YouVersion Logo
Search Icon

សុភា‌សិត 18

18
1អ្នក​ណា​ដែល​គេច​ខ្លួន​ចេញ​ពី​អ្នក​ដទៃ
អ្នក​នោះ​គិត​តែ​ប្រយោជន៍​ខ្លួន​ឯង
អ្នក​នោះ​មាន​ចិត្ត​ទាស់​ប្រឆាំង
នឹង​អស់​ទាំង​យោបល់​ដែល​ត្រឹម​ត្រូវ។
2ចំណែក​មនុស្ស​ល្ងី‌ល្ងើ​គេ​ឥត​មាន
សេចក្ដី​រីក‌រាយ​ក្នុង​យោបល់​ទេ
គឺ​ចូល​ចិត្ត​តែ​សម្ដែង​គំនិត
ក្នុង​ចិត្ត​ខ្លួន​ឯង​ចេញ​វិញ។
3កាល​ណា​មនុស្ស​អាក្រក់​មក​ដល់
សេចក្ដី​មើល​ងាយ​មាន​ជាប់​តាម​មក​ដែរ
ហើយ​សេចក្ដី​ត្មះ‌តិះ​ដៀល
ក៏​រមែង​មក​ជា‌មួយ​សេចក្ដី​អាប់‌យស​ផង។
4ពាក្យ​សម្ដី​ដែល​ចេញ​ពី​មាត់​មនុស្ស
ធៀប​ដូច​ជា​ទឹក​ជ្រៅ
ហើយ​ទី​បញ្ចេញ​ប្រាជ្ញា​ក៏​ដូច​ជា​ជ្រោះ​ទឹក​ហូរ។
5ការ​ដែល​យោគ‌យល់​ដល់​មនុស្ស​អាក្រក់
ហើយ​ការ​បង្វែរ​សេចក្ដី​យុត្តិ‌ធម៌
ក្នុង​ការ​វិនិច្ឆ័យ នោះ​មិន​ល្អ​ទេ។
6បបូរ​មាត់​មនុស្ស​ល្ងី‌ល្ងើ
តែង​តែ​ស៊ក​ចូល​ក្នុង​សេចក្ដី​ឈ្លោះ​ប្រកែក​គ្នា
ហើយ​មាត់​វា​តឿន​តែ​រំពាត់​ទេ។
7មាត់​របស់​មនុស្ស​ល្ងី‌ល្ងើ
ជា​ហេតុ​នាំ​ឲ្យ​ខ្លួន​ត្រូវ​វិនាស​ទៅ
ហើយ​បបូរ​មាត់​ក៏​ជា​អន្ទាក់​ដល់​ព្រលឹង​ខ្លួន​ដែរ។
8ពាក្យ​សម្ដី​របស់​មនុស្ស​បេះ‌បួយ
ធៀប​ដូច​ជា​ម្ហូប​យ៉ាង​ឆ្ងាញ់​មួយ​ម៉ាត់
ដែល​បាន​ចូល​ទៅ​ក្នុង​ពោះ។
9អ្នក​ណា​ដែល​ធ្វេស‌ប្រហែស​នឹង​ការ​របស់​ខ្លួន
ឈ្មោះ​ថា​ជា​បង‌ប្អូន​ជា‌មួយ​អ្នក​ដែល​បំផ្លាញ។
10ព្រះ‌នាម​ព្រះ‌យេហូវ៉ា ជា​ប៉ម​មាំ‌មួន
មនុស្ស​សុចរិត​រត់​ចូល​ទៅ​ពឹង​ជ្រក
ហើយ​មាន​សេចក្ដី​សុខ។
11ឯ​អ្នក​មាន​វិញ
ទ្រព្យ​សម្បត្តិ​របស់​គេ​ជា​ទី​ក្រុង​មាំ‌មួន
ហើយ​តាម​គំនិត​របស់​គេ
ក៏​យល់​ថា​ជា​កំផែង​យ៉ាង​ខ្ពស់​ដែរ។
12មុន​នឹង​ត្រូវ​វិនាស
ចិត្ត​របស់​មនុស្ស​កើត​មាន​សេចក្ដី​ឆ្មើង‌ឆ្មៃ
ឯ​សេចក្ដី​រាប‌សា រមែង​តែ​នាំ​មុខ​កិត្តិ‌យស​វិញ។
13អ្នក​ណា​ដែល​ឆ្លើយ​មុន​ដែល​បាន​ស្តាប់​រឿង
រាប់​ជា​ការ​ចម្កួត​ហើយ
ក៏​ជា​សេចក្ដី​ខ្មាស​ដល់​ខ្លួន​ផង។
14វិញ្ញាណ​របស់​មនុស្ស​ទប់‌ទល់​ខ្លួន
ក្នុង​គ្រា​មាន​ធុរៈ​ឈឺ
តែ​ឯ​វិញ្ញាណ​បាក់‌បែក តើ​អ្នក​ណា​ទ្រាំ​បាន?
15ចិត្ត​របស់​មនុស្ស​វាង‌វៃ តែង​តែ​ចម្រើន​ចំណេះ
ហើយ​ត្រចៀក​របស់​មនុស្ស​ដែល​មាន​ប្រាជ្ញា
ក៏​ស្វះ‌ស្វែង​រក​ចំណេះ​ដែរ។
16ជំនូន​របស់​មនុស្ស រមែង​បើក​ផ្លូវ​ឲ្យ​ដល់​ខ្លួន
នាំ​ចូល​ទៅ​ដល់​ចំពោះ​អ្នក​ធំ​ផង។
17អ្នក​ណា​ដែល​និយាយ​មុន​គេ​ក្នុង​ការ​ក្តី
មើល​ទៅ​ដូច​ជា​ត្រឹម​ត្រូវ​ហើយ
តែ​គូ​ក្តី​របស់​អ្នក​នោះ​មក​បើក​សម្ដែង
ឲ្យ​ឃើញ​កំហុស​វិញ។
18ការ​ចាប់​ឆ្នោត
តែង​នឹង​ធ្វើ​ឲ្យ​សេចក្ដី​ទាស់​ទែង​គ្នា​បាត់​ទៅ
និង​ញែក​មនុស្ស​ដែល​មាន​អំណាច
ចេញ​ពី​គ្នា​ដែរ។
19បង‌ប្អូន​ណា​ដែល​បាន​អន់​ចិត្ត​ហើយ
ពិបាក​ពង្រាប​ជា​ជាង​ទី​ក្រុង​យ៉ាង​មាំ‌មួន
ហើយ​សេចក្ដី​ទាស់‌ទែង​គ្នា​យ៉ាង​នោះ
ធៀប​ដូច​ជា​រនុក​ទ្វារ​បន្ទាយ។
20មនុស្ស​បាន​ឆ្អែត​ពោះ​ដោយ​ផល​ពី​មាត់​ខ្លួន
គឺ​បាន​ស្កប់​ចិត្ត​ដោយ​ផល​ចម្រើន​នៃ​បបូរ​មាត់។
21ទោះ​ទាំង​សេចក្ដី​ស្លាប់
និង​ជីវិត ក៏​នៅ​ក្នុង​អំណាច​នៃ​អណ្ដាត​ដែរ
អ្នក​ណា​ដែល​ចូល​ចិត្ត​ប្រើ
នោះ​នឹង​ស៊ី​ផល​នៃ​អណ្ដាត​នោះ​ឯង។
22អ្នក​ណា​ដែល​រក​បាន​ប្រពន្ធ
ឈ្មោះ​ថា​បាន​របស់​ល្អ
ហើយ​បាន​ប្រកប​ដោយ​ព្រះ‌គុណ
របស់​ព្រះ‌យេហូវ៉ា​ដែរ។
23អ្នក​ក្រ​ពោល​ពាក្យ​អង្វរ
តែ​អ្នក​មាន​តប​ដោយ​ពាក្យ​គំហក​វិញ។
24អ្នក​ណា​ដែល​មាន​មិត្ត​ភក្តិ​ច្រើន
អាច​នាំ​ឲ្យ​ខ្លួន​វិនាស
ប៉ុន្តែ មាន​មិត្ត​សម្លាញ់​ម៉្យាង
ដែល​នៅ​ជាប់​ជាង​បង‌ប្អូន​ទៅ​ទៀត។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in