សុភាសិត 17
17
1បើមានតែបាយក្រៀមមួយដុំ
ដែលបរិភោគដោយសេចក្ដីសុខ
វិសេសជាងមានផ្ទះពេញដោយការជប់លៀង
តែមានសេចក្ដីទាស់ទែងគ្នាវិញ។
2បាវបម្រើឆ្លាតនឹងត្រួតលើកូន
ដែលនាំឲ្យឪពុកមានសេចក្ដីខ្មាស
ហើយនឹងបានចំណែកមត៌ក
ជាមួយបងប្អូនរបស់កូននោះដែរ។
3មនុស្សប្រើបាវសម្រាប់សម្រង់ប្រាក់
និងឡសម្រាប់មាស
តែគឺព្រះយេហូវ៉ាដែលលមើលចិត្តវិញ។
4មនុស្សដែលប្រព្រឹត្តអាក្រក់
គេតែងស្តាប់តាមបបូរមាត់អាក្រក់
ហើយមនុស្សភូតភរក៏ផ្ទៀងត្រចៀក
ស្តាប់អណ្ដាតកាច។
5អ្នកណាដែលចំអកឲ្យមនុស្សក្រ
នោះក៏មើលងាយដល់ព្រះដែលបង្កើតគេមកដែរ
ឯអ្នកណាដែលត្រេកអរក្នុងការអន្តរាយរបស់គេ
នោះនឹងមិនរួចពីទោសឡើយ។
6កូនចៅជាមកុដដល់មនុស្សចាស់ៗ
ហើយឪពុកជាទីអំនួតរបស់ពួកកូន។
7ពាក្យសម្ដីខ្ពស់ប្រសើរ
មិនសំណំនឹងមនុស្សល្ងីល្ងើទៅហើយ
ចំណង់បើសម្ដីភូតភរ តើមិនសំណំនឹងមាត់
របស់អ្នកដឹកនាំ យ៉ាងណាទៅ។
8សំណូករាប់ដូចជាត្បូងមានតម្លៃ
ដល់អ្នកណាដែលមាន
ទោះបើជូនទៅខាងណាក៏ដោយ
គង់តែសម្រេចការបាន។
9អ្នកណាដែលគ្របបាំងសេចក្ដីកំហុស
របស់អ្នកដទៃ នោះជាអ្នកស្វែងរក
សេចក្ដីរាប់អានគ្នា
តែអ្នកណាដែលចេះតែនិយាយសាំពីការនោះ
នឹងនាំឲ្យមិត្តសម្លាញ់បាក់បែកគ្នាវិញ។
10ពាក្យបន្ទោសតែមួយម៉ាត់
តែងមុតចូលទៅក្នុងចិត្ត
របស់មនុស្សមានយោបល់
ជាជាងការវាយមនុស្សល្ងីល្ងើ
មួយរយរំពាត់ទៅទៀត។
11មនុស្សខូចអាក្រក់ រកតែបះបោរម៉្យាងប៉ុណ្ណោះ
ដូច្នេះ នឹងត្រូវមានអ្នកបម្រើយ៉ាងសាហាវ
ចេញមកទាស់នឹងគេ។
12ស៊ូឲ្យប្រទះនឹងមេខ្លាឃ្មុំដែលបាត់កូន
គ្រាន់បើជាងប្រទះនឹងមនុស្សល្ងីល្ងើ
ដែលកំពុងតែប្រព្រឹត្តការចម្កួតរបស់ខ្លួន។
13អ្នកណាដែលធ្វើអាក្រក់ស្នងនឹងការល្អ
សេចក្ដីអាក្រក់នឹងមិនឃ្លាតចេញ
ពីផ្ទះអ្នកនោះឡើយ។
14ការចាប់ផ្តើមប្រកាន់គ្នា
ប្រៀបដូចជាបើកទំនប់ទឹក
ដូច្នេះ ចូរដកខ្លួនថយចេញពីការទាស់គ្នា
មុនដែលកើតមានជម្លោះ។
15អ្នកដែលរាប់មនុស្សអាក្រក់ថាឥតមានទោស
និងអ្នកដែលរាប់មនុស្សសុចរិតថាមានទោស
អ្នកទាំងពីរនោះជាទីស្អប់ខ្ពើមដល់ព្រះយេហូវ៉ា។
16ការដែលមនុស្សល្ងីល្ងើមានប្រាក់នៅដៃ
សម្រាប់រៀនឲ្យបានប្រាជ្ញា
តើមានប្រយោជន៍អ្វី
បើគេគ្មានចិត្តចង់រៀនសោះ?
17មិត្តសម្លាញ់រមែងស្រឡាញ់គ្នានៅគ្រប់វេលា
ឯបងប្អូនក៏កើតមកសម្រាប់គ្រាលំបាកដែរ។
18មនុស្សដែលឥតមាន ប្រាជ្ញាគេទទួលចាប់ដៃ
ព្រមទាំងធានាពីដំណើរអ្នកជិតខាងខ្លួនផង។
19អ្នកណាដែលចូលចិត្តនឹងការឈ្លោះប្រកែក
នោះឈ្មោះថាជាអ្នកស្រឡាញ់អំពើបាបហើយ
ចំណែកអ្នកណាដែលលើកខ្លួនឲ្យខ្ពស់
នោះជាអ្នកស្វែងរកតែសេចក្ដីហិនវិនាស។
20អ្នកណាដែលមានចិត្តវៀច
មិនដែលបានសេចក្ដីល្អទេ
ហើយអ្នកណាដែលមានអណ្ដាតចចើង
នោះរមែងធ្លាក់ទៅក្នុងសេចក្ដីអន្តរាយ។
21អ្នកណាដែលបង្កើតបានកូនជាមនុស្សល្ងីល្ងើ
ក៏កើតមានសេចក្ដីទុក្ខព្រួយ
ឪពុករបស់មនុស្សល្ងីល្ងើរមែងគ្មានអំណរឡើយ។
22ចិត្តដែលសប្បាយជាថ្នាំយ៉ាងវិសេស
តែវិញ្ញាណបាក់បែករមែងឲ្យឆ្អឹងរីងស្ងួតទៅ។
23មនុស្សអាក្រក់ គេតែងតែទទួលសំណូក
ដោយលួចលាក់
ដើម្បីនឹងបង្ខូចផ្លូវយុត្តិធម៌។
24ឯប្រាជ្ញារមែងនៅចំពោះមុខ
មនុស្សដែលមានតម្រិះ
តែភ្នែកមនុស្សល្ងីល្ងើ
មើលទៅឯចុងផែនដីបំផុតវិញ។
25កូនល្ងីល្ងើជាហេតុឲ្យឪពុកកើតទុក្ខព្រួយ
ហើយជាទីជូរល្វីងដល់ម្តាយដែលបង្កើតវាមក។
26ការដែលធ្វើទោសដល់មនុស្សសុចរិត
ឬវាយអ្នកត្រកូលខ្ពស់ ដោយព្រោះ
សេចក្ដីទៀងត្រង់របស់គេ នោះមិនល្អទេ។
27អ្នកណាដែលមានតម្រិះ
រមែងសំចៃទុកនូវពាក្យសម្ដី
ហើយអ្នកណាដែលមានយោបល់
នោះក៏តែងតែមានចិត្តត្រជាក់ដែរ។
28សូម្បីតែមនុស្សឆ្កួត បើវានៅមាត់ស្ងៀម
នោះគេរាប់ថាជាអ្នកមានប្រាជ្ញាដែរ
ពេលគេបិតបបូរមាត់ខ្លួនទុក
នោះក៏រាប់ជាអ្នកឆ្លៀវឆ្លាតហើយ។
Currently Selected:
សុភាសិត 17: គកស១៦
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies