សុភាសិត 13
13
1កូនដែលមានប្រាជ្ញា
តែងស្តាប់ពាក្យទូន្មានរបស់ឪពុក
តែមនុស្សចំអក
មិនព្រមស្តាប់ពាក្យបន្ទោសទេ។
2មនុស្សនឹងបានសេចក្ដីល្អ
ដោយសារផលដែលកើតពីមាត់មក
តែព្រលឹងរបស់មនុស្សក្បត់
នឹងបានតែសេចក្ដីច្រឡោតវិញ។
3អ្នកណាដែលរវាំងមាត់ នោះរមែងរក្សាជីវិតខ្លួន
តែអ្នកណាដែលហាមាត់ធំ
នោះនឹងត្រូវវិនាសទៅ។
4ព្រលឹងនៃមនុស្សខ្ជិលច្រអូសប្រាថ្នាចង់បាន
តែមិនបានអ្វីសោះ
ឯព្រលឹងនៃមនុស្សព្យាយាម
នោះនឹងបានជាបរិបូរវិញ។
5មនុស្សសុចរិតរមែងស្អប់ពាក្យភូតភរ
តែមនុស្សអាក្រក់គេគួរខ្ពើម
ហើយមានសេចក្ដីខ្មាសផង។
6សេចក្ដីសុចរិតតែងតែការពារអ្នកណា
ដែលប្រព្រឹត្តតាមផ្លូវទៀងត្រង់
តែអំពើអាក្រក់រមែងផ្តួលមនុស្សមានបាបវិញ។
7មានគេដែលខំប្រឹងឲ្យបានជាអ្នកស្តុកស្តម្ភ
តែគេគ្មានអ្វីសោះ
ក៏មានមនុស្សដែលទៅជាក្រ
តែមានទ្រព្យសម្បត្តិច្រើន។
8ឯទ្រព្យសម្បត្តិនឹងទុកសម្រាប់
លោះជីវិតមនុស្សបាន
តែមនុស្សក្រគេមិនដែលឮពាក្យកំហែងទេ។
9ពន្លឺនៃមនុស្សសុចរិត នោះជាទីសប្បាយហើយ
តែចង្កៀងរបស់មនុស្សអាក្រក់នឹងរលត់ទៅ។
10ផលនៃសេចក្ដីឆ្មើងឆ្មៃ
នោះមានតែការទាស់ទែងគ្នាប៉ុណ្ណោះ
តែប្រាជ្ញាស្ថិតនៅនឹងពួកអ្នក
ដែលស្តាប់តាមសេចក្ដីទូន្មាន។
11ទ្រព្យសម្បត្តិដែលរកបានរហ័ស
នោះក៏រលោះទៅរហ័សដែរ
តែអ្នកណាដែលសន្សំដោយប្រឹងប្រែង
នោះនឹងចម្រើនឡើងជាដរាប។
12សេចក្ដីសង្ឃឹមដែលចេះតែបន្ថយទៅ
នោះនាំឲ្យរអាចិត្ត
តែកាលណាបានដូចប្រាថ្នា
នោះប្រៀបដូចជាដើមឈើនៃជីវិតវិញ។
13អ្នកណាដែលមើលងាយព្រះបន្ទូល
នោះនឹងនាំឲ្យខ្លួនត្រូវវិនាស
តែអ្នកណាដែលកោតខ្លាចដល់ក្រឹត្យវិន័យ
នោះនឹងបានរង្វាន់វិញ។
14ឱវាទរបស់អ្នកប្រាជ្ញជារន្ធទឹកនៃជីវិត
សម្រាប់ឲ្យបានរួចពីអន្ទាក់នៃសេចក្ដីស្លាប់។
15គំនិតដែលចេះពិចារណា
តែងមានគេគោរពរាប់អាន
តែផ្លូវរបស់មនុស្សវៀចវេរ
នោះជាសេចក្ដីវិនាស វិញ។
16គ្រប់ទាំងមនុស្សដែលមានគំនិតឆ្លៀវឆ្លាត
រមែងប្រព្រឹត្តដោយតម្រិះ
តែមនុស្សល្ងីល្ងើគេបង្អួត
សេចក្ដីចម្កួតរបស់ខ្លួនវិញ។
17មនុស្សអាក្រក់ដែលនាំដំណឹង
នោះតែងធ្លាក់ទៅក្នុងការអាក្រក់
តែទូតស្មោះត្រង់ នោះចម្រើនសេចក្ដីសុខវិញ។
18អ្នកណាដែលមិនព្រមស្តាប់ពាក្យប្រៀនប្រដៅ
នឹងត្រូវក្រលំបាក ហើយអៀនខ្មាសទៅ
តែអ្នកណាដែលព្រមស្តាប់តាម
សេចក្ដីបន្ទោសវិញ នោះនឹងបានកិត្តិសព្ទ។
19ការដែលបានសម្រេចតាមបំណងចិត្ត
នោះមានរស់ផ្អែមដល់ព្រលឹងហើយ
តែដែលលះចេញពីអំពើអាក្រក់
នោះជាសេចក្ដីស្អប់ខ្ពើមដល់មនុស្សល្ងីល្ងើវិញ។
20អ្នកណាដែលដើរជាមួយមនុស្សមានប្រាជ្ញា
នោះនឹងមានប្រាជ្ញាដែរ
តែអ្នកណាដែលភប់ប្រសព្វនឹងមនុស្សល្ងីល្ងើ
នោះនឹងត្រូវខូចបង់វិញ។
21សេចក្ដីអាក្រក់ដេញជាប់តាមមនុស្សមានបាប
តែមនុស្សសុចរិត
នឹងបានរង្វាន់ជាសេចក្ដីល្អវិញ។
22មនុស្សល្អតែងតែទុកមត៌ក
ដល់កូនចៅរបស់ខ្លួន
តែទ្រព្យសម្បត្តិរបស់មនុស្សមានបាប
នោះបានប្រមូលទុក
សម្រាប់មនុស្សសុចរិតវិញ។
23ការភ្ជួររាស់របស់មនុស្សក្រីក្រ
នោះរមែងបង្កើតអាហារជាច្រើន
តែត្រូវមានគេបំផ្លាញវិញ
ដោយខ្វះសេចក្ដីយុត្តិធម៌។
24អ្នកណាដែលមិនសូវប្រើរំពាត់
នោះឈ្មោះថា ស្អប់កូន
តែអ្នកណាដែលស្រឡាញ់កូន
នោះឧស្សាហ៍វាយផ្ចាលវា។
25មនុស្សសុចរិតគេបរិភោគទាល់តែស្កប់ស្កល់
តែពោះរបស់មនុស្សអាក្រក់
នឹងត្រូវអត់ឃ្លានវិញ។
Currently Selected:
សុភាសិត 13: គកស១៦
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies