង​ទៀត​ហើយ
ត្រចៀក​របស់​អស់​អ្នក​ដែល​ត្រូវ​ស្ដាប់
ក៏​លែង​ថ្លង់​ទៀត​ដែរ។
4អស់​អ្នក​ដែល​មិន​សូវ​មាន​ប្រាជ្ញា​វាង‌វៃ
បែរ​ជា​ចាប់​ផ្ដើម​យល់
ហើយ​អស់​អ្នក​ដែល​និយាយ​ត្រដិត
បែរ​ជា​និយាយ​លឿន និង​ច្បាស់​ទៀត​ផង។
5គេ​លែង​គោរព​មនុស្ស​ល្ងី‌ល្ងើ​ទុក​ជា
មនុស្ស​ថ្លៃ‌ថ្នូរ​ទៀត​ហើយ
ហើយ​ក៏​លែង​គោរព​មនុស្ស​វៀច‌វេរ​ថា
ជា​មនុស្ស​មាន​ចិត្ត​ទូលាយ​ទៀត​ដែរ
6ដ្បិត​មនុស្ស​ល្ងី‌ល្ងើ​ស្រដី​ចេញ​មក​តែ​ពាក្យ​ល្ងី‌ល្ងើ
ចិត្ត​របស់​គេ​គិត​តែ​ពី​ការ​អាក្រក់
ពួក​គេ​ប្រព្រឹត្ត​អំពើ​ព្រៃ‌ផ្សៃ
ហើយ​ប្រមាថ​មើល‌ងាយ​ព្រះ‌អម្ចាស់
ពួក​គេ​មិន​ឲ្យ​អាហារ​ដល់​អ្នក​អត់​ឃ្លាន​ទេ
ហើយ​ថែម​ទាំង​យក​ទឹក​ចេញ​ពី​អ្នក
ដែល​ស្រេក​ទៀត​ផង។
7មនុស្ស​អប្រិយ​មាន​សុទ្ធ​តែ​គំនិត​អប្រិយ​ក្នុង​ខ្លួន
គេ​រៀបចំ​គម្រោង‌ការ​ទុច្ចរិត
ដើម្បី​ចោទ​ប្រកាន់ ដាក់​ទោស​ជន​ក្រីក្រ
នៅ​ពេល​ជន​ទុគ៌ត​នេះ​ទាម‌ទារ​រក​យុត្តិធម៌។
8រីឯ​មនុស្ស​ថ្លៃ‌ថ្នូរ​វិញ
គេ​រៀបចំ​គម្រោង‌ការ​ដ៏​ថ្លៃ‌ថ្នូរ
ហើយ​គិត​តែ​ពី​ធ្វើ​គម្រោង‌ការ​ថ្លៃ‌ថ្នូរ​នេះ។
ព្រះ‌បន្ទូល​ព្រមាន​ពួក​ស្ត្រី​នៅ​ក្រុង​យេរូ‌សាឡឹម
9ពួក​ស្ត្រី​ដែល​រស់​នៅ​យ៉ាង​ស្រណុក
ឥត​កង្វល់​អើយ
ចូរ​ក្រោក​ឡើង ស្ដាប់​ពាក្យ​យើង
ចូរ​ផ្ទៀង​ត្រចៀក​ស្ដាប់​យើង!
10ពួក​ស្ត្រី​ដែល​ឥត​កង្វល់​អើយ
ក្នុង​រយៈ​ពេល​ជាង​មួយ​ឆ្នាំ​ទៀត
អ្នក​រាល់​គ្នា​នឹង​ត្រូវ​ភ័យ​ញ័រ
ដ្បិត​ទំពាំង‌បាយជូរ​នឹង​គ្មាន​ផ្លែ
ហើយ​ដំណាំ​ឯ​ទៀតៗ​ក៏​គ្មាន​ផល​ដែរ។
11ពួក​ស្ត្រី​ដែល​រស់​នៅ​យ៉ាង​ស្រណុក
អ្នក​រាល់​គ្នា​នឹង​ត្រូវ​ញ័រ​រន្ធត់
ពួក​ស្ត្រី​ដែល​ឥត​កង្វល់​អើយ
អ្នក​រាល់​គ្នា​នឹង​ត្រូវ​ភ័យ​ញ័រ!
ចូរ​យក​សម្លៀក‌បំពាក់​ចេញ
រួច​ពាក់​អាវ​កាន់​ទុក្ខ​វិញ!
