នេហេមា 5
5
លោកនេហេមារកយុត្តិធម៌ឲ្យប្រជាជនដែលត្រូវអ្នកធំសង្កត់សង្កិន
1នៅគ្រានោះ មានសម្រែកជាខ្លាំងរបស់ប្រជាជន និងប្រពន្ធរបស់ពួកគេ ស្រែកឡើងទាស់នឹងពួកបងប្អូនរបស់គេជាសាសន៍យូដា។ 2ដ្បិតមានអ្នកខ្លះពោលថា៖ «យើងខ្ញុំ និងកូនប្រុស កូនស្រីរបស់យើងខ្ញុំ មានគ្នាជាច្រើន សូមឲ្យយើងខ្ញុំមានអាហារ ដើម្បីទទួលទាន ហើយរស់នៅផង»។ 3មានអ្នកខ្លះទៀតពោលថា៖ «យើងខ្ញុំបានបញ្ចាំស្រែចម្ការ និងផ្ទះសំបែងរបស់យើងខ្ញុំអស់ហើយ សូមឲ្យយើងខ្ញុំមានអាហារទទួលទាន នៅគ្រាអំណត់នេះផង»។ 4មានអ្នកខ្លះផ្សេងទៀតពោលថា៖ «យើងខ្ញុំបានបញ្ចាំស្រែចម្ការរបស់យើងខ្ញុំ ដើម្បីយកប្រាក់ទៅបង់ពន្ធថ្វាយស្តេច 5ប៉ុន្តែ យើងខ្ញុំ និងពួកបងប្អូនរបស់យើងខ្ញុំ មានសាច់ឈាមដូចគ្នា កូនចៅរបស់យើងខ្ញុំ ក៏ដូចជាកូនចៅរបស់ពួកគេដែរ តែមើល៍ យើងខ្ញុំបង្ខំចិត្តឲ្យកូនប្រុសកូនស្រីរបស់យើងខ្ញុំ ទៅធ្វើជាខ្ញុំបម្រើគេ ហើយកូនស្រីរបស់យើងខ្ញុំ ខ្លះក៏បានជាប់ជាទាសកររបស់គេ យើងខ្ញុំទាល់ច្រកហើយ ដ្បិតស្រែចម្ការរបស់យើងខ្ញុំក៏ធ្លាក់ទៅក្នុងកណ្ដាប់ដៃអ្នកដទៃដែរ»។
6កាលខ្ញុំបានឮសម្រែករបស់ពួកគេ ហើយឮពាក្យទាំងនេះ ខ្ញុំមានចិត្តក្ដៅក្រហាយជាខ្លាំង។ 7ខ្ញុំក៏ពិចារណាក្នុងចិត្ត ហើយបន្ទោសពួកអភិជន និងពួកមេគ្រប់គ្រង។ ខ្ញុំនិយាយទៅពួកគេថា៖ «អស់លោកគ្រប់គ្នា ទារយកការ ពីពួកបងប្អូនរបស់ខ្លួន»។ ខ្ញុំក៏រៀបចំឲ្យមានការប្រជុំមួយយ៉ាងធំ ទាស់នឹងពួកគេ 8រួចខ្ញុំនិយាយទៅគេថា៖ «យើងបានលោះពួកបងប្អូនរបស់យើងជាសាសន៍យូដា ដែលត្រូវគេលក់ទៅឲ្យសាសន៍ដទៃ តាមតែអាចធ្វើទៅបាន តែឥឡូវនេះ អ្នករាល់គ្នាបែរជាលក់ពួកបងប្អូនរបស់ខ្លួន ក្នុងចំណោមពួកយើងជាពួកសាសន៍យូដាដូចគ្នាទៅវិញ!» គេក៏នៅស្ងៀម រកពាក្យឆ្លើយមិនបានឡើយ។ 9ដូច្នេះ ខ្ញុំក៏និយាយថា៖ «ការដែលអស់លោកធ្វើនេះមិនល្អទេ តើអស់លោកមិនគួរប្រព្រឹត្ត ដោយគោរពកោតខ្លាចដល់ព្រះនៃយើង ដើម្បីកុំឲ្យសាសន៍ដទៃដែលជាខ្មាំងសត្រូវរបស់យើង ត្មះតិះដៀលយើងទេឬ? 10ចំណែកខ្ញុំ ពួកបងប្អូនរបស់ខ្ញុំ និងពួកអ្នកបម្រើរបស់ខ្ញុំ ក៏បានឲ្យប្រាក់ និងស្រូវទៅពួកគេខ្ចីដែរ។ ដូច្នេះ សូមឈប់យកការពីពួកគេទៅ។ 11សូមប្រគល់ស្រែ ចម្ការទំពាំងបាយជូរ ចម្ការអូលីវ និងផ្ទះសំបែងរបស់គេ ទៅគេវិញនៅថ្ងៃនេះទៅ ព្រមទាំងកុំទារប្រាក់ ស្រូវ ទឹកទំពាំងបាយជូរ និងប្រេងដែលអស់លោកបានយកការពីគេនោះផង»។ 12ពេលនោះ គេឆ្លើយថា៖ «យើងខ្ញុំនឹងប្រគល់ឲ្យពួកគេវិញ ក៏នឹងលែងយកការពីពួកគេទៀតដែរ យើងខ្ញុំនឹងធ្វើតាមពាក្យដែលលោកមានប្រសាសន៍»។ ខ្ញុំក៏ហៅពួកសង្ឃមក ហើយបង្ខំឲ្យអ្នកទាំងនោះស្បថថា ពួកគេនឹងធ្វើតាមពាក្យសន្យា។ 13ខ្ញុំក៏រលាស់ថ្នក់អាវរបស់ខ្ញុំ ហើយពោលថា៖ «អ្នកណាមិនធ្វើតាមពាក្យសន្យានេះ សូមឲ្យព្រះរលាស់អ្នកនោះចេញពីផ្ទះ និងពីកិច្ចការរបស់ខ្លួនយ៉ាងនេះដែរ។ យ៉ាងនោះ សូមឲ្យគេខ្ទាតចេញ ហើយនៅខ្លួនទទេទៅ»។ អង្គប្រជុំទាំងមូលក៏ឆ្លើយឡើងថា "អាម៉ែន" ហើយសរសើរតម្កើងព្រះយេហូវ៉ា។ ប្រជាជនក៏ធ្វើតាមពាក្យដែលខ្លួនបានសន្យា។
ចិត្តសប្បុរសរបស់លោកនេហេមា
14ម្យ៉ាងទៀត ចាប់តាំងពីថ្ងៃដែលស្តេចបានតែងតាំងខ្ញុំ ឲ្យធ្វើជាទេសាភិបាលរបស់ពួកគេនៅស្រុកយូដា គឺពីឆ្នាំទីម្ភៃ រហូតដល់ឆ្នាំទីសាមសិបពីរ ក្នុងរជ្ជកាលព្រះបាទអើថាស៊ើកសេស គឺរយៈពេលដប់ពីរឆ្នាំ នោះខ្ញុំ និងបងប្អូនរបស់ខ្ញុំ មិនបានទទួលទានរបបអាហារ ដោយអាងបុណ្យជាទេសាភិបាលឡើយ។ 15ពួកទេសាភិបាលដែលកាន់កាប់ស្រុកមុនខ្ញុំ បានដាក់បន្ទុកយ៉ាងធ្ងន់លើប្រជាជន ហើយបានទារយករបបអាហារ និងស្រាទំពាំងបាយជូររបស់ខ្លួនពីប្រជាជន បន្ថែមលើប្រាក់សែសិបសេកែលទៀតផង។ សូម្បីតែពួកអ្នកបម្រើរបស់គេ ក៏ធ្វើខ្លួនដូចជាម្ចាស់លើប្រជាជនដែរ តែខ្ញុំមិនបានធ្វើដូច្នោះទេ ព្រោះតែកោតខ្លាចដល់ព្រះ។ 16ប្រការមួយទៀត ខ្ញុំក៏បាននៅជាប់នឹងកិច្ចការសង់កំផែងនេះដែរ យើងមិនបានទិញដីឯណាឡើយ ឯពួកអ្នកបម្រើរបស់ខ្ញុំទាំងប៉ុន្មាន សុទ្ធតែបានមូលមកជួយធ្វើកិច្ចការនេះ។ 17ម្យ៉ាងទៀត មានពួកយូដា និងពួកមេគ្រប់គ្រងមួយរយហាសិបនាក់ បរិភោគអាហាររួមតុជាមួយខ្ញុំ ឥតរាប់ពួកអ្នកដែលមកឯយើង ពីពួកសាសន៍ដទៃនៅជុំវិញឡើយ។ 18រីឯភោជនាហារដែលត្រូវរៀបចំក្នុងមួយថ្ងៃៗ គឺគោមួយ ចៀមសម្រាំងប្រាំមួយ ព្រមទាំងសត្វស្លាបដែរ ដែលគេរៀបចំឲ្យខ្ញុំ ហើយដប់ថ្ងៃម្ដង មានស្រាទំពាំងបាយជូរគ្រប់ប្រភេទជាបរិបូរទៀតផង ប៉ុន្តែ ទោះបើច្រើនដល់ម៉្លេះ ក៏ខ្ញុំមិនបានទាមទាររបបអាហារ ដោយអាងសិទ្ធិជាទេសាភិបាលឡើយ ព្រោះបន្ទុកនៃការសាងសង់នេះ ធ្ងន់ដល់ប្រជាជនស្រេចទៅហើយ។ 19ឱព្រះនៃទូលបង្គំអើយ សូមនឹកចាំពីការល្អរបស់ទូលបង្គំផង គឺការទាំងប៉ុន្មានដែលទូលបង្គំបានប្រព្រឹត្តចំពោះប្រជាជននេះ។
Currently Selected:
នេហេមា 5: គកស១៦
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies