YouVersion Logo
Search Icon

ទំនុកតម្កើង 95

95
ការ​ហៅ​ឲ្យចូលមក​គោរព​ប្រណិប័តន៍​ដល់​ព្រះ
1ចូល​មក យើង​នាំ​គ្នា​ច្រៀង​ថ្វាយ​ព្រះ‌យេហូវ៉ា
ចូរ​យើង​បន្លឺ​សំឡេង​ដោយ​អំណរ​ដល់​ព្រះ
ដែល​ថ្ម​ដា​នៃ​ការ​សង្គ្រោះ​របស់​យើង!
2ចូរ​យើង​នាំ​គ្នា​ចូល​មក​ចំពោះ​ព្រះ‌វត្ត‌មាន​ព្រះ‌អង្គ
ដោយ​អរ​ព្រះ‌គុណ
ចូរ​យើង​បន្លឺ​សំឡេង​ថ្វាយ​ព្រះ‌អង្គ
ដោយ​បទ​សរសើរ!
3ដ្បិត​ព្រះ‌យេហូវ៉ា ជា​ព្រះ​ដ៏​ធំ​អស្ចារ្យ
ហើយ​ជា​ព្រះ​មហា‌ក្សត្រ​ដ៏​ធំ​លើ​អស់​ទាំង​ព្រះ។
4អស់​ទាំង​ទី​ជម្រៅ​នៃ​ផែនដី
នៅ​ក្នុង​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ
ហើយ​កំពូល​ភ្នំ​ទាំង​ប៉ុន្មាន
ក៏​ជា​របស់​ព្រះ‌អង្គ​ដែរ។
5សមុទ្រ​ជា​របស់​ព្រះ‌អង្គ
ដ្បិត​ព្រះ‌អង្គ​បាន​បង្កើត​សមុទ្រ
ហើយ​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ
ក៏​បាន​សូន​ធ្វើ​ដី​គោក​ដែរ។
6៙ ចូល​មក ចូរ​យើង​ឱន​កាយ
ថ្វាយ‌បង្គំ​ទាំង​អស់​គ្នា
ចូរ​យើង​លុត​ជង្គង់​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា
ជា​ព្រះ​ដែល​បង្កើត​យើងមក!
7ដ្បិត​ព្រះ‌អង្គ​ជា​ព្រះ​នៃ​យើង
ហើយ​យើង​ជា​ប្រជា‌រាស្ត្រ
នៅ​ក្នុង​វាល​ស្មៅ​របស់​ព្រះ‌អង្គ
និង​ជា​ចៀម​នៅ​ក្នុង​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ។
នៅ​ថ្ងៃ​នេះ បើ​អ្នក​រាល់​គ្នា​ឮ​សំឡេង​ព្រះ‌អង្គ
8មិន​ត្រូវ​តាំង​ចិត្ត​រឹង‌រូស ដូច​កាល​នៅ​មេរីបា
ឬ​ដូច​កាល​ថ្ងៃ​នៅ​ម៉ាសា
ក្នុង​ទី​រហោ‌ស្ថាន​នោះ​ឡើយ
9ជា​គ្រា​ដែល​បុព្វ‌បុរស​របស់​អ្នក​រាល់​គ្នា
បាន​ល្បង​ល​យើង ហើយ​សាក​មើល​យើង
ទោះ​បើគេបាន​ឃើញ​កិច្ច​ការ
ដែល​យើង​ធ្វើ​ក៏​ដោយ។
10យើង​មាន​ចិត្ត​ឆ្អែត​ឆ្អន់​នឹង​មនុស្ស​ជំនាន់​នោះ
អស់រយៈ​ពេល​សែសិប​ឆ្នាំ ហើយ​ថា
«គេ​ជា​ប្រជាជន​ដែល​មាន​ចិត្ត​វង្វេង
គេ​មិន​ស្គាល់​ផ្លូវ​របស់​យើង​ឡើយ»។
11ហេតុ​នេះ យើង​បាន​ស្បថទាំង​កំហឹង
របស់​យើង​ថា
«ពួក‌គេ​មិន​ត្រូវ​ចូល​ទៅ​ក្នុង​សេចក្ដី​សម្រាក
របស់​យើង​ឡើយ»។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

Video for ទំនុកតម្កើង 95