YouVersion Logo
Search Icon

សុភា‌សិត 11

11
1ជញ្ជីង​មិន​ត្រឹម​ត្រូវ
ជា​ទី​ស្អប់​ខ្ពើម​ដល់​ព្រះ‌យេហូវ៉ា
តែ​កូន​ជញ្ជីង​គ្រប់​ទម្ងន់
ជា​ទី​គាប់​ដល់​ព្រះ‌ហឫ‌ទ័យ​ព្រះ‌អង្គ​វិញ។
2កាល​ណា​កើត​មាន​សេចក្ដី​អំនួត
នោះ​ក៏​កើត​មាន​សេចក្ដី​ខ្មាស​ដែរ
តែ​ប្រាជ្ញា តែង​នៅ​នឹង​មនុស្ស​សុភាព។
3សេចក្ដី​សុចរិត​របស់​មនុស្ស​ទៀង​ត្រង់
នឹង​នាំ​ផ្លូវ​របស់​គេ
តែ​សេចក្ដី​វៀច​របស់​មនុស្ស​ប្រទូស្ត
នឹង​នាំ​ឲ្យ​វិនាស​វិញ។
4ឯ​ទ្រព្យ​សម្បត្តិ
គ្មាន​ប្រ‌យោជន៍​ក្នុង​ថ្ងៃ​ពិរោធ​ឡើយ
តែ​សេចក្ដី​សុចរិតនឹង​ជួយ​ឲ្យ​រួច​ពី​ស្លាប់​វិញ។
5សេចក្ដី​សុចរិត​របស់​មនុស្ស​គ្រប់​លក្ខណ៍
នឹង​តម្រង់​ផ្លូវ​ខ្លួន
តែ​មនុស្ស​អាក្រក់​នឹង​ដួល
ដោយ‌សារ​អំពើ​អាក្រក់​របស់​ខ្លួន​វិញ។
6ឯ​សេចក្ដី​សុចរិត​របស់​មនុស្ស​ទៀង​ត្រង់
នឹង​ជួយ​ឲ្យ​ខ្លួន​រួច
តែ​មនុស្ស​ប្រទូស្ត​នឹង​ត្រូវ​ជាប់
ក្នុង​ការ​ទុច្ចរិត​របស់​ខ្លួន​វិញ។
7កាល​ណា​មនុស្ស​អាក្រក់​ស្លាប់​ទៅ
នោះ​សេចក្ដី​សង្ឃឹម​របស់​គេ​ក៏​សូន្យ​ទៅ​ដែរ
ហើយ​សេចក្ដី​ទុក​ចិត្ត​របស់​មនុស្ស​ទុច្ចរិត
នឹង​ត្រូវ​វិនាស​ទៅ​ផង។
8មនុស្ស​សុចរិត​រមែង​រួច​ពី​សេចក្ដី​លំបាក
ឯ​មនុស្ស​អាក្រក់​ទទួល​រង​ជំនួស​វិញ។
9មនុស្ស​ទមិឡ​ល្មើស​តែង​បំផ្លាញ​អ្នក​ជិត​ខាង
ដោយ‌សារ​មាត់​ខ្លួន
តែ​តម្រិះ​របស់​មនុស្ស​សុចរិត
នឹង​ដោះ​ឲ្យ​ខ្លួន​រួច​វិញ។
10គ្រា​ដែល​មនុស្ស​សុចរិត​មាន​សេចក្ដី​សុខ​ស្រួល
នោះ​ទី​ក្រុង​ក៏​រីក‌រាយ​សាទរ
ហើយ​កាល​ណា​មនុស្ស​អាក្រក់​វិនាស​ទៅ
នោះ​ឮ​សំឡេង​ហ៊ោ​សប្បាយ។
11ទី​ក្រុង​បាន​ថ្កុំ‌ថ្កើង​ឡើង​ដោយ‌សារ​ពរ
របស់​មនុស្ស​ទៀង​ត្រង់
តែ​ដោយ‌សារ​មាត់​របស់​មនុស្ស​អាក្រក់
នោះ​ត្រូវ​រំលំ​វិញ។
12អ្នក​ណា​ដែល​មើល​ងាយ
ចំពោះ​អ្នក​ជិត​ខាង​ខ្លួន នោះ​ឥត​មាន​ប្រាជ្ញា​ទេ
តែ​អ្នក​ណា​មាន​យោបល់ រមែង​នៅ​ស្ងៀម​វិញ។
13អ្នក​ណា​ដែល​ដើរ​ចុះ​ឡើង​និយាយ​បក​កេរ​គេ
នោះ​ឈ្មោះ​ថា​បើក​ការ​អាថ៌‌កំបាំង
តែ​អ្នក​ណា​ដែល​មាន​ចិត្ត​ស្មោះ​ត្រង់
នោះ​តែង​គ្រប​បាំង​រឿង‌រ៉ាវ​វិញ។
14ទី​ណាគ្មាន​អ្នក​ប្រាជ្ញា​នាំ​មុខ
ប្រជាជន រមែង​ដួល​ចុះ
តែ​បើ​មាន​អ្នក​ប្រឹក្សា​ច្រើន
នោះ​មាន​សេចក្ដី​សុខ​វិញ។
15អ្នក​ណា​ដែល​ធានា​ឲ្យ​អ្នក​ដទៃ
នោះ​នឹង​ត្រូវ​ពិបាក​ណាស់
តែ​អ្នក​ណា​ដែល​មិន​ចូល​ចិត្ត​នឹង​ការ​ធានា
នោះ​នឹង​បាន​សុខ​វិញ។
16ស្ត្រី​ណា​ដែល​មាន​អធ្យា‌ស្រ័យ​ល្អ
តែង​រក​បាន​កិត្តិ‌យស
[រីឯ​ស្ត្រី​ណា​ដែល​ស្អប់​អំពើ​ល្អ នឹង​ត្រូវ​អាប់​មុខ។
បុរស​កំសាក​នឹង​ទៅ​ជា​ក្រតោក​យ៉ាក ]
តែ​ឯ​បុរស​ស្វាហាប់​តែង​រក​បាន​ទ្រព្យ​សម្បត្តិ។
17មនុស្ស​ដែល​មាន​ចិត្ត​មេត្តា
នោះ​តែង​ធ្វើ​ល្អ​ដល់​ជីវិត​ខ្លួន
តែ​អ្នក​ណា​ដែល​សាហាវ
នោះ​ធ្វើ​ទុក្ខ​ដល់​សាច់​ឈាម​ខ្លួន​វិញ។
18មនុស្ស​អាក្រក់​បាន​កម្រៃ​ដែល​តែង​តែ​លលួង
តែ​អ្នក​ណា​ដែល​ផ្សាយ​សេចក្ដី​សុចរិត
នោះ​បាន​រង្វាន់​យ៉ាង​ជាប់​លាប់។
19ចំណែក​សេចក្ដី​សុចរិត តែង​នាំ​ឲ្យ​បាន​ជីវិត
តែ​អ្នក​ណា​ដែល​ដេញ​តាម​អំពើ​អាក្រក់
នោះ​រមែង​ធ្វើ​ឲ្យ​ខ្លួន​ស្លាប់​វិញ។
20អ្នក​ណា​ដែល​មាន​ចិត្ត​វៀច
នោះ​ជា​ទី​ស្អប់​ខ្ពើម​ដល់​ព្រះ‌យេហូវ៉ា
តែ​ព្រះ‌អង្គ​គាប់​ព្រះ‌ហឫ‌ទ័យ​អ្នក​ណា
ដែល​ប្រព្រឹត្ត​គ្រប់​លក្ខណ៍​ក្នុង​ផ្លូវ​ខ្លួន។
21ទោះ​បើ​ព្រួត​ដៃ​គ្នា គង់​តែ​មនុស្ស​អាក្រក់
នឹង​មិន​រួច​ពី​ទោស​ឡើយ
តែ​ពូជ‌ពង្ស​របស់​មនុស្ស​សុចរិត
នឹង​មាន​ជំនួយ​ជួយ​ឲ្យ​រួច។
22ស្ត្រី​មាន​រូប​ស្រស់​ល្អ
ដែល​ឥត​មាន​គំនិត​មារយាទ
ប្រៀប​ដូច​ជា​ក្រវិល​មាស
ដែល​ពាក់​នៅ​ច្រមុះ​ជ្រូក។
23សេចក្ដី​ប៉ង​ប្រាថ្នា​របស់​មនុស្ស​សុចរិត
នោះ​សុទ្ធ​តែ​ល្អ
តែ​សេចក្ដី​សង្ឃឹម​របស់​មនុស្ស​អាក្រក់
នោះ​ត្រូវ​ខាង​សេចក្ដី​ក្រេវ‌ក្រោធ​វិញ។
24មាន​មនុស្ស​ដែល​ចែក​ផ្សាយ​ទ្រព្យ
តែ​ចេះ​តែ​ចម្រើន​កើន​ឡើង
ក៏​មាន​មនុស្ស​ដែល​ហួង‌ហែង​ហួស​ខ្នាត
តែ​គេ​ចេះ​តែ​ខ្វះ​ខាត​វិញ។
25មនុស្ស​ដែល​មាន​ចិត្ត​សទ្ធានឹង​បាន​បរិបូរ
ហើយ​អ្នក​ណា​ដែល​ស្រោច​ទឹក​ដល់​គេ
នោះ​នឹង​បាន​គេ​ស្រោច​ទឹក​ដល់​ខ្លួន​ដែរ។
26ឯ​អ្នក​ណា​ដែល​បង្ខាំង​ទុក​អង្ករ
បណ្ដា‌ជន​នឹង​ប្រទេច​ផ្ដាសា​អ្នក​នោះ
តែ​នឹង​មាន​ពរ​ស្ថិត​នៅ​លើ​ក្បាល
នៃ​អ្នក​ណា​ដែល​លក់​ឲ្យ​វិញ។
27អ្នក​ណា​ដែល​ព្យាយាម​ស្វែង​រក​សេចក្ដី​ល្អ
នោះ​រមែង​បាន​គេ​រាប់​អាន​ដល់​ខ្លួន​ដែរ
តែ​អ្នក​ណា​ដែល​ស្វែង​រក​តាម​អាក្រក់
ការ​អាក្រក់​នឹង​កើត​ដល់​អ្នក​នោះ​ឯង។
28អ្នក​ណា​ដែល​ទី​ពឹង​លើ​ទ្រព្យ​សម្បត្តិ​ខ្លួន
នឹង​ត្រូវ​ដួល​ចុះ
តែ​មនុស្ស​សុចរិត​នឹង​រីក​ចម្រើន
ដូច​ជា​ស្លឹក​ឈើ​ខៀវ​ខ្ចី។
29អ្នក​ណា​ដែល​នាំ​ឲ្យ​កើត​វឹក‌វរ​ក្នុង​ផ្ទះ​ខ្លួន
នោះ​នឹង​គ្រង​បាន​ខ្យល់​ជា​មត៌ក
ហើយ​មនុស្ស​ល្ងី‌ល្ងើ​នឹង​ធ្វើ​ជា​បាវ​បម្រើ
ដល់​មនុស្ស​មាន​ប្រាជ្ញា។
30ផល​របស់​មនុស្ស​សុចរិត​ជា​ដើម​ឈើ​នៃ​ជីវិត
ហើយ​អ្នក​ណា​ដែល​មាន​ប្រាជ្ញា
រមែង​ចាប់​បាន​ព្រលឹង​មនុស្ស។
31ប្រសិន​បើ​មនុស្ស​សុចរិត
បាន​ទទួល​រង្វាន់​នៅ​ផែនដី
ចំណង់បើ​មនុស្ស​អាក្រក់
និង​មនុស្ស​មាន​បាប
តើ​នឹង​ទទួល​សំណង
លើស​ជាង​អម្បាល‌ម៉ាន​ទៅ!

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in