12ចូរ​នាំ​គ្នា​គក់​ទ្រូង កាន់​ទុក្ខ
ហើយ​យំ​ស្រណោះ​ស្រែ​ចម្ការ
និង​ស្រណោះ​ចម្ការ​ទំពាំង‌បាយជូរ
ដែល​ធ្លាប់​តែ​ផ្ដល់​ផល​ផ្លែ​ដ៏​ល្អ​នោះ​ទៅ!
13នៅ​លើ​ដី​នៃ​ប្រជា‌ជន​របស់​យើង
មាន​ដុះ​សុទ្ធ​តែ​គុម្ព​រពាក់ និង​បន្លា
ហើយ​ក្នុង​ក្រុង​ដ៏​សប្បាយ​នេះ
សូម្បី​តែ​នៅ​តាម​ផ្ទះ​ទាំង​ប៉ុន្មាន
ដែល​ធ្លាប់​មាន​សុភមង្គល
ក៏​មាន​សុទ្ធ​តែ​គុម្ព​រពាក់ និង​បន្លា​ដែរ។
14វិមាន​ដ៏​ស្កឹម‌ស្កៃ​នឹង​ត្រូវ​គេ​បោះ​បង់​ចោល
ក្រុង​ដែល​ធ្លាប់​អ៊ូអរ​នឹង​ក្លាយ​ទៅ​ជា​ស្ងាត់​ជ្រងំ
កំពែង​ខ្ពស់ៗ និង​ប៉ម​របស់​ទីក្រុង
នឹង​ក្លាយ​ទៅ​ជា​ជម្រក​របស់​លា​ព្រៃ
ហើយ​ជា​វាល​ស្មៅ​សម្រាប់​ហ្វូង​ចៀម។
ព្រះ‌អម្ចាស់​លើក​ប្រជា‌ជន​របស់​ព្រះអង្គ​ឡើង​វិញ
15ប៉ុន្តែ ថ្ងៃ​មួយ ព្រះ‌អម្ចាស់​នឹង​ចាក់​បង្ហូរ
ព្រះ‌វិញ្ញាណ​របស់​ព្រះអង្គ​មក​លើ​យើង
ពេល​នោះ វាល​រហោ‌ស្ថាន
នឹង​ប្រែ​ទៅ​ជា​ចម្ការ​ដំណាំ
ហើយ​ចម្ការ​ដំណាំ​មាន​ដើម​ឈើ​ដុះ​ដេរ​ដាស
ដូច​ជា​ព្រៃ​ព្រឹក្សា​វិញ។
16ពេល​នោះ អ្នក​នៅ​តាម​វាល​រហោ‌ស្ថាន
នឹង​រស់​នៅ​ដោយ​យុត្តិធម៌
ហើយ​អ្នក​នៅ​តាម​ចម្ការ
ក៏​នឹង​រស់​នៅ​ដោយ​សុចរិត​ដែរ។
17សេចក្ដី​សុចរិត​នឹង​នាំ​មក​នូវ​សន្តិ‌ភាព
អំពើ​សុចរិត​នឹង​នាំ​មក​នូវ​សន្តិ‌សុខ
និង​សេចក្ដី​សុខ‌សាន្ត​រហូត​ត​ទៅ។
18ប្រជា‌ជន​របស់​យើង​នឹង​រស់​នៅ
ក្នុង​កន្លែង​ស្ងប់​ស្ងាត់
គេ​អាស្រ័យ​នៅ​កន្លែង​សាន្ត​ត្រាណ
ហើយ​សម្រាក​នៅ​កន្លែង​សុខ​ក្សេម‌ក្សាន្ត។
19រីឯ​ព្រៃ​ព្រឹក្សា​នឹង​ត្រូវ​ហិន‌ហោច
ដោយ‌សារ​ព្រឹល
ហើយ​ទីក្រុង​នឹង​រលំ​ខ្ទេច‌ខ្ទី​អស់។
20ចំពោះ​អ្នក​រាល់​គ្នា​វិញ
អ្នក​រាល់​គ្នា​មាន​សុភមង្គល​ហើយ
អ្នក​នឹង​សាប​ព្រោះ​នៅ​តាម​មាត់​ទឹក
ព្រម​ទាំង​លែង​គោ និង​លា​របស់​ខ្លួន
ឲ្យ​ស៊ី​ស្មៅ​តាម​ចិត្ត។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in