១ ថេស្សាឡូនិក 3
3
1 ដោយយើងពុំអាចទ្រាំតទៅទៀតបាន យើងក៏សម្រេចចិត្តស្នាក់នៅក្រុងអាថែនតែគ្នាយើង 2ហើយចាត់លោកធីម៉ូថេជាបងប្អូនរបស់យើង ដែលធ្វើការរួមជាមួយព្រះជាម្ចាស់ ក្នុងការប្រកាសដំណឹងល្អ*របស់ព្រះគ្រិស្ដ ឲ្យមកជួយពង្រឹង និងដាស់តឿនបងប្អូនឲ្យមានជំនឿរឹងប៉ឹងឡើង 3ដើម្បីកុំឲ្យមាននរណាម្នាក់ធ្លាក់ទឹកចិត្ត ព្រោះតែទុក្ខវេទនាដែលកំពុងកើតមាននៅពេលនេះឡើយ បងប្អូនជ្រាបស្រាប់ហើយថា ព្រះជាម្ចាស់បានតម្រូវឲ្យយើងជួបប្រទះនឹងទុក្ខវេទនាយ៉ាងនេះឯង។ 4កាលយើងនៅជាមួយបងប្អូននៅឡើយ យើងបានជម្រាបបងប្អូនរួចហើយថា យើងមុខជានឹងជួបទុក្ខវេទនា។ ទុក្ខវេទនានេះក៏កើតមានមែន ដូចបងប្អូនជ្រាបស្រាប់។ 5ហេតុនេះ ដោយខ្ញុំពុំអាចទ្រាំតទៅទៀតបាន ខ្ញុំក៏ចាត់លោកធីម៉ូថេឲ្យមកយកដំណឹងអំពីជំនឿរបស់បងប្អូន ព្រោះខ្ញុំខ្លាចក្រែងលោមេល្បួងមកល្បួងបងប្អូនបាន បណ្ដាលឲ្យការនឿយហត់របស់យើង បែរទៅជាអសារបង់វិញ។
6 ឥឡូវនេះ លោកធីម៉ូថេទើបនឹងវិលត្រឡប់ទៅដល់យើងវិញ ហើយគាត់បាននាំដំណឹងល្អ អំពីជំនឿ និងអំពីសេចក្ដីស្រឡាញ់របស់បងប្អូន មកប្រាប់យើង។ គាត់ប្រាប់យើងថាបងប្អូននៅនឹកចាំពីយើងជានិច្ច ហើយមានបំណងចង់ជួបយើងវិញយ៉ាងខ្លាំង ដូចយើងចង់ជួបបងប្អូនដែរ។ 7ហេតុនេះ បងប្អូនអើយ ជំនឿរបស់បងប្អូនបានធ្វើឲ្យចិត្តយើងបែរជាធូរស្រាលវិញ ទោះបីយើងពិបាកចិត្តគ្រប់យ៉ាង និងមានទុក្ខវេទនាយ៉ាងណាក្ដី។ 8ដោយបងប្អូនស្ថិតនៅខ្ជាប់ខ្ជួនជាមួយព្រះអម្ចាស់ដូច្នេះ យើងក៏ដូចជាមានជីវិតរស់វិញដែរ។ 9យើងពុំដឹងជារកពាក្យអ្វីមកថ្លែង អរព្រះគុណព្រះជាម្ចាស់អំពីបងប្អូននោះឡើយ ព្រោះតែបងប្អូនធ្វើឲ្យយើងមានអំណររីករាយ នៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់របស់យើង។ 10ទាំងយប់ ទាំងថ្ងៃ យើងទទូចសូមព្រះអង្គមេត្តាប្រោសឲ្យបានឃើញមុខបងប្អូន ព្រមទាំងប្រទានឲ្យជំនឿរបស់បងប្អូនបានគ្រប់លក្ខណៈ កុំបីមានចន្លោះត្រង់ណាឡើយ។
11សូមព្រះជាម្ចាស់ផ្ទាល់ ជាព្រះបិតារបស់យើង និងព្រះយេស៊ូជាអម្ចាស់នៃយើង ទ្រង់រៀបចំផ្លូវឲ្យយើងមករកបងប្អូន។ 12សូមព្រះអម្ចាស់ប្រទានឲ្យបងប្អូនមានសេចក្ដីស្រឡាញ់ដល់គ្នាទៅវិញទៅមក និងស្រឡាញ់មនុស្សទាំងអស់ កាន់តែខ្លាំងឡើងៗជាអនេក ដូចយើងបានស្រឡាញ់បងប្អូនដែរ។ 13សូមព្រះអង្គប្រទានឲ្យចិត្តគំនិតរបស់បងប្អូនមានជំហររឹងប៉ឹង ឲ្យបងប្អូនបានវិសុទ្ធឥតខ្ចោះ នៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់ ជាព្រះបិតារបស់យើង ក្នុងពេលព្រះយេស៊ូជាអម្ចាស់នៃយើងយាងមក ជាមួយប្រជាជនដ៏វិសុទ្ធទាំងអស់របស់ព្រះអង្គ!
Currently Selected:
១ ថេស្សាឡូនិក 3: គខប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
Khmer Standard Version © 2005 United Bible Societies.