សុភាសិត 14
14
1ស្ត្រីដែលមានប្រាជ្ញាតែងសង់ផ្ទះរបស់ខ្លួន
តែស្ត្រីល្ងីល្ងើរំលំផ្ទះដោយដៃរបស់ខ្លួនផ្ទាល់។
2អ្នកណាដែលដើរដោយ
សេចក្ដីទៀងត្រង់របស់ខ្លួន
នោះរមែងកោតខ្លាចដល់ព្រះយេហូវ៉ា
តែអ្នកណាដែលប្រព្រឹត្តតាមផ្លូវវៀច
នោះឈ្មោះថាមើលងាយព្រះអង្គវិញ។
3មាត់របស់មនុស្សល្ងីល្ងើ
មានរំពាត់សម្រាប់បង្ក្រាបអំនួតរបស់វា
តែបបូរមាត់របស់មនុស្សមានប្រាជ្ញា
តែងការពារខ្លួនវិញ។
4ផ្ទះណាគ្មានគោ នោះក្រោលរមែងស្អាតល្អ
តែគឺដោយកម្លាំងគោនោះឯង
ដែលនឹងចម្រើនកើនឡើងបាន។
5សាក្សីស្មោះត្រង់នឹងមិនកុហកឡើយ
តែសាក្សីក្លែងក្លាយ
តែងតែពោលពាក្យភូតភរវិញ។
6មនុស្សចំអក គេខំស្វែងរកប្រាជ្ញា
តែមិនបានទេ
ឯចំណេះវិញ នោះងាយដល់អ្នកណា
ដែលមានយោបល់។
7ចូរចៀសចេញពីមនុស្សល្ងីល្ងើចុះ
ដ្បិតនឹងឃើញមានចំណេះ
នៅបបូរមាត់វាមិនបាន។
8ឯប្រាជ្ញារបស់មនុស្សវាងវៃ
នោះគឺឲ្យបានយល់ផ្លូវរបស់ខ្លួន
តែសេចក្ដីចម្កួតរបស់មនុស្សល្ងីល្ងើ
នោះជាសេចក្ដីឆបោកទទេ។
9មនុស្សល្ងីល្ងើតែងសើចចំអក
នឹងតង្វាយលើកលែងទោស
តែមនុស្សទៀងត្រង់
នោះគាប់ព្រះហឫទ័យព្រះវិញ។
10ចិត្តមនុស្សរមែងស្គាល់សេចក្ដីជូរចត់របស់ខ្លួន
ឯមនុស្សដទៃនឹងទទួលចំណែក
ក្នុងអំណររបស់ចិត្តនោះមិនបាន។
11ផ្ទះរបស់មនុស្សអាក្រក់នឹងត្រូវរំលំ
តែខ្ទមរបស់មនុស្សទៀងត្រង់
នឹងចម្រើនឡើងវិញ។
12មានផ្លូវមួយដែលមើលទៅ
ដូចជាត្រឹមត្រូវល្អដល់មនុស្ស
តែចុងបំផុតនៃផ្លូវនោះជាសេចក្ដីស្លាប់វិញ។
13នៅវេលាកំពុងតែសើចសប្បាយ
គង់តែចិត្តមានសេចក្ដីសៅសោកដែរ
ហើយចុងបំផុតនៃអំណរគឺជាធ្ងន់ទ្រូងវិញ។
14អ្នកណាដែលមានចិត្តរសាយថយទៅ
នោះនឹងបានឆ្អែតដោយផលនៃផ្លូវរបស់ខ្លួន
តែមនុស្សល្អក៏នឹងបានស្កប់ស្កល់
ដោយផលនៃផ្លូវរបស់ខ្លួនដែរ។
15មនុស្សឆោតល្ងង់គេជឿគ្រប់ពាក្យទាំងអស់
តែមនុស្សមានគំនិតវាងវៃ
រមែងមើលផ្លូវខ្លួនដោយប្រយ័ត្ន។
16មនុស្សដែលមានប្រាជ្ញារមែងកោតខ្លាច
ហើយក៏ចៀសចេញពីផ្លូវអាក្រក់
តែមនុស្សល្ងីល្ងើគេមានចិត្តចើងម៉ើង
ហើយទុកចិត្តតែនឹងខ្លួនឯងវិញ។
17អ្នកណាដែលរហ័សខឹង
នោះតែងតែប្រព្រឹត្តឥតបើគិត
ហើយមនុស្សដែលគិតគូរបង្កើតការអាក្រក់
នោះរមែងជាទីស្អប់ដល់អ្នកដទៃ។
18មនុស្សឆោតល្ងង់តាក់តែងខ្លួន
ដោយសេចក្ដីចម្កួត
តែមនុស្សឆ្លៀវឆ្លាតបំពាក់ដោយការចេះដឹង
ទុកជាមកុដវិញ។
19មនុស្សអាក្រក់រមែងឱនចុះនៅចំពោះមនុស្សល្អ
ហើយមនុស្សដែលប្រព្រឹត្តអំពើអាក្រក់
ក៏ក្រាបចុះនៅមាត់ទ្វាររបស់មនុស្សសុចរិតដែរ។
20មនុស្សក្រគេតែងស្អប់ខ្ពើម
សូម្បីតែអ្នកជិតខាងខ្លួន
តែអ្នកមានវិញ
គេមានមិត្តសម្លាញ់ច្រើនណាស់។
21អ្នកណាដែលមើលងាយដល់អ្នកជិតខាង
ឈ្មោះថាមានបាបហើយ
តែអ្នកណាដែលមានចិត្តមេត្តា
ដល់មនុស្សទាល់ក្រ
នោះរមែងសប្បាយវិញ។
22មនុស្សដែលគិតគូរបង្កើតការអាក្រក់
នោះវង្វេងហើយ
ប៉ុន្តែ មនុស្សដែលគិតគូរបង្កើតការល្អ
នឹងបានសេចក្ដីមេត្តា និងសេចក្ដីពិត។
23អស់ទាំងការដែលខំធ្វើ សុទ្ធតែមានកម្រៃ
តែសម្ដីទទេៗនាំឲ្យក្រខ្សត់វិញ។
24ទ្រព្យសម្បត្តិជាមកុដសម្រាប់មនុស្សមានប្រាជ្ញា
តែសេចក្ដីចម្កួតរបស់មនុស្សល្ងីល្ងើ
នោះជាសេចក្ដីចម្កួតសុទ្ធ។
25សាក្សីទៀងត្រង់រមែងដោះព្រលឹងមនុស្សឲ្យរួច
តែសាក្សីមិនទៀងត្រង់
នោះពោលពាក្យភូតភរវិញ។
26មនុស្សដែលកោតខ្លាចដល់ព្រះយេហូវ៉ា
នោះមានទីពឹងមាំមួន
ហើយកូនចៅរបស់គេនឹងបានទីពំនាក់ដែរ។
27សេចក្ដីកោតខ្លាចដល់ព្រះយេហូវ៉ា
នោះជារន្ធទឹកនៃជីវិត
ប្រយោជន៍ឲ្យបានរួចពីអន្ទាក់នៃសេចក្ដីស្លាប់។
28ស្តេចមានសិរីល្អ នោះគឺដោយមានប្រជារាស្ត្រ
ជាច្រើន ឯចៅហ្វាយ បើគ្មានបណ្ដាជន
នោះត្រូវធ្លាក់ចុះវិញ។
29អ្នកណាដែលមិនឆាប់ខឹង
នោះឯងជាអ្នកប្រកបដោយយោបល់ច្រើន
តែអ្នកណាដែលមានចិត្តឆុរឆេវ
នោះសម្ញែងសេចក្ដីចម្កួតរបស់ខ្លួនវិញ។
30ឯជីវិតរបស់សាច់ឈាម
នោះគឺជាចិត្តដែលស្ងប់រម្ងាប់
តែចិត្តច្រណែនជាសេចក្ដីពុករលួយ
ដល់ឆ្អឹងវិញ។
31អ្នកណាដែលសង្កត់សង្កិនមនុស្សក្រីក្រ
នោះឈ្មោះថាប្រកួតនឹងព្រះដែលបង្កើតខ្លួនមក
តែអ្នកណាដែលមេត្តាដល់មនុស្សកម្សត់ទុគ៌ត
នោះជាអ្នកលើកតម្កើងព្រះអង្គវិញ។
32មនុស្សអាក្រក់ត្រូវធ្លាក់ចុះ
ដោយអំពើខូចអាក្រក់របស់ខ្លួន
តែមនុស្សសុចរិតមានទីពំនាក់
ក្នុងកាលដែលស្លាប់វិញ។
33ប្រាជ្ញាស្ថិតនៅក្នុងចិត្តរបស់មនុស្ស
ដែលមានយោបល់
តែក្នុងចិត្តរបស់មនុស្សខ្លៅ
មិន ដែលស្គាល់ប្រាជ្ញាទេ។
34សេចក្ដីសុចរិតរមែងលើកតម្កើងនគរ
តែអំពើបាបជាទីគួរខ្មាស
ដល់សាសន៍ណាៗក៏ដោយ។
35មហាក្សត្រតែងផ្តល់គុណដល់អ្នកបម្រើណា
ដែលប្រព្រឹត្តដោយអើពើ
តែសេចក្ដីក្រោធរបស់ស្ដេច
នឹងធ្លាក់លើអ្នកដែលប្រព្រឹត្តអំពើគួរខ្មាស។
Currently Selected:
សុភាសិត 14: គកស១៦
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies