YouVersion Logo
Search Icon

នាង​រស់ 4

4
ពិធី​មង្គល​ការ​លោក​បូអូស និង​នាង​រស់
1លោក​បូអូស​បាន​ឡើង​ទៅ​អង្គុយ​នៅ​ត្រង់​ទ្វារ​ក្រុង ហើយ​មើល៍ អ្នក​ដែល​មាន​ច្បាប់​នឹង​លោះ ដែល​លោក​បូអូស​បាន​និយាយ​ប្រាប់​នាង​រស់​ក៏​មក​ដល់។ ដូច្នេះ លោក​បូអូស​ពោល​ថា៖ «បង​អើយ សូម​អញ្ជើញ​មក​អង្គុយ​នៅ​ទី​នេះ​សិន» គាត់​ក៏​ចូល​មក​អង្គុយ។ 2លោកបូអូស​បាន​ហៅ​ពួក​ចាស់​ទុំ​ក្នុង​ក្រុង​នោះ​ចំនួន​ដប់​នាក់​មក​ជម្រាប​ថា៖ «សូម​អង្គុយ​នៅ​ទី​នេះ​ចុះ» គេ​ក៏​អង្គុយ។ 3ពេល​នោះ លោក​មាន​ប្រសាសន៍​ទៅ​កាន់​អ្នកដែល​មាន​ច្បាប់នឹង​លោះ​នោះ​ថា៖ «ណា‌អូមី ដែល​បាន​ត្រឡប់​មក​ពី​ស្រុក​ម៉ូអាប់​វិញ គាត់​ចង់​លក់​ដី​មួយ​ក្បាល​របស់​អេលី‌ម៉ាលេច ជា​សាច់​ញាតិ​របស់​យើង។ 4ខ្ញុំ​បាន​គិត​ថា ត្រូវ​ជម្រាប​ឲ្យ​បង​ដឹង​ដែរ ដូច្នេះ សូម​បង​ទិញ​ដី​នោះ នៅ​ចំពោះ​ពួក​អ្នក​ដែល​អង្គុយ​នៅ​ទី​នេះ និង​នៅ​មុខ​ពួក​ចាស់​ទុំ​នៃ​សាសន៍​យើង​ចុះ បើ​បង​ចង់​លោះ​ដី​នោះ សូម​លោះ​ទៅ តែ​បើ​មិន​ចង់​លោះ​ទេ សូម​ប្រាប់​ឲ្យ​ខ្ញុំ​បាន​ដឹង​ផង ដ្បិត​ក្រៅ​ពី​បង គ្មាន​អ្នក​ណា​ទៀត​មាន​ច្បាប់​លោះ​បាន​ទេ មាន​តែ​ខ្ញុំ​ដែល​ជា​អ្នក​បន្ទាប់​បង​ប៉ុណ្ណោះ» អ្នក​នោះ​ឆ្លើយ​ថា៖ «ខ្ញុំ​ព្រម​លោះ​ចុះ»។ 5បន្ទាប់​មក លោក​បូអូស​មាន​ប្រសាសន៍​ថា៖ «នៅ​ថ្ងៃ​ណា​ដែល​បង​ទិញ​ដី​នោះ​ពី​ណា‌អូមី សូម​បង​យក​នាង​រស់​សាសន៍​ម៉ូអាប់ ជា​ស្ត្រី​មេម៉ាយ​ដែល​ប្ដី​ស្លាប់​នោះ​ធ្វើ​ជា​ប្រពន្ធ​ផង ដើម្បីរក្សា​ឈ្មោះ​ឲ្យ​អ្នក​ស្លាប់​នោះ នៅ​ជាប់​ក្នុង​មត៌ក​របស់​គាត់​ត​ទៅ»។ 6ពេល​នោះ អ្នក​ដែល​មាន​ច្បាប់​លោះ​នោះ ឆ្លើយ​ថា៖ «ខ្ញុំ​មិន​អាច​លោះ​បាន​ទេ ក្រែង​បាត់​មត៌ក​របស់​ខ្ញុំ ដូច្នេះ ចូរ​អ្នក​យក​ច្បាប់​របស់​ខ្ញុំ​លោះ​ចុះ ដ្បិត​ខ្ញុំ​មិន​អាច​លោះ​បាន​ទេ»។
7កាល​ពី​ដើម នៅ​ស្រុក​អ៊ីស្រា‌អែល អ្នក​លោះ ឬ​អ្នក​ប្តូរ​របស់​អ្វី​មួយ ត្រូវ​ឲ្យ​ម្នាក់​ដោះ​ស្បែក​ជើង ឲ្យ​ដល់​ម្នាក់​ទៀត ទុក​ជា​បន្ទាល់ ដើម្បី​ឲ្យ​បាន​សម្រេច​ការ​ក្នុង​ស្រុក​អ៊ីស្រា‌អែល។ 8ដូច្នេះ អ្នក​ដែល​មាន​ច្បាប់​នឹង​លោះ​នោះ ក៏​ពោល​ទៅ​កាន់​លោក​បូអូស​ថា៖ «ចូរ​ទិញ​ដី​នោះ​សម្រាប់​ខ្លួន​អ្នក​ចុះ» រួច​ក៏​ដោះ​ស្បែក​ជើង​របស់​ខ្លួន​ចេញ។ 9នោះ​លោក​បូអូស​ក៏​ប្រកាស​ដល់​ពួក​ចាស់​ទុំ និង​មនុស្ស​ទាំង​នោះ​ថា៖ «នៅ​ថ្ងៃ​នេះ សូម​អ្នក​រាល់​គ្នា​ចាំ​ជា​សាក្សី​ថា ខ្ញុំ​បាន​ទិញ​ទាំង​អស់​ដែល​ជា​របស់​អេលី‌ម៉ាលេច និង​របស់​គីលី‌យ៉ុន និង​ម៉ាឡូន​ពី​ណា‌អូមី​ហើយ 10មួយ​ទៀត ខ្ញុំ​បាន​ទិញ​នាង​រស់ សាសន៍​ម៉ូអាប់ ជា​ប្រពន្ធ​របស់​ម៉ាឡូន មក​ធ្វើ​ជា​ប្រពន្ធ​ខ្ញុំ​ដែរ ដើម្បី​បង្កើត​ឈ្មោះ​របស់​ម៉ាឡូន​នោះ នៅ​ក្នុង​មត៌ក​គាត់​ឡើង​វិញ ដើម្បី​កុំ​ឲ្យ​ឈ្មោះ​គាត់​ត្រូវ​កាត់​ចេញ​ពី​ពួក​បង‌ប្អូន និង​ពី​ទ្វារ​ទី​លំនៅ​របស់​គាត់​ឡើយ នៅ​ថ្ងៃ​នេះ អ្នក​រាល់​គ្នា​ជា​សាក្សី​ស្រាប់​ហើយ»។ 11ដូច្នេះ ពួក​អ្នក​ដែល​នៅ​ត្រង់​ទ្វារ​ក្រុង និង​ពួក​ចាស់​ទុំ​ក៏​ឆ្លើយ​ឡើង​ថា៖ «យើង​ទាំង​អស់​គ្នា​ជា​សាក្សី​ស្រាប់ សូម​ព្រះ‌យេហូវ៉ា​ប្រោស​ឲ្យ​ស្រី​ដែល​ចូល​មក​ក្នុង​ផ្ទះ​អ្នក បាន​ដូច​ជា​នាង​រ៉ាជែល និង​នាង​លេអា ដែល​ទាំង​ពីរ​នោះ​បាន​បង្កើត​គ្រួសារ​អ៊ីស្រា‌អែល​ឡើង​ដែរ ក៏​សូម​ឲ្យ​អ្នក​បាន​ចម្រើន​ឡើង ក្នុង​ស្រុក​អេប្រា‌តា ហើយ​មាន​ឈ្មោះ​ល្បី​ក្នុង​ក្រុង​បេថ្លេ‌ហិម​ផង 12សូម​ឲ្យ​អ្នក​បាន​បង្កើត​គ្រួសារ​ឡើង ពី​ពូជ​ដែល​ព្រះ‌យេហូវ៉ា​នឹង​ប្រទាន​ដល់​អ្នក តាម​រយៈ​ស្ត្រី​នេះ ឲ្យ​បាន​ដូច​ជា​គ្រួ​របស់​ពេរេស ជា​កូន​ដែល​នាង​តាម៉ារ​បាន​បង្កើត​ឲ្យ​យូដា​ដែរ»។
តំណ​វង្ស​របស់​ព្រះបាទដាវីឌ
13ដូច្នេះ លោកបូអូស​បាន​យក​នាង​រស់​ធ្វើ​ជា​ប្រពន្ធ ហើយ​ព្រះ‌យេហូវ៉ា​ប្រោស​ឲ្យ​នាង​មាន​ទម្ងន់​បង្កើត​បាន​កូន​ប្រុស​មួយ។ 14ពួក​ស្រ្តី​និយាយ​នឹង​ណា‌អូមី​ថា៖ «សូម​ឲ្យ​ព្រះ‌យេហូវ៉ា ដែល​ព្រះ‌អង្គ​មិន​បាន​ទុក​ឲ្យ​អ្នក​ឥត​មាន​សាច់ញាតិ​ជិតដិត​នៅ​ថ្ងៃ​នេះ បាន​ប្រកប​ដោយ​ព្រះ‌ពរ សូម​ឲ្យ​លោក​មាន​ឈ្មោះ​ល្បី​ល្បាញ​ក្នុង​ស្រុក​អ៊ីស្រា‌អែល! 15កូន​នេះ​នឹង​បាន​សម្រាប់​ជា​ទី​តាំង​ជីវិត​របស់​អ្នក​ឡើង​វិញ ហើយ​នឹង​ចិញ្ចឹម​អ្នក​ក្នុង​កាល​ដែល​ចាស់​ផង ដ្បិត​កូន​ប្រសា​ស្រី​ដែល​ស្រឡាញ់​អ្នក ហើយ​ក៏​វិសេស​ដល់​អ្នក ជា​ជាង​កូន​ប្រុស​ប្រាំពីរ​នាក់​ផង នាង​បាន​បង្កើត​វា​មក»។ 16ណា‌អូមី​ក៏​យក​កូន​តូច​មក​បី‌បម ហើយ​ថែ​រក្សា 17ឯ​ពួក​ស្រី​ជា​អ្នក​ជិត​ខាង គេ​ក៏​ដាក់​ឈ្មោះ​កូន​នោះ​ថា អូបិឌ ដោយ​ថា មាន​កូន​ប្រុស​មួយ​កើត​មក​ឲ្យ​ណា‌អូមី នោះ​ហើយ​ជា​ឪពុក​អ៊ីសាយ ដែល​ជា​ឪពុក​ព្រះបាទដាវីឌ។
18នេះ​ហើយ​ជា​ពង្សាវ‌តារ​របស់​ពេរេស គឺ​ពេរេស​បង្កើត​ហេស្រុន 19ហេស្រុន​បង្កើត​រ៉ាម រ៉ាម​បង្កើត​អ័មី‌ណា‌ដាប់ 20អ័មី‌ណា‌ដាប់​បង្កើត​ណា‌សូន ណាសូន​បង្កើត​សាល‌ម៉ូន 21សាល‌ម៉ូន​បង្កើត​លោកបូអូស លោកបូអូស​បង្កើត​អូបិឌ 22អូបិឌ​បង្កើត​អ៊ីសាយ អ៊ីសាយ​បង្កើត​ដាវីឌ។:៚

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

Videos for នាង​រស់ 4