សុភាសិត 16
16
1គំនិតដែលចាត់ចែងក្នុងចិត្ត
នោះស្រេចនៅមនុស្ស
តែគឺព្រះយេហូវ៉ាដែលឆ្លើយ
សម្រេចការនោះវិញ។
2គ្រប់ទាំងផ្លូវរបស់មនុស្ស
សុទ្ធតែស្អាតនៅភ្នែកខ្លួន
តែគឺព្រះយេហូវ៉ាដែលព្រះអង្គថ្លឹង
អស់ទាំងទឹកចិត្តវិញ។
3ចូរទុកដាក់អស់ទាំងការឯង
នៅនឹងព្រះយេហូវ៉ាចុះ
នោះអស់ទាំងគំនិតរបស់ឯង នឹងបានសម្រេច។
4ព្រះយេហូវ៉ាបានធ្វើគ្រប់របស់ទាំងអស់
ឲ្យសមនឹងប្រយោជន៍នៃរបស់នោះឯង
ទោះទាំងមនុស្សអាក្រក់ក៏បានកើតមក
សម្រាប់ថ្ងៃនៃសេចក្ដីអាក្រក់ដែរ។
5អស់អ្នកណាដែលមានចិត្តឆ្មើងឆ្មៃ
នោះជាទីស្អប់ខ្ពើមដល់ព្រះយេហូវ៉ា
ទោះបើព្រួតដៃគ្នា
គង់តែគេមិនរួចពីទោសឡើយ។
6ឯអំពើកំហុស នោះនឹងបានជ្រះស្អាត
ដោយសារសេចក្ដីមេត្តា និងសេចក្ដីពិត
ហើយមនុស្សនឹងរួចពីសេចក្ដីអាក្រក់បាន
ដោយកោតខ្លាចដល់ព្រះយេហូវ៉ា។
7កាលណាផ្លូវប្រព្រឹត្តរបស់មនុស្សណា
ជាទីគាប់ដល់ព្រះហឫទ័យនៃព្រះយេហូវ៉ា
ព្រះអង្គក៏បណ្ដាលឲ្យទាំងពួកខ្មាំងសត្រូវ
បានជាមេត្រីនឹងអ្នកនោះដែរ។
8បើមានទ្រព្យតិច ហើយមានសេចក្ដីសុចរិត
នោះវិសេសជាងមានកម្រៃច្រើន
តែមានអំពើទុច្ចរិតវិញ។
9ចិត្តរបស់មនុស្សរមែងគិតសម្រេចផ្លូវរបស់ខ្លួន
តែគឺព្រះយេហូវ៉ាដែលព្រះអង្គតម្រង់ជំហានគេវិញ។
10មានពាក្យទំនាយនៅព្រះរឹមនៃស្តេច
ហើយព្រះឧស្ឋរបស់ព្រះអង្គ
នឹងមិនសម្រេចខុសក្នុងការវិនិច្ឆ័យឡើយ។
11ជញ្ជីង និងត្រាជូត្រឹមត្រូវ
នោះជារបស់ព្រះយេហូវ៉ា
ឯអស់ទាំងកូនជញ្ជីងនៅក្នុងថង់
ក៏ជាស្នាព្រះហស្តរបស់ព្រះអង្គដែរ។
12បើស្តេចប្រព្រឹត្តអំពើអាក្រក់
នោះជាទីគួរស្អប់ខ្ពើមហើយ
ដ្បិតរាជ្យបានតាំងនៅជាប់
ដោយសារតែសេចក្ដីសុចរិតទេ។
13ឯបបូរមាត់សុចរិត នោះជាទីគាប់
ដល់ព្រះហឫទ័យនៃស្តេចណាស់
ហើយព្រះអង្គក៏ស្រឡាញ់ដល់អ្នកណា
ដែលពោលដោយត្រឹមត្រូវ។
14សេចក្ដីក្រោធរបស់ស្តេច
ប្រៀបដូចជាអ្នកបម្រើនៃសេចក្ដីស្លាប់
មនុស្សមានប្រាជ្ញា
នឹងខំរម្ងាប់សេចក្ដីក្រោធនោះទៅ។
15កាលណាស្តេចមានព្រះភក្ត្ររីករាយ
នោះឯងបានជីវិតគង់នៅហើយ
ឯព្រះគុណព្រះអង្គក៏ដូចជាពពកនៅចុងរដូវភ្លៀង។
16ការដែលបានប្រាជ្ញា
នោះវិសេសជាងបានមាសតើអម្បាលម៉ានទៅ
ការដែលបានយោបល់
នោះគួររើសយកជាជាងប្រាក់ទៅទៀត។
17ផ្លូវរបស់មនុស្សទៀងត្រង់
នោះគឺជាការចៀសវាងពីអំពើអាក្រក់
អ្នកណាដែលរក្សាទុកនូវផ្លូវប្រព្រឹត្តរបស់ខ្លួន
នោះឈ្មោះថាការពារព្រលឹងខ្លួន។
18សេចក្ដីឆ្មើងឆ្មៃនាំមុខសេចក្ដីហិនវិនាស
ហើយចិត្តព្រហើនក៏នាំឲ្យដួលចុះដែរ។
19ការដែលមានចិត្តសុភាព
ជាមួយពួកមនុស្សរាបទាប
នោះវិសេសជាងការចែករបឹប
ជាមួយមនុស្សអួតអាង។
20អ្នកណាដែលរំពឹងគិតពីដំណើរអ្វី
នោះនឹងបានសេចក្ដីល្អចេញពីនោះមក
ហើយអ្នកណាដែលទុកចិត្តដល់ព្រះយេហូវ៉ា
នោះសប្បាយហើយ។
21ឯអ្នកណាដែលមានចិត្តប្រកបដោយប្រាជ្ញា
នោះនឹងបានឈ្មោះថាជាអ្នកឆ្លៀវឆ្លាត
ហើយសេចក្ដីផ្អែមល្ហែមនៃបបូរមាត់
ក៏ចម្រើនចំណេះកាន់តែច្រើនឡើង។
22អ្នកណាដែលមានយោបល់ហើយ
យោបល់នោះឯងជារដ្ឋទឹកនៃជីវិតដល់អ្នកនោះ
ហើយការវាយផ្ចាលរបស់មនុស្សល្ងីល្ងើ
គឺជាសេចក្ដីចម្កួតរបស់ខ្លួនគេ។
23ចិត្តរបស់មនុស្សដែលមានប្រាជ្ញា
នោះបង្រៀនមាត់របស់ខ្លួន
ហើយក៏បង្កើតឲ្យបបូរមាត់
មានចំណេះកាន់តែច្រើនឡើងផង។
24ពាក្យសម្ដីពីរោះ នោះធៀបដូចជាសំណុំឃ្មុំ
ក៏ផ្អែមដល់ព្រលឹង
ហើយជាថ្នាំផ្សះដល់ឆ្អឹងផង។
25មានផ្លូវមួយដែលមើលទៅដូចជាត្រឹមត្រូវល្អ
ដល់មនុស្ស តែចុងបំផុតនៃផ្លូវនោះ
គឺជាសេចក្ដីស្លាប់។
26ការស្រេកឃ្លានរបស់អ្នកណាដែលរកស៊ី
នោះខំធ្វើសម្រាប់ខ្លួនអ្នកនោះឯង
ដ្បិតមាត់ខ្លួនបង្ខំឲ្យធ្វើទៅ។
27មនុស្សចោលម្សៀត គេគិតគូរបង្កើតការអាក្រក់
ហើយនៅបបូរមាត់គេមានភ្លើងក្តៅដែរ។
28មនុស្សវៀចវេរ
គេសាបព្រោះសេចក្ដីទាស់ទែងគ្នា
ហើយអ្នកបេះបួយ ក៏នាំឲ្យទាំងមិត្តសម្លាញ់
យ៉ាងជិតស្និទ្ធបាក់បែកគ្នាដែរ។
29មនុស្សច្រឡោតគេល្បួងអ្នកជិតខាង
ហើយក៏នាំទៅក្នុងផ្លូវដែលមិនល្អ។
30អ្នកណាធ្មេចភ្នែក អ្នកនោះគិតបង្កើត ការវៀច
អ្នកដែលខាំមាត់
អ្នកនោះគិតសម្រេចការអាក្រក់។
31ឯសក់ស្កូវ បើឃើញនៅក្នុងផ្លូវសុចរិត
នោះជាមកុដនៃកិត្តិសព្ទ។
32អ្នកណាដែលយឺតនឹងខឹង
នោះវិសេសជាងអ្នកដែលមានកម្លាំងខ្លាំង
ហើយអ្នកណាដែលឈ្នះចិត្តខ្លួន
ក៏វិសេសជាងអ្នកដែលឈ្នះ
យកបានទីក្រុងទៅទៀត។
33មនុស្សតែងបោះឆ្នោតទៅក្នុងថ្នក់អាវ
ប៉ុន្តែ ដែលសម្រេចទៅជាយ៉ាងណា
នោះស្រេចនៅព្រះយេហូវ៉ា។
Currently Selected:
សុភាសិត 16: គកស១៦
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies