YouVersion Logo
Search Icon

សុភា‌សិត 15

15
1ពាក្យ​តប​ឆ្លើយ​ដោយ​ស្រទន់
នោះ​រមែង​រម្ងាប់​សេចក្ដី​ក្រោធ​ទៅ
តែ​ពាក្យ​គំរោះ‌គំរើយ
នោះ​បណ្ដាល​ឲ្យ​មាន​សេចក្ដី​កំហឹង​វិញ។
2អណ្ដាត​របស់​មនុស្ស​មាន​ប្រាជ្ញា
ថ្លែង​ប្រាប់​ពី​ចំណេះ​ដឹង
តែ​មាត់​របស់​មនុស្ស​ខ្លៅ
បង្ហូរ​ចេញ​ជា​សេចក្ដី​ចម្កួត។
3ព្រះ‌នេត្រ​នៃ​ព្រះ‌យេហូវ៉ា​នៅ​គ្រប់​អន្លើ
ក៏​យាម​មើល​ឃើញ​ទាំង​អស់
ទោះ​ទាំង​អាក្រក់ និង​ល្អ​ផង។
4ឯ​អណ្ដាត​ដ៏​លំ​ហើយ នោះ​ជា​ដើម​ឈើ​នៃ​ជីវិត
តែ​បើ​មាន​សេចក្ដី​វៀច​វិញ
នោះ​នាំ​ឲ្យ​វិញ្ញាណ​បាក់​បែក​ទៅ។
5មនុស្ស​ល្ងី‌ល្ងើ​តែង​តែ​ស្អប់
សេចក្ដី​ប្រៀន‌ប្រដៅ​របស់​ឪពុក
តែ​អ្នក​ណា​ដែល​ស្តាប់​តាម​សេចក្ដី​បន្ទោស
នោះ​នឹង​បាន​គំនិត​វាង​វៃ​វិញ។
6នៅ​ក្នុង​ផ្ទះ​មនុស្ស​សុចរិត​មាន​ទ្រព្យ​សម្បត្តិ​ច្រើន
តែ​ក្នុង​កម្រៃ​នៃ​មនុស្ស​អាក្រក់
តែង​តែ​មាន​សេចក្ដី​វេទនា​វិញ។
7បបូរ​មាត់​របស់​មនុស្ស​មាន​ប្រាជ្ញា
រមែង​ផ្សាយ​ចេញ​ជា​ចំណេះ
តែ​ចិត្ត​របស់​មនុស្ស​ល្ងី‌ល្ងើ​មិន​មែន​ដូច្នោះ​ទេ។
8យញ្ញ‌បូជា​របស់​មនុស្ស​អាក្រក់
ជា​សេចក្ដី​ស្អប់​ខ្ពើម​ដល់​ព្រះ‌យេហូវ៉ា
តែ​សេចក្ដី​អធិស្ឋាន​នៃ​មនុស្ស​ទៀង‌ត្រង់
ជា​ទី​គាប់​ព្រះ‌ហឫ‌ទ័យ​ដល់​ព្រះ‌អង្គ​វិញ។
9ផ្លូវ​ប្រព្រឹត្ត​របស់​មនុស្ស​អាក្រក់
ជា​សេចក្ដី​ស្អប់​ខ្ពើម​ដល់​ព្រះ‌យេហូវ៉ា
តែ​ព្រះ‌អង្គ​ស្រឡាញ់​ចំពោះ​អ្នក​ណា
ដែល​ដើរ​តាម​សេចក្ដី​សុចរិត​វិញ។
10មាន​សេចក្ដី​ផ្ចាញ់‌ផ្ចាល​យ៉ាង​សហ័ស
បម្រុង​ទុក​សម្រាប់​អ្នក​ណា
ដែល​បោះ‌បង់​ចេញ​ពី​ផ្លូវ
ហើយ​អ្នក​ណា​ដែល​ស្អប់​សេចក្ដី​បន្ទោស
នោះ​នឹង​ត្រូវ​ស្លាប់។
11ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ នឹង​ទី​វិនាស
នោះ​ប្រាកដ​ច្បាស់​នៅ​ចំពោះ
