Revelation 11
11
1 បន្ទាប់មក ខ្ញុំបានទទួលដំបងមួយដែលដូចជាឈើច្រត់ ក៏មានគេនិយាយមកខ្ញុំថា៖ «ចូរក្រោកឡើង ហើយវាស់ព្រះវិហាររបស់ព្រះជាម្ចាស់ និងកន្លែងថ្វាយតង្វាយ ព្រមទាំងរាប់ពួកអ្នកដែលថ្វាយបង្គំនៅទីនោះ
2 ប៉ុន្ដែ ចូរទុកទីលានខាងក្រៅព្រះវិហារដោយឡែក កុំវាស់ទីនោះឡើយ ដ្បិតទីនោះត្រូវបានប្រគល់ឲ្យសាសន៍ដទៃ ហើយពួកគេនឹងជាន់ឈ្លីទីក្រុងបរិសុទ្ធអស់រយៈពេលសែសិបពីរខែ។
3 យើងនឹងឲ្យអំណាចដល់សាក្សីពីរនាក់របស់យើង ហើយពួកគេនឹងថ្លែងព្រះបន្ទូលអស់រយៈពេលមួយពាន់ពីររយហុកសិបថ្ងៃ ទាំងស្លៀកសំពត់ធ្មៃ»។
4 អ្នកទាំងនេះជាដើមអូលីវទាំងពីរ និងជាជើងចង្កៀងទាំងពីរដែលឈរនៅពីមុខព្រះអម្ចាស់នៃផែនដី។
5 បើមានអ្នកណាម្នាក់ចង់ធ្វើទុក្ខពួកគេ នោះនឹងមានភ្លើងចេញពីមាត់ពួកគេមក ហើយឆេះបំផ្លាញខ្មាំងសត្រូវរបស់ពួកគេ។ ដូច្នេះ បើមានអ្នកណាម្នាក់ចង់ធ្វើទុក្ខពួកគេ អ្នកនោះត្រូវតែស្លាប់បែបនេះឯង។
6 អ្នកទាំងនេះមានអំណាចនឹងបិទមេឃមិនឲ្យមានភ្លៀងធ្លាក់ក្នុងអំឡុងពេលដែលពួកគេថ្លែងព្រះបន្ទូល ហើយក៏មានអំណាចលើទឹកដើម្បីធ្វើឲ្យទឹកត្រលប់ទៅជាឈាម ព្រមទាំងវាយប្រហារផែនដីដោយគ្រោះកាចគ្រប់យ៉ាងជាញឹកញាប់តាមតែពួកគេចង់។
7 កាលអ្នកទាំងនេះធ្វើបន្ទាល់របស់ខ្លួនចប់ហើយ មានសត្វសាហាវឡើងពីទីជម្រៅមកច្បាំងជាមួយពួកគេ ក៏ឈ្នះពួកគេ ហើយសម្លាប់ពួកគេផង
8 ហើយសាកសពរបស់ពួកគេនៅតាមផ្លូវក្នុងទីក្រុងដ៏ធំនោះ ដែលខាងវិញ្ញាណហៅថា ក្រុងសូដុម និងស្រុកអេស៊ីព្ទ ជាកន្លែងដែលបានឆ្កាងព្រះអម្ចាស់របស់ពួកគេ។
9 មានមនុស្សមកពីបណ្ដាជនជាតិ បណ្ដាកុលសម្ព័ន្ធ បណ្ដាភាសា និងបណ្ដាប្រទេសទាំងឡាយនឹងមើលសាកសពរបស់ពួកគេអស់រយៈពេលបីថ្ងៃកន្លះ ហើយមិនអនុញ្ញាតឲ្យយកសាកសពរបស់ពួកគេទៅបញ្ចុះក្នុងផ្នូរឡើយ។
10 អស់អ្នកដែលរស់នៅលើផែនដីក៏ត្រេកអរ ហើយនាំគ្នាអបអរសាទរដោយសារពួកគេស្លាប់ រួចផ្ញើអំណោយឲ្យគ្នាទៅវិញទៅមក ពីព្រោះអ្នកនាំព្រះបន្ទូលទាំងពីរនាក់នេះបានធ្វើឲ្យអស់អ្នកដែលរស់នៅលើផែនដីឈឺចាប់។
11 ប៉ុន្ដែបីថ្ងៃកន្លះក្រោយមក មានដង្ហើមជីវិតចេញពីព្រះជាម្ចាស់ចូលមកក្នុងសាកសពអ្នកទាំងពីរ ហើយពួកគេក៏ក្រោកឈរឡើង រីឯអស់អ្នកដែលឃើញពួកគេក៏មានសេចក្ដីភ័យខ្លាចជាខ្លាំង។
12 នោះអ្នកទាំងពីរបានឮសំឡេងមួយយ៉ាងខ្លាំងពីលើមេឃមកកាន់ពួកគេថា ចូរឡើងមកនេះ។ នោះពួកគេក៏ឡើងទៅលើមេឃ ក្នុងពពក ហើយសត្រូវរបស់ពួកគេក៏ឃើញដែរ។
13 នៅវេលានោះ មានរញ្ជួយផែនដីយ៉ាងខ្លាំងកើតឡើង ហើយមួយភាគដប់នៃក្រុងនោះបានដួលរលំ មនុស្សប្រាំពីរពាន់នាក់បានស្លាប់ដោយសារការរញ្ជួយផែនដីនោះ រីឯអ្នកដែលសល់ពីស្លាប់បានភ័យខ្លាច ហើយថ្វាយសិរីរុងរឿងដល់ព្រះជាម្ចាស់នៃស្ថានសួគ៌។
14 សេចក្ដីវេទនាទីពីរបានកន្លងផុតទៅហើយ មើល៍ សេចក្ដីវេទនាទីបីនឹងមកយ៉ាងឆាប់។
15 បន្ទាប់មកទេវតាទីប្រាំពីរផ្លុំត្រែឡើង នោះមានសំឡេងយ៉ាងខ្លាំងនៅស្ថានសួគ៌បន្លឺឡើងថា៖ «នគររបស់លោកិយនេះបានត្រលប់ជានគររបស់ព្រះអម្ចាស់នៃយើង និងរបស់ព្រះគ្រិស្ដរបស់ព្រះអង្គ ហើយព្រះអង្គនឹងសោយរាជ្យរហូតអស់កល្បជានិច្ច»។
16 ពេលនោះពួកចាស់ទុំទាំងម្ភៃបួននាក់ដែលអង្គុយលើបល្ល័ង្ករបស់ខ្លួននៅពីមុខព្រះជាម្ចាស់ក៏ក្រាបផ្កាប់មុខ ហើយថ្វាយបង្គំព្រះជាម្ចាស់
17 ទាំងនិយាយថា៖ «ឱព្រះអម្ចាស់ ជាព្រះដ៏មានព្រះចេស្ដាលើអ្វីៗទាំងអស់ ជាព្រះដែលគង់នៅសព្វថ្ងៃ និងគង់នៅតាំងពីដើមអើយ! យើងខ្ញុំសូមអរព្រះគុណព្រះអង្គ ព្រោះព្រះអង្គបានយកអំណាចដ៏ធំឧត្ដមរបស់ព្រះអង្គ ហើយបានសោយរាជ្យ
18 ប្រទេសទាំងឡាយមានកំហឹង ប៉ុន្ដែសេចក្ដីក្រោធរបស់ព្រះអង្គបានមកដល់ ជាពេលកំណត់ដែលត្រូវជំនុំជម្រះមនុស្សស្លាប់ ហើយប្រទានរង្វាន់ដល់ពួកបាវបម្រើរបស់ព្រះអង្គ ដល់ពួកអ្នកនាំព្រះបន្ទូល ដល់ពួកបរិសុទ្ធ និងដល់ពួកអ្នកដែលកោតខ្លាចព្រះនាមព្រះអង្គ ទាំងតូច ទាំងធំ ព្រមទាំងបំផ្លាញពួកអ្នកដែលបំផ្លាញផែនដីផង»។
19 ពេលនោះព្រះវិហាររបស់ព្រះជាម្ចាស់នៅស្ថានសួគ៌បើកចំហ ហើយក៏ឃើញហិបនៃកិច្ចព្រមព្រៀងរបស់ព្រះអង្គនៅក្នុងព្រះវិហារ រួចមានផ្លេកបន្ទោរ មានសំឡេង មានផ្គរលាន់ មានការរញ្ជួយផែនដី និងមានព្រឹលធ្លាក់យ៉ាងខ្លាំង។
Currently Selected:
Revelation 11: KCB
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
Holy Bible, Khmer Christian Bible copyright 2011 by Words of Life Ministries, P.O. Box 2581, Phnom Penh, 3, Cambodia. All rights reserved.