YouVersion Logo
Search Icon

ទំនុកតម្កើង 58

58
ពាក្យ​អធិស្ឋាន​សូម​ឲ្យ​ព្រះ​ជំនុំ​ជម្រះ
ទំនុក​របស់​ស្តេច​ដាវីឌ សម្រាប់​មេ​ភ្លេង។ តាម​បទ «សូម​កុំ​បំផ្លាញ»។
1អ្នក​រាល់​គ្នា​ជា​ព្រះ​អើយ
តើ​អ្នក​រាល់​គ្នា​ពិត​ជា​សម្រេច
សេចក្ដី​ដែល​ត្រឹម​ត្រូវ​ឬទេ?
តើ​អ្នក​រាល់​គ្នា​កាត់​ក្ដី​ឲ្យ​ពួក​កូន​មនុស្ស
ដោយ​ទៀត​ត្រង់ឬទេ?
2ទេ! ក្នុង​ចិត្ត​អ្នក​រាល់​គ្នា​បង្កើត​រឿង​អយុត្តិធម៌
ដៃ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​អំពើ​ឃោរ‌ឃៅ
នៅ​លើ​ផែន​ដី។
3មនុស្ស​អាក្រក់​វ​ង្វេង​តាំង​ពី​ក្នុង​ផ្ទៃ​ម្តាយ
គេ​វង្វេង​តាំង​ពី​កំណើត
ហើយ​ពោល​ពាក្យ​ភូត​ភរ។
4គេមាន​ពិស ដូច​ជា​ពិស​ពស់វែក
ដូច​ជា​ពស់​វែក​តម្លង់​ដែល​ខ្ទប់​ត្រចៀក
5ដើម្បី​កុំ​ឲ្យ​សំឡេង​របស់​គ្រូ​អាយ‌លម្ពាយ
ទោះ​បើ​គ្រូ​នោះប៉ិន​ប្រសប់​យ៉ាង​ណា​ក៏​ដោយ។
6ឱ​ព្រះ​អើយ សូម​បំបាក់​ធ្មេញ​នៅ​ក្នុង​មាត់​គេ
ឱ​ព្រះ‌យេហូវ៉ា​អើយ
សូម​កាច់​ចង្កូម​ពួក​សិង្ហ​ស្ទាវ​ទាំង​នោះ​ទៅ!
7សូម​ឲ្យ​គេ​រលាយ​ដូច​ជា​ទឹក​ហូរ​ទៅ​បាត់
កាល​ណា​គេ​តម្រង់​ព្រួញរបស់​គេ
សូម​ឲ្យ​ព្រួញ​ទាំង​នោះ​បាក់បែក​ទៅ។
8សូម​ឲ្យ​គេ​បាន​ដូច​ជា​ខ្យង​ក្ដក់
ដែល​រលាយ​ទៅ​ជា​ភក់
ដូច​ជា​កូន​រលូត​ដែល​មិន​ឃើញ​ពន្លឺ​ថ្ងៃ។
9មុន​នឹង​ភ្លើង​បន្លា​ឆេះ​ក្ដៅ​ដល់​ឆ្នាំង
សូម​ព្រះ‌អង្គ​ផាត់​យក​គេ
ទាំងក្មេង​ទាំង​ចាស់ចេញ​ទៅ!
10មនុស្ស​សុចរិត​នឹង​ត្រេក​អរ
ដោយ​ឃើញ​សេចក្ដី​សង‌សឹក
គេ​នឹង​លាង​ជើង​ក្នុង​ឈាម​របស់​មនុស្ស​អាក្រក់។
11មនុស្ស​នឹង​ពោល​ថា ប្រាកដ​ជា​មាន​រង្វាន់
សម្រាប់​មនុស្ស​សុចរិត​មែន
ប្រាកដ​ជា​មាន​ព្រះ​មួយព្រះ‌អង្គ
ដែល​ជំនុំ​ជម្រះ​នៅ​លើ​ផែនដី​មែន។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in