YouVersion Logo
Search Icon

សាការី 11

11
អ្នកគង្វាលល្អ និងអ្នកគង្វាលអាក្រក់
1លីបង់​អើយ ចូរ​បើក​ទ្វារ​របស់អ្នក
ដើម្បីឲ្យ​ភ្លើង​បាន​ស៊ីបំផ្លាញ​ដើមស៊ីដា​របស់អ្នក​!
2ដើមស្រល់​អើយ ចូរ​ទ្រហោយំ
ពីព្រោះ​ដើមស៊ីដា​បាន​រលំ
ពីព្រោះ​ដើមឈើ​ដ៏ធំឧត្ដម​ត្រូវបាន​បំផ្លាញ​ហើយ​!
ដើមអូក​នៃ​បាសាន​អើយ ចូរ​ទ្រហោយំ
ពីព្រោះ​ព្រៃ​ក្រាស់​បាន​រលំ​ហើយ​!
3មាន​សំឡេង​ទ្រហោយំ​របស់​ពួក​អ្នកគង្វាល
ពីព្រោះ​ភាពរុងរឿង​របស់ពួកគេ​ត្រូវបាន​បំផ្លាញ​ហើយ​!
មាន​សំឡេង​គ្រហឹម​របស់​សិង្ហស្ទាវ
ពីព្រោះ​គុម្ពោត​នៃ​ទន្លេយ័រដាន់​ត្រូវបាន​បំផ្លាញ​ហើយ​!
4ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​របស់ខ្ញុំ​មានបន្ទូល​ដូច្នេះ​ថា​៖ “ចូរ​ឃ្វាល​ហ្វូងចៀម​ដែលទុកសម្រាប់​ការសម្លាប់​ចុះ​! 5អ្នកដែល​ទិញ​ពួកវា​នឹង​សម្លាប់​ពួកវា ក៏​ឥតទទួលទោស​; អ្នកដែល​លក់​ពួកវា​នឹង​ពោលថា​: ‘សូមឲ្យ​មានព្រះពរ​ដល់​ព្រះយេហូវ៉ា ពីព្រោះ​ខ្ញុំ​ក្លាយជាអ្នកមាន​!’។ សូម្បីតែ​ពួក​អ្នកគង្វាល​របស់ពួកវា​ក៏​មិន​ប្រណី​ដល់​ពួកវា​ដែរ”។ 6ដ្បិត​នេះជា​សេចក្ដីប្រកាស​របស់​ព្រះយេហូវ៉ា​៖ “យើង​នឹង​មិន​ប្រណី​ដល់​ពួកអ្នកដែល​រស់នៅ​ទឹកដី​នេះ​ទៀត​ឡើយ​។ មើល៍! យើង​នឹង​ប្រគល់​ម្នាក់ៗ​ទៅក្នុង​កណ្ដាប់ដៃ​អ្នកជិតខាង​របស់ខ្លួន និង​ទៅក្នុង​កណ្ដាប់ដៃ​ស្ដេច​របស់ខ្លួន​! អ្នកទាំងនោះ​នឹង​វាយកម្ទេច​ទឹកដី​នេះ ហើយ​យើង​នឹង​មិន​រំដោះ​ពី​កណ្ដាប់ដៃ​របស់​អ្នកទាំងនោះ​ឡើយ”។
7ដូច្នេះ ខ្ញុំ​ក៏​ឃ្វាល​ហ្វូងចៀម​ដែលទុកសម្រាប់​ការសម្លាប់ ជា​ហ្វូងចៀម​រងទុក្ខវេទនា#11:7 ដូច្នេះ ខ្ញុំ​ក៏​ឃ្វាល​ហ្វូង​ចៀម​ដែលទុកសម្រាប់ការសម្លាប់ ជាហ្វូងចៀមរងទុក្ខវេទនា―ឯកសារបុរាណខ្លះថា “ដូច្នេះ ខ្ញុំ​ក៏​ឃ្វាល​ហ្វូង​ចៀម​ដែលទុកសម្រាប់ការសម្លាប់ ជំនួសពួកឈ្មួញ”។​។ ខ្ញុំ​យក​ឈើច្រត់​ពីរ​សម្រាប់​ខ្លួនខ្ញុំ ឈើច្រត់​មួយ​ខ្ញុំ​ដាក់ឈ្មោះ​ថា “សេចក្ដីសន្ដោស” រីឯ​ឈើច្រត់​មួយទៀត​ខ្ញុំ​ដាក់ឈ្មោះ​ថា “សម្ពន្ធ”។ គឺយ៉ាងនេះឯង​ដែល​ខ្ញុំ​បាន​ឃ្វាល​ហ្វូងចៀម​នោះ​។ 8ខ្ញុំ​បាន​បំបាត់​អ្នកគង្វាល​បី​នាក់​ក្នុង​មួយ​ខែ​។ ប៉ុន្តែ​ចិត្ត​របស់ខ្ញុំ​បាន​អន្ទះអន្ទែង​នឹង​ហ្វូងចៀមនោះ ហើយ​ចិត្ត​របស់ពួកវា​ក៏​ស្អប់ខ្ពើម​ខ្ញុំ​ដែរ​។ 9បន្ទាប់មក ខ្ញុំ​ពោលថា​៖ “អញ​នឹង​មិន​ឃ្វាល​ពួកឯង​ទៀតទេ​។ មួយណា​ត្រូវ​ងាប់ ឲ្យ​ងាប់​ទៅ មួយណា​ត្រូវ​វិនាស ឲ្យ​វិនាស​ទៅ ហើយ​មួយណា​ដែល​នៅសល់ ឲ្យ​ត្របាក់ស៊ី​សាច់​គ្នាទៅវិញទៅមក​ចុះ​!”