YouVersion Logo
Search Icon

ម៉ាថាយ 6

6
ការចែកទាន
1 “ចូរ​ប្រយ័ត្នប្រយែង កុំ​ប្រព្រឹត្ត​អំពើសុចរិត # 6:1 ប្រព្រឹត្តអំពើសុចរិត―ឯកសារបុរាណខ្លះថា “ចែកទាន” ឬ “ចែកអំណោយ”។ របស់ខ្លួន​នៅមុខ​មនុស្ស ដើម្បីឲ្យ​គេ​ឃើញ​នោះ​ឡើយ បើមិនដូច្នោះទេ អ្នករាល់គ្នា​គ្មាន​រង្វាន់​ពី​ព្រះ​បិតា​របស់អ្នករាល់គ្នា​ដែល​គង់នៅ​ស្ថានសួគ៌​ឡើយ​។ 2ដូច្នេះ កាលណា​អ្នក​ចែកទាន កុំ​ផ្លុំត្រែ​នៅពីមុខ​អ្នក​ឡើយ ដូចដែល​ពួក​មនុស្សមានពុត​ធ្វើ​នៅក្នុង​សាលាប្រជុំ និង​នៅតាមផ្លូវ ដើម្បី​ទទួល​ការ​លើកតម្កើងសិរីរុងរឿង​ពី​មនុស្ស​។ ប្រាកដមែន ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា ពួកគេ​បាន​ទទួល​រង្វាន់​របស់​ពួកគេ​ហើយ​។ 3រីឯ​អ្នក​វិញ កាលណា​អ្នក​ចែកទាន កុំឲ្យ​ដៃឆ្វេង​របស់អ្នក​ដឹង​អ្វីដែល​ដៃស្ដាំ​កំពុង​ធ្វើ​នោះ​ឡើយ 4ដើម្បីឲ្យ​ការចែកទាន​របស់អ្នក​នៅ​សម្ងាត់ នោះ​ព្រះ​បិតា​របស់អ្នក​ដែល​ទត​មើល​ដោយ​សម្ងាត់​#6:4 ព្រះបិតា​របស់​អ្នក​ដែល​ទតមើល​ដោយ​សម្ងាត់―ឬ “ព្រះបិតា​របស់​អ្នក​ដែល​ទតមើល​សេចក្ដីសម្ងាត់”។នឹង​ប្រទានរង្វាន់​ដល់​អ្នក​។
ការអធិស្ឋាន
5 “កាលណា​អ្នករាល់គ្នា​អធិស្ឋាន កុំ​ធ្វើ​ដូច​ពួក​មនុស្សមានពុត​ឡើយ ដ្បិត​ពួកគេ​ចូលចិត្ត​ឈរ​អធិស្ឋាន​នៅក្នុង​សាលាប្រជុំ និង​នៅតាម​កែង​ផ្លូវ ដើម្បីឲ្យ​គេ​ឃើញ។ ប្រាកដមែន ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា ពួកគេ​បាន​ទទួល​រង្វាន់​របស់​ពួកគេ​ហើយ​។ 6រីឯ​អ្នក​វិញ កាលណា​អ្នក​អធិស្ឋាន ចូរ​ចូលទៅ​ក្នុង​បន្ទប់ផ្ទាល់ខ្លួន បិទ​ទ្វារ ហើយ​អធិស្ឋាន​ទៅ​ព្រះ​បិតា​របស់អ្នក​ដែល​គង់នៅ​ទី​សម្ងាត់ នោះ​ព្រះ​បិតា​របស់អ្នក​ដែល​ទត​មើល​ដោយ​សម្ងាត់​នឹង​ប្រទានរង្វាន់​ដល់​អ្នក#6:4,6 ឯកសារបុរាណខ្លះបន្ថែម “ដោយបើកចំហ”។ 7នៅពេល​អ្នករាល់គ្នា​អធិស្ឋាន កុំ​ពោលប៉ប៉ាច់ប៉ប៉ោច​ដូច​សាសន៍ដទៃ​ឡើយ ដ្បិត​ពួកគេ​គិត​ថា ពួកគេ​នឹង​ត្រូវបាន​សណ្ដាប់​តាមរយៈ​ពាក្យជាច្រើន​របស់​ពួកគេ​។ 8ដូច្នេះ កុំ​ធ្វើដូច​ពួកគេ​ឡើយ ដ្បិត​ព្រះ​បិតា​របស់អ្នករាល់គ្នា​ជ្រាប​ហើយ នូវ​អ្វីដែល​អ្នករាល់គ្នា​ត្រូវការ មុន​អ្នករាល់គ្នា​ទូល​សុំ​ព្រះអង្គ​ទៅទៀត​។
