ម៉ាឡាគី 2
2
ដាស់តឿនពួកបូជាចារ្យ
1ព្រះយេហូវ៉ានៃពលបរិវារមានបន្ទូលថា៖ “ឥឡូវនេះ ពួកបូជាចារ្យអើយ នេះជាសេចក្ដីបង្គាប់ដល់អ្នករាល់គ្នា។ 2ប្រសិនបើអ្នករាល់គ្នាមិនស្ដាប់តាម ប្រសិនបើអ្នករាល់គ្នាមិនយកចិត្តទុកដាក់ថ្វាយសិរីរុងរឿងដល់នាមរបស់យើងទេ នោះយើងនឹងបញ្ជូនបណ្ដាសាមកលើអ្នករាល់គ្នា ហើយដាក់បណ្ដាសាដល់ពររបស់អ្នករាល់គ្នាផង។ មែនហើយ យើងបានដាក់បណ្ដាសាហើយ ដោយព្រោះអ្នករាល់គ្នាមិនបានយកចិត្តទុកដាក់”។
3ព្រះយេហូវ៉ានៃពលបរិវារមានបន្ទូលថា៖ “មើល៍! យើងនឹងស្ដីបន្ទោសពូជពង្សរបស់អ្នករាល់គ្នា ព្រមទាំងជះលាមកលើមុខរបស់អ្នករាល់គ្នា ជាលាមកពីយញ្ញបូជានៃពិធីបុណ្យរបស់អ្នករាល់គ្នា ហើយអ្នករាល់គ្នានឹងត្រូវបានយកចេញជាមួយលាមកនោះ។ 4គឺយ៉ាងនេះឯងដែលអ្នករាល់គ្នានឹងដឹងថា យើងបានបញ្ជូនសេចក្ដីបង្គាប់នេះមកដល់អ្នករាល់គ្នា ដើម្បីឲ្យសម្ពន្ធមេត្រីរបស់យើងបានស្ថិតនៅជាមួយលេវី។ 5សម្ពន្ធមេត្រីរបស់យើងជាមួយលេវី គឺសម្ពន្ធមេត្រីនៃជីវិត និងសេចក្ដីសុខសាន្ត។ យើងបានផ្ដល់សេចក្ដីទាំងនេះដល់គាត់ ដើម្បីឲ្យមានការខ្លាចក្រែង នោះគាត់ក៏ខ្លាចក្រែងយើង ព្រមទាំងកោតខ្លាចនៅចំពោះនាមរបស់យើងផង។ 6សេចក្ដីបង្រៀននៃសេចក្ដីពិតមាននៅក្នុងមាត់របស់គាត់ ហើយក៏គ្មានសេចក្ដីទុច្ចរិតណាត្រូវបានរកឃើញលើបបូរមាត់របស់គាត់ឡើយ។ គាត់បានដើរជាមួយយើងក្នុងសេចក្ដីសុខសាន្ត និងសេចក្ដីយុត្តិធម៌ ហើយគាត់បានបង្វែរមនុស្សជាច្រើនឲ្យមកវិញចេញពីអំពើទុច្ចរិត។ 7ដូច្នេះ បបូរមាត់របស់បូជាចារ្យត្រូវតែរក្សាចំណេះដឹង ហើយមនុស្សត្រូវតែស្វែងរកសេចក្ដីបង្រៀនពីមាត់របស់គេ ពីព្រោះគេជាអ្នកនាំសាររបស់ព្រះយេហូវ៉ានៃពលបរិវារ”។
8ព្រះយេហូវ៉ានៃពលបរិវារមានបន្ទូលថា៖ “រីឯអ្នករាល់គ្នាវិញ អ្នករាល់គ្នាបានបែរចេញពីផ្លូវត្រឹមត្រូវ ក៏បានធ្វើឲ្យមនុស្សជាច្រើនជំពប់ដួលនឹងសេចក្ដីបង្រៀន ហើយបានបង្ខូចសម្ពន្ធមេត្រីរបស់លេវី។ 9ដោយហេតុនេះ យើងបានធ្វើឲ្យអ្នករាល់គ្នាត្រូវគេមើលងាយ និងបានតូចទាបនៅចំពោះប្រជាជាតិទាំងអស់ ពីព្រោះអ្នករាល់គ្នាមិនរក្សាផ្លូវរបស់យើង គឺរើសមុខក្នុងសេចក្ដីបង្រៀនវិញ”។
ការក្បត់របស់យូដា
10តើយើងទាំងអស់គ្នាមិនមែនមានឪពុកតែមួយគត់ទេឬ? តើមិនមែនព្រះតែមួយអង្គគត់ទេឬ ដែលនិម្មិតបង្កើតយើងរាល់គ្នា? ហេតុអ្វីបានជាយើងក្បត់គ្នាទៅវិញទៅមក ទាំងបន្ទាបបន្ថោកសម្ពន្ធមេត្រីរបស់ដូនតាយើងដូច្នេះ? 11យូដាបានក្បត់ ព្រមទាំងប្រព្រឹត្តអំពើគួរឲ្យស្អប់ខ្ពើម នៅក្នុងអ៊ីស្រាអែល និងយេរូសាឡិម។ ដ្បិតយូដាបានបន្ទាបបន្ថោកទីវិសុទ្ធរបស់ព្រះយេហូវ៉ាដែលខ្លួនបានស្រឡាញ់ ហើយបានរៀបការជាមួយកូនស្រីរបស់ព្រះដទៃ។ 12ចំពោះមនុស្សដែលបានប្រព្រឹត្តដូច្នេះ សូមឲ្យព្រះយេហូវ៉ាកាត់ពួកគេចេញពីរោងរបស់យ៉ាកុប គឺសូម្បីតែអ្នកដែលភ្ញាក់ខ្លួន និងអ្នកដែលឆ្លើយតប ព្រមទាំងអ្នកដែលថ្វាយតង្វាយដល់ព្រះយេហូវ៉ានៃពលបរិវារផង។
13នេះជារឿងមួយទៀតដែលអ្នករាល់គ្នាធ្វើ គឺអ្នករាល់គ្នាគ្របអាសនារបស់ព្រះយេហូវ៉ាដោយទឹកភ្នែក ការយំសោក និងសម្រែកថ្ងូរ ដោយព្រោះព្រះអង្គមិនបែរមក ឬទទួលតង្វាយពីដៃរបស់អ្នករាល់គ្នាទៀត ដោយការគាប់ព្រះហឫទ័យ។
14អ្នករាល់គ្នានៅតែសួរថា៖ “ម្ដេចក៏ដូច្នេះ?”។ គឺដោយព្រោះព្រះយេហូវ៉ាបានធ្វើជាសាក្សីរវាងអ្នក និងប្រពន្ធកាលពីនៅយុវវ័យរបស់អ្នក ដែលអ្នកបានក្បត់នាង ទោះបីនាងជាដៃគូរបស់អ្នក និងជាប្រពន្ធនៃសម្ពន្ធមេត្រីរបស់អ្នកក៏ដោយ។ 15តើព្រះអង្គមិនបានធ្វើឲ្យពួកគេទៅជាតែមួយ ទាំងឲ្យមានចំណែកនៃព្រះវិញ្ញាណរបស់ព្រះអង្គទេឬ? ចុះព្រះតែមួយទ្រង់ស្វែងរកអ្វី? គឺពូជពង្សរបស់ព្រះនោះឯង! ដូច្នេះ ចូររក្សាវិញ្ញាណរបស់អ្នករាល់គ្នា កុំក្បត់ប្រពន្ធកាលពីនៅយុវវ័យរបស់អ្នកឡើយ។
16ព្រះយេហូវ៉ាដ៏ជាព្រះនៃអ៊ីស្រាអែលមានបន្ទូលថា៖ “យើងស្អប់ការលែងលះ ក៏ស្អប់អ្នកដែលគ្របបាំងសម្លៀកបំពាក់របស់ខ្លួនដោយអំពើហិង្សាដែរ”។ ព្រះយេហូវ៉ានៃពលបរិវារមានបន្ទូលថា៖ “ដូច្នេះ ចូររក្សាវិញ្ញាណរបស់អ្នករាល់គ្នា ហើយកុំក្បត់ឡើយ”។
ព្រះយេហូវ៉ានឹងយាងមកវិញ
17អ្នករាល់គ្នាធ្វើឲ្យព្រះយេហូវ៉ានឿយណាយដោយពាក្យសម្ដីរបស់អ្នករាល់គ្នា ប៉ុន្តែអ្នករាល់គ្នាសួរថា៖ “តើយើងខ្ញុំបានធ្វើឲ្យព្រះអង្គនឿយណាយយ៉ាងដូចម្ដេច?”។ គឺអ្នករាល់គ្នាពោលថា៖ “អស់អ្នកដែលធ្វើអាក្រក់ គឺល្អក្នុងព្រះនេត្ររបស់ព្រះយេហូវ៉ា ហើយព្រះអង្គសព្វព្រះហឫទ័យនឹងគេ” ឬក៏ “តើព្រះនៃសេចក្ដីយុត្តិធម៌នៅឯណា?”៕
Currently Selected:
ម៉ាឡាគី 2: GKHB
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
GLOBAL KHMER BIBLE©
Copyright © 2023 by Global Bible Initiative