YouVersion Logo
Search Icon

សុភា‌សិត 23

23
1កាល​ណា​អ្នក​អង្គុយ​បរិ‌ភោគ​ភោជ‌នាហារ
ជា‌មួយ​អ្នក​គ្រប់‌គ្រង
ត្រូវ​ពិចា‌រណាអ្វីៗ ដែល​នៅ​ខាង​មុខ​អ្នក​ចុះ
2បើ​ឯង​ជា​មនុស្ស​ល្មោភ​ខ្លាំង
ចូរ​ផ្ទាប់​កាំបិត​នៅ​បំពង់​ក​ឯង​ទៅ។
3កុំ​លោភ​ចង់​បាន​ឱជា‌រស
របស់​អ្នក​គ្រប់គ្រង​ឡើយ
ដ្បិត​ជា​របស់​បញ្ឆោត​ទេ។
4កុំ​នឿយ​ហត់​ដល់​ខ្លួន
ដើម្បី​ឲ្យ​បាន​ជា​អ្នក​មាន​ឡើយ
ក៏​កុំ​ប្រើ​ប្រាជ្ញា​ឲ្យ​បាន​មាន​ឡើង​ដែរ។
5ពេល​ភ្នែក​របស់​អ្នក​សម្លឹង​មើល​វា
វា​នឹង​បាត់​ទៅ
ដ្បិត​ទ្រព្យ​សម្បត្តិ​តែង​តែ​ដុះ​ស្លាប
ក៏​នឹង​ហើរ​ទៅ​លើ​មេឃ​ដូច​ជា​ឥន្ទ្រី។
6កុំ​បរិ‌ភោគ​ភោជ‌នាហារ​របស់​មនុស្ស
ដែល​មាន​ភ្នែក​អាក្រក់​ឡើយ
ក៏​កុំ​ប្រាថ្នា​ចង់​បាន​អាហារ​មាន​ឱជា‌រស​របស់​គេ​ដែរ
7ដ្បិត​គេ​គិត​ក្នុង​ចិត្ត​យ៉ាង​ណា គេ​ក៏​យ៉ាង​នោះ​ដែរ
គេ​អញ្ជើញ​អ្នក​ថា «អញ្ជើញ​ពិសា​ចុះ!»
តែ​ចិត្ត​គេ​មិន​នៅ​ជា‌មួយ​អ្នក​ទេ។
8អាហារ​ដែល​អ្នក​បាន​បរិ‌ភោគ​ចូល​ទៅ
នោះ​នឹង​ក្អួត​មក​វិញ
ហើយ​នឹង​បាត់​ពាក្យ​សម្ដី​ផ្អែម‌ល្ហែម​របស់​អ្នក​ទៅ។
9កុំ​និយាយ​ឲ្យ​មនុស្ស​ល្ងី‌ល្ងើ​ស្តាប់​ឡើយ
ដ្បិត​វា​នឹង​មើល​ងាយ​ចំពោះ​ប្រាជ្ញា
នៃ​ពាក្យ​សម្ដី​អ្នក។
10កុំ​បន្ថយ​គោល​ចារឹក​ពី​បុរាណ​ឡើយ
ក៏​កុំ​បង្ខិត​ចូល​ទៅ​ក្នុង​ដី​របស់​កូន​កំព្រា​ដែរ។
11ដ្បិត​អ្នក​ដែល​លោះ​គេ នោះ​មាន​កម្លាំង​ខ្លាំង
ក៏​នឹង​កាន់​ក្តី​គេ​ទាស់​នឹង​អ្នក​ដែរ។
12ចូរ​ផ្ចង់​ចិត្ត​ចំពោះ​សេចក្ដី​ប្រៀន‌ប្រដៅ
ហើយ​ផ្ទៀង​ត្រចៀក​ចំពោះ​ពាក្យ
ដែល​ប្រកប​ដោយ​តម្រិះ​ចុះ។
13កុំ​ខាន​នឹង​វាយ​ប្រដៅ​កូន​ឡើយ
ដ្បិត​បើ​វាយ​នឹង​រំពាត់ គង់​តែ​មិន​ស្លាប់​ដែរ។
14គឺ​អ្នក​គ្រាន់​តែ​វាយ​ដោយ​រំពាត់​ប៉ុណ្ណោះ
អ្នក​នឹង​ជួយ​ព្រលឹង​វា​ឲ្យ​រួច
ពី​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់។
15កូន​អើយ បើ​ចិត្ត​ឯង​ប្រកប​ដោយ​ប្រាជ្ញា
ចិត្ត​យើង​នឹង​មាន​អំណរ។
16អើ​ចិត្ត​ថ្លើម​យើង​នឹង​រីក‌រាយ
ក្នុង​កាល​ដែល​បបូរ​មាត់​ឯង
ពោល​សេចក្ដី​ដែល​ត្រឹម​ត្រូវ។
17កុំ​បើក​ឲ្យ​ចិត្ត​ច្រណែន
នឹង​មនុស្ស​មាន​បាប​ឡើយ
ចូរ​ឲ្យ​ឯង​ប្រកប​ដោយ​សេចក្ដី​កោត​ខ្លាច
ដល់​ព្រះ‌យេហូវ៉ា​ជា​ដរាប​រាល់​ថ្ងៃ។
18ដូច្នេះ នៅ​ពេល​អនាគត
សេចក្ដី​សង្ឃឹម នឹង​មិន​ខាត​បង់​ឡើយ។
19កូន​អើយ ចូរ​ប្រុង​ស្តាប់ ហើយ​មាន​ប្រាជ្ញា​ចុះ
ត្រូវ​តម្រង់​ចិត្ត​ទៅ​តាម​ផ្លូវ។
20កុំ​នៅ​កណ្ដាល​ពួក​អ្នក​ប្រមឹក​ស្រា
ឬ​ក្នុង​ពួក​ល្មោភ​ស៊ី​ឡើយ
21ដ្បិត​មនុស្ស​ប្រមឹក
និង​មនុស្ស​ល្មោភ​នឹង​ទៅ​ជា​ក្រ
ហើយ​សេចក្ដី​ងុយ‌ងោក
នឹង​នាំ​ឲ្យ​ស្លៀក‌ពាក់​កណ្តាច។
22ចូរ​ស្តាប់​តាម​ឪពុក​ដែល​បង្កើត​ឯង​មក
ហើយ​កុំ​ឲ្យ​មើល​ងាយ​ម្តាយ
ក្នុង​កាល​ដែល​គាត់​ចាស់​ឡើយ។
23ចូរ​ទិញ​សេចក្ដី​ពិត​ចុះ កុំ​ឲ្យ​លក់​ចេញ​ឡើយ
ចូរ​ទិញ​ប្រាជ្ញា ដំបូន្មាន
និង​យោបល់​ផង។
24ឪពុក​របស់​មនុស្ស​សុចរិត
នឹង​មាន​ចិត្ត​រីក‌រាយ​យ៉ាង​ខ្លាំង
ហើយ​អ្នក​ណា​ដែល​បង្កើត​កូន​មាន​ប្រាជ្ញា
នោះ​នឹង​មាន​អំណរ​ដោយ‌សារ​កូន​នោះ។
25ដូច្នេះ ចូរ​បើក​ឱកាស​ឲ្យ​ឪពុក​ម្តាយ​ឯង
បាន​រីក‌រាយ​ចុះ ហើយ​ឲ្យ​អ្នក​ដែល​សម្រាល​ឯង
មក​នោះ​មាន​ចិត្ត​សប្បាយ​ផង។
26កូន​អើយ ចូរ​ប្រគល់​ចិត្ត​កូន​មកឪពុក​ចុះ
ហើយ​ឲ្យ​ភ្នែក​កូន​តាម​មើល
អស់​ទាំង​ផ្លូវ​របស់ឪពុក​ដែរ។
27ដ្បិត​ស្រី​ពេស្យា​ប្រៀប​ដូច​ជា​រណ្តៅ​យ៉ាង​ជ្រៅ
ហើយ​ស្រី​ដទៃ​ប្រៀប​ដូច​ជា​អណ្ដូង​ដ៏​ចង្អៀត។
28នាង​លប​ចាំ​ដូច​ជា​ចោរ
ហើយ​ក៏​ចម្រើន​អ្នក​ក្បត់
នៅ​ក្នុង​ពួក​មនុស្ស​លោក។
29តើ​អ្នក​ណា​ពិបាក​ចិត្ត?
តើ​អ្នក​ណា​កើត​ទុក្ខ​ព្រួយ?
តើ​អ្នក​ណា​ទាស់​ទែង​គ្នា? តើ​អ្នក​ណា​ត្អូញ‌ត្អែរ?
តើ​អ្នក​ណា​ត្រូវ​របួស​ឥត​ហេតុ?
តើ​អ្នក​ណា​មាន​ភ្នែក​ក្រហម?
30ជា​ពួក​អ្នក​ដែល​អង្គុយ​ផឹក​ស្រា​យ៉ាង​យូរ
ជា​ពួក​អ្នក​ដែល​ស្វែង​រក​ស្រា​យ៉ាង​ខ្លាំង។
31កុំ​មើល​ស្រា​ទំពាំង‌បាយ‌ជូរ
ក្នុង​កាល​ដែល​មាន​ពណ៌​ក្រហម
គឺ​ក្នុង​កាល​ដែល​ព្រួច​ពពុះ​នៅ​ក្នុង​កែវ
ហើយ​ហូរ​ចុះ​ទៅ​ដោយ​ស្រួល​នោះ​ឡើយ។
32ដ្បិត​ដល់​ចុង​បំផុត​នឹង​ចឹក​ដូច​ជា​ពស់
ហើយ​អុច​ដូច​ជា​ពស់​ហនុ‌មាន។
33ភ្នែក​ឯង​នឹង​ឃើញ​ស្រី​ដទៃ
ហើយ​ចិត្ត​ឯង​នឹង​ពោល​ពាក្យ​ខូច​អាក្រក់​ដែរ។
34អ្នក​នឹង​បាន​ដូច​ជា​មនុស្ស
ដែល​ដេក​នៅ​កណ្ដាល​សមុទ្រ
ឬ​ដូច​ជា​មនុស្ស​ដែល​ដេក​នៅ​លើ​ចុង​ដង​ក្តោង។
35អ្នក​នឹង​ពោល​ថា
«គេ​បាន​វាយ​ខ្ញុំ តែ​ខ្ញុំ​មិន​ឈឺ
គេ​បាន​សំពង​ខ្ញុំ តែ​ខ្ញុំ​មិន​ដឹង​ខ្លួន
តើ​ពេលណា​ទើប​ខ្ញុំ​ដឹង​ខ្លួន?
ខ្ញុំ​នឹង​ទៅ​រក​ផឹក​ទៀត»។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

Videos for សុភា‌សិត 23