YouVersion Logo
Search Icon

១ សាំ‌យូ‌អែល ពាក្យ​លំនាំ

ពាក្យ​លំនាំ
គេ​បាន​ប្រើ​នាម​របស់​លោក​សាំយូ‌អែល ធ្វើ​ជា​ចំណង​ជើង​របស់​កណ្ឌ‌គម្ពីរ​នេះ និង​កណ្ឌ‌គម្ពីរ​បន្ទាប់។ ហោរា​សាំយូ‌អែល ជា​ចៅ‌ហ្វាយ​ចុង​ក្រោយ​ដែល​ព្រះ‌អម្ចាស់​ប្រទាន​មក​ឲ្យ​កូន​ចៅ​អ៊ីស្រា‌អែល នៅ​គ្រា​ដែល​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ​ជួប​ប្រទះ​ទុក្ខ​លំបាក។ លោក​ទទួល​បន្ទុក​បំពេញ​មុខ​ងារ​ពីរ​យ៉ាង គឺ​ផ្នែក​ខាង​នយោ‌បាយ និង​ផ្នែក​សាសនា ក្នុង​អំឡុង​ពេល​ដែល​អ៊ីស្រា‌អែល​ផ្លាស់​ប្តូរ​របប​នយោ‌បាយ​គ្រប់‌គ្រង​ស្រុក (ជំពូក ១-៧)។ កូន​ចៅ​អ៊ីស្រា‌អែល​មិន​ស្កប់​ចិត្ត​នឹង​របប​គ្រប់‌គ្រង​ពី​មុន ដែល​មាន​តែ​ពួក​ចៅ‌ហ្វាយ​ជា​មេ​ដឹក‌នាំ​ក្នុង​គ្រា​ជួប​អាសន្ន ដូច្នេះ ពួក​គេ​ទាម‌ទារ​ចង់​បាន​របប​រាជា​និយម។ ទោះ‌បី​លោក​សាំយូ‌អែល​មិន​ពេញ​ចិត្ត​នឹង​សំណើ​របស់​ប្រជាជន​ក្តី ក៏​លោក​បាន​តែង‌តាំង​លោក​សូល ជា​ស្តេច​ទី​មួយ​ឲ្យ​គ្រប់‌គ្រង​លើកូន​ចៅ​អ៊ីស្រា‌អែល ស្រប​តាម​បញ្ជា​របស់​ព្រះ (ជំពូក ៨-១០)។ ក្រោយ​មក ដោយ​ស្តេច​សូល​បាត់‌បង់​ភក្តី‌ភាព​ចំពោះ​ព្រះ ព្រះ‌អង្គ​លែង​គាំ‌ទ្រ​ស្តេច​សូល (ជំពូក ១១-១៥) ហើយ​ព្រះ‌អង្គ​បាន​ជ្រើស‌រើស​យុវជន​ដាវីឌ​ឲ្យ​ធ្វើ​ជា​ស្តេច​គ្រប់‌គ្រង​លើ​ប្រជាជន​អ៊ីស្រា‌អែល​ជំនួស​ស្តេច​សូល។ មុន​ដំបូង យុវជន​ដាវីឌ​នៅ​បម្រើ​ស្តេច​សូល បន្ទាប់​មក ធ្វើ​ជា​កូន​ប្រសា​របស់​ស្តេច រួច​រត់​ភៀស​ខ្លួន​ចេញ​ឆ្ងាយ​ពី​ស្តេច ព្រោះ​ស្តេច​រក​សម្លាប់។ ពី​ជំពូក ១៦ ដល់ ៣០ រៀបរាប់​អំពី​ការ​ចុះ​ថយ​របស់​ស្តេច​សូល ហើយ​ដាវីឌ​ចេះ​តែ​មាន​កម្លាំង​ខ្លាំង​ឡើងៗ។ ចុង​បញ្ចប់​នៃ​កណ្ឌ‌គម្ពីរ​សាំយូ‌អែល​ទី​មួយ​នេះ មាន​រៀបរាប់​អំពី​ការ​សុគត​របស់​ស្តេច​សូល និង​បុត្រ​របស់​ស្តេច ក្នុង​ចម្បាំង​រវាង​អ៊ីស្រា‌អែល និង​ភីលី‌ស្ទីន (ជំពូក ៣១)។
កណ្ឌ‌គម្ពីរ​នេះ​រំឭក​យើង​ថា មាន​តែ​ព្រះ​ប៉ុណ្ណោះ ដែល​ពិត​ជា​ព្រះ‌មហា‌ក្សត្រ​គ្រង​រាជ្យ​លើ​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ។ អ្នក​ដែល​អាច​គ្រប់‌គ្រង​លើ​ប្រជា‌រាស្ត្រ​របស់​ព្រះ​បាន គឺ​អ្នក​ដែល​ទទួល​ស្គាល់ ហើយ​យល់​ព្រម​ចុះ​ចូល​នឹង​អំណាច​របស់​ព្រះ។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in