YouVersion Logo
Search Icon

សាការី 12

12
ព្រះយេហូវ៉ាទ្រង់សង្គ្រោះយេរូសាឡិម
1នេះជា​ទំនាយ ជា​ព្រះបន្ទូល​របស់​ព្រះយេហូវ៉ា ស្ដីអំពី​អ៊ីស្រាអែល​:
នេះជា​សេចក្ដីប្រកាស​របស់​ព្រះយេហូវ៉ា ដែល​លាត​ផ្ទៃមេឃ ហើយ​ចាក់គ្រឹះ​ផែនដី ព្រមទាំង​សូន​វិញ្ញាណ​របស់​មនុស្ស​ឡើង​នៅក្នុង​ខ្លួនគេ​ផង​៖ 2“មើល៍! យើង​នឹង​ធ្វើឲ្យ​យេរូសាឡិម​ទៅជា​ពែង ដែល​ធ្វើឲ្យ​អស់ទាំង​ជាតិសាសន៍​ដែលនៅ​ជុំវិញ​ដើរទ្រេតទ្រោត​។ កាលណា​មាន​ការឡោមព័ទ្ធ​យេរូសាឡិម ក៏​មាន​ការឡោមព័ទ្ធ​យូដា​ដែរ​។ 3នៅ​ថ្ងៃ​នោះ យើង​នឹង​ធ្វើឲ្យ​យេរូសាឡិម​ទៅជា​ថ្ម​ដ៏ធ្ងន់​មួយ​ដល់​ប្រជាជាតិ​ទាំងអស់​។ អស់អ្នក​ដែល​ផ្ទុក​វា​លើខ្លួន​នឹង​រងរបួសធ្ងន់ ហើយ​អស់ទាំង​ប្រជាជាតិ​នៅលើ​ផែនដី​នឹង​ប្រមូលគ្នា​ទាស់នឹង​ទីក្រុងនោះ”។ 4នេះជា​សេចក្ដីប្រកាស​របស់​ព្រះយេហូវ៉ា​៖ “នៅ​ថ្ងៃ​នោះ យើង​នឹង​វាយ​សេះ​ទាំងអស់​ដោយ​ភាពភ្ញាក់ផ្អើល ហើយ​វាយ​អ្នកដែល​ជិះ​វា​ដោយ​ភាពឆ្កួត​។ យើង​នឹង​បើក​ភ្នែក​របស់យើង​មកលើ​វង្សត្រកូល​យូដា ហើយ​វាយ​អស់ទាំង​សេះ​របស់​ប្រជាជាតិ​នានា​ដោយ​ភាពខ្វាក់ភ្នែក​។ 5នោះ​ពួក​មេដឹកនាំ​របស់​យូដា​នឹង​និយាយ​ក្នុងចិត្ត​ថា​: ‘ពួកអ្នកដែល​រស់នៅ​យេរូសាឡិម​ជា​កម្លាំង​ដល់​យើង ក្នុង​ព្រះយេហូវ៉ា​នៃ​ពលបរិវារ​ព្រះ​របស់ពួកគេ’។ 6នៅ​ថ្ងៃ​នោះ យើង​នឹង​ធ្វើឲ្យ​ពួក​មេដឹកនាំ​របស់​យូដា​បាន​ដូចជា​ចង្ក្រាន​ភ្លើង​នៅកណ្ដាល​អុស និង​ដូចជា​ចន្លុះ​ភ្លើង​នៅកណ្ដាល​កណ្ដាប់ស្រូវ​។ គេ​នឹង​ស៊ីបំផ្លាញ​អស់ទាំង​ជាតិសាសន៍​ដែលនៅ​ជុំវិញ ទាំង​ខាងស្ដាំ ទាំង​ខាងឆ្វេង រីឯ​ពួក​អ្នកយេរូសាឡិម​នឹង​រស់នៅ​កន្លែង​របស់ខ្លួន​ម្ដងទៀត ក្នុង​យេរូសាឡិម​។ 7ព្រះយេហូវ៉ា​នឹង​សង្គ្រោះ​រោង​របស់​យូដា​ជាមុន ដើម្បីកុំឲ្យ​ភាពរុងរឿង​របស់​វង្សត្រកូល​ដាវីឌ និង​ភាពរុងរឿង​របស់​អ្នកដែល​រស់នៅ​យេរូសាឡិម បានជាធំ​លើសជាង​យូដា​ឡើយ​។ 8នៅ​ថ្ងៃ​នោះ ព្រះយេហូវ៉ា​នឹង​ការពារ​ពួក​អ្នកដែល​រស់នៅ​យេរូសាឡិម បានជា​អ្នកដែល​ទន់ខ្សោយ​ក្នុង​ពួកគេ​នឹង​បាន​ដូច​ដាវីឌ​នៅ​ថ្ងៃ​នោះ ហើយ​វង្សត្រកូល​ដាវីឌ​នឹង​បាន​ដូច​ព្រះ គឺ​ដូច​ទូតសួគ៌​របស់​ព្រះយេហូវ៉ា​នៅចំពោះ​ពួកគេ​។ 9នៅ​ថ្ងៃ​នោះ យើង​នឹង​ស្វែងរក​ដើម្បី​បំផ្លាញ​អស់ទាំង​ប្រជាជាតិ​ដែល​មក​ទាស់នឹង​យេរូសាឡិម​។
កាន់ទុក្ខចំពោះអ្នកដែលត្រូវបានចាក់ទម្លុះ
10“យើង​នឹង​ចាក់បង្ហូរ​វិញ្ញាណ​នៃ​សេចក្ដីសន្ដោស និង​ពាក្យអង្វរករ​លើ​វង្សត្រកូល​ដាវីឌ និង​ពួក​អ្នកដែល​រស់នៅ​យេរូសាឡិម ហើយ​ពួកគេ​នឹង​សម្លឹងមើល​យើង​ដែល​ពួកគេ​បាន​ចាក់ទម្លុះ​។ ពួកគេ​នឹង​កាន់ទុក្ខ​ចំពោះ​អ្នកនោះ ហាក់ដូចជា​ទួញសោក​ចំពោះ​កូនតែមួយ ក៏​នឹង​យំសោកយ៉ាងល្វីងជូរចត់​ចំពោះ​អ្នកនោះ ហាក់ដូចជា​យំសោកយ៉ាងល្វីងជូរចត់​ចំពោះ​កូនច្បង​។ 11នៅ​ថ្ងៃ​នោះ នឹង​មាន​ការទួញសោក​យ៉ាងធំ​នៅ​យេរូសាឡិម ដូចជា​ការទួញសោក​នៅ​ហាដាត-រីម៉ូន ក្នុង​វាលទំនាប​មេគីដោ​។ 12ទឹកដី​នេះ​នឹង​កាន់ទុក្ខ អម្បូរនីមួយៗ​នឹង​កាន់ទុក្ខ​ដោយឡែក គឺ​អម្បូរ​នៃ​វង្សត្រកូល​ដាវីឌ​ដោយឡែក ហើយ​ប្រពន្ធ​របស់ពួកគេ​ដោយឡែក អម្បូរ​នៃ​វង្សត្រកូល​ណាថាន់​ដោយឡែក ហើយ​ប្រពន្ធ​របស់ពួកគេ​ដោយឡែក 13អម្បូរ​នៃ​វង្សត្រកូល​លេវី​ដោយឡែក ហើយ​ប្រពន្ធ​របស់ពួកគេ​ដោយឡែក អម្បូរ​នៃ​ពួកស៊ីម៉ាយ​ដោយឡែក ហើយ​ប្រពន្ធ​របស់ពួកគេ​ដោយឡែក 14អស់ទាំង​អម្បូរ​ឯទៀត គឺ​អម្បូរនីមួយៗ​ដោយឡែក ហើយ​ប្រពន្ធ​របស់ពួកគេ​ដោយឡែក​ដែរ”៕

Currently Selected:

សាការី 12: GKHB

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

Video for សាការី 12