គំរូនៃការអធិស្ឋាន
9 “ដូច្នេះ ចូរ​អ្នករាល់គ្នា​អធិស្ឋាន​ដូចតទៅ​:
ព្រះ​បិតា​នៃយើងខ្ញុំ​ដែល​គង់នៅ​ស្ថានសួគ៌​អើយ
សូមឲ្យ​ព្រះនាម​របស់ព្រះអង្គ​ត្រូវបាន​តម្កើងជា​វិសុទ្ធ
10 សូមឲ្យ​អាណាចក្រ​របស់ព្រះអង្គ​បាន​មក​ដល់​។
សូមឲ្យ​បំណង​ព្រះហឫទ័យ​របស់ព្រះអង្គ​បាន​សម្រេច​នៅ​ផែនដី ដូច​នៅ​ស្ថានសួគ៌​ដែរ​។
11 សូម​ប្រទាន​អាហារ # 6:11 អាហារ―ន័យត្រង់គឺ “នំប៉័ង”។ ប្រចាំថ្ងៃ​ដល់​យើងខ្ញុំ​នៅ​ថ្ងៃនេះ​។
12 សូម​លើកលែង​បំណុល​របស់យើងខ្ញុំ
ដូចដែល​យើងខ្ញុំ​បាន​លើកលែង​ដល់​កូនបំណុល​របស់យើងខ្ញុំ​ដែរ​។
13 សូម​កុំ​នាំ​យើងខ្ញុំ​ទៅ​ក្នុង​ការល្បួង​ឡើយ
ប៉ុន្តែ​សូម​ស្រោចស្រង់​យើងខ្ញុំ​ពី​មេអាក្រក់ # 6:13 មេ​អាក្រក់―ឬ “សេចក្ដីអាក្រក់”។ វិញ។
ដ្បិត​ព្រះរាជ្យ ព្រះចេស្ដា និង​សិរីរុងរឿង ជា​របស់​ព្រះអង្គ​ជារៀងរហូត​! អាម៉ែន​។ # 6:13 ឯកសារបុរាណខ្លះគ្មាន “ដ្បិតព្រះរាជ្យ ព្រះចេស្ដា និង​សិរី​រុងរឿង ជារបស់​ព្រះអង្គ​ជារៀងរហូត​! អាម៉ែន”។
14 “ជាការពិត ប្រសិនបើ​អ្នករាល់គ្នា​លើកលែងទោស​ឲ្យ​មនុស្ស​ចំពោះ​ការបំពាន​របស់​ពួកគេ ព្រះ​បិតា​សួគ៌​របស់អ្នករាល់គ្នា​ក៏​នឹង​លើកលែងទោស​ឲ្យ​អ្នករាល់គ្នា​ដែរ។ 15ប៉ុន្តែ​ប្រសិនបើ​អ្នករាល់គ្នា​មិន​លើកលែងទោស​ឲ្យ​គេ#6:15 ឲ្យ​គេ―ឯកសារបុរាណខ្លះថា “ចំពោះ​ការបំពានរបស់គេ”។ទេ នោះ​ព្រះ​បិតា​របស់អ្នករាល់គ្នា​ក៏មិន​លើកលែងទោស​ចំពោះ​ការបំពាន​របស់អ្នករាល់គ្នា​ដែរ។
ការតមអាហារ
16 “កាលណា​អ្នករាល់គ្នា​តមអាហារ កុំ​ធ្វើ​ទឹកមុខ​ស្រងូតស្រងាត់​ដូច​ពួក​មនុស្សមានពុត​ឡើយ ដ្បិត​ពួកគេ​ធ្វើមុខស្អុយ ដើម្បីឲ្យ​មនុស្ស​ឃើញថា​ពួកគេ​កំពុង​តមអាហារ​។ ប្រាកដមែន ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា ពួកគេ​បាន​ទទួល​រង្វាន់​របស់​ពួកគេ​ហើយ​។ 17រីឯ​អ្នក​វិញ កាលណា​អ្នក​តមអាហារ ចូរ​លាប​ប្រេង​លើ​ក្បាល ហើយ​លុប​មុខ​របស់អ្នក 18ដើម្បីកុំឲ្យ​គេ​ឃើញថា​អ្នករាល់គ្នា​កំពុង​តមអាហារ គឺ​ឲ្យ​ព្រះ​បិតា​របស់អ្នក​ដែល​គង់នៅ​ទី​សម្ងាត់​ឃើញ​វិញ នោះ​ព្រះ​បិតា​របស់អ្នក​ដែល​ទត​មើល​ដោយ​សម្ងាត់​នឹង​ប្រទានរង្វាន់​ដល់​អ្នក#6:18 ឯកសារបុរាណខ្លះបន្ថែម “ដោយបើកចំហ”។
ព្រះ និងទ្រព្យសម្បត្តិ
19 “កុំ​ប្រមូល​ទ្រព្យសម្បត្តិ​ទុក​សម្រាប់​ខ្លួនឯង​នៅលើ​ផែនដី ជា​កន្លែងដែល​មាន​សត្វល្អិត និង​ច្រែះ​ស៊ី ជា​កន្លែងដែល​ចោរ​គាស់ចូល ហើយ​លួចនោះ​ឡើយ​; 20ប៉ុន្តែ​ចូរ​ប្រមូល​ទ្រព្យសម្បត្តិ​ទុក​សម្រាប់​ខ្លួនឯង​នៅ​ស្ថានសួគ៌​វិញ ជា​កន្លែងដែល​គ្មាន​សត្វល្អិត ឬ​ច្រែះ​ស៊ី ជា​កន្លែងដែល​គ្មាន​ចោរ​គាស់ចូល ហើយ​លួច​នោះ​ឡើយ​។ 21ជាការពិត ទ្រព្យសម្បត្តិ​របស់អ្នក​នៅ​កន្លែងណា ចិត្ត​របស់អ្នក​ក៏​នៅ​កន្លែងនោះ​ដែរ​។
22 “ចង្កៀង​របស់​រូបកាយ​គឺ​ភ្នែក ដូច្នេះ​ប្រសិនបើ​ភ្នែក​របស់អ្នក​ភ្លឺថ្លា # 6:22 ភ្លឺថ្លា―ន័យត្រង់គឺ “មើលរបស់តែមួយ” ឬ “សុខភាពល្អ”។ រូបកាយ​អ្នក​ទាំងមូល​ក៏​ពេញដោយពន្លឺ​; 23ប៉ុន្តែ​ប្រសិនបើ​ភ្នែក​របស់អ្នក​អាក្រក់ រូបកាយ​អ្នក​ទាំងមូល​ក៏​ពេញដោយសេចក្ដីងងឹត​។ ដូច្នេះ ប្រសិនបើ​ពន្លឺ​ក្នុង​អ្នក​ជា​សេចក្ដីងងឹត​ទៅហើយ ចុះ​សេចក្ដីងងឹត​នោះ​នឹង​ខ្លាំង​យ៉ាងណាទៅ​!
24 “គ្មានអ្នកណា​អាច​បម្រើ​ចៅហ្វាយ​ពីរ​នាក់​បាន​ទេ ដ្បិត​គេ​នឹង​ស្អប់​ម្នាក់ ហើយ​ស្រឡាញ់​ម្នាក់ទៀត ឬ​ស្មោះត្រង់​នឹង​ម្នាក់ ហើយ​មើលងាយ​ម្នាក់ទៀត​។ អ្នករាល់គ្នា​មិនអាច​បម្រើ​ព្រះ​ផង បម្រើ​ទ្រព្យសម្បត្តិ # 6:24 ទ្រព្យសម្បត្តិ―ឬ “ម៉ាមម៉ូន”។ ផង​បានឡើយ​។
កុំបារម្ភ
25 “ហេតុនេះហើយបានជា​ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា កុំ​បារម្ភ​នឹង​ជីវិត​របស់អ្នក​ថា ត្រូវ​ហូប​អ្វី ឬ​ផឹក​អ្វី​ឡើយ​; ហើយក៏កុំ​បារម្ភ​នឹង​រូបកាយ​របស់អ្នក​ថា ត្រូវ​ស្លៀកពាក់​អ្វី​ដែរ​។ តើ​ជីវិត​មិន​សំខាន់ជាង​អាហារ ហើយ​រូបកាយ​មិន​សំខាន់ជាង​សម្លៀកបំពាក់​ទេ​ឬ​? 26ចូរ​សម្លឹងមើល​ទៅ​បក្សាបក្សីនៅលើអាកាស វា​មិន​សាបព្រោះ មិន​ច្រូតកាត់ ហើយក៏មិន​ប្រមូលដាក់​ក្នុង​ជង្រុក​ដែរ ប៉ុន្តែ​ព្រះ​បិតា​សួគ៌​របស់អ្នករាល់គ្នា ទ្រង់​ចិញ្ចឹម​ពួកវា​។ តើ​អ្នករាល់គ្នា​មិន​មានតម្លៃ​លើសជាង​ពួកវា​ទេ​ឬ​? 27ក្នុងចំណោម​អ្នករាល់គ្នា តើ​មាន​នរណា​អាច​បន្ថែម​មួយ​ខណៈពេល#6:27 មួយ​ខណៈពេល―ន័យត្រង់គឺ “មួយហត្ថ” ឬ “មួយភេឃូស”។ 1ហត្ថ=46សង់ទីម៉ែត្រ។លើ​អាយុជីវិត​របស់​ខ្លួន#6:27 នរណា​អាចបន្ថែម​មួយ​ខណៈពេលលើអាយុជីវិតរបស់​ខ្លួន―ឬ “នរណា​អាចបន្ថែម​មួយ​ហត្ថលើកម្ពស់របស់​ខ្លួន”។ដោយ​ការ​បារម្ភ​បាន​? 28ហេតុអ្វីបានជា​អ្នករាល់គ្នា​បារម្ភ​អំពី​សម្លៀកបំពាក់? ចូរ​សង្កេត​របៀប​ដែល​ផ្កាលីលី​នៅ​ទីវាល​លូតលាស់​ចុះ​។ វា​មិន​ធ្វើការនឿយហត់ ហើយក៏មិន​ត្បាញរវៃ​ដែរ​។ 29ប៉ុន្តែ​ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា សូម្បីតែ​សាឡូម៉ូន​ដែល​ប្រកបដោយ​សិរីរុងរឿង​ដ៏ប្រសើរ​បំផុត ក៏មិន​បាន​តែងកាយ​ដូច​ផ្កា​មួយ​ទង​ក្នុងចំណោម​ផ្កា​ទាំងនេះ​ផង។ 30មនុស្ស​មានជំនឿតិច​អើយ​! ប្រសិនបើ​ព្រះ​ទ្រង់​តុបតែង​ស្មៅ​នៅតាម​ទីវាល ដែល​មាន​នៅ​ថ្ងៃនេះ ហើយ​ថ្ងៃស្អែក​ត្រូវគេ​បោះទៅ​ក្នុង​ឡភ្លើង​យ៉ាងដូច្នេះ​ទៅហើយ តើ​ព្រះអង្គ​មិន​តុបតែង​អ្នករាល់គ្នា​ឲ្យ​លើសជាង​ទេ​ឬ​? 31ដូច្នេះ កុំ​បារម្ភ​ដោយ​ពោលថា​: ‘យើង​ត្រូវ​ហូប​អ្វី​? ត្រូវ​ផឹក​អ្វី​? ត្រូវ​ស្លៀកពាក់​អ្វី​?’ នោះ​ឡើយ 32ដ្បិត​សាសន៍ដទៃ​តែងតែ​ខំស្វែងរក​របស់​ទាំងអស់​នេះ ប៉ុន្តែ​ព្រះ​បិតា​សួគ៌​របស់អ្នករាល់គ្នា​បាន​ជ្រាប​ហើយ​ថា អ្នករាល់គ្នា​ត្រូវការ​របស់​ទាំងអស់​នេះ​។ 33ផ្ទុយទៅវិញ ចូរ​ស្វែងរក​អាណាចក្រ​របស់​ព្រះ#6:33 ឯកសារបុរាណខ្លះគ្មាន “របស់​ព្រះ”។និង​សេចក្ដីសុចរិត​របស់​ព្រះអង្គ​ជាមុនសិន ហើយ​របស់​ទាំងអស់​នេះ​នឹង​ត្រូវបាន​បន្ថែម​ដល់​អ្នករាល់គ្នា​។ 34ដូច្នេះ កុំ​បារម្ភ​អំពី​ថ្ងៃស្អែក​ឡើយ ពីព្រោះ​ថ្ងៃស្អែក​នឹង​បារម្ភ​អំពី​ខ្លួនវា​។ មួយ​ថ្ងៃ​ៗ​មាន​ការលំបាក​ល្មម​សម្រាប់​ខ្លួនវា​ហើយ​។

Currently Selected:

ម៉ាថាយ 6: GKHB

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in