ម៉ាថាយ 8
8
មនុស្សឃ្លង់បានបរិសុទ្ធ
1នៅពេលព្រះយេស៊ូវយាងចុះមកពីភ្នំ ហ្វូងមនុស្សជាច្រើនក៏ទៅតាមព្រះអង្គ។ 2ពេលនោះ មើល៍! មានមនុស្សឃ្លង់ម្នាក់បានចូលមកជិត ថ្វាយបង្គំព្រះអង្គទូលថា៖ “ព្រះអម្ចាស់អើយ បើសិនព្រះអង្គសុខចិត្ត ព្រះអង្គអាចប្រោសទូលបង្គំឲ្យបរិសុទ្ធបាន”។
3ព្រះយេស៊ូវក៏លូកព្រះហស្តទៅពាល់គាត់ ទាំងមានបន្ទូលថា៖“ខ្ញុំសុខចិត្ត! ចូរឲ្យបានបរិសុទ្ធចុះ”។ ភ្លាមនោះ គាត់បានបរិសុទ្ធពីជំងឺឃ្លង់។ 4ព្រះយេស៊ូវមានបន្ទូលនឹងគាត់ថា៖“ត្រូវប្រាកដថា កុំឲ្យប្រាប់អ្នកណាឡើយ ផ្ទុយទៅវិញ ចូរទៅបង្ហាញខ្លួនអ្នកដល់បូជាចារ្យ ហើយថ្វាយតង្វាយតាមដែលម៉ូសេបានបង្គាប់ចុះ ដើម្បីជាទីបន្ទាល់ដល់គេ”។
ជំនឿរបស់មេទាហានលើមួយរយនាក់
5នៅពេលព្រះអង្គយាងចូលទៅកាពើណិម មានមេទាហានលើមួយរយនាក់ចូលមកជិត ទូលអង្វរព្រះអង្គ 6ថា៖ “ព្រះអម្ចាស់អើយ អ្នកបម្រើរបស់ទូលបង្គំស្លាប់មួយចំហៀងខ្លួន ដេកនៅផ្ទះទាំងឈឺចាប់យ៉ាងខ្លាំង”។
7ព្រះយេស៊ូវមានបន្ទូលនឹងលោកថា៖“ខ្ញុំនឹងទៅប្រោសគាត់ឲ្យជា”។
8មេទាហានលើមួយរយនាក់ទូលតបថា៖ “ព្រះអម្ចាស់អើយ ទូលបង្គំមិនស័ក្ដិសមនឹងទទួលព្រះអង្គមកក្រោមដំបូលផ្ទះរបស់ទូលបង្គំទេ។ ប៉ុន្តែសូមព្រះអង្គគ្រាន់តែមានបន្ទូលមួយព្រះឱស្ឋប៉ុណ្ណោះ នោះអ្នកបម្រើរបស់ទូលបង្គំនឹងជាសះស្បើយ។ 9តាមពិត ទូលបង្គំក៏ជាមនុស្សនៅក្រោមអំណាចគេ ហើយមានទាហាននៅក្រោមទូលបង្គំដែរ។ ទូលបង្គំប្រាប់ម្នាក់ថា: ‘ទៅ’ គេក៏ទៅ; ប្រាប់ម្នាក់ទៀតថា: ‘មក’ គេក៏មក; ហើយប្រាប់បាវបម្រើរបស់ទូលបង្គំថា: ‘ធ្វើការនេះ’ គេក៏ធ្វើ”។
10នៅពេលបានឮដូច្នេះ ព្រះយេស៊ូវទ្រង់ស្ងើច រួចមានបន្ទូលនឹងពួកអ្នកដែលមកតាមថា៖“ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាថា ខ្ញុំមិនដែលឃើញអ្នកណាមានជំនឿខ្លាំងបែបនេះក្នុងអ៊ីស្រាអែលឡើយ។ 11ខ្ញុំប្រាប់អ្នករាល់គ្នាថា មានមនុស្សជាច្រើននឹងមកពីទិសខាងកើត និងទិសខាងលិច ហើយអង្គុយជាមួយអ័ប្រាហាំ អ៊ីសាក និងយ៉ាកុបនៅក្នុងអាណាចក្រស្ថានសួគ៌។ 12ប៉ុន្តែពួក ‘កូននៃអាណាចក្រ’ នឹងត្រូវបានបោះចោលទៅក្នុងសេចក្ដីងងឹតខាងក្រៅវិញ។ នៅទីនោះនឹងមានការទួញសោក និងការសង្កៀតធ្មេញ”។ 13បន្ទាប់មក ព្រះយេស៊ូវមានបន្ទូលនឹងមេទាហានលើមួយរយនាក់នោះថា៖“អញ្ជើញទៅចុះ ចូរឲ្យបានសម្រេចតាមដែលអ្នកបានជឿ”។ រីឯអ្នកបម្រើរបស់លោកក៏ត្រូវបានប្រោសឲ្យជានៅវេលានោះឯង។