។ 10រួច​ខ្ញុំ​ក៏​យក​ឈើច្រត់​របស់ខ្ញុំ​ឈ្មោះ “សេចក្ដីសន្ដោស” ហើយ​កាច់​វា​ចោល ដើម្បី​ផ្ដាច់​សម្ពន្ធមេត្រី​របស់ខ្ញុំ ដែល​ខ្ញុំ​បាន​តាំង​ជាមួយ​ប្រជាជាតិ​ទាំងអស់​។ 11ដូច្នេះ សម្ពន្ធមេត្រីនោះ​ត្រូវបាន​ផ្ដាច់​នៅ​ថ្ងៃ​នោះ​ឯង ហើយ​យ៉ាងនេះ​បានជា​ពួក​រងទុក្ខវេទនា​ក្នុង​ហ្វូងចៀម​ដែល​កំពុង​សង្កេតមើល​ខ្ញុំ​ក៏​ដឹង​ថា នេះ​ជា​ព្រះបន្ទូល​របស់​ព្រះយេហូវ៉ា​។ 12ខ្ញុំ​និយាយ​នឹង​គេ​ថា​៖ “បើ​ការនេះ​ល្អ​ក្នុង​ភ្នែក​របស់អ្នករាល់គ្នា ចូរ​ឲ្យ​ថ្លៃឈ្នួល​មក​ខ្ញុំ ប៉ុន្តែ​បើ​មិន​ឲ្យ​ទេ ចូរ​ទុក​ចុះ​!”។ នោះ​គេ​ក៏​ថ្លឹង​កាក់ប្រាក់​សាមសិប សម្រាប់​ជា​ថ្លៃឈ្នួល​របស់ខ្ញុំ​។
13ពេលនោះ ព្រះយេហូវ៉ា​មានបន្ទូល​នឹង​ខ្ញុំ​ថា​៖ “ចូរ​បោះ​កាក់ប្រាក់ទាំងនោះ​ទៅ​ជាងស្មូន​ចុះ”។ វាជា​តម្លៃ​យ៉ាងល្អ ដែល​ខ្ញុំ​ត្រូវ​គេ​វាយតម្លៃ​។ ខ្ញុំ​ក៏​យក​កាក់ប្រាក់​សាមសិប​នោះ បោះ​ទៅ​ជាងស្មូន​នៅ​ដំណាក់​របស់​ព្រះយេហូវ៉ា​។ 14រួច​ខ្ញុំ​ក៏​កាច់​ឈើច្រត់​មួយទៀត​របស់ខ្ញុំ​ឈ្មោះ “សម្ពន្ធ” ដើម្បី​ផ្តាច់​ភាពជាបងប្អូន​រវាង​យូដា និង​អ៊ីស្រាអែល​។
15ព្រះយេហូវ៉ា​មានបន្ទូល​នឹង​ខ្ញុំ​ទៀត​ថា​៖ “ចូរ​យក​ឧបករណ៍​របស់​អ្នកគង្វាល​ល្ងីល្ងើ​ម្ដងទៀត​។ 16ដ្បិត​មើល៍! យើង​នឹង​ឲ្យ​អ្នកគង្វាល​ម្នាក់​ក្រោកឡើង​ក្នុង​ទឹកដី​នេះ អ្នកនោះ​នឹង​មិន​យកចិត្តទុកដាក់​នឹង​ចៀមដែល​កំពុង​វិនាស មិន​ស្វែងរក​ចៀម​ដែលខ្ចាត់ខ្ចាយ#11:16 ចៀមដែលខ្ចាត់ខ្ចាយ―ន័យត្រង់គឺ “កូនចៀម”។ មិន​ព្យាបាល​ចៀមដែល​បាក់​ជើង ហើយ​មិន​ចិញ្ចឹម​ចៀមដែល​អស់កម្លាំង​ឡើយ ផ្ទុយទៅវិញ អ្នកនោះ​នឹង​ត្របាក់ស៊ី​សាច់​ចៀម​ណា​ដែល​ធាត់ ហើយ​ហែក​ក្រចកជើង​វា​ទៀតផង​។
17វេទនា​ហើយ​!
អ្នកគង្វាល​ឥតប្រយោជន៍​ដែល​បោះបង់ចោល​ហ្វូងចៀម​អើយ​!
ដាវ​នឹងធ្លាក់មក​លើ​ដើមដៃ និង​ភ្នែក​ស្ដាំ​របស់អ្នកនោះ​។
ដើមដៃ​របស់គេ​នឹង​ស្វិតទាំងស្រុង
ហើយ​ភ្នែក​ស្ដាំ​របស់គេ​នឹង​ងងឹតសូន្យ”៕

Currently Selected:

សាការី 11: GKHB

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

Video for សាការី 11