YouVersion Logo
Search Icon

អេសេគាល 25

25
ព្រះ‌បន្ទូល​ស្ដី​អំពី​ប្រជា‌ជាតិ​នានា
ព្រះ‌បន្ទូល​ប្រឆាំង​នឹង​ជន‌ជាតិ​អាំម៉ូន
1 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ដូច​ត​ទៅ៖ 2«កូន​មនុស្ស​អើយ ចូរ​បែរ​មុខ​ទៅ​រក​ជន‌ជាតិ​អាំម៉ូន ហើយ​ថ្លែង​ពាក្យ​ក្នុង​នាម​យើង​ប្រឆាំង​នឹង​ពួក​គេ។ 3ត្រូវ​ប្រាប់​ជន‌ជាតិ​អាំម៉ូន​ដូច​ត​ទៅ: ចូរ​ស្ដាប់​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់! ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា ដោយ​អ្នក​សើច​ចំអក នៅ​ពេល​ឃើញ​ទីសក្ការៈ​របស់​យើង​ត្រូវ​ខ្មាំង​បន្ថោក ឃើញ​ទឹក​ដី​អ៊ីស្រា‌អែល​ត្រូវ​ខ្មាំង​បំផ្លាញ ហើយ​ជន‌ជាតិ​យូដា​ត្រូវ​ខ្មាំង​កៀរ​យក​ទៅ​ជា​ឈ្លើយ 4យើង​នឹង​ប្រគល់​អ្នក​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​កុល‌សម្ព័ន្ធ*​ដែល​មក​ពី​ទិស​ខាង​កើត។ ពួក​គេ​នឹង​នាំ​គ្នា​បោះ​ជំរំ តាំង​ទី​លំ‌នៅ​លើ​ទឹក​ដី​របស់​អ្នក ពួក​គេ​នឹង​បរិភោគ​ផ្លែ​ឈើ​ដែល​អ្នក​បាន​ដាំ ហើយ​ផឹក​ទឹក​ដោះ​ពី​ហ្វូង​សត្វ​របស់​អ្នក។ 5យើង​នឹង​ធ្វើ​ឲ្យ​ក្រុង​រ៉ាបាត ក្លាយ​ទៅ​ជា​វាល​ស្មៅ​សម្រាប់​អូដ្ឋ​របស់​ពួក​គេ ស្រុក​អាំម៉ូន​នឹង​ទៅ​ជា​ក្រោល​ហ្វូង​ចៀម​របស់​ពួក​គេ។ ពេល​នោះ អ្នក​រាល់​គ្នា​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ព្រះ‌អម្ចាស់​មែន»។ 6ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ទៀត​ថា៖ «ដោយ​អ្នក​ទះ​ដៃ លោត​កព្ឆោង​យ៉ាង​សប្បាយ​អស់​ពី​ចិត្ត អ្នក​ត្រេក​អរ ព្រោះ​ឃើញ​ទឹក​ដី​អ៊ីស្រា‌អែល​ហិន‌ហោច ហើយ​មើល‌ងាយ​ពួក​គេ​ទៀត​ផង 7យើង​នឹង​លើក​ដៃ​ប្រហារ​អ្នក យើង​ប្រគល់​អ្នក​ទៅ​ឲ្យ​ប្រជា‌ជាតិ​នានា​ត្របាក់​លេប យើង​នឹង​ដក​អ្នក​ចេញ​ពី​ចំណោម​ជាតិ​សាសន៍​នានា យើង​នឹង​លុប​បំបាត់​អ្នក​ពី​ស្រុក យើង​នឹង​កម្ទេច​អ្នក។ ពេល​នោះ អ្នក​រាល់​គ្នា​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ព្រះ‌អម្ចាស់​មែន»។
ព្រះ‌បន្ទូល​ប្រឆាំង​នឹង​ជន‌ជាតិ​ម៉ូអាប់
