ទំនុកតម្កើង 94
94
ព្រះជាអ្នកសងសឹកឲ្យមនុស្សសុចរិត
1ឱព្រះយេហូវ៉ាអើយ
ព្រះអង្គជាព្រះនៃការសងសឹក
ឱព្រះនៃការសងសឹកអើយ សូមភ្លឺមក!
2ឱចៅក្រមនៃផែនដីអើយ សូមក្រោកឡើង
សូមសងដល់មនុស្សអំនួត
ឲ្យសមនឹងអំពើរបស់គេ!
3ឱព្រះយេហូវ៉ាអើយ
តើមនុស្សអាក្រក់នឹងនៅដល់កាលណា?
តើមនុស្សអាក្រក់នឹងតម្កើងខ្លួន
ដល់កាលណាទៀត?
4៙ គេបង្ហូរចេញជាពាក្យព្រហើន
អស់អ្នកដែលប្រព្រឹត្តអំពើអាក្រក់
គេនាំគ្នាអួតអាង។
5ឱព្រះយេហូវ៉ាអើយ
គេញាំញីប្រជារាស្ត្ររបស់ព្រះអង្គ
ហើយធ្វើទុក្ខមត៌ក របស់ព្រះអង្គ។
6គេសម្លាប់ស្ត្រីមេម៉ាយ និងពួកអ្នកស្នាក់អាស្រ័យ
គេធ្វើឃាតក្មេងកំព្រា
7ហើយគេពោលថា
«ព្រះយេហូវ៉ា មើលមិនឃើញទេ
ព្រះរបស់លោកយ៉ាកុបមិនរវីរវល់ឡើយ»។
8៙ ឱមនុស្សកំរោលក្នុងបណ្ដាជនអើយ
ចូរស្វែងយល់ទៅ!
មនុស្សល្ងង់ខ្លៅអើយ
តើពេលណាទើបអ្នករាល់គ្នាមានប្រាជ្ញា?
9ព្រះអង្គដែលបានបង្កើតត្រចៀកមក
តើព្រះអង្គមិនឮទេឬ?
ព្រះអង្គដែលបានសូនធ្វើភ្នែក
តើព្រះអង្គមើលមិនឃើញទេឬ?
10ព្រះអង្គដែលវាយប្រដៅអស់ទាំងសាសន៍
តើព្រះអង្គមិនវាយផ្ចាលទេឬ?
ព្រះអង្គដែលបង្រៀនមនុស្សឲ្យមានចំណេះ
11គឺព្រះយេហូវ៉ា ព្រះអង្គជ្រាបគំនិតរបស់មនុស្ស ថា
គេជាមនុស្សដែលនៅតែមួយដង្ហើមប៉ុណ្ណោះ។
12៙ ឱព្រះយេហូវ៉ា អើយ មានពរហើយ
មនុស្សណាដែលព្រះអង្គវាយផ្ចាល
ហើយបង្ហាត់បង្រៀនតាមក្រឹត្យវិន័យ
របស់ព្រះអង្គ
13ដើម្បីប្រទានឲ្យគេបានសម្រាកនៅថ្ងៃអាក្រក់
ដរាបដល់គេជីករណ្តៅ
ទុកសម្រាប់មនុស្សអាក្រក់។
14ដ្បិតព្រះយេហូវ៉ានឹងមិនបោះបង់ចោល
ប្រជារាស្ត្ររបស់ព្រះអង្គឡើយ
ព្រះអង្គនឹងមិនបោះបង់មត៌ករបស់ព្រះអង្គ
ចោលជាដាច់ខាត
15ដ្បិតយុត្តិធម៌នឹងវិលមករកមនុស្សសុចរិតវិញ
ហើយអស់អ្នកដែលមានចិត្តទៀងត្រង់
នឹងប្រព្រឹត្តតាម។
16៙ តើអ្នកណាក្រោកឡើងជំនួសខ្ញុំ
ដើម្បីទាស់នឹងមនុស្សអាក្រក់?
តើអ្នកណាឈរឡើងជំនួសខ្ញុំ ដើម្បីនឹងអស់អ្នក
ដែលប្រព្រឹត្តអំពើទុច្ចរិត?
17ប្រសិនបើព្រះយេហូវ៉ាមិនបានជួយខ្ញុំទេ
ព្រលឹងខ្ញុំមុខជាបានទៅនៅ
ក្នុងស្ថានស្ងាត់ឈឹងភ្លាមមិនខាន។
18ឱព្រះយេហូវ៉ាអើយ កាលទូលបង្គំគិតថា
«ជើងទូលបង្គំរអិលហើយ»
នោះព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ
ជួយទ្រទូលបង្គំ។
19កាលទូលបង្គំមានកង្វល់ជាច្រើននៅក្នុងចិត្ត
នោះការកម្សាន្តចិត្តរបស់ព្រះអង្គ
ធ្វើឲ្យព្រលឹងទូលបង្គំបានរីករាយ។
20តើពួកមេនៃសេចក្ដីអាក្រក់
គឺអស់អ្នកដែលបង្កើតរឿងប្រទូសរ៉ាយ
ដោយអាងមាត្រាច្បាប់
អាចមានសម្ព័ន្ធមិត្តជាមួយព្រះអង្គបានឬ?
21គេលើកគ្នាទាស់នឹងជីវិតមនុស្សសុចរិត
ហើយគេកាត់ទោសប្រហារជីវិត
មនុស្សស្មោះត្រង់។
22ប៉ុន្តែ ព្រះយេហូវ៉ាជាទីពឹងមាំមួននៃទូលបង្គំ
ហើយព្រះនៃទូលបង្គំព្រះអង្គជាថ្មដា
និងជាជម្រកនៃទូលបង្គំ។
23ព្រះអង្គនឹងសងទៅគេវិញ
តាមអំពើទុច្ចរិតរបស់គេ
ហើយនឹងធ្វើឲ្យគេវិនាសសូន្យ
ដោយសារអំពើអាក្រក់របស់គេ
គឺព្រះយេហូវ៉ាជាព្រះនៃយើង
នឹងធ្វើឲ្យគេវិនាសសូន្យទៅ។
Currently Selected:
ទំនុកតម្កើង 94: គកស១៦
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies