YouVersion Logo
Search Icon

សុភា‌សិត 22

22
1កេរ្តិ៍​ឈ្មោះ​ល្អ គួរ​រើស​យក
ជា​ជាង​ទ្រព្យ​សម្បត្តិ​យ៉ាង​ច្រើន
ហើយ​ចិត្ត​ដែល​ប្រកប​ដោយ​គុណ
វិសេស​ជាង​ប្រាក់ និង​មាស​ផង។
2ពួក​អ្នក​មាន និង​ពួក​អ្នក​ក្រ​តែង​តែ​ប្រទះ​គ្នា
គឺ​ព្រះ‌យេហូវ៉ា​ដែល​បង្កើត​គេ​គ្រប់​គ្នា។
3មនុស្ស​ដែល​មាន​គំនិត​ឆ្លៀវ‌ឆ្លាត
គេ​ឃើញ​សេចក្ដី​អាក្រក់​មកក៏​រត់​ពួន
តែ​មនុស្ស​ខ្លៅ​ល្ងង់​គេ​ចេះ​តែ​ដើរ​ទៅ
ហើយ​ត្រូវ​មាន​ទុក្ខ។
4ផល​នៃ​សេចក្ដី​សុភាព
និង​សេចក្ដី​កោត​ខ្លាច​ដល់​ព្រះ‌យេហូវ៉ា
គឺ​ជា​ទ្រព្យ​សម្បត្តិ កិត្តិ‌សព្ទ និង​ជីវិត។
5នៅ​ក្នុង​ផ្លូវ​របស់​មនុស្ស​វៀច
មាន​សុទ្ធ​តែ​បន្លា និង​អន្ទាក់
អ្នក​ដែល​រក្សា​ព្រលឹង​ខ្លួន
នឹង​ចៀស​ចេញ​ឆ្ងាយ​ពី​នោះ។
6ចូរ​បង្ហាត់​កូន​ក្មេង
ឲ្យ​ប្រព្រឹត្ត​តាម​ផ្លូវ​ដែល​គួរ​ប្រព្រឹត្ត
នោះ​វា​នឹង​មិន​លះ‌បង់​ពី​ផ្លូវ​នោះ​ដរាប​ដល់​ចាស់។
7អ្នក​មាន​តែង​គ្រប់‌គ្រង​លើ​ពួក​អ្នក​ក្រ
ហើយ​អ្នក​ណា​ដែល​ខ្ចី​គេ
ជា​បាវ​បម្រើ​ដល់​អ្នក​ដែល​ឲ្យ​ខ្ចី​នោះ។
8អ្នក​ណា​ដែល​សាប‌ព្រោះ​អំពើ​ទុច្ចរិត
នោះ​នឹង​ច្រូត​បាន​សេចក្ដី​ទុក្ខ‌ព្រួយ
ហើយ​ដំបង​នៃ​សេចក្ដី​កំហឹង​របស់​អ្នក​នោះ
នឹង​សាប​សូន្យ​ទៅ។
9អ្នក​ណា​ដែល​មើល​គេ​ដោយ​ចិត្ត​ល្អ នឹង​បាន​ពរ
ដ្បិត​អ្នក​នោះ​រមែង​ចែក​អាហារ​ខ្លួន
ដល់​មនុស្ស​ទាល់​ក្រ។
10ចូរ​បណ្តេញ​មនុស្ស​ដែល​ចំអក​មើល​ងាយ​ចេញ
នឹង​លែង​មាន​សេចក្ដី​ទាស់‌ទែង​គ្នា
ហើយ​ការ​ឈ្លោះ​ប្រកែក
និង​ការ​ត្មះ‌តិះ​ដៀល​ក៏​ស្ងប់​ទៅ​ដែរ។
11អ្នក​ណា​ដែល​ស្រឡាញ់​សេចក្ដី​បរិសុទ្ធ
ហើយ​មាន​បបូរ​មាត់​ប្រកប​ដោយ​គុណ​ដ៏​ល្អ
ស្តេច​នឹង​សូម​អ្នក​នោះ​ធ្វើ​ជា​មិត្ត​សម្លាញ់។
12ព្រះ‌នេត្រ​របស់​ព្រះ‌យេហូវ៉ា​រក្សា​ទុក​នូវ​តម្រិះ
តែ​ព្រះ‌អង្គ​បំផ្លាញ​ពាក្យ​សម្ដី​របស់​មនុស្ស​ក្បត់​វិញ។
13មនុស្ស​ខ្ជិល​ច្រអូស​ពោល​ថា
«មាន​សិង្ហ​មួយ​នៅ​ខាង​ក្រៅ​ហើយ
បើ​ខ្ញុំ​ចេញ​ទៅ វា​នឹង​សម្លាប់​ខ្ញុំ​នៅ​កណ្ដាល​ផ្លូវ»។
14មាត់​របស់​ស្រី​អាវ៉ាសែ ជា​រណ្តៅ​យ៉ាង​ជ្រៅ
អ្នក​ណា​ដែល​ជា​ទី​ស្អប់​ខ្ពើម​ចំពោះ​ព្រះ‌យេហូវ៉ា
នឹង​ធ្លាក់​ទៅ​ក្នុង​រណ្តៅ​នោះ។