ព្រះ‌យេហូវ៉ា​ទៅ​ហើយ
ចំណង់​បើ​ចិត្ត​នៃ​មនុស្ស​ទាំង​អស់​ជាតិ
តើ​ច្បាស់​ជា​ជាង​អម្បាល‌ម៉ាន​ទៅ​ទៀត។
12មនុស្ស​ដែល​ចំអក​មើល​ងាយ
គេ​មិន​ចូល​ចិត្ត​ឲ្យ​អ្នក​ណា​បន្ទោស​ខ្លួន​ឡើយ
គេ​ក៏​មិន​ដែល​រក​អ្នក​ប្រាជ្ញ​ដែរ។
13ចិត្ត​រីក‌រាយតែង​តែ​បណ្ដាល​ឲ្យ
មាន​ទឹក​មុខ​ផូរ‌ផង់
តែ​វិញ្ញាណ​ត្រូវ​បាក់​បែក
ដោយ​កើត​មាន​ទុក្ខ​ព្រួយ​ក្នុង​ចិត្ត។
14ចិត្ត​របស់​អ្នក​ណា​ដែល​មាន​យោបល់​ហើយ
នោះ​រមែង​ស្វែង​រក​ចំណេះ
តែ​មាត់​របស់​មនុស្ស​ល្ងី‌ល្ងើ​តែង​តែ​ចិញ្ចឹម​ខ្លួន
ដោយ​សេចក្ដី​ចម្កួត​វិញ។
15អស់​ទាំង​ថ្ងៃ​នៃ​មនុស្ស​រង​ទុក្ខ​វេទនា
នោះ​សុទ្ធ​តែ​អាក្រក់​ទាំង​អស់
តែ​អ្នក​ណា​ដែល​មាន​ចិត្ត​ជា​សុខ
នោះ​ប្រៀប​ដូច​ជា​មាន​ការ​ស៊ី‌លៀង​នៅ​ជា‌និច្ច។
16មាន​ទ្រព្យ​សម្បត្តិ​តិច
ហើយ​មាន​សេចក្ដី​កោត​ខ្លាច​ដល់​ព្រះ‌យេហូវ៉ា
នោះ​វិសេស​ជាង​មាន​ច្រើន
ហើយ​មាន​សេចក្ដី​ទុក្ខ​វិញ។
17ស៊ូ​ឲ្យ​មាន​តែ​បន្លែ​ជា​ម្ហូប​នៅ​កន្លែង​ណា
ដែល​មាន​សេចក្ដី​ស្រឡាញ់
ជា​ជាង​មាន​សាច់​គោ​ដែល​បំប៉ន​ឲ្យ​ធាត់
ហើយ​មាន​សេចក្ដី​សម្អប់​វិញ។
18មនុស្ស​គំរោះ‌គំរើយ
រមែង​បណ្ដាល​ឲ្យ​មាន​សេចក្ដី​ទាស់‌ទែង​គ្នា
តែ​អ្នក​ណា​ដែល​យឺត​នឹង​ខឹង
នោះ​រម្ងាប់​សេចក្ដី​ជម្លោះ​វិញ។
19ផ្លូវ​របស់​មនុស្ស​ខ្ជិល​ច្រអូស
ធៀប​ដូច​ជា​របង​បន្លា
តែ​ផ្លូវ​ច្រក​របស់​មនុស្ស​ត្រង់
ត្រឡប់​ជា​ថ្នល់​ធំ​វិញ។
20កូន​ដែល​មាន​ប្រាជ្ញា​រមែង​ធ្វើ​ឲ្យ​ឪពុក​សប្បាយ
តែ​មនុស្ស​ល្ងី‌ល្ងើ គេ​មើល​ងាយ​ម្តាយ​ខ្លួន​វិញ។
21ឯ​ការ​ចម្កួត​ជា​អំណរ
ដល់​មនុស្ស​ដែល​ឥត​ប្រាជ្ញា
តែ​មនុស្ស​ដែល​មាន​យោបល់
គេ​រមែង​ដើរ​តាម​ផ្លូវ​ទៀង​ត្រង់​វិញ។
22ទី​ណា​គ្មាន​ការ​ប្រឹក្សា
នោះ​មិន​បាន​តាម​ចិត្ត​ប៉ង​ទេ
តែ​បើ​មាន​អ្នក​ណា​ជួយ​គំនិត​ជា​ច្រើន
