YouVersion Logo
Search Icon

នេហេមា 4

4
ខ្មាំង​សត្រូវប្រឆាំង​នឹង​ការ​សង់​កំផែង
1 កាល​សាន‌បាឡាត់​បាន​ឮ​ថា យើង​កំពុង​សង់​កំផែង​ឡើង​វិញ​ដូច្នេះ គាត់​ខឹង​ក្រេវ​ក្រោធ​ជា​ខ្លាំង ហើយ​ចំអក​ឲ្យ​ពួក​យូដា។ 2គាត់​និយាយ​នៅ​មុខ​ពួក​បង‌ប្អូន​របស់​គាត់ និង​នៅ​មុខ​ពល​ទ័ព​ស្រុក​សាម៉ារី​ថា៖ «តើ​ពួក​យូដា​កម្សោយ​នេះ​កំពុង​ធ្វើ​ស្អីនឹង? តើ​គេ​សង់កំផែង​នេះ​សម្រាប់​ខ្លួន​គេ​ឬ? តើ​គេ​នឹង​ថ្វាយ​យញ្ញ‌បូជា​ឬ? តើ​គេ​បង្ហើយកំផែង​នេះ​ក្នុង​រយៈ​ពេល​មួយ​ថ្ងៃ​ឬ? តើ​គេ​យក​ថ្ម​ពី​គំនរ​សំរាម ដែល​ឆេះ​អស់​ទៅហើយ មក​រៀប​ឡើងវិញកើត​ឬ?» 3នោះ​ថូប៊ីយ៉ា ជា​សាសន៍​អាំម៉ូន ដែល​ឈរ​ក្បែរ​គាត់ ក៏​បន្ទរ​ឡើង​ថា៖ «មែន​ហើយ សំណង់​ដែល​ពួក‌គេ​កំពុង​សង់​នេះ បើ​គ្រាន់​តែ​មាន​កញ្ជ្រោង​មួយ​ឡើង​ពី​លើ កំផែង​នោះ​មុខ​ជា​រលំ​មិនខាន!»។ 4ឱ​ព្រះ​នៃ​យើង​ខ្ញុំ​អើយ សូម​ស្តាប់​ចុះ ដ្បិត​គេ​មើល​ងាយ​យើង​ខ្ញុំ​ហើយ។ សូម​បង្វែរ​ពាក្យ​ឡក​ឡើយ​របស់​គេ ទៅ​លើ​ក្បាល​គេ​វិញ ហើយ​សូម​ប្រគល់​គេ​ឲ្យ​សត្រូវ​រឹបអូស នៅ​ក្នុង​ស្រុក​ដែល​គេ​ជាប់​ជា​ឈ្លើយ​នោះទៅ។ 5សូម​កុំ​គ្រប​បាំង​ទោស​របស់​គេ ហើយ​កុំ​លុប​អំពើ​បាប​របស់​គេ ចេញ​ពី​ព្រះ​នេត្រ​របស់​ព្រះ‌អង្គ​ឡើយ ដ្បិត​គេ​បាន​បណ្ដាល​ឲ្យ​ព្រះ‌អង្គ​មាន​សេចក្ដី​ក្រោធ នៅ​ចំពោះ​ពួក​អ្នក​សង់​កំផែង​នេះ​ឡើង​វិញ។
6ដូច្នេះ ពួក​យើង​នាំ​គ្នា​សង់​កំផែង​ឡើង ហើយ​កំផែង​ក៏​បាន​ត​ភ្ជាប់​គ្នា​ជុំ​វិញ រហូត​ដល់​បាន​កម្ពស់​ពាក់​កណ្ដាល ដ្បិត​ប្រជា‌ជន​ធ្វើ​ការ​យ៉ាង​ស្វា​ហាប់។
7 ប៉ុន្ដែ កាល​សាន‌បាឡាត និង​ថូប៊ីយ៉ា ពួក​អារ៉ាប់ និង​ពួក​អាំម៉ូន ព្រម​ទាំង​ពួក​អាសដូឌ​បាន​ឮ​ថា ការ​ជួស‌ជុល​កំផែង​ក្រុង​យេរូ‌សាឡិម​ចេះ​តែ​បាន​ចម្រើន​ឡើង ហើយ​ថា កន្លែង​បាក់​បែក​ចាប់​ផ្ដើម‌ភ្ជិត​ឡើង​វិញ នោះ​ពួក‌គេ​ខឹង​ជា​ខ្លាំង 8ហើយ​គេក៏​ប្រឹក្សា​គ្នា​ដើម្បី​មកវាយ​ក្រុង​យេរូ‌សាឡិម ហើយ​បង្ក​ឲ្យ​មