YouVersion Logo
Search Icon

ម៉ាថាយ 9

9
ប្រោសមនុស្សស្លាប់មួយចំហៀងខ្លួនឲ្យជា
1ព្រះយេស៊ូវ​ទ្រង់​ជិះ​ទូក​ឆ្លង​ទៅដល់​ទីក្រុង​របស់ព្រះអង្គ​។ 2ពេលនោះ មើល៍! មាន​គេ​នាំ​មនុស្សស្លាប់មួយចំហៀងខ្លួន​ម្នាក់​ដែល​ដេក​លើ​គ្រែ​មក​រក​ព្រះអង្គ​។ ព្រះយេស៊ូវ​ទត​ឃើញ​ជំនឿ​របស់​ពួកគេ ក៏​មានបន្ទូល​នឹង​មនុស្សស្លាប់មួយចំហៀងខ្លួន​នោះ​ថា៖“កូន​អើយ ចូរ​មានទឹកចិត្តឡើង​! បាប​របស់អ្នក​ត្រូវបាន​លើកលែងទោស​ហើយ”។
3មើល៍! អ្នកខ្លះ​ក្នុង​ពួក​គ្រូវិន័យ​បាន​និយាយ​ក្នុងចិត្ត​ថា​៖ “អ្នកនេះ​និយាយ​ប្រមាថព្រះ​ហើយ​!”។
4ព្រះយេស៊ូវ​ទ្រង់​ជ្រាប​គំនិត​របស់​ពួកគេ ក៏​មានបន្ទូលថា​៖“ហេតុអ្វីបានជា​អ្នករាល់គ្នា​គិត​អាក្រក់​ក្នុង​ចិត្ត​ដូច្នេះ​? 5ដ្បិត​ការ​ដែល​និយាយថា​: ‘បាប​របស់អ្នក​ត្រូវបាន​លើកលែងទោស’ ឬ​ថា​: ‘ចូរ​ក្រោកឡើង ដើរ​ទៅចុះ’ តើ​មួយណា​ងាយ​ថា​ជាង​? 6យ៉ាងណាមិញ ដើម្បីឲ្យ​អ្នករាល់គ្នា​ដឹង​ថា កូនមនុស្ស​មាន​សិទ្ធិអំណាច​នៅលើ​ផែនដី​ដើម្បី​លើកលែងទោស​បាប​...” បន្ទាប់មក ព្រះអង្គ​ក៏​មានបន្ទូល​នឹង​មនុស្សស្លាប់មួយចំហៀងខ្លួន​ថា៖“ចូរ​ក្រោកឡើង យក​គ្រែ​របស់អ្នក ហើយ​ទៅផ្ទះវិញ​ចុះ​!”។ 7បុរសនោះ​ក៏​ក្រោកឡើង ទៅផ្ទះ​របស់​គាត់​វិញ​។ 8នៅពេល​ឃើញ​ដូច្នេះ ហ្វូងមនុស្ស​ក៏​កោតខ្លាច#9:8 កោតខ្លាច―ឯកសារបុរាណខ្លះថា “ស្ងើច”។ ហើយ​លើកតម្កើងសិរីរុងរឿង​ដល់​ព្រះ​ដែល​បាន​ប្រទាន​សិទ្ធិអំណាច​បែបនេះ​ដល់​មនុស្ស។
ការត្រាស់ហៅម៉ាថាយ
9នៅពេល​កំពុង​យាង​ចេញ​ពីទីនោះ ព្រះយេស៊ូវ​ទត​ឃើញ​បុរស​ម្នាក់​ដែល​គេ​ហៅថា​ម៉ាថាយ អង្គុយ​នៅ​កន្លែងយកពន្ធ​។ ព្រះអង្គ​មានបន្ទូល​នឹង​គាត់​ថា​៖“ចូរ​មកតាម​ខ្ញុំ​!” គាត់​ក៏​ក្រោកឡើង​ទៅតាម​ព្រះអង្គ​។
10ខណៈដែល​ព្រះយេស៊ូវ​កំពុង​គង់នៅតុអាហារ​ក្នុង​ផ្ទះ មើល៍! មាន​អ្នកទារពន្ធ និង​មនុស្សបាប​ជាច្រើន​បាន​មក រួមតុអាហារ​ជាមួយ​ព្រះយេស៊ូវ និង​ពួក​សិស្ស​របស់​ព្រះអង្គ​ដែរ​។ 11ពេល​ឃើញ​ដូច្នេះ ពួកផារិស៊ី​ក៏​និយាយ​នឹង​ពួក​សិស្ស​របស់​ព្រះអង្គ​ថា​៖ “ម្ដេចក៏​គ្រូ​របស់អ្នករាល់គ្នា​ហូប​ជាមួយ​អ្នកទារពន្ធ និង​មនុស្សបាប​ដូច្នេះ​?”។
12ព្រះយេស៊ូវ​ទ្រង់​ឮ​ដូច្នេះ ក៏​មានបន្ទូលថា​៖“អ្នក​ដែល​មានសុខភាពល្អ​មិន​ត្រូវការ​គ្រូពេទ្យ​ទេ គឺ​អ្នក​ដែល​មានជំងឺ​វិញ ដែល​ត្រូវការ​។ 13ចូរ​អ្នករាល់គ្នា​ទៅ​រៀន​ចុះ ថា​តើ​ពាក្យដែលថា‘យើង​ចង់បាន​សេចក្ដីមេត្តា មិនមែន​យញ្ញបូជា​ទេ’#9:13 《ហូសេ》 6:6។មានន័យ​ដូចម្ដេច​! ដ្បិត​ខ្ញុំ​បាន​មក​មិនមែន​ដើម្បី​ហៅ​មនុស្ស​សុចរិត​ទេ គឺ​ដើម្បី​ហៅ​មនុស្សបាប#9:13 ឯកសារបុរាណខ្លះបន្ថែម “ឲ្យកែប្រែចិត្ត”។វិញ”។
សំណួរអំពីការតមអាហារ
14បន្ទាប់មក ពួក​សិស្ស​របស់​យ៉ូហាន​ចូលមកជិត​ព្រះអង្គ ទូល​សួរថា​៖ “ហេតុអ្វីបានជា​យើងខ្ញុំ និង​ពួកផារិស៊ី​តមអាហារ​ជាញឹកញាប់#9:14 ឯកសារបុរាណខ្លះគ្មាន “ជាញឹកញាប់”។ ប៉ុន្តែ​ពួក​សិស្ស​របស់លោក​មិន​តមអាហារ​?”។
15ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកគេ​ថា៖“ដរាបណា​កូនកំលោះ​នៅ​ជាមួយ​ភ្ញៀវ#9:15 ភ្ញៀវ​―ឬ “អ្នកកំដរ”; ន័យត្រង់គឺ “កូនរបស់បន្ទប់កូនក្រមុំ”។ភ្ញៀវ​មិន​អាច​កាន់ទុក្ខ​បាន​ទេ មែនទេ​? ប៉ុន្តែ​នឹង​មាន​ថ្ងៃ​មកដល់ ដែល​កូនកំលោះ​ត្រូវបាន​យកចេញ​ពី​ពួកគេ នៅ​ពេលនោះ​ទើប​ពួកគេ​តមអាហារ​។ 16គ្មានអ្នកណា​យក​ក្រណាត់​ថ្មី​មក​ប៉ះ​លើ​សម្លៀកបំពាក់​ចាស់​ឡើយ ពីព្រោះ​បំណះ​ថ្មី​នឹង​ទាញ​ចេញពី​សម្លៀកបំពាក់​នោះ បណ្ដាលឲ្យ​កន្លែងរហែក​កាន់តែធំ​; 17ហើយក៏គ្មាន​អ្នកណា​ចាក់​ស្រាទំពាំងបាយជូរ​ថ្មី​ទៅក្នុង​ថង់ស្បែក​ចាស់​ដែរ បើធ្វើដូច្នោះ ធ្វើឲ្យ​ថង់ស្បែក​ធ្លាយ ស្រាទំពាំងបាយជូរ​ក៏​ហូរចេញ ហើយ​ថង់ស្បែក​ក៏​ខូច​។ ផ្ទុយទៅវិញ គេ​តែងតែ​ចាក់​ស្រាទំពាំងបាយជូរ​ថ្មី​ទៅក្នុង​ថង់ស្បែក​ថ្មី ទើប​រក្សាទុក​បាន​ទាំងពីរ”។
ក្មេងស្រីរស់ឡើងវិញ និងស្ត្រីបានជា
18នៅពេល​ព្រះយេស៊ូវ​កំពុង​តែ​មានបន្ទូល​នឹង​ពួកគេ​អំពី​ការទាំងនេះ មើល៍! មាន​មេគ្រប់គ្រង​ម្នាក់​មក​ថ្វាយបង្គំ​ព្រះអង្គ ទូល​ថា​៖ “កូនស្រី​របស់ខ្ញុំ​ទើបតែ​ស្លាប់ ប៉ុន្តែ​សូម​ទៅ​ដាក់​ដៃ​របស់លោក​លើ​នាង​ផង នោះ​នាង​នឹង​រស់”។ 19ព្រះយេស៊ូវ​ក៏​ក្រោកឡើង យាង​ទៅតាម​គាត់ ហើយ​ពួក​សិស្ស​របស់​ព្រះអង្គ​ក៏​ទៅជាមួយ​ដែរ​។
20ពេលនោះ មើល៍! មាន​ស្ត្រី​ម្នាក់​កើតជំងឺធ្លាក់ឈាម​ដប់ពីរ​ឆ្នាំ​មកហើយ នាង​បាន​ចូលមកជិត​ពីខាងក្រោយ ហើយ​ពាល់​ជាយ​ព្រះពស្ត្រ​របស់​ព្រះអង្គ​។ 21ដ្បិត​នាង​គិត​ក្នុងចិត្ត​ថា​៖ “បើសិន​ខ្ញុំ​គ្រាន់តែ​ពាល់​អាវវែង​របស់​លោក​ប៉ុណ្ណោះ ខ្ញុំ​នឹង​បាន​ជាសះស្បើយ”។
22ព្រះយេស៊ូវ​ទ្រង់​ងាកមក​ឃើញ​ស្ត្រីនោះ ក៏​មានបន្ទូលថា​៖“កូនស្រី​អើយ ចូរ​មានទឹកចិត្តឡើង​! ជំនឿ​របស់នាង​បាន​សង្គ្រោះ​នាង​ហើយ”។ ស្ត្រី​នោះ​ក៏​ជាសះស្បើយ​នៅ​វេលា​នោះ​ឯង​។
23នៅពេល​យាង​មកដល់​ផ្ទះ​របស់​មេគ្រប់គ្រង​នោះ ព្រះយេស៊ូវ​ទត​ឃើញ​ពួក​អ្នកផ្លុំខ្លុយ និង​ហ្វូងមនុស្ស​កំពុង​វឹកវរ 24ក៏​មានបន្ទូលថា​៖“ចេញទៅ​! ក្មេងស្រី​នេះ​មិន​បាន​ស្លាប់​ទេ គឺ​នាង​កំពុង​ដេកលក់​ទេតើ”។ ពួកគេ​ក៏​សើចចំអក​ដាក់​ព្រះអង្គ​។ 25បន្ទាប់ពី​ឲ្យ​ហ្វូងមនុស្ស​ចេញទៅ​ហើយ ព្រះអង្គ​យាង​ចូលទៅ​កាន់​ដៃ​របស់​ក្មេងស្រីនោះ ហើយ​នាង​ក៏​ក្រោកឡើង​។ 26ដំណឹង​នេះ​បាន​សាយចេញទៅ ក្នុង​តំបន់​នោះ​ទាំងមូល​។
ប្រោសមនុស្សខ្វាក់ភ្នែកឲ្យជា
27ខណៈដែល​ព្រះយេស៊ូវ​យាង​ចេញ​ពីទីនោះ មាន​បុរស​ខ្វាក់ភ្នែក​ពីរ​នាក់​មកតាម​ព្រះអង្គ ទាំង​ស្រែក​ថា៖ “បុត្រ​ដាវីឌ​អើយ! សូម​អាណិតមេត្តា​យើងខ្ញុំ​ផង!”។
28នៅពេល​ព្រះអង្គ​យាង​ចូល​ក្នុង​ផ្ទះ បុរស​ខ្វាក់ភ្នែក​ទាំងនោះ​ក៏​ចូលមកជិត​ព្រះអង្គ​។ ព្រះយេស៊ូវ​ទ្រង់​សួរ​ពួកគេ​ថា​៖“តើ​ពួកអ្នក​ជឿ​ថា ខ្ញុំ​អាច​ធ្វើ​ការនេះ​បាន​ឬទេ​?”។ ពួកគេ​ទូល​ឆ្លើយថា​៖ “បាទ ព្រះអម្ចាស់ យើងខ្ញុំ​ជឿ”។
29ព្រះអង្គ​ក៏​ពាល់​ភ្នែក​របស់​ពួកគេ ទាំង​មានបន្ទូលថា​៖“ចូរឲ្យ​បាន​សម្រេច​តាម​ជំនឿ​របស់ពួកអ្នក​ចុះ”។ 30ភ្នែក​របស់​ពួកគេ​ក៏​ត្រូវបាន​បើក​។ ព្រះយេស៊ូវ​ទ្រង់​បង្គាប់​ពួកគេ​យ៉ាងតឹងរ៉ឹង​ថា​៖“ត្រូវប្រាកដថា កុំឲ្យអ្នកណា​ដឹង​ឡើយ”។ 31ប៉ុន្តែ​បុរសពីរនាក់​នោះ​ក៏​ចេញទៅ ហើយ​ផ្សាយ​អំពី​ព្រះអង្គ​ក្នុង​តំបន់​នោះ​ទាំងមូល​។
ដេញអារក្ស
32ខណៈដែល​បុរសពីរនាក់នោះ​កំពុង​ចាកចេញទៅ មើល៍! គេ​បាន​នាំ​មនុស្ស​គ​ម្នាក់​ដែល​មាន​អារក្សចូល​មក​រក​ព្រះយេស៊ូវ​។ 33នៅពេល​អារក្ស​នោះ​ត្រូវបាន​ដេញឲ្យចេញ​ហើយ មនុស្ស​គ​ក៏​និយាយ​បាន​។ ហ្វូងមនុស្ស​ក៏​ភ្ញាក់ផ្អើល ទាំង​ពោលថា​៖ “នៅ​អ៊ីស្រាអែល មិនដែល​ឃើញ​ការ​យ៉ាងនេះ​សោះ”។
34ប៉ុន្តែ​ពួកផារិស៊ី​និយាយថា​៖ “គាត់​ដេញ​អារក្ស​ដោយ​មេ​អារក្ស​ទេ”។#9:34 ឯកសារបុរាណខ្លះគ្មានខនេះ។
ព្រះអម្ចាស់នៃការច្រូតកាត់
35បន្ទាប់មក ព្រះយេស៊ូវ​យាងចុះឡើង​តាម​ទីក្រុង​ទាំងអស់ និង​ភូមិ​នានា ទាំង​បង្រៀន​នៅតាម​សាលាប្រជុំ​របស់​គេ ហើយ​ប្រកាស​ដំណឹងល្អ​នៃ​អាណាចក្រ​ស្ថានសួគ៌ ព្រមទាំង​ប្រោស​រោគា​គ្រប់ប្រភេទ និង​ជំងឺ​គ្រប់មុខ#9:35 ឯកសារបុរាណខ្លះបន្ថែម “ក្នុងចំណោមប្រជាជន”។​ឲ្យជា​ផង​។ 36នៅពេល​ទត​ឃើញ​ហ្វូងមនុស្ស ព្រះយេស៊ូវ​ក៏​មានព្រះទ័យអាណិតអាសូរ​ចំពោះ​ពួកគេ ពីព្រោះ​ពួកគេ​ត្រូវបាន​យាយី និង​បំបរបង់ចោល ដូចជា​ចៀម​ដែល​គ្មាន​អ្នកគង្វាល​។ 37ពេលនោះ ព្រះអង្គ​មានបន្ទូល​នឹង​ពួក​សិស្ស​របស់​ព្រះអង្គ​ថា​៖“ការងារច្រូតកាត់#9:37 ការ​ងារច្រូតកាត់―ឬ “ចម្រូត”។ច្រើន​មែន ប៉ុន្តែ​មាន​កម្មករ​តិច​ទេ​។ 38ដូច្នេះ ចូរ​អធិស្ឋានសុំ​ព្រះអម្ចាស់​នៃ​ការច្រូតកាត់#9:38 ការច្រូតកាត់―ឬ “ចម្រូត”។ដើម្បីឲ្យ​ព្រះអង្គ​បញ្ជូន​កម្មករ​មក​ក្នុង​ការច្រូតកាត់#9:38 បញ្ជូនកម្មករ​មក​ក្នុង​ការ​ច្រូតកាត់​―ឬ “បញ្ជូន​កម្មករ​មកប្រមូលចម្រូត”។របស់​ព្រះអង្គ”៕

Currently Selected:

ម៉ាថាយ 9: GKHB

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in