ការប្រោសឲ្យជានៅកាពើណិម
14នៅពេលព្រះយេស៊ូវយាងចូលក្នុងផ្ទះរបស់ពេត្រុស ក៏ទតឃើញម្ដាយក្មេករបស់ពេត្រុសកំពុងដេកគ្រុន។ 15ព្រះអង្គទ្រង់ពាល់ដៃគាត់ នោះគ្រុនក៏ចាកចេញពីគាត់ ហើយគាត់ក្រោកឡើង ចាប់ផ្ដើមបម្រើព្រះអង្គ។
16លុះដល់ពេលល្ងាច គេនាំមនុស្សជាច្រើនដែលមានអារក្សចូល មករកព្រះអង្គ។ ព្រះអង្គក៏ដេញវិញ្ញាណទាំងនោះឲ្យចេញដោយព្រះបន្ទូល ព្រមទាំងប្រោសអស់អ្នកដែលមានជំងឺឲ្យជាផង។ 17នេះគឺដើម្បីឲ្យសេចក្ដីដែលបានថ្លែងមកតាមរយៈព្យាការីអេសាយត្រូវបានបំពេញឲ្យសម្រេច ដែលថា:
“លោកបានទទួលយកភាពខ្សោយរបស់យើង
ហើយផ្ទុករោគារបស់យើងដែរ”។ # 8:17 《អេសាយ》 53:4។
ទៅតាមព្រះយេស៊ូវ
18នៅពេលព្រះយេស៊ូវទតឃើញហ្វូងមនុស្ស#8:18 ហ្វូងមនុស្ស―ឯកសារបុរាណខ្លះថា “ហ្វូងមនុស្សមួយក្រុមធំ”។នៅជុំវិញព្រះអង្គ ព្រះអង្គក៏បង្គាប់ឲ្យឆ្លងទៅត្រើយម្ខាង។ 19មានគ្រូវិន័យម្នាក់ចូលមកជិត ទូលព្រះអង្គថា៖ “លោកគ្រូ ទីណាក៏ដោយដែលលោកទៅ ខ្ញុំនឹងទៅតាមលោក”។
20ព្រះយេស៊ូវក៏មានបន្ទូលនឹងគាត់ថា៖“កញ្ជ្រោងមានរូង ហើយបក្សាបក្សីនៅលើអាកាសក៏មានសម្បុកដែរ រីឯកូនមនុស្សវិញ គ្មានកន្លែងកើយក្បាលឡើយ”។
21ម្នាក់ទៀតក្នុងពួកសិស្សរបស់ព្រះអង្គ ទូលព្រះអង្គថា៖ “ព្រះអម្ចាស់អើយ សូមអនុញ្ញាតឲ្យទូលបង្គំទៅបញ្ចុះសពឪពុករបស់ទូលបង្គំជាមុនសិន”។
22ប៉ុន្តែព្រះយេស៊ូវមានបន្ទូលនឹងគាត់ថា៖“ចូរមកតាមខ្ញុំ! ទុកឲ្យមនុស្សស្លាប់បញ្ចុះមនុស្សស្លាប់គ្នាគេទៅ”។
ខ្យល់ និងរលកស្ដាប់បង្គាប់
23នៅពេលព្រះយេស៊ូវយាងចុះទូក ពួកសិស្សរបស់ព្រះអង្គក៏ទៅតាមព្រះអង្គ។ 24ពេលនោះ មើល៍! មានខ្យល់ព្យុះយ៉ាងខ្លាំងបានកើតឡើងនៅលើបឹង ធ្វើឲ្យទូកនោះត្រូវរលកគ្របដណ្ដប់ ប៉ុន្តែព្រះយេស៊ូវកំពុងផ្ទំលក់។ 25ពួកសិស្សក៏ចូលទៅជិត ហើយដាស់ព្រះអង្គឡើងដោយទូលថា៖ “ព្រះអម្ចាស់អើយ សូមសង្គ្រោះយើងខ្ញុំផង យើងខ្ញុំកំពុងវិនាសហើយ!”។
26ព្រះអង្គមានបន្ទូលនឹងពួកគេថា៖“មនុស្សមានជំនឿតិចអើយ! ម្ដេចក៏អ្នករាល់គ្នាកំសាកម្ល៉េះ?”។ បន្ទាប់មកព្រះអង្គក៏ក្រោកឡើង ស្ដីឲ្យខ្យល់ និងរលក ពេលនោះមានភាពស្ងប់ស្ងាត់ឈឹង។
27ពួកគេក៏ភ្ញាក់ផ្អើល ទាំងនិយាយថា៖ “តើលោកនេះជាមនុស្សបែបណា? សូម្បីតែខ្យល់ និងរលក#8:26,27 រលក―ឬ “បឹង”; ន័យត្រង់គឺ “សមុទ្រ”។ក៏ស្ដាប់បង្គាប់លោកដែរ!”។
ដេញអារក្សនៅគេរ៉ាស៊ីន
28នៅពេលព្រះយេស៊ូវយាងមកដល់ត្រើយម្ខាង គឺដល់តំបន់របស់ពួកអ្នកកាដារ៉ា#8:28 កាដារ៉ា―ឯកសារបុរាណខ្លះថា “គេរ៉ាស៊ីន”។ មានបុរសពីរនាក់ដែលមានអារក្សចូល ចេញពីរូងផ្នូរមកជួបព្រះអង្គ។ ពួកគេកាចសាហាវណាស់ បានជាគ្មានអ្នកណាអាចឆ្លងកាត់តាមផ្លូវនោះបានឡើយ។ 29ពេលនោះ មើល៍! ពួកគេស្រែកឡើងថា៖ “#8:29 ឯកសារបុរាណខ្លះបន្ថែម “ព្រះយេស៊ូវ”។ព្រះបុត្រារបស់ព្រះអើយ តើមានរឿងអ្វីរវាងព្រះអង្គនិងយើងខ្ញុំ? តើព្រះអង្គយាងមកទីនេះដើម្បីធ្វើទុក្ខយើងខ្ញុំមុនពេលកំណត់ឬ?”។
30មានជ្រូកមួយហ្វូងធំកំពុងរកស៊ីនៅឆ្ងាយពីពួកគេ។ 31អារក្សទាំងនោះទូលអង្វរព្រះយេស៊ូវថា៖ “បើសិនព្រះអង្គបណ្ដេញយើងខ្ញុំ សូមឲ្យយើងខ្ញុំទៅក្នុងហ្វូងជ្រូកនោះទៅ”។
32ព្រះយេស៊ូវមានបន្ទូលនឹងពួកវាថា៖“ទៅចុះ!” ពួកវាក៏ចេញទៅ ចូលក្នុង#8:32 ឯកសារបុរាណខ្លះបន្ថែម “ហ្វូង”។ជ្រូក។ ពេលនោះ មើល៍! ហ្វូងជ្រូក#8:32 ឯកសារបុរាណខ្លះគ្មាន “ជ្រូក”។ទាំងមូលបានបោលចុះតាមចំណោតភ្នំទៅក្នុងបឹង#8:24,32 បឹង―ឬ “សមុទ្រ”; គឺ “បឹងកាលីឡេ”។ ហើយងាប់ក្នុងទឹកអស់ទៅ។ 33ពួកអ្នកចិញ្ចឹមជ្រូកក៏រត់គេច ហើយចូលទៅក្នុងទីក្រុង ប្រាប់រឿងទាំងអស់ និងរឿងពួកអ្នកដែលមានអារក្សចូលដែរ។ 34ពេលនោះ មើល៍! អ្នកក្រុងទាំងមូលក៏ចេញមកជួបព្រះយេស៊ូវ។ នៅពេលឃើញព្រះអង្គ ពួកគេក៏ទូលអង្វរព្រះអង្គឲ្យចាកចេញពីតំបន់របស់ពួកគេ៕
Currently Selected:
ម៉ាថាយ 8: GKHB
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
GLOBAL KHMER BIBLE©
Copyright © 2023 by Global Bible Initiative