YouVersion Logo
Search Icon

សុភា‌សិត 12

12
1អ្នក​ណា​ដែល​ចូល​ចិត្ត​ចំពោះ​សេចក្ដី​ប្រៀន‌ប្រដៅ
នោះ​ក៏​ស្រឡាញ់​តម្រិះ
តែ​អ្នក​ណា​ដែល​ស្អប់​ដល់​សេចក្ដី​បន្ទោស
នោះ​ជា​មនុស្ស​កំរោល​វិញ។
2មនុស្ស​ល្អ​នឹង​ប្រកប​ដោយ​ព្រះ‌គុណ
របស់​ព្រះ‌យេហូវ៉ា
តែ​ព្រះ‌អង្គ​នឹង​កាត់​ទោស​មនុស្ស​ណា
ដែល​គិត​គូរ​បង្កើត​ការ​អាក្រក់។
3គ្មាន​មនុស្ស​ណា​បាន​តាំង​មាំ‌មួន​ឡើង
ដោយ‌សារ​អំពើ​អាក្រក់​ទេ
តែ​ឫស​របស់​មនុស្ស​សុចរិត
មិន​ត្រូវ​រលើង​ឡើយ។
4ស្ត្រី​មាន​ចិត្ត​បរិសុទ្ធ នោះ​ជា​មកុដ​ដល់​ប្តី
តែ​ស្ត្រី​ណា​ដែល​នាំ​ឲ្យ​មាន​សេចក្ដី​ខ្មាស
នោះ​ប្រៀប​ដូច​ជា​សេចក្ដី​ពុក​រលួយ
នៅ​ក្នុង​ឆ្អឹង​របស់​ប្តី​វិញ។
5អស់​ទាំង​គំនិត​របស់​មនុស្ស​សុចរិត
នោះ​សុទ្ធ​តែ​ទៀង​ត្រង់
តែ​គំនិត​របស់​មនុស្ស​អាក្រក់
នោះ​ជា​សេចក្ដី​ឆ​បោក​វិញ។
6ពាក្យ​សម្ដី​របស់​មនុស្ស​អាក្រក់
សុទ្ធ​តែ​និយាយ​ពី​ការ​លប​ចាំ​កម្ចាយ​ឈាម
តែ​មាត់​របស់​មនុស្ស​ទៀង​ត្រង់
នឹង​ជួយ​ឲ្យ​គេ​រួច​វិញ។
7មនុស្ស​អាក្រក់​ត្រូវ​ដួល ហើយ​មិន​នៅ​ទៀត​ទេ
តែ​ផ្ទះ​របស់​មនុស្ស​សុចរិត
បាន​ស្ថិត‌ស្ថេរ​នៅ​វិញ។
8មនុស្ស​នឹង​បាន​គេ​សរ‌សើរ​តាម​ប្រាជ្ញា​របស់​ខ្លួន
តែ​អ្នក​ណា​ដែល​មាន​ចិត្ត​វៀច
នោះ​គេ​នឹង​ស្អប់​វិញ។
9អ្នក​ណា​ដែល​គេ​រាប់​អាន​តិច តែ​មាន​បាវ​បម្រើ
នោះ​វិសេស​ជា​ជាង​មនុស្ស​ណា​ដែល​តំកើង​ខ្លួន
ប៉ុន្តែ ខ្វះ​ខាត​អាហារ​វិញ។
10មនុស្ស​សុចរិត​រមែង​ប្រណី
ដល់​ជីវិត​នៃ​សត្វ​របស់​ខ្លួន
តែ​ចិត្ត​របស់​មនុស្ស​អាក្រក់
នោះ​សាហាវ​ណាស់។
11អ្នក​ណា​ដែល​ធ្វើ​ស្រែ​ខ្លួន
នោះ​នឹង​បាន​បាយ​ជា​បរិបូរ
តែ​អ្នក​ណា​ដែល​តាម​សេចក្ដី​ឥត​ប្រ‌យោជន៍
នោះ​គ្មាន​យោបល់​វិញ។
12មនុស្ស​អាក្រក់​លោភ​ចង់​បាន​ទ្រព្យ
របស់​មនុស្ស​ដែល​ប្រព្រឹត្ត​អំពើ​អាក្រក់
តែ​ឫស​របស់​មនុស្ស​សុចរិត
នោះ​បង្កើត​ផល​ផ្លែ​វិញ។
13មាន​អន្ទាក់​អាក្រក់
នៅ​ក្នុង​អំពើ​រំលង​របស់​បបូរ​មាត់
តែ​មនុស្ស​សុចរិត​នឹង​ចេញ​រួច​ពី​សេចក្ដី​លំបាក។
14មនុស្ស​នឹង​បាន​ស្កប់​ចិត្ត​នឹង​សេចក្ដី​ល្អ
ដោយ‌សារ​ផល​ដែល​កើត​ពី​មាត់​ខ្លួន
ហើយ​កិច្ច‌ការ​ដែល​ដៃ​មនុស្ស​ធ្វើ​នោះ
នឹង​បាន​សង​ដល់​អ្នក​នោះ​វិញ។
15មនុស្ស​ល្ងី‌ល្ងើ រមែង​ឃើញ​ផ្លូវ​របស់​ខ្លួន
ជា​ត្រឹម‌ត្រូវ​ហើយ
តែ​អ្នក​ដែល​មាន​ប្រាជ្ញា
នោះ​តែង​ស្តាប់​សេចក្ដី​ទូន្មាន​វិញ។
16សេចក្ដី​គ្នាន់‌ក្នាញ់​ក្នុង​ចិត្ត​មនុស្ស​ល្ងី‌ល្ងើ
នោះ​បាន​សម្ដែង​មក​ឲ្យ​ឃើញ​ភ្លាម
តែ​មនុស្ស​ឆ្លៀវ‌ឆ្លាត
គេ​តែង​គ្រប​បាំង​សេចក្ដី​ខ្មាស​វិញ។
17អ្នក​ណា​ដែល​ពោល​ពាក្យ​ពិត
នោះ​រមែង​សម្ដែង​ចេញ​នូវ​សេចក្ដី​សុចរិត
តែ​សាក្សី​ក្លែង‌ក្លាយ
នោះ​សម្ដែង​សេចក្ដី​កំភូត​វិញ។
18មាន​គេ​ដែល​ពោល​ពាក្យ​ឥត​បើ​គិត
ដូច​ជា​ចាក់​ដោយ​ដាវ
តែ​សម្ដី​របស់​មនុស្ស​មាន​ប្រាជ្ញា​ជា​ថ្នាំ​ផ្សះ​វិញ។
19បបូរ​មាត់​ដែល​បញ្ចេញ​សេចក្ដី​ពិត
នោះ​នឹង​បាន​តាំង​ជាប់​នៅ​ជា‌និច្ច
តែ​អណ្ដាត​ភូត​ភរ នោះ​នៅ​តែ​មួយ​ភ្លែត​ទេ។
20ការ​ឆ​បោក​រមែង​នៅ​ក្នុង​ចិត្ត​នៃ​មនុស្ស
ដែល​គិត​គូរ​បង្កើត​ការ​អាក្រក់
តែ​មាន​អំណរ​សម្រាប់​មនុស្ស
ដែល​ប្រឹក្សា​ឲ្យ​មាន​សេចក្ដី​សុខ។
21មនុស្ស​សុចរិត​នឹង​មិន​ត្រូវ​កើត​មាន
សេចក្ដី​ភិត‌ភ័យ​អន្ត‌រាយ​ឡើយ
តែ​មនុស្ស​ដែល​ប្រព្រឹត្ត​អាក្រក់
នឹង​បាន​ឆ្អែត​ដោយ​ការ​អាក្រក់។
22បបូរ​មាត់​ដែល​ពោល​ពាក្យ​ភូត​ភរ
ជា​ទី​ស្អប់​ខ្ពើម​ដល់​ព្រះ‌យេហូវ៉ា
តែ​ពួក​អ្នក​ដែល​ប្រព្រឹត្ត​ដោយ​ពិត​ត្រង់
នោះ​ជា​ទី​គាប់​ដល់​ព្រះ‌ហឫ‌ទ័យ​ព្រះ‌អង្គ​វិញ។
23មនុស្ស​ឈ្លាសវៃ​តែង​លាក់​បាំង​ចំណេះ​របស់​ខ្លួន
តែ​ចិត្ត​របស់​មនុស្ស​ល្ងី‌ល្ងើ
តែង​ប្រកាស​ពី​សេចក្ដី​ល្ងង់​ខ្លៅ​វិញ។
24ដៃ​របស់​មនុស្ស​ព្យាយាម
នឹង​បាន​ឡើង​គ្រប់​គ្រង
តែ​មនុស្ស​ខ្ជិល​ច្រអូស
នឹង​ត្រូវ​ទទួល​ការ​បម្រើ​វិញ។
25ការ​កើត​ទុក្ខ​ដែល​គ្រប​សង្កត់​ចិត្ត
នោះ​ធ្វើ​ឲ្យ​រួញ​ថយ​ចុះ
តែ​ពាក្យ​ល្អ​មួយ​ម៉ាត់​នឹង​ធ្វើ​ឲ្យ​រីក‌រាយ​ឡើង។
26មនុស្ស​ដែល​សុចរិត​ជា​អ្នក​បង្ហាញ​ផ្លូវ
ដល់​អ្នក​ជិត​ខាង​ខ្លួន
តែ​ផ្លូវ​របស់​មនុស្ស​អាក្រក់​នាំ​ឲ្យ​គេ​វង្វេង​វិញ។
27មនុស្ស​ណា​ដែល​ខ្ជិល​ច្រអូស
មិន​អាំង​សាច់​សត្វ​ដែល​ខ្លួន​ចាប់​បាន​ទេ
តែ​មនុស្ស​ឧស្សាហ៍
នឹង​រក​បានសម្បត្តិ​ដ៏​មាន​តម្លៃ។
28ជីវិត​ស្ថិត​នៅ​ក្នុង​ផ្លូវ​នៃ​សេចក្ដី​សុចរិត
ហើយ​ក្នុង​ផ្លូវ​ច្រក​នោះ
គ្មាន​សេចក្ដី​ស្លាប់​ឡើយ។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in