YouVersion Logo
Search Icon

ទំនុកតម្កើង 59

59
ពាក្យ​អធិស្ឋាន​សូម​ការ​រំដោះឲ្យ​រួច​ពីខ្មាំង​សត្រូវ
ទំនុក​របស់​ស្តេច​ដាវីឌ តាម​បទ «សូម​កុំ​បំផ្លាញ» នៅ​គ្រា​ដែលស្តេច​សូល​ចាត់​គេ​ទៅ​ឃ្លាំ​មើល​ផ្ទះ​របស់ស្ដេច​ដាវីឌ ដើម្បី​ធ្វើ​គុត​ព្រះ‌អង្គ។ សម្រាប់​មេ​ភ្លេង។
1ឱ​ព្រះ​នៃ​ទូល‌បង្គំ​អើយ សូម​រំដោះទូល‌បង្គំ
ឲ្យ​រួច​ពី​ខ្មាំង​សត្រូវ​របស់​ទូល‌បង្គំ​ផង
សូម​ការពារ​ទូល‌បង្គំ​ឲ្យ​រួច​ពី​អស់​អ្នក
ដែល​លើក​គ្នា​ទាស់​នឹង​ទូល‌បង្គំ។
2សូម​រំដោះ​ទូល‌បង្គំ​ឲ្យ​រួច​ពី​អស់​អ្នក
ដែល​ប្រព្រឹត្ត​អាក្រក់
ហើយ​សង្គ្រោះ​ទូល‌បង្គំ​ឲ្យ​រួច​ពី​មនុស្ស
ដែល​កម្ចាយ​ឈាម។
3ដ្បិត​មើល៍ ឱ​ព្រះ‌យេហូវ៉ា​អើយ
គេពួន​ស្ទាក់ចាំ​ប្រហារ​ជីវិត​ទូល‌បង្គំ
ពួក​មនុស្ស​ខ្លាំង​ពូកែ​រក​រឿង​ទាស់​នឹង​ទូល‌បង្គំ
មិន​មែន​ដោយ​ព្រោះ​អំពើ​រំលង
ឬ​អំពើ​បាប​របស់​ទូល‌បង្គំ​ឡើយ
4ក៏​មិន​មែន​ដោយ​ព្រោះ​កំហុស​របស់​ទូល‌បង្គំ​ដែរ
គេ​រត់​មក ហើយ​ត្រៀម​ជាស្រេច​ហើយ។
សូម​ព្រះ‌អង្គ​តើន​ឡើង
សូម​យាង​មក​ជួយ​ទូល‌បង្គំ
ហើយ​ទត​មើល​ចុះ!
5ឱ​ព្រះ‌អង្គ ព្រះ‌យេហូវ៉ា
ជា​ព្រះ​នៃ​ពួក​ពល‌បរិវារ​អើយ
ទ្រង់​ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល
សូម​តើន​ឡើង ហើយ​ដាក់​ទោស
ជាតិ​សាសន៍​ទាំង​អស់​នោះ
សូម​កុំ​ប្រណី​អ្នក​ណា​ម្នាក់ ក្នុងចំណោម​អស់​អ្នក
ដែល​ក្បត់​ដ៏​ទុច្ចរិត​ទាំង​នោះ​ឡើយ។ –បង្អង់
6៙ គេ​ត្រឡប់​មក​វិញ​រាល់​ល្ងាច
ទាំង​លូ​ដូច​ជា​ឆ្កែ ហើយ​ដើរ​ក្រវែល​ជុំ​វិញ​ទី​ក្រុង។
7មើល៍ គេ​បើក​មាត់​ជេរ​ប្រមាថ
បបូរ​មាត់​របស់​គេប្រៀប​ដូច​ជា​ដាវ
ដ្បិត​គេគិត​ថា
«តើ​មាន​ព្រះ​ណា​នឹង​ស្ដាប់​យើង?»
8ប៉ុន្ដែ ឱ​ព្រះ‌យេហូវ៉ា​អើយ
ព្រះ‌អង្គ​សើច​ចំអក​ឲ្យ​គេ
ព្រះ‌អង្គ​ចំអក​ឲ្យជាតិ​សាសន៍​ទាំង​អស់​នោះ។
9ឱព្រះដ៏​ជា​កម្លាំង​នៃ​ទូល‌បង្គំ​អើយ
ទូល‌បង្គំ​សម្លឹង​មើល​ទៅ​ព្រះ‌អង្គ
ដ្បិត ឱ​ព្រះអើយ
ព្រះ‌អង្គ​ជាបន្ទាយរបស់​ទូល‌បង្គំ។
10៙ ព្រះ​របស់​ខ្ញុំ ព្រះ‌អង្គ​នឹង​យាង​មក​រក​ខ្ញុំ
ដោយ​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ
ព្រះ​នឹង​ឲ្យ​ខ្ញុំ​ឃើញ​ខ្មាំង​សត្រូវ​របស់​ខ្ញុំ​បរាជ័យ។
11៙ សូម​កុំ​សម្លាប់​គេ
ក្រែង​ប្រជា‌រាស្ត្រ​ទូល‌បង្គំ​ភ្លេច
ឱ​ព្រះ‌អម្ចាស់​ដ៏​ជា​ខែល​នៃ​យើង​ខ្ញុំ​អើយ
សូម​ធ្វើ​ឲ្យ​គេ​រញ្ជួយ​ដោយ​ព្រះ‌ចេស្តា​ព្រះ‌អង្គ
ហើយ​ច្រាន​ទម្លាក់​គេ​ទៅ!
12ដ្បិត​អំពើ​បាបដែល​ចេញ​ពី​មាត់​របស់​គេ
និង​ពាក្យ​ដែល​ចេញ​ពី​បបូរ​មាត់​របស់​គេ
សូម​ឲ្យ​គេ​ជាប់​អន្ទាក់
ដោយ​សារ​អំនួត​របស់​ខ្លួន។
ដ្បិតពាក្យ​ជេរ​ប្រទេច​ផ្ដាសា និង​ពាក្យ​ភូត​ភរ
ដែល​គេ​បញ្ចេញ​មក
13សូម​បំផ្លាញ​គេដោយ​សេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គ
សូម​បំផ្លាញ​គេឲ្យ​អស់ កុំ​ឲ្យ​មាន​ទៀត​ឡើយ
ដើម្បី​ឲ្យ​គេ​ដឹង​ថា
ព្រះ​គ្រប់‌គ្រង​លើ​ពួក​យ៉ាកុប
រហូត​ដល់​ចុង​បំផុត​នៃ​ផែនដី។ –បង្អង់
14៙ គេ​ត្រឡប់​មក​វិញ​រាល់​ល្ងាច
ទាំង​លូ​ដូច​ជា​ឆ្កែ
ហើយ​ដើរ​ក្រវែល​ជុំ​វិញ​ទី​ក្រុង។
15គេ​ដើរ​ចុះ​ឡើង​រក​អាហារ ហើយ​គេ​គ្រហឹម
ប្រសិន‌បើ​គេ​ស៊ីមិន​ឆ្អែត។
16ឯ​ទូល‌បង្គំ​វិញ ទូល‌បង្គំ​នឹង​ច្រៀង
ពី​ឫទ្ធានុ‌ភាព​របស់​ព្រះ‌អង្គ
ទូល‌បង្គំ​នឹង​ស្រែក​ច្រៀងពី
ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ
នៅ​ពេល​ព្រឹក
ដ្បិត​ព្រះ‌អង្គ​ជា​បន្ទាយ
និង​ជា​ជម្រក​ដល់​ទូល‌បង្គំ
នៅ​ថ្ងៃ​ដែល​ទូល‌បង្គំ​មាន​សេចក្ដី​វេទនា។
17ឱព្រះដ៏​ជា​កម្លាំង​នៃ​ទូល‌បង្គំ​អើយ
ទូល‌បង្គំ​នឹង​ច្រៀង​សរសើរ​ព្រះ‌អង្គ
ដ្បិត ឱព្រះ​អើយ
ព្រះ‌អង្គ​ជា​បន្ទាយរបស់​ទូល‌បង្គំ
ជា​ព្រះ​ដែល​សម្ដែង​ព្រះ‌ហឫ‌ទ័យ
សប្បុរស​ដល់​ទូល‌បង្គំ។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in