15សេចក្ដី​ចម្កួតរមែង​នៅ​ជាប់​ក្នុង​ចិត្ត​របស់​កូន​ក្មេង
ប៉ុន្តែ រំពាត់​វាយ‌ផ្ចាល​នឹង​បណ្តេញ​សេចក្ដី​នោះ
ឲ្យ​បាត់​ចេញ​បាន។
16អ្នក​ដែល​សង្កត់‌សង្កិន​មនុស្ស​ទាល់​ក្រ
ដើម្បី​ចម្រើន​ទ្រព្យ​សម្បត្តិ​ខ្លួន​ឡើង
ហើយ​អ្នក​ណា​ដែល​ជូន​ជំនូន​ដល់​អ្នក​មាន
នោះ​នឹង​ត្រឡប់​ជា​ខ្វះ​ខាត​វិញ។
ដំបូ‌ន្មាន​របស់​អ្នក​ប្រាជ្ញ
17ពាក្យ​សម្ដី​របស់​មនុស្ស​ដែល​មាន​ប្រាជ្ញា
ចូរ​ផ្ទៀង​ត្រចៀក​ស្តាប់​ពាក្យ
ហើយ​ផ្ចង់​ចិត្ត​ចំពោះ​តម្រិះ​របស់​ខ្ញុំ​ចុះ
18ដ្បិត​បើ​ឯង​រក្សា​ទុក​សេចក្ដី​នោះ​នៅ​ក្នុង​ខ្លួន
នោះ​សប្បាយ​ហើយ
គឺ​បើ​សេចក្ដី​នោះ​ស្ថិត​នៅ​ជាប់​នឹង​បបូរ​មាត់​ឯង។
19យើង​បាន​សម្ដែង​ឲ្យ​ឯង​ដឹង​សេចក្ដី​នោះ
នៅ​ថ្ងៃ​នេះ​ហើយ
ដើម្បី​ឲ្យ​ឯង​បាន​ទុក​ចិត្ត​ដល់​ព្រះ‌យេហូវ៉ា។
20យើង​បាន​កំណត់​ទុក​សេចក្ដី
ដ៏​វិសេស​សម្រាប់​ឯង
គឺ​ជា​សេចក្ដី​ទូន្មាន និង​តម្រិះ
21ប្រ‌យោជន៍​ឲ្យ​ឯង​បាន​ដឹង​ថា
ពាក្យ​ដ៏​ពិត​ទាំង​ប៉ុន្មាន​គួរ​ទុក​ជា​ប្រាកដ
ដើម្បី​ឲ្យ​ឯង​បាន​នាំ​ពាក្យ​ដ៏​ពិត​នោះ
ត្រឡប់​ទៅ​ជូន​ពួក​អ្នក​ដែល​ចាត់​ឯង​មក។
22កុំ​ឲ្យ​កេង​យក​របស់​មនុស្ស​ក្រ
ដោយ​ព្រោះ​តែ​គេ​ក្រ​ឡើយ
ក៏​កុំ​សង្កត់‌សង្កិន​មនុស្ស​វេទនា​នៅ​ត្រង់​ទ្វារ​ក្រុង​ដែរ
23ដ្បិត​ព្រះ‌យេហូវ៉ា​នឹង​ជួយ​កាន់​ក្តី​ជំនួស​អ្នក​នោះ
ហើយ​ព្រះ‌អង្គ​នឹង​រឹប​យក​ជីវិត​ពួក​អ្នក
ដែល​រឹប​យក​របស់​គេ​ដែរ។
24កុំ​ចង​ជា​មិត្តនឹង​មនុស្ស​ណា
ដែល​អាសា​ខឹង​ឡើយ
ក៏​កុំ​ឲ្យ​ភប់‌ប្រសព្វ​នឹង​មនុស្ស​មួម៉ៅ​ដែរ
25ក្រែង​ឯង​ទម្លាប់​តាម​អំពើ​របស់​គេ
ហើយ​គេ​ត្រឡប់​ជា​អន្ទាក់​ដល់​ព្រលឹង​ឯង។
26ឯង​កុំ​ចូល​ក្នុង​ពួក​អ្នក​ដែល​ចាប់​ដៃ​គ្នា
ឬ​ជា‌មួយ​មនុស្ស​ដែល​ធានា​បំណុល​ឲ្យ​គេ​ឡើយ។
27បើ​ឯង​គ្មាន​អ្វី​នឹង​សង​គេ
នោះ​ចង់​ឲ្យ​គេ​មក​កន្ត្រាក់​យក​គ្រែ
ពី​ក្រោម​ឯង​ទៅ​ធ្វើ​អី។
28កុំ​បន្ថយ​គោល​ចារឹក
ដែល​បុព្វ‌បុរស​ឯង​បោះ​ទុក​ពី​បុរាណ​ឡើយ។
29ឯង​ដែល​ឃើញ​មនុស្ស​ខ្នះ‌ខ្នែង
ក្នុង​ការ​រក​ស៊ី​របស់​ខ្លួន​ឬ?
អ្នក​នោះ​នឹង​បាន​ឈរ​នៅ​ចំពោះ​ស្តេច
គេ​មិន​ត្រូវ​ឈរ​នៅ​ចំពោះ​មនុស្ស
ដែល​ឥត​បណ្ដា​សក្តិ​ឡើយ។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in