8 ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ដោយ​អ្នក​ស្រុក​ម៉ូអាប់ និង​អ្នក​ស្រុក​ភ្នំ​សៀរ​នាំ​គ្នា​ពោល​ថា “មើល​ចុះ ជន‌ជាតិ​យូដា​មិន​ខុស​ពី​ប្រជា‌ជាតិ​ឯ​ទៀតៗ​ទេ!” 9យើង​នឹង​បើក​ឲ្យ​ខ្មាំង​ចូល​វាយ​ក្រុង​ដែល​នៅ​តាម​ព្រំ‌ប្រទល់​ស្រុក​ម៉ូអាប់​ជា​បន្ត​បន្ទាប់ សូម្បី​តែ​ក្រុង​ដ៏​ល្អ​ជាង​គេ ដូច​ជា​ក្រុង​បេត-‌យេស៊ី‌ម៉ូត បាល-‌មេយ៉ូន និង​គារយ៉ា‌ថែម ក៏​ត្រូវ​ខ្មាំង​វាយ​ប្រហារ​ដែរ។ 10កុល‌សម្ព័ន្ធ​ពី​ទិស​ខាង​កើត ដែល​បាន​វាយ​ជន‌ជាតិ​អាំម៉ូន ក៏​មក​រឹប​អូស​យក​ស្រុក​នេះ​ដែរ។ យើង​នឹង​ប្រគល់​ស្រុក​នេះ​ឲ្យ​ពួក​គេ​កាន់​កាប់ រហូត​ដល់​លែង​មាន​នរណា​នឹក​នា​ដល់​ជន‌ជាតិ​នេះ ក្នុង​ចំណោម​ប្រជា‌ជាតិ​ទាំង‌ឡាយ​ទៀត។ 11យើង​នឹង​ដាក់​ទោស​ជន‌ជាតិ​ម៉ូអាប់ ហើយ​ពួក​គេ​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ព្រះ‌អម្ចាស់​មែន»។
ព្រះ‌បន្ទូល​ប្រឆាំង​នឹង​ជន‌ជាតិ​អេដុម
12 ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ដោយ​ជន‌ជាតិ​អេដុម​សង‌សឹក​ជន‌ជាតិ​យូដា​យ៉ាង​ឃោរ‌ឃៅ ពួក​គេ​បាន​ធ្វើ​ឲ្យ​ខ្លួន​ឯង​មាន​ទោស»។ 13ហេតុ​នេះ ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​នឹង​ប្រហារ​ស្រុក​អេដុម យើង​នឹង​ដក​ជីវិត​ពួក​គេ ទាំង​មនុស្ស ទាំង​សត្វ យើង​នឹង​បំផ្លាញ​ស្រុក​គេ​តាំង​ពី​ថេម៉ាន រហូត​ដល់​ដេដាន់ ពួក​គេ​នឹង​ស្លាប់​ដោយ​មុខ​ដាវ។ 14យើង​នឹង​សង‌សឹក​ស្រុក​អេដុម ដោយ​ដៃ​អ៊ីស្រា‌អែល​ជា​ប្រជា‌រាស្ត្រ​របស់​យើង ពួក​គេ​នឹង​ប្រព្រឹត្ត​ចំពោះ​ជន‌ជាតិ​អេដុម តាម​កំហឹង​ដ៏​ខ្លាំង‌ក្លា​របស់​យើង។ ពេល​នោះ អេដុម​នឹង​ទទួល​ស្គាល់​ថា ការ​ប្រព្រឹត្ត​ល្មើស​ចំពោះ​យើង​ត្រូវ​ទទួល​ទោស​យ៉ាង​ណា» - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់
ព្រះ‌បន្ទូល​ប្រឆាំង​នឹង​ជន‌ជាតិ​ភីលីស្ទីន
15 ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ជន‌ជាតិ​ភីលីស្ទីន​បាន​សង‌សឹក​ជន‌ជាតិ​យូដា ដោយ​ប្រមាថ​មាក់‌ងាយ​យ៉ាង​ព្រៃ‌ផ្សៃ ចង់​តែ​បំផ្លាញ​គេ ហើយ​តាំង​ខ្លួន​ជា​សត្រូវ​សួរ​ពូជ​របស់​គេ»។ ហេតុ​នេះ ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ 16«យើង​នឹង​ប្រហារ​ស្រុក​ភីលីស្ទីន យើង​នឹង​ដក​ជីវិត​ពួក​កេរេ‌ធីម យើង​នឹង​លុប​បំបាត់​ប្រជា‌ជន​ដែល​រស់​នៅ​តាម​ឆ្នេរ​សមុទ្រ។ 17យើង​នឹង​សង‌សឹក​ពួក​គេ តាម​កំហឹង​ដ៏​ខ្លាំង‌ក្លា​របស់​យើង។ នៅ​ពេល​យើង​សង‌សឹក​នោះ ពួក​គេ​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ព្រះ‌ជា‌អម្ចាស់​មែន»។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in