YouVersion Logo
Search Icon

សុភា‌សិត 21

21
1ព្រះ‌ហឫ‌ទ័យ​របស់​ស្តេច
នៅ​ក្នុង​ព្រះ‌ហស្ត​ព្រះ‌យេហូវ៉ា
ដូច​ជា​ផ្លូវ​ទឹក​ហូរ​ទាំង‌ឡាយ
ព្រះ‌អង្គ​ឲ្យ​បែរ​ហូរ​ទៅ​ខាង​ណា
ក៏​តាម​តែ​ព្រះ‌ហឫ‌ទ័យ។
2គ្រប់​ទាំង​ផ្លូវ​របស់​មនុស្ស
សុទ្ធ​តែ​ត្រឹម​ត្រូវ​នៅ​ភ្នែក​ខ្លួន
តែ​ព្រះ‌យេហូវ៉ា​ថ្លឹង​ចិត្ត។
3ការ​ដែល​ប្រព្រឹត្ត​តាម​សេចក្ដី​សុចរិត
និង​សេចក្ដី​យុត្តិ‌ធម៌
នោះ​ជា​ទី​គាប់​ព្រះ‌ហឫ‌ទ័យ​ដល់​ព្រះ‌យេហូវ៉ា
ជា​ជាង​យញ្ញ‌បូជា​ទៅ​ទៀត។
4ឫក​ខ្ពស់ និង​ចិត្ត​អំនួត
គឺ​ជា​ចង្កៀង​ជា​របស់​មនុស្ស​អាក្រក់
នោះ​ហៅ​ថា​ជា​អំពើ​បាប​ទាំង​អស់។
5គំនិត​របស់​មនុស្ស​ឧស្សាហ៍
នាំ​ឲ្យ​បាន​បរិបូរ​ឡើង​តែ​ម៉្យាង
តែ​អស់​អ្នក​ណា​ដែល​មាន​ចិត្ត​រលះ‌រលាំង
នោះ​នឹង​បាន​តែ​សេចក្ដី​ខ្វះ​ខាត​វិញ។
6ការ​ដែល​ប្រមូល​ទ្រព្យ​សម្បត្តិ
ដោយ‌សារ​អណ្ដាត​ភូត​ភរ
នោះ​ជា​ចំហាយ​ទឹក​ដែល​ផាត់​ទៅ​មក
និង​ជា​អន្ទាក់​នៃ​សេចក្ដី​ស្លាប់។
7សេចក្ដី​ច្រឡោត​របស់​មនុស្ស​អាក្រក់
នឹង​បោស​ខ្លួន​គេ​ចេញ​ទៅ
ដោយ​ព្រោះ​គេ​មិន​ព្រម​ប្រព្រឹត្ត
តាម​សេចក្ដី​យុត្តិ‌ធម៌​សោះ។
8ផ្លូវ​របស់​មនុស្ស​ណាដែល​ផ្ទុក​ដោយ
ទោស​ច្រើន នោះ​ជា​ផ្លូវ​វៀច​ណាស់
តែ​ចំណែក​មនុស្ស​សុចរិត​វិញ
ការ​ដែល​គេ​ប្រព្រឹត្ត​សុទ្ធ​តែ​ទៀង​ត្រង់។
9ស៊ូ​នៅ​ក្នុង​ទី​កៀន​មួយ​នៅ​លើ​ដំបូល​ផ្ទះ
ជា​ជាង​នៅ​ក្នុង​ផ្ទះ​ធំ​ទូលាយ​ជា‌មួយ​ស្ត្រី
ដែល​ចេះ​តែ​រក​រឿង​វិញ។
10ព្រលឹង​របស់​មនុស្ស​អាក្រក់​ប្រាថ្នា​តែ​ការ​អាក្រក់
ទោះ​ទាំង​អ្នក​ជិត​ខាង​ក៏​មិន​ប្រកប​ដោយ
គុណ​អ្នក​នោះ​ដែរ។
11កាល​មនុស្ស​ចំអក​មើល​ងាយ​ត្រូវ​ទោស​ហើយ
នោះ​មនុស្ស​ខ្លៅ​ល្ងង់​ក៏​មាន​ប្រាជ្ញា​ឡើង។
កាល​ណា​មនុស្ស​មាន​ប្រាជ្ញា​បាន​ទទួល
សេចក្ដី​ប្រៀន‌ប្រដៅ
នោះ​គេ​កាន់​តែ​មាន​ចំណេះ​ថែម​ទៀត។
12មនុស្ស​សុចរិត​រមែង​ពិចា‌រណា​មើល
វង្ស​របស់​មនុស្ស​អាក្រក់
ឃើញ​ថា គេ​ត្រូវ​រំលំ​ឲ្យ​វិនាស​បាត់​ទៅ។
13អ្នក​ណា​ដែល​ចុក​ត្រចៀក​មិន​ស្តាប់
ពាក្យ​អំពាវ‌នាវ​របស់​មនុស្ស​ទាល់​ក្រ
អ្នក​នោះ​ឯង​នឹង​ត្រូវ​អំពាវ‌នាវ​ដែរ
តែ​មិន​មាន​អ្នក​ណា​ស្តាប់​ឡើយ។
14អំណោយ​ដែល​ឲ្យ​ដោយ​ស្ងាត់​កំបាំង
នោះ​រមែង​រម្ងាប់​សេចក្ដី​កំហឹង
ហើយ​ជំនូន​ដែល​ជូន​ដោយ​លួច​លាក់
ក៏​បំបាត់​សេចក្ដី​ឃោរ‌ឃៅ​ដែរ។
15ការ​ដែល​ប្រព្រឹត្ត​ដោយ​យុត្តិ‌ធម៌
នោះ​ជា​អំណរ​ដល់​មនុស្ស​សុចរិត
តែ​នោះ​ជា​សេចក្ដី​វិនាស​ដល់​មនុស្ស
ដែល​ប្រព្រឹត្ត​ទុច្ចរិត​វិញ។
16មនុស្ស​ណា​ដែល​វង្វេង​ចេញ​ពី​ផ្លូវ​នៃ​ប្រាជ្ញា
នោះ​នឹង​សម្រាក​នៅ​ក្នុង​ចំណោម
មនុស្ស​ស្លាប់​ហើយ។
17ឯ​អ្នក​ណា​ដែល​ចូល​ចិត្ត​តែ​ការ​លេង​សប្បាយ
នោះ​នឹង​ត្រូវ​ទៅ​ជា​មនុស្ស​ទាល់​ក្រ
អ្នក​ណា​ដែល​ចូល​ចិត្ត​តែ​ស្រា និង​ប្រេង
នោះ​មិន​ដែល​ទៅ​ជា​អ្នក​មាន​ទេ។
18មនុស្ស​អាក្រក់​គេ​សម្រាប់​ជា​ថ្លៃ
លោះ​មនុស្ស​សុចរិត
ហើយ​មនុស្ស​ក្បត់​ក៏​ជំនួស​មនុស្ស​ទៀង​ត្រង់​ដែរ។
19ស៊ូ​អា‌ស្រ័យ​នៅ​ក្នុង​ទី​សូន្យ​ស្ងាត់
ជា​ជាង​នៅ​ជា‌មួយ​ស្ត្រី​ដែល​ចេះ​តែ​រក​រឿង
ហើយ​អុច‌អាល​វិញ។
20មាន​ទ្រព្យ​វិសេស និង​ប្រេង
នៅ​ក្នុង​ទី​លំ​នៅ​របស់​មនុស្ស​មាន​ប្រាជ្ញា
តែ​មនុស្ស​ល្ងី‌ល្ងើ​រមែង​លេប​បង្ហិន​ទាំង​អស់។
21អ្នក​ណា​ដែល​ដេញ​តាម​សេចក្ដី​សុចរិត
និង​សេចក្ដី​សប្បុ‌រស
អ្នក​នោះ​នឹង​រក​បាន​ជីវិត សេចក្ដី​សុចរិត
និង​កិត្តិ‌យស។
22ឯ​មនុស្ស​មាន​ប្រាជ្ញា
គេ​ឡើង​ចូល​ក្នុង​ទី​ក្រុង​របស់​មនុស្ស​ខ្លាំង​ពូកែ
នាំ​ឲ្យ​កម្លាំង​ដែល​គេ​ពឹង‌ពាក់​ធ្លាក់​ចុះ​វិញ។
23អ្នក​ណា​ដែល​រក្សា​មាត់ និង​អណ្ដាត​ខ្លួន
ក៏​រក្សា​ព្រលឹង​ខ្លួន​ឲ្យ​រួច​ពី​ទុក្ខ​ព្រួយ​ដែរ។
24ឯ​មនុស្ស​អំនួត ហើយ​ឆ្មើង‌ឆ្មៃ
មាន​ឈ្មោះ​ជា​អ្នក​ចំអក
គេ​តែង​តែ​ប្រព្រឹត្ត​ដោយ​សេចក្ដី​ប្រមាថ​មើល​ងាយ
និង​សេចក្ដី​អំនួត​ទទេ។
25បំណង​ចិត្ត​របស់​មនុស្ស​ខ្ជិល​ច្រអូស
រមែង​សម្លាប់​ខ្លួន
ដ្បិត​ដៃ​គេ​មិន​ព្រម​ធ្វើ​ការ​សោះ។
26មនុស្ស​អាក្រក់​លោភ‌លន់​ចង់​តែ​បាន​រហូត
តែ​មនុស្ស​សុចរិត​វិញ តែង​ធ្វើ​ទាន
ឥត​សំចៃ​ឡើយ។
27យញ្ញ‌បូជា​ដែល​មនុស្ស​អាក្រក់​ថ្វាយ
ជា​ទី​ស្អប់​ខ្ពើម​ទៅ​ហើយ
ចំណង់​បើ​កាល​ណា​ថ្វាយ​ដោយ​មាន​គំនិត​អាក្រក់
នោះ​គួរ​ខ្ពើម​ជា​ជាង​អម្បាល‌ម៉ាន​ទៅ​ទៀត។
28សាក្សី​ក្លែង​ក្លាយ​នឹង​ត្រូវ​វិនាស
តែ​អ្នក​ណា​ដែល​បាន​ឮ​ច្បាស់
នោះ​នឹង​ធ្វើ​ទី​បន្ទាល់​ជាប់​នៅ​ជា​ដរាប។
29មនុស្ស​ដែល​ប្រព្រឹត្ត​អាក្រក់ តែង​ធ្វើ​ទឹក​មុខ​រឹង
តែ​មនុស្ស​ទៀង​ត្រង់​វិញ
តែង​ពិចារណា​មើល ផ្លូវ​របស់​ខ្លួន។
30គ្មាន​ប្រាជ្ញា​ណា គ្មាន​យោបល់​ណា
ឬ​ការ​ប្រឹក្សា​ណា
ដែល​អាច​ទាស់​នឹង​ព្រះ‌យេហូវ៉ា​បាន​ឡើយ។
31គេ​ត្រៀម​សេះ​ទុក​សម្រាប់​ថ្ងៃ​សឹក​សង្គ្រាម
តែ​ការ​ដែល​មាន​ជ័យ‌ជម្នះ
នោះ​ស្រេច​នៅ​ព្រះ‌យេហូវ៉ា​ទេ។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

Videos for សុភា‌សិត 21