YouVersion Logo
Search Icon

អេសេគាល 26

26
ព្រះ‌បន្ទូល​ប្រឆាំង​នឹង​ក្រុង​ទីរ៉ុស
1 នៅ​ឆ្នាំ​ទី​ដប់​មួយ ថ្ងៃ​ទី​មួយ ក្នុង​ខែ​នោះ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ដូច​ត​ទៅ៖
2«កូន​មនុស្ស​អើយ អ្នក​ក្រុង​ទីរ៉ុស​បាន​សើច​ចំអក​ឲ្យ​ក្រុង​យេរូ‌សាឡឹម​ថា “ក្រុង​ដែល​មាន​អំណាច​លើ​ជាតិ​សាសន៍​នានា​រលំ​ហើយ! តំណែង​របស់​វា​នឹង​ធ្លាក់​មក​លើ​យើង​ម្ដង ក្រុង​យេរូ‌សាឡឹម​ក្លាយ​ទៅ​ជា​វាល​រហោ‌ស្ថាន​ហើយ!” 3ហេតុ​នេះ ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា: ទីរ៉ុស​អើយ យើង​នឹង​ប្រហារ​អ្នក យើង​នឹង​នាំ​ប្រជា‌ជាតិ​យ៉ាង​ច្រើន ដូច​រលក​សមុទ្រ​មក​វាយ​អ្នក។ 4ពួក​គេ​នឹង​កម្ទេច​កំពែង​ក្រុង​ទីរ៉ុស ព្រម​ទាំង​រំលំ​ប៉ម យើង​នឹង​បោស​ធូលី​ដី​ឲ្យ​រលីង ទុក​តែ​ផ្ទាំង​ថ្ម​មួយ​ឲ្យ​នៅ​សល់​ប៉ុណ្ណោះ។ 5ក្រុង​ទីរ៉ុស​នឹង​ក្លាយ​ទៅ​ជា​កូន​កោះ​មួយ ដែល​គេ​ប្រើ​សម្រាប់​ហាល​សំណាញ់ ហើយ​ប្រជា‌ជាតិ​នានា​នឹង​ត្របាក់​លេប​ក្រុង​នេះ ដ្បិត​យើង​ជា​ព្រះ‌ជា‌អម្ចាស់​បាន​ប្រកាស​សេចក្ដី​ទាំង​នេះ។ 6រីឯ​ប្រជា‌ជន​ក្នុង​ស្រុក​ភូមិ​នានា​នៅ​ជុំ‌វិញ​ក្រុង​ទីរ៉ុស នឹង​ត្រូវ​ស្លាប់​ដោយ​មុខ​ដាវ។ ពេល​នោះ គេ​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ព្រះ‌អម្ចាស់​មែន»។
7 ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ក្រុង​ទីរ៉ុស​អើយ​យើង​នឹង​ហៅ​ស្ដេច​នេប៊ូ‌ក្នេសា ជា​មហា‌ក្សត្រ​លើ​ក្សត្រ​នានា ឲ្យ​មក​វាយ​ប្រហារ​អ្នក នេប៊ូ‌ក្នេសា​នឹង​លើក​ទ័ព​ពី​ទិស​ខាង​ជើង​មក គឺ​មាន​កង‌ពល​សេះ រទេះ​ចម្បាំង ព្រម​ទាំង​ទាហាន​ដ៏​ច្រើន​ផង។ 8សត្រូវ​នឹង​សម្លាប់​ប្រជា‌ជន តាម​ស្រុក​ភូមិ​ដែល​នៅ​ជុំ‌វិញ​អ្នក ព្រម​ទាំង​លើក​ទួល​សម្រាប់​វាយ​លុក សង់​លេណ‌ដ្ឋាន និង​លើក​កំពែង​ការពារ​ខ្លួន។ 9សត្រូវ​នឹង​យក​រនុក​ដែក​មក​បុក​ទម្លុះ​កំពែង​របស់​អ្នក ព្រម​ទាំង​ប្រើ​អាវុធ​កម្ទេច​ប៉ម​របស់​អ្នក​ទៀត​ផង។ 10ទ័ព​សេះ​ដ៏​ច្រើន​របស់​ពួក​គេ​នឹង​សម្រុក​ចូល​មក ធ្វើ​ឲ្យ​ដី​ហុយ​ជុំ​ជិត​លើ​អ្នក ហើយ​កំពែង​របស់​អ្នក​នឹង​រញ្ជួយ​ញាប់‌ញ័រ​ដោយ​សន្ធឹក​ទ័ព​សេះ កង់​រទេះ​ចម្បាំង នៅ​ពេល​សត្រូវ​សម្រុក​ចូល​មក​តាម​ទ្វារ​របស់​អ្នក ដូច​គេ​ចូល​ទៅ​ក្នុង​ក្រុង​ដែល​គេ​វាយ​យក​បាន។ 11ជើង​សេះ​របស់​ពួក​គេ​នឹង​ជាន់​កម្ទេច​ផ្លូវ​ទាំង​ប៉ុន្មាន​របស់​អ្នក គេ​នឹង​ប្រហារ​ជីវិត​ប្រជា‌ជន​របស់​អ្នក ហើយ​រំលំ​ស្តូប​ដែល​ជា​តំណាង​ឫទ្ធិ​អំណាច​របស់​អ្នក​ដែរ។ 12សត្រូវ​នឹង​ដណ្ដើម​យក​ទ្រព្យ​សម្បត្តិ​របស់​អ្នក