សាការី 5
5
និមិត្តទីប្រាំមួយ: ក្រាំងហោះ
1បន្ទាប់មក ខ្ញុំងើបភ្នែកឡើងម្ដងទៀត ហើយសង្កេតមើល នោះមើល៍! មានក្រាំងមួយកំពុងហោះ។ 2ទូតសួគ៌នោះសួរខ្ញុំថា៖ “តើអ្នកឃើញអ្វី?”។
ខ្ញុំឆ្លើយថា៖ “ខ្ញុំឃើញក្រាំងមួយកំពុងហោះ មានបណ្ដោយ ២០ ហត្ថ#5:2 ២០ ហត្ថ―ស្មើនឹង 9 ម៉ែត្រ។ 1 ហត្ថ=46 សង់ទីម៉ែត្រ។ និងទទឹង ១០ ហត្ថ#5:2 ១០ ហត្ថ―ស្មើនឹង 4.6 ម៉ែត្រ។ 1 ហត្ថ=46 សង់ទីម៉ែត្រ។”។
3គាត់ក៏ប្រាប់ខ្ញុំថា៖ “នេះជាបណ្ដាសាដែលចេញទៅលើផ្ទៃផែនដីទាំងមូល។ ដ្បិតតាមសំណេរម្ខាងនោះ អស់អ្នកដែលលួចនឹងត្រូវបានបំបាត់ចេញ ហើយតាមសំណេរម្ខាងទៀត អស់អ្នកដែលស្បថដោយកុហក#5:3 ដោយកុហក―ជាពាក្យជំនួយ។នឹងត្រូវបានបំបាត់ចេញដែរ។ 4នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ានៃពលបរិវារ: ‘យើងនឹងឲ្យបណ្ដាសានោះចេញទៅ ហើយវានឹងចូលទៅក្នុងផ្ទះរបស់ចោរ និងផ្ទះរបស់អ្នកដែលស្បថដោយកុហកដោយអាងនាមរបស់យើង ហើយវានឹងស្ថិតនៅក្នុងផ្ទះគេ ព្រមទាំងបំផ្លាញផ្ទះនោះ ទាំងឈើ និងថ្មរបស់ផ្ទះនោះផង’”។
និមិត្តទីប្រាំពីរ: ស្ត្រីក្នុងរង្វាល់
5ពេលនោះ ទូតសួគ៌ដែលនិយាយនឹងខ្ញុំបានចូលមកប្រាប់ខ្ញុំថា៖ “ឥឡូវនេះ ចូរងើបភ្នែកឡើង ហើយសង្កេតមើលថាតើរបស់ដែលចេញមកនេះ ជាអ្វី”។
6ខ្ញុំសួរថា៖ “តើនេះជាអ្វី?”។
គាត់ក៏តបថា៖ “នេះជារង្វាល់ដែលចេញមក”។ គាត់និយាយទៀតថា៖ “នេះជាសេចក្ដីទុច្ចរិត#5:6 សេចក្ដីទុច្ចរិត―ន័យត្រង់គឺ “ភ្នែក”។របស់ពួកគេ នៅក្នុងទឹកដីនេះទាំងមូល”។ 7រួចមើល៍! គម្របសំណត្រូវបានបើកឡើង នោះមានស្ត្រីម្នាក់អង្គុយក្នុងរង្វាល់នោះ។ 8ទូតសួគ៌នោះក៏និយាយថា៖ “នេះជាសេចក្ដីអាក្រក់”។ បន្ទាប់មក គាត់បោះនាងទៅក្នុងរង្វាល់វិញ ព្រមទាំងបោះដុំសំណបិទមាត់រង្វាល់ផង។ 9ពេលនោះ ខ្ញុំងើបភ្នែកឡើង ហើយសង្កេតមើល នោះមើល៍! មានស្ត្រីពីរនាក់ចេញមក ដែលមានខ្យល់នៅក្រោមស្លាបរបស់ពួកនាង។ ស្លាបរបស់ពួកនាងដូចជាស្លាបរបស់សត្វក្រសារ ហើយពួកនាងលើករង្វាល់នោះឡើងនៅរវាងផែនដី និងផ្ទៃមេឃ។
10ខ្ញុំសួរទូតសួគ៌ដែលនិយាយនឹងខ្ញុំនោះ ថា៖ “តើពួកនាងយករង្វាល់នោះទៅឯណា?”។
11គាត់តបនឹងខ្ញុំថា៖ “ទៅសាងសង់ផ្ទះឲ្យរង្វាល់ នៅក្នុងដែនដីស៊ីណើរ។ កាលណាបានរៀបចំជាស្រេចហើយ រង្វាល់នោះនឹងត្រូវបានតម្កល់លើទីតាំងរបស់វា”៕
Currently Selected:
សាការី 5: GKHB
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
GLOBAL KHMER BIBLE©
Copyright © 2023 by Global Bible Initiative