នោះ​នឹង​កើត​ការ​វិញ។
23មនុស្ស​រមែង​មាន​អំណរ
ដោយ​ពាក្យ​ឆ្លើយ​របស់​ខ្លួន
ហើយ​ពាក្យ​មួយ​ម៉ាត់​ដែល​នឹង​ពោល​ត្រូវ​ពេល
នោះ​ល្អ​ណាស់​ហ្ន៎។
24ខាង​ឯ​មនុស្ស​មាន​ប្រាជ្ញា
នោះ​ផ្លូវ​នៃ​ជីវិត​ចេះ​តែ​នាំ​ឡើង​ទៅ​លើ
ដើម្បី​ឲ្យ​បាន​ឃ្លាត​ចេញ​ពី​ស្ថាន​ឃុំ​ព្រលឹង
មនុស្ស​ស្លាប់ ដែល​នៅ​ខាង​ក្រោម។
25ព្រះ‌យេហូវ៉ា​នឹង​បំផ្លាញ​ផ្ទះ​របស់​មនុស្ស​ឆ្មើង‌ឆ្មៃ
តែ​ព្រះ‌អង្គ​នឹង​តាំង​គោល​ចារឹក
នៃ​ស្ត្រី​មេម៉ាយ​ឲ្យ​មាំ‌មួន​វិញ។
26គំនិត​អាក្រក់​ជា​សេចក្ដី​ស្អប់​ខ្ពើម
ដល់​ព្រះ‌យេហូវ៉ា
តែ​ពាក្យ​សម្ដី​របស់​មនុស្ស​បរិសុទ្ធ
នោះ​ពីរោះ​វិញ។
27អ្នក​ណា​ដែល​លោភ​ចង់​បាន​កម្រៃ
នោះ​រមែង​ធ្វើ​ឲ្យ​ផ្ទះ​ខ្លួន​កើត​ទុក្ខ
តែ​អ្នក​ណា​ដែល​ស្អប់​សំណូក
នោះ​នឹង​រស់​នៅ​វិញ។
28ចិត្ត​របស់​មនុស្ស​សុចរិត​រំពឹង​គិត​ជា​មុន
ទើប​ឆ្លើយ
តែ​មាត់​មនុស្ស​អាក្រក់​បង្ហូរ​ចេញ
ជា​សេចក្ដី​អាក្រក់​វិញ។
29ព្រះ‌យេហូវ៉ា​គង់​នៅ​ឆ្ងាយ​ពី​មនុស្ស​អាក្រក់
តែ​ព្រះ‌អង្គ​ស្តាប់​សេចក្ដី​អធិស្ឋាន
របស់​មនុស្ស​សុចរិត​វិញ។
30ពន្លឺ​នៃ​ភ្នែក នោះ​នាំ​ឲ្យ​ចិត្ត​រីក‌រាយ
ហើយ​ដំណឹង​ដែល​គាប់​ចិត្ត
នោះ​រមែង​ចម្រើន​កម្លាំង​ដល់​ឆ្អឹង។
31ត្រចៀក​ណា​ដែល​ស្តាប់​តាម
សេចក្ដី​បន្ទោស​នៃ​ជីវិត
នោះ​នឹង​អា‌ស្រ័យ​នៅ​ជា​កណ្ដាល​ពួក​អ្នក​ប្រាជ្ញ។
32អ្នក​ណា​ដែល​មិន​ព្រម​ទទួល
សេចក្ដី​ប្រៀន‌ប្រដៅ នោះ​ឈ្មោះ​ថា
ស្អប់​ខ្ពើម​ដល់​ព្រលឹង​ខ្លួន
តែ​អ្នក​ណា​ដែល​ស្តាប់​តាម​សេចក្ដី​បន្ទោស
នោះ​បាន​យោបល់​វិញ។
33សេចក្ដី​កោត​ខ្លាច​ដល់​ព្រះ‌យេហូវ៉ា
រមែង​បង្រៀន​ឲ្យ​មាន​ប្រាជ្ញា
ហើយ​សេចក្ដី​សុភាព‌រាប‌សា
តែង​តែ​នាំ​មុខ​កិត្តិ‌សព្ទ។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in