គេ​រឹប​អូស​យក​ទំនិញ​របស់​អ្នក ទុក​ជា​របស់​ជយ‌ភណ្ឌ គេ​នឹង​រំលំ​កំពែង​របស់​អ្នក បំផ្លាញ​វិមាន​របស់​អ្នក ហើយ​យក​ថ្ម ឈើ និង​អ្វីៗ​ដែល​នៅ​សេស‌សល់​បោះ​ទៅ​ក្នុង​សមុទ្រ។ 13 យើង​នឹង​បំបាត់​ស្នូរ​ចម្រៀង​របស់​អ្នក ហើយ​សំឡេង​ពិណ​របស់​អ្នក​ក៏​នឹង​លែង​ឮ​ទៀត​ដែរ។ 14យើង​នឹង​ទុក​ឲ្យ​អ្នក​នៅ​សល់​តែ​ផ្ទាំង​ថ្ម​មួយ ដែល​គេ​ប្រើ​សម្រាប់​ហាល​សំណាញ់ ហើយ​គ្មាន​នរណា​សង់​អ្នក​ឡើង​វិញ​ឡើយ ដ្បិត​យើង​ជា​ព្រះ‌ជា‌អម្ចាស់​បាន​ប្រកាស​សេចក្ដី​ទាំង​នេះ»។
15 ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​ក្រុង​ទីរ៉ុស​ដូច​ត​ទៅ៖ «ប្រជា‌ជន​នៅ​តាម​កោះ​នានា​នឹង​ញ័រ​រន្ធត់ នៅ​ពេល​ឮ​ដំណឹង​ថា សត្រូវ​វាយ​យក​អ្នក​បាន ហើយ​ឮ​សម្រែក​ថ្ងូរ​របស់​អ្នក​របួស និង​ការ​សម្លាប់​រង្គាល​នៅ​ក្នុង​អ្នក។ 16 ស្ដេច​របស់​ស្រុក​នានា​នៅ​តាម​ឆ្នេរ​សមុទ្រ​នឹង​នាំ​គ្នា​ចុះ​ពី​បល្ល័ង្ក ដោះ​សម្លៀក‌បំពាក់ និង​អាវ​ប៉ាក់​ចេញ រួច​យក​ការ​ភ័យ​ខ្លាច​មក​ពាក់​ជំនួស ហើយ​អង្គុយ​ផ្ទាល់​ដី ទាំង​ភ័យ​ញាប់‌ញ័រ​ឥត​ឈប់‌ឈរ ព្រោះ​ឃើញ​អ្នក​ធ្លាក់​ខ្លួន​បែប​នេះ។ 17ពួក​គេ​ស្មូត្រ​ទំនួញ​មួយ​បទ​ស្រណោះ​អ្នក ដោយ​ពោល​ថា “ទីក្រុង​ដ៏​ល្បី‌ល្បាញ​អើយ អ្នក​ជា​ជម្រក​របស់​ប្រជា‌ជន​ដែល​ធ្វើ​ដំណើរ​តាម​សមុទ្រ អ្នក និង​ប្រជា‌ជន​របស់​អ្នក​ជា​មហា​អំណាច​នៅ​ដែន​សមុទ្រ ហើយ​ធ្លាប់​តែ​ធ្វើ​ឲ្យ​ជាតិ​សាសន៍​នៅ​ជុំ‌វិញ​ព្រឺ​ខ្លាច ឥឡូវ​នេះ ម្ដេច​ក៏​អ្នក​វិនាស​បាត់​បង់​ដូច្នេះ?”។ 18នៅ​ថ្ងៃ​ដែល​ខ្មាំង​វាយ​យក​អ្នក​បាន ប្រជា‌ជន​នៅ​តាម​កោះ​ភ័យ​ញាប់‌ញ័រ ប្រជា‌ជន​នៅ​តាម​ឆ្នេរ​សមុទ្រ​រន្ធត់​ចិត្ត ព្រោះ​ឃើញ​អ្នក​វិនាស​បាត់​បង់»។
19 ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ពេល​ណា​យើង​ធ្វើ​ឲ្យ​អ្នក​ក្លាយ​ទៅ​ជា​ក្រុង​ដែល​នៅ​សល់​តែ​សំណល់​បាក់​បែក គឺ​ដូច​ក្រុង​ដែល​គ្មាន​មនុស្ស​រស់​នៅ ពេល​ណា​យើង​ធ្វើ​ឲ្យ​ទឹក​ពី​ទី​ជម្រៅ និង​មហា​សាគរ​ជន់​ឡើង​គ្រប​ពី​លើ​អ្នក 20យើង​នឹង​ទម្លាក់​អ្នក​ចុះ​ទៅ​ជា​មួយ​អស់​អ្នក​ដែល​ធ្លាក់​ក្នុង​រណ្ដៅ​មុន​អ្នក។ យើង​នឹង​ឲ្យ​អ្នក​រស់​នៅ​ក្នុង​ទី​ជម្រៅ​នៃ​ផែនដី ជា​មួយ​អស់​អ្នក​ដែល​ធ្លាក់​ក្នុង​រណ្ដៅ ជា​កន្លែង​វិនាស​បង់​អស់‌កល្ប​ជានិច្ច។ អ្នក​នឹង​មិន​វិល​ត្រឡប់​មក​ផែនដីទទួល​កន្លែង​ក្នុង​ពិភព​របស់​អស់​អ្នក​ដែល​មាន​ជីវិត​ឡើយ។ 21 យើង​នឹង​ធ្វើ​ឲ្យ​មនុស្ស​តក់‌ស្លុត នៅ​ពេល​ឃើញ​អ្នក​វេទនា​ដូច្នេះ គេ​នឹង​ស្វែង​រក​អ្នក តែ​រក​មិន​ឃើញ​ទៀត​ឡើយ» -នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in