YouVersion Logo
Search Icon

១ ថេស្សាឡូនិក 4

4
របៀប​រស់​នៅ​ដែល​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌ជាម្ចាស់
1បងប្អូន​អើយ បងប្អូន​បាន​រៀន​ពី​យើង​អំពី​របៀប​រស់​នៅ ដែល​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌ជាម្ចាស់ ហើយ​បាន​ប្រព្រឹត្ត​តាម​ទៀត​ផង។ ដូច្នេះ នៅ​ទី​បំផុត យើង​សូម​អង្វរ និង​សូម​ដាស់​តឿន​បងប្អូន ក្នុង​ព្រះ‌នាម​ព្រះ‌អម្ចាស់‌យេស៊ូ​ថា សូម​ឲ្យ​បងប្អូន​បាន​ប្រសើរ​លើស​នេះ​ទៅ​ទៀត!
2បងប្អូន​ជ្រាប​ស្រាប់​ហើយ​ថា យើង​បាន​ទូន្មាន​បងប្អូន​ក្នុង​ព្រះ‌នាម​ព្រះ‌អម្ចាស់‌យេស៊ូ​យ៉ាង​ណា។ 3ព្រះ‌ហឫទ័យ​របស់​ព្រះ‌ជាម្ចាស់ គឺ​ឲ្យ​បងប្អូន​បាន​វិសុទ្ធ* ឲ្យ​បងប្អូន​ចៀស​វាង​អំពើ​ប្រាស​ចាក​សីលធម៌។ 4ម្នាក់ៗ​ត្រូវ​ចេះ​រួម​រស់​ជា​មួយ​ភរិយា របស់​ខ្លួន ដោយ​វិសុទ្ធ និង​ថ្លៃ‌ថ្នូរ 5ឥត​បណ្ដោយ​ខ្លួន​ទៅ​តាម​ចំណង់​តណ្ហា ដូច​សាសន៍​ដទៃ ដែល​មិន​ស្គាល់​ព្រះ‌ជាម្ចាស់​នោះ​ឡើយ។ 6មិន​ត្រូវ​ឲ្យ​បងប្អូន​ណា​ម្នាក់​ប្រព្រឹត្ត​អ្វី​ខុស​ចំពោះ​បងប្អូន​ឯ​ទៀតៗ ឬ​រំលោភ​លើ​សិទ្ធិ​គេ​ក្នុង​រឿង​នេះ​ឡើយ ដ្បិត​ព្រះ‌អម្ចាស់​នឹង​ដាក់​ទោស​អ្នក​ប្រព្រឹត្ត​អំពើ​ទាំង​នេះ ដូច​យើង​បាន​និយាយ និង​បញ្ជាក់​រួច​ស្រេច​ហើយ។ 7ព្រះ‌ជាម្ចាស់​ត្រាស់​ហៅ​យើង​មក មិន​មែន​ឲ្យ​រស់​នៅ​ក្នុង​អំពើ​ថោក​ទាប​នោះ​ឡើយ គឺ​ឲ្យ​យើង​បាន​វិសុទ្ធ​វិញ។ 8ដូច្នេះ អ្នក​ណា​បដិសេធ​មិន​ទទួល​ដំបូន្មាន​នេះ មិន​ត្រឹម​តែ​បដិសេធ​មិន​ទទួល​មនុស្ស​ប៉ុណ្ណោះ​ទេ គឺ​បដិសេធ​មិន​ទទួល​ព្រះ‌ជាម្ចាស់ ដែល​បាន​ប្រទាន​ព្រះ‌វិញ្ញាណ​ដ៏វិសុទ្ធ​របស់​ព្រះអង្គ​មក​បងប្អូន​នោះ​តែ​ម្ដង។
9រីឯ​ការ​ស្រឡាញ់​គ្នា​ជា​បងប្អូន​វិញ យើង​មិន​ចាំបាច់​សរសេរ​មក​ទូន្មាន​បងប្អូន​ទេ ដ្បិត​បងប្អូន​បាន​រៀន​ពី​ព្រះ‌ជាម្ចាស់​ឲ្យ​ចេះ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក 10ដូច​បងប្អូន​បាន​ស្រឡាញ់​បងប្អូន​ទាំង​អស់​នៅ​ស្រុក​ម៉ាសេ‌ដូន​ទាំង​មូល​ស្រាប់​ហើយ។ ក៏​ប៉ុន្តែ បងប្អូន​អើយ យើង​សូម​ដាស់‌តឿន​បងប្អូន​ថា សូម​ស្រឡាញ់​ឲ្យ​បាន​ប្រសើរ​លើស​នេះ​ទៅ​ទៀត!។ 11ចូរ​យក​ចិត្ត​ទុក​ដាក់​រស់​នៅ​ឲ្យ​បាន​ស្រគត់‌ស្រគំ គិត​តែ​ពី​កិច្ចការ​ខ្លួន​ឯង និង​ធ្វើ​ការ​ដោយ​កម្លាំង​ខ្លួន​ឯង​ផ្ទាល់ ដូច​យើង​បាន​ផ្ដាំ​ផ្ញើ​បងប្អូន​រួច​ស្រេច​ហើយ។ 12ធ្វើ​ដូច្នេះ អ្នក​ដែល​មិន​មែន​ជា​គ្រិស្ត‌បរិស័ទ​នឹង​គោរព​បងប្អូន ហើយ​បងប្អូន​ក៏​លែង​ត្រូវ​ការ​ឲ្យ​គេ​ជួយ​ទៀត​ផង។
អំពី​ព្រះ‌អម្ចាស់​យាង​មក
13បងប្អូន​អើយ យើង​ចង់​ឲ្យ​បងប្អូន​ជ្រាប​យ៉ាង​ច្បាស់ អំពី​អស់​អ្នក​ដែល​បាន​ស្លាប់ ​ផុត​ទៅ​ហើយ ដើម្បី​កុំ​ឲ្យ​បងប្អូន​ព្រួយ​ចិត្ត​ដូច​អ្នក​ឯ​ទៀតៗ ដែល​គ្មាន​សេចក្ដី​សង្ឃឹម​នោះ​ឡើយ។ 14ប្រសិន​បើ​យើង​ជឿ​ថា ព្រះ‌យេស៊ូ​ពិត​ជា​បាន​សោយ​ទិវង្គត ហើយ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ​មែន យើង​ក៏​ជឿ​ថា ព្រះ‌ជាម្ចាស់​នឹង​នាំ​បងប្អូន​ដែល​បាន​ស្លាប់​ទៅ​ហើយ ឲ្យ​ទៅ​នៅ​ជា​មួយ​ព្រះអង្គ ដោយ‌សារ​ព្រះ‌យេស៊ូ​ដែរ។ 15 យើង​សូម​បញ្ជាក់​ប្រាប់​បងប្អូន តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​ថា យើង​ដែល​មាន​ជីវិត​រស់​នៅ​ឡើយ នៅ​ពេល​ព្រះ‌អម្ចាស់​យាង​មក យើង​មិន​ទៅ​មុន​អ្នក​ដែល​បាន​ស្លាប់​នោះ​ទេ 16ដ្បិត​នៅ​ពេល​មាន​ឮ​ស្នូរ​ជា​សញ្ញា​លាន់​ឡើង ហើយ​នៅ​ពេល​ឮ​សំឡេង​មហា​ទេវតា និង​សំឡេង​ត្រែ​របស់​ព្រះ‌ជាម្ចាស់ ព្រះ‌អម្ចាស់​ផ្ទាល់​ទ្រង់​នឹង​យាង​ចុះ​ពី​ស្ថាន​បរម‌សុខ​មក។ អស់​អ្នក​ជឿ​លើ​ព្រះ‌គ្រិស្ត​ដែល​បាន​ស្លាប់​ទៅ​នោះ នឹង​រស់​ឡើង​វិញ​ជា​មុន 17បន្ទាប់​មក ទើប​ព្រះ‌អម្ចាស់​លើក​យើង​ដែល​នៅ​រស់​នៅ​ឡើយ ឲ្យ​ឡើង​ទៅ​ក្នុង​ពពក*​ជា​មួយ​បងប្អូន​ទាំង​នោះ ដើម្បី​ជួប​នឹង​ព្រះអង្គ​ក្នុង​អាកាស‌វេហាស៍ ហើយ​យើង​នឹង​ស្ថិត​នៅ​ជា​មួយ​ព្រះ‌អម្ចាស់​រហូត​ត​ទៅ។ 18ដូច្នេះ សូម​បងប្អូន​យក​ពាក្យ​ទាំង​នេះ​មក​សម្រាល​ទុក្ខ​គ្នា​ទៅ​វិញ​ទៅ​មក។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in