ម៉ាឡាគី 3
3
1ព្រះយេហូវ៉ានៃពលបរិវារមានបន្ទូលថា៖ “មើល៍! យើងចាត់ទូតរបស់យើងឲ្យទៅ ដែលនឹងរៀបចំផ្លូវនៅមុខយើង។ ព្រះអម្ចាស់ដែលអ្នករាល់គ្នាស្វែងរក នឹងយាងចូលមកក្នុងព្រះវិហាររបស់ព្រះអង្គក្នុងមួយរំពេច។ រីឯទូតនៃសម្ពន្ធមេត្រីដែលអ្នករាល់គ្នាចង់បាននោះ មើល៍! កំពុងយាងមកហើយ”។ 2ប៉ុន្តែនៅថ្ងៃដែលព្រះអង្គយាងមក តើនរណាអាចទ្រាំបាន? នៅពេលព្រះអង្គលេចមក តើនរណាអាចនៅឈរបាន? ដ្បិតព្រះអង្គប្រៀបដូចជាភ្លើងរបស់ជាងទង និងដូចជាសាប៊ូរបស់អ្នកបោកគក់។ 3ព្រះអង្គនឹងគង់ចុះដូចជាជាងទង និងដូចជាអ្នកជម្រះប្រាក់ ហើយព្រះអង្គនឹងជម្រះកូនចៅលេវី គឺបន្សុទ្ធពួកគេដូចបន្សុទ្ធមាស និងប្រាក់ នោះពួកគេនឹងថ្វាយតង្វាយដល់ព្រះយេហូវ៉ាដោយសេចក្ដីសុចរិត។ 4ធ្វើដូច្នេះ ទើបតង្វាយរបស់យូដា និងយេរូសាឡិមនឹងបានជាទីគាប់ព្រះហឫទ័យដល់ព្រះយេហូវ៉ា ដូចកាលពីដើម និងដូចកាលពីបុរាណ។
5ព្រះយេហូវ៉ានៃពលបរិវារមានបន្ទូលថា៖ “ដូច្នេះ យើងនឹងចូលមកជិតអ្នករាល់គ្នាដើម្បីជំនុំជម្រះ។ យើងនឹងធ្វើជាសាក្សីដ៏រហ័សរហួន ទាស់នឹងពួកគ្រូធ្មប់ ទាស់នឹងមនុស្សផិតក្បត់ ទាស់នឹងពួកអ្នកស្បថដោយកុហក ទាស់នឹងពួកអ្នកដែលសង្កត់សង្កិនលើថ្លៃឈ្នួលរបស់កូនឈ្នួល ស្ត្រីមេម៉ាយ និងកូនកំព្រា ព្រមទាំងទាស់នឹងពួកអ្នកដែលបង្វែរជនអន្តោប្រវេសន៍ចេញដោយមិនកោតខ្លាចយើងផង។ 6ដ្បិតយើងជាយេហូវ៉ា យើងមិនប្រែប្រួលទេ ដូច្នេះកូនចៅយ៉ាកុបអើយ អ្នករាល់គ្នាមិនវិនាសឡើយ”។
ប្លន់ព្រះ
7ព្រះយេហូវ៉ានៃពលបរិវារមានបន្ទូលថា៖ “តាំងពីគ្រាដូនតារបស់អ្នករាល់គ្នា អ្នករាល់គ្នាបានបែរចេញពីបទបញ្ញត្តិរបស់យើង ហើយមិនបានកាន់តាមទេ។ ចូរត្រឡប់មកឯយើងវិញ នោះយើងនឹងត្រឡប់មកឯអ្នករាល់គ្នាវិញដែរ។ ប៉ុន្តែអ្នករាល់គ្នាសួរថា: ‘តើឲ្យយើងខ្ញុំត្រឡប់មកវិញយ៉ាងដូចម្ដេច?’។ 8តើមនុស្សអាចប្លន់ព្រះបានឬ? ប៉ុន្តែអ្នករាល់គ្នាបានប្លន់យើងហើយ រួចសួរថា: ‘តើយើងខ្ញុំបានប្លន់ព្រះអង្គយ៉ាងដូចម្ដេច?’។ គឺដោយតង្វាយមួយភាគដប់ និងតង្វាយលើកឡើងនោះឯង។ 9អ្នករាល់គ្នាត្រូវបណ្ដាសាដោយបណ្ដាសាហើយ ពីព្រោះអ្នករាល់គ្នា គឺប្រជាជាតិទាំងមូលបានប្លន់យើង”។
10ព្រះយេហូវ៉ានៃពលបរិវារមានបន្ទូលថា៖ “ចូរនាំតង្វាយមួយភាគដប់ទាំងអស់មកក្នុងឃ្លាំងដំណាក់ ដើម្បីឲ្យមានស្បៀងអាហារនៅក្នុងដំណាក់របស់យើង រួចល្បងលយើងក្នុងការនេះចុះ ថាតើយើងមិនបើកបង្អួចនៃមេឃឲ្យអ្នករាល់គ្នា ហើយបង្ហូរពរមកលើអ្នករាល់គ្នារហូតដល់គ្មានកន្លែងល្មមទុកបាន ឬយ៉ាងណា”។
11ព្រះយេហូវ៉ានៃពលបរិវារមានបន្ទូលថា៖ “យើងនឹងស្ដីបន្ទោសសត្វដែលស៊ីបំផ្លាញដោយយល់ដល់អ្នករាល់គ្នា ដើម្បីកុំឲ្យវាបំផ្លាញភោគផលនៃទឹកដីរបស់អ្នករាល់គ្នាឡើយ ក៏កុំឲ្យដើមទំពាំងបាយជូរក្នុងចម្ការរបស់អ្នករាល់គ្នាជ្រុះផ្លែដែរ។ 12គ្រានោះ ប្រជាជាតិទាំងអស់នឹងហៅអ្នករាល់គ្នាថាមានពរ ដ្បិតអ្នករាល់គ្នានឹងបានជាទឹកដីដ៏សប្បាយ”។ ព្រះយេហូវ៉ានៃពលបរិវារមានបន្ទូលដូច្នេះហើយ។
មនុស្សសុចរិត និងមនុស្សអាក្រក់
13ព្រះយេហូវ៉ាមានបន្ទូលថា៖ “ពាក្យសម្ដីរបស់អ្នករាល់គ្នាបានទាស់នឹងយើងយ៉ាងខ្លាំង ប៉ុន្តែអ្នករាល់គ្នាសួរថា: ‘តើយើងខ្ញុំបាននិយាយអ្វីទាស់នឹងព្រះអង្គ?’។ 14អ្នករាល់គ្នាពោលថា: ‘ការបម្រើព្រះជាការឥតប្រយោជន៍ទេ។ ដែលពួកយើងកាន់តាមសេចក្ដីបង្គាប់របស់ព្រះអង្គ ហើយដើរទាំងកាន់ទុក្ខនៅចំពោះព្រះយេហូវ៉ានៃពលបរិវារដូច្នេះ តើចំណេញអ្វី? 15ដូច្នេះឥឡូវនេះ ពួកយើងនឹងហៅមនុស្សក្អេងក្អាងថាមានពរ។ មនុស្សធ្វើអាក្រក់មិនត្រឹមតែរីកចម្រើនប៉ុណ្ណោះទេ គឺពួកគេល្បងលព្រះ ហើយរួចខ្លួនផង’”។
16ពេលនោះ អ្នកដែលកោតខ្លាចព្រះយេហូវ៉ានិយាយគ្នាទៅវិញទៅមក នោះព្រះយេហូវ៉ាទ្រង់ប្រុងស្ដាប់ ហើយបានឮ រួចមានសៀវភៅនៃការរំលឹកត្រូវបានកត់ត្រាទុកនៅចំពោះព្រះអង្គ សម្រាប់អ្នកដែលកោតខ្លាចព្រះយេហូវ៉ា និងអ្នកដែលឲ្យតម្លៃព្រះនាមរបស់ព្រះអង្គ។ 17ព្រះយេហូវ៉ានៃពលបរិវារមានបន្ទូលថា៖ “នៅថ្ងៃដែលយើងរៀបចំកម្មសិទ្ធិដ៏មានតម្លៃ ពួកគេនឹងទៅជារបស់យើង ហើយយើងនឹងប្រណីដល់ពួកគេ ដូចដែលមនុស្សប្រណីដល់កូនរបស់ខ្លួន ដែលបម្រើខ្លួនដែរ។ 18គ្រានោះ អ្នករាល់គ្នានឹងឃើញភាពខុសគ្នារវាងមនុស្សសុចរិត និងមនុស្សអាក្រក់ម្ដងទៀត ព្រមទាំងភាពខុសគ្នារវាងអ្នកដែលបម្រើព្រះ និងអ្នកដែលមិនបម្រើព្រះអង្គ”៕
Currently Selected:
ម៉ាឡាគី 3: GKHB
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
GLOBAL KHMER BIBLE©
Copyright © 2023 by Global Bible Initiative