YouVersion Logo
Search Icon

ម៉ាឡាគី 1

1
សេចក្ដីស្រឡាញ់របស់ព្រះយេហូវ៉ាដល់អ៊ីស្រាអែល
1នេះជា​ទំនាយ ជា​ព្រះបន្ទូល​របស់​ព្រះយេហូវ៉ា​ដល់​អ៊ីស្រាអែល តាមរយៈ​ម៉ាឡាគី​។
2ព្រះយេហូវ៉ា​មានបន្ទូលថា​៖ “យើង​បាន​ស្រឡាញ់​អ្នករាល់គ្នា”។
ប៉ុន្តែ​អ្នករាល់គ្នា​សួរថា​៖ “ព្រះអង្គ​បាន​ស្រឡាញ់​យើងខ្ញុំ​យ៉ាងដូចម្ដេច​?”។
នេះជា​សេចក្ដីប្រកាស​របស់​ព្រះយេហូវ៉ា​៖ “តើ​អេសាវ​មិនមែន​ជា​បងប្រុស​របស់​យ៉ាកុប​ទេ​ឬ​? ទោះបីជា​ដូច្នោះ​ក៏ដោយ ក៏​យើង​បាន​ស្រឡាញ់​យ៉ាកុប 3ប៉ុន្តែ​ស្អប់​អេសាវ​។ យើង​បាន​ធ្វើឲ្យ​តំបន់ភ្នំ​របស់អេសាវ​ទៅជា​ទីស្ងាត់ជ្រងំ ហើយ​ទុក​មរតក​របស់គាត់​ឲ្យ​ឆ្កែព្រៃ​នៃ​ទីរហោស្ថាន”។
4ថ្វីត្បិតតែ​អេដំ​ពោលថា​៖ “ទោះបីជា​ពួកយើង​ត្រូវបាន​កម្ទេច​ក៏ដោយ ក៏​ពួកយើង​នឹង​ត្រឡប់មក​សង់​ទីបាក់បែក​ឡើងវិញ” ប៉ុន្តែ​ព្រះយេហូវ៉ា​នៃ​ពលបរិវារ​មានបន្ទូល​ដូច្នេះ​ថា​៖ “ពួកគេ​នឹង​សង់ឡើងវិញ​មែន តែ​យើង​នឹង​រំលំ ហើយ​មនុស្ស​នឹង​ហៅ​ពួកគេ​ថា ‘តំបន់​នៃ​សេចក្ដីអាក្រក់’ និង ‘សាសន៍​ដែល​ព្រះយេហូវ៉ា​ទ្រង់​ព្រះពិរោធ​ជារៀងរហូត’”។ 5ភ្នែក​របស់អ្នករាល់គ្នា​នឹង​ឃើញ ហើយ​អ្នករាល់គ្នា​នឹង​ពោលថា​៖ “ព្រះយេហូវ៉ា​ទ្រង់​ធំឧត្ដម​ហួស​ព្រំដែន​អ៊ីស្រាអែល​ទៅទៀត​!”។
ស្ដីបន្ទោសពួកបូជាចារ្យ
6ព្រះយេហូវ៉ា​នៃ​ពលបរិវារ​មានបន្ទូល​នឹង​អ្នករាល់គ្នា​ថា​៖ “ពួក​បូជាចារ្យ​ដែល​មើលងាយ​នាម​របស់យើង​អើយ​! កូន​តែងតែ​គោរព​ឪពុក ហើយ​បាវបម្រើ​ក៏​គោរព​ចៅហ្វាយ​របស់ខ្លួន​ដែរ​។ ប្រសិនបើ​យើង​ជា​ឪពុក ចុះ​ការគោរព​ចំពោះ​យើង​នៅ​ឯណា​? ប្រសិនបើ​យើង​ជា​ចៅហ្វាយ ចុះ​ការខ្លាចក្រែង​ចំពោះ​យើង​នៅ​ឯណា​? ប៉ុន្តែ​អ្នករាល់គ្នា​សួរថា​: ‘តើ​យើងខ្ញុំ​បាន​មើលងាយ​ព្រះនាម​របស់ព្រះអង្គ​យ៉ាងដូចម្ដេច​?’។ 7អ្នករាល់គ្នា​ថ្វាយ​អាហារ​សៅហ្មង​នៅលើ​អាសនា​របស់យើង​។ ប៉ុន្តែ​អ្នករាល់គ្នា​សួរថា​: ‘តើ​យើងខ្ញុំ​បាន​ធ្វើឲ្យ​ព្រះអង្គ​សៅហ្មង​យ៉ាងដូចម្ដេច​?’ គឺ​ដោយ​អ្នករាល់គ្នា​ពោលថា​: ‘តុអាហារ​របស់​ព្រះយេហូវ៉ា​គួរឲ្យមើលងាយ​!’។ 8កាលណា​អ្នករាល់គ្នា​ថ្វាយ​សត្វ​ដែល​ខ្វាក់​ជាយញ្ញបូជា តើ​មិន​អាក្រក់​ទេ​ឬ​? កាលណា​អ្នករាល់គ្នា​ថ្វាយ​សត្វ​ខ្ញើច ឬ​សត្វ​ឈឺ តើ​មិន​អាក្រក់​ទេ​ឬ​? ឥឡូវនេះ ចូរ​ជូន​ទៅ​អភិបាល​របស់អ្នក​មើល៍! តើ​លោក​ពេញចិត្ត​នឹង​អ្នក​ឬ​? ឬមួយក៏​លោក​នឹង​បង្ហាញការសន្ដោស​ដល់​អ្នក​ឬ​?”។ ព្រះយេហូវ៉ា​នៃ​ពលបរិវារ​មានបន្ទូល​ដូច្នេះ​ហើយ​។
9ព្រះយេហូវ៉ា​នៃ​ពលបរិវារ​មានបន្ទូលថា​៖ “ឥឡូវនេះ ចូរ​ទូល​សុំក្ដីសន្ដោស​ពី​ព្រះ​ថា​: ‘សូមឲ្យ​ព្រះអង្គ​មេត្តា​ដល់​យើង​!’។ តង្វាយ​បែបនេះ​ពី​ដៃ​របស់អ្នករាល់គ្នា តើ​ព្រះអង្គ​នឹង​ទទួលយក​ពី​អ្នករាល់គ្នា​ឬ​?”។
10ព្រះយេហូវ៉ា​នៃ​ពលបរិវារ​មានបន្ទូលថា​៖ “ឱបើ​មានម្នាក់​ក្នុងចំណោម​អ្នករាល់គ្នា​បិទ​ទ្វារ​ដំណាក់របស់យើង ដើម្បីកុំឲ្យ​បង្កាត់ភ្លើង​លើ​អាសនា​របស់យើង​ជាឥតប្រយោជន៍​ទៅអេះ! យើង​មិន​ពេញចិត្ត​នឹង​អ្នករាល់គ្នា​ទេ ហើយក៏​មិន​ទទួល​តង្វាយ​ពី​ដៃ​របស់អ្នករាល់គ្នា​ដែរ​។ 11ជាការពិត ចាប់ពី​តំបន់ថ្ងៃរះ​រហូតដល់​តំបន់ថ្ងៃលិច នាម​របស់យើង​នឹងបាន​ធំឧត្ដម​ក្នុងចំណោម​ប្រជាជាតិ​នានា​។ នៅ​គ្រប់​កន្លែង នឹង​មាន​ថ្វាយ​គ្រឿងក្រអូប និង​តង្វាយ​បរិសុទ្ធ​ដល់​នាម​របស់យើង ដ្បិត​នាម​របស់យើង​នឹងបាន​ធំឧត្ដម​ក្នុងចំណោម​ប្រជាជាតិ​នានា”។ ព្រះយេហូវ៉ា​នៃ​ពលបរិវារ​មានបន្ទូល​ដូច្នេះ​ហើយ​។
12ព្រះយេហូវ៉ា​នៃ​ពលបរិវារ​មានបន្ទូលថា​៖ “ប៉ុន្តែ​អ្នករាល់គ្នា​បន្ទាបបន្ថោក​នាមរបស់យើង ដោយ​ពោលថា​: ‘តុអាហារ​របស់​ព្រះអម្ចាស់​ទៅជាសៅហ្មង​ហើយ រីឯ​ផល​ពី​តុនោះ គឺ​អាហារ​ពី​តុនោះ​គួរឲ្យមើលងាយ​ផង’។ 13អ្នករាល់គ្នា​ពោលថា​: ‘មើល៍! អីក៏​ពិបាក​ម្ល៉េះ​!’ ហើយ​បញ្ចេញសូរហ៊ឹះ​ដាក់​ការនោះ​។ អ្នករាល់គ្នា​នាំ​សត្វ​ដែល​ប្លន់យក សត្វ​ខ្ញើច និង​សត្វ​ឈឺ​មក គឺ​នាំមក​ជា​តង្វាយ​! តើ​ឲ្យ​យើង​ទទួល​វា​ពី​ដៃ​របស់អ្នករាល់គ្នា​ឬ​?”។ ព្រះយេហូវ៉ា​មានបន្ទូល​ដូច្នេះ​ហើយ​។
14ព្រះយេហូវ៉ា​នៃ​ពលបរិវារ​មានបន្ទូលថា​៖ “ត្រូវបណ្ដាសា​ហើយ មនុស្ស​បោកបញ្ឆោត​ដែល​មាន​សត្វ​ឈ្មោល​ឥតខ្ចោះ#1:14 ឥតខ្ចោះ―ជាពាក្យជំនួយ។​នៅក្នុង​ហ្វូងសត្វ​របស់ខ្លួន ហើយ​បន់ ប៉ុន្តែបែរជា​ថ្វាយ​សត្វ​អន់ខូច​ជាយញ្ញបូជា​ដល់​ព្រះអម្ចាស់​ទៅវិញ​! ដ្បិត​យើង​ជា​ស្ដេច​ដ៏ធំឧត្ដម ហើយ​នាម​របស់យើង​ត្រូវបាន​កោតខ្លាច​ក្នុងចំណោម​ប្រជាជាតិ​នានា”៕

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

Videos for ម៉ាឡាគី 1