នេហេមា 6
6
ការសមគំនិតប្រឆាំងនឹងលោកនេហេមា
1កាលសានបាឡាត ថូប៊ីយ៉ា និងកេសែម ជាសាសន៍អារ៉ាប់ ព្រមទាំងខ្មាំងសត្រូវរបស់យើងបានឮថា ខ្ញុំបានសង់កំផែងឡើង ហើយគ្មានកន្លែងបាក់បែកណានៅសល់ទៀត (ទោះជាពេលនោះ ខ្ញុំមិនទាន់បានដាក់សន្លឹកទ្វារ តាមទ្វារនៅឡើយក៏ដោយ) 2សានបាឡាត និងកេសែម ចាត់គេមកជួបខ្ញុំ និយាយថា៖ «សូមអញ្ជើញមក យើងនឹងពិភាក្សាគ្នានៅភូមិណាមួយ ក្នុងជ្រលងភ្នំអូណូរ»។ ប៉ុន្ដែ គេមានបំណងនឹងធ្វើបាបខ្ញុំ។ 3ដូច្នេះ ខ្ញុំក៏ចាត់មនុស្សឲ្យទៅប្រាប់គេវិញថា៖ «ខ្ញុំកំពុងធ្វើកិច្ចការមួយយ៉ាងធំ ខ្ញុំមិនអាចចុះទៅបានទេ។ ហេតុអ្វីបានជាខ្ញុំត្រូវឈប់ ដោយទុកចោលការងារនេះ ហើយចុះទៅជួបលោកដូច្នេះ?» 4គេបានចាត់មនុស្សមកប្រាប់ខ្ញុំតាមបែបដដែលនេះ ដល់ទៅបួនដង ហើយខ្ញុំក៏ឆ្លើយពាក្យដដែលទៅគេវិញ។ 5បន្ទាប់មក សានបាឡាតចាត់អ្នកបម្រើម្នាក់ឲ្យមកជួបខ្ញុំ តាមបែបដដែល ជាលើកទីប្រាំ មានទាំងកាន់សំបុត្រដែលបើកចំហនៅដៃផង។ 6ក្នុងសំបុត្រនោះ មានសរសេរថា៖ «មានឮដំណឹងនៅគ្រប់ទាំងសាសន៍ ហើយលោកកេសែម ជាសាក្សីថា លោក និងពួកយូដាមានបំណងនឹងបះបោរ ហេតុនេះហើយបានជាលោកសង់កំផែងនេះឡើង ហើយថា តាមពាក្យដែលគេនិយាយនេះ លោកចង់ឡើងធ្វើជាស្តេចរបស់គេ។ 7លោកក៏បានតែងតាំងពួកហោរាឲ្យប្រកាសអំពីរូបលោក នៅក្រុងយេរូសាឡិមថា "មានស្តេចមួយអង្គនៅស្រុកយូដាហើយ" ដំណឹងនេះនឹងឮដល់ស្តេចមិនខាន ដូច្នេះ សូមអញ្ជើញមកឥឡូវនេះ យើងនឹងពិភាក្សាគ្នា»។ 8ខ្ញុំតបទៅគាត់វិញថា៖ «គ្មានការបែបនេះកើតឡើងដូចជាលោករៀបរាប់ទេ គឺលោកបានប្រឌិតរឿងទាំងនេះ ដោយគំនិតខ្លួនឯងប៉ុណ្ណោះ»។ 9ដ្បិតអ្នកទាំងនោះមានបំណងនឹងគំរាមពួកយើង ដោយគិតថា ពួកយើងនឹងថយកម្លាំងដៃ ហើយលែងធ្វើការនោះតទៅទៀត។ ប៉ុន្ដែ ឥឡូវនេះ ឱព្រះអើយ សូមចម្រើនកម្លាំងដៃទូលបង្គំផង។
10គ្រានោះ កាលខ្ញុំចូលទៅផ្ទះរបស់សេម៉ាយ៉ា ជាកូនដេឡាយ៉ា ដែលជាកូនមហេថាបែល គាត់មិនអាចចេញពីផ្ទះបានទេ គាត់និយាយថា៖ «សូមយើងទៅជួបគ្នាក្នុងព្រះដំណាក់របស់ព្រះ គឺក្នុងទីបរិសុទ្ធ ហើយបិទទ្វារឲ្យជិតទៅ ដ្បិតគេនឹងមកសម្លាប់លោក គឺគេនឹងមកសម្លាប់លោក នៅពេលយប់»។ 11ប៉ុន្ដែ ខ្ញុំឆ្លើយថា៖ «តើគួរឲ្យមនុស្សដូចខ្ញុំរត់គេចឬ? តើមនុស្សដូចខ្ញុំនេះ អាចចូលទៅក្នុងព្រះវិហារ ឲ្យរួចជីវិតឬ? ខ្ញុំមិនចូលទៅក្នុងព្រះវិហារទេ!»។ 12ខ្ញុំយល់ឃើញថា ព្រះមិនបានចាត់គាត់ឲ្យធ្វើដូច្នោះឡើយ គឺគាត់បានថ្លែងទំនាយនេះទាស់នឹងខ្ញុំ ព្រោះថូប៊ីយ៉ា និងសានបាឡាតបានជួលគាត់។ 13ដ្បិតគេបានជួលគាត់ឲ្យធ្វើដូច្នេះ ដើម្បីឲ្យខ្ញុំភ័យខ្លាច ឲ្យខ្ញុំធ្វើតាម ហើយប្រព្រឹត្តអំពើបាប ប្រយោជន៍ឲ្យគេបានរឿងនឹងបង្ខូចឈ្មោះខ្ញុំ ហើយត្មះតិះដៀលខ្ញុំ។ 14ឱព្រះនៃទូលបង្គំអើយ សូមនឹកចាំពីថូប៊ីយ៉ា និងសានបាឡាត តាមការទាំងនេះដែលគេបានប្រព្រឹត្ត ហើយសូមនឹកចាំពីនាងណូអាឌា ជាហោរា និងហោរាឯទៀតៗ ដែលចង់បំភ័យទូលបង្គំផង។
ការសង់កំផែងក្រុងយេរូសាឡិមបានចប់សព្វគ្រប់
15ដូច្នេះ កំផែងបានសង់ចប់សព្វគ្រប់ នៅថ្ងៃទីម្ភៃប្រាំ ខែភទ្របទ គឺក្នុងរយៈពេលហាសិបពីរថ្ងៃ។ 16កាលខ្មាំងសត្រូវរបស់យើងទាំងប៉ុន្មានបានឮដំណឹងនេះ សាសន៍ដទៃទាំងប៉ុន្មានដែលនៅជុំវិញយើងក៏ភ័យខ្លាច ហើយគេទ្រោមចុះជាខ្លាំងនៅចំពោះភ្នែករបស់ខ្លួន ដ្បិតគេយល់ឃើញថា កិច្ចការនេះកើតឡើងដោយសារជំនួយរបស់ព្រះនៃយើង។ 17ម្យ៉ាងទៀត ក្នុងគ្រានោះ ពួកអភិជនក្នុងសាសន៍យូដា បានផ្ញើសំបុត្រជាច្រើនទៅថូប៊ីយ៉ា ក៏មានសំបុត្ររបស់ថូប៊ីយ៉ា ផ្ញើមកពួកគេវិញដែរ។ 18ដ្បិតមានមនុស្សជាច្រើននៅស្រុកយូដា ជាប់ពាក់ព័ន្ធជាមួយគាត់ដោយសារពាក្យសម្បថ ព្រោះគាត់ជាកូនប្រសារបស់សេកានា ជាកូនរបស់អើរ៉ាស ហើយយ៉ូហាណានជាកូនប្រុសរបស់គាត់ បានយកកូនស្រីរបស់មស៊ូឡាម ជាកូនរបស់បេរេគា ធ្វើជាប្រពន្ធ។ 19គេក៏បាននិយាយពីអំពើល្អរបស់គាត់ នៅចំពោះមុខខ្ញុំ ហើយក៏នាំយកពាក្យរបស់ខ្ញុំទៅប្រាប់គាត់ដែរ គឺថូប៊ីយ៉ានេះហើយ ដែលផ្ញើសំបុត្រមកបំភ័យខ្ញុំ។
Currently Selected:
នេហេមា 6: គកស១៦
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies