YouVersion Logo
Search Icon

ទំនុកតម្កើង 101

101
ពាក្យ​សន្យា​របស់​ព្រះ‌រាជា
ទំនុក​របស់​ព្រះបាទ​ដាវីឌ។
1ទូល‌បង្គំ​នឹង​ច្រៀង​អំពី​ព្រះ‌ហឫ‌ទ័យ​សប្បុរស
និង​យុត្តិ‌ធម៌
ឱ​ព្រះ‌យេហូវ៉ា​អើយ
ទូល‌បង្គំ​នឹង​ច្រៀង​សរសើរ​ព្រះ‌អង្គ។
2ទូល‌បង្គំ​នឹង​ប្រព្រឹត្ត​តាម​ផ្លូវ​ទៀង​ត្រង់។
ឱ តើ​ពេល​ណា​ទើប​ព្រះ‌អង្គ​យាង​មក​រក​ទូល‌បង្គំ?
ទូល‌បង្គំ​នឹង​ប្រព្រឹត្ត​ដោយ​ចិត្ត​ទៀង​ត្រង់
នៅ​ក្នុង​ផ្ទះ​ទូល‌បង្គំ
3ទូល‌បង្គំ​នឹង​មិន​តាំង​អ្វីមួយ​ដែលឥត​ប្រយោជន៍
នៅ​ចំពោះ​ភ្នែក​ទូល‌បង្គំ​ឡើយ។
ទូល‌បង្គំ​ស្អប់​កិច្ច‌ការ​របស់​អស់​អ្នក
ដែល​ងាក​ចេញពី​ព្រះ
កិរិយា​បែប​នេះ​នឹង​មិន​ជាប់
នៅ​ក្នុង​ខ្លួន​ទូល‌បង្គំ​ឡើយ។
4ចិត្ត​វៀច​វេរ​នឹងនៅ​ឆ្ងាយ​ពី​ទូល‌បង្គំ
ទូល‌បង្គំ​នឹង​មិន​ស្គាល់​សេចក្ដី​អាក្រក់​ទេ។
5៙ អ្នក​ណា​ដែល​មួល​បង្កាច់
អ្នក​ជិត​ខាង​ខ្លួន​ដោយ​សម្ងាត់
ទូល‌បង្គំ​នឹង​បំផ្លាញ​ចេញ។
ហើយ​អ្នក​ណា​ដែល​មាន​ឫក​ខ្ពស់
និង​ចិត្ត​ឆ្មើង‌ឆ្មៃ
ទូល‌បង្គំ​នឹង​ទ្រាំ​មិន​បាន​ឡើយ។
6៙ ទូល‌បង្គំនឹង​មើល​ទៅ​មនុស្ស​ស្មោះ‌ត្រង់
នៅ​ក្នុង​ស្រុក ដោយ​សន្ដោស
ដើម្បី​ឲ្យ​គេ​បានរស់​នៅ​ជា​មួយ​ទូល‌បង្គំ
អ្នក​ណា​ដែល​ប្រព្រឹត្ត​តាម​ផ្លូវ​ទៀង​ត្រង់
អ្នក​នោះ​នឹង​បម្រើ​ទូល‌បង្គំ។
7៙ អ្នក​ណា​ដែល​ប្រព្រឹត្ត​ដោយ​អំពើ​បោក​បញ្ឆោត
អ្នក​នោះ​មិន​អាច​នៅ​ក្នុង​ផ្ទះ​ទូល‌បង្គំ​បាន​ឡើយ
អ្នក​ណា​ដែលនិយាយ​កុហក
ក៏​មិន​អាច​ធន់​នៅ​មុខ​ទូល‌បង្គំ​បាន​ដែរ។
8៙ រាល់​ព្រឹក ទូល‌បង្គំ​នឹង​បំផ្លាញ
មនុស្ស​អាក្រក់​ទាំងប៉ុន្មាននៅ​ក្នុង​ស្រុក
ដោយ​កាត់​មនុស្ស​ដែល​ប្រព្រឹត្ត
អំពើ​ទុច្ចរិត​ទាំង​អស់
ចេញ​ពី​ទី​ក្រុង​របស់​ព្រះ‌យេហូវ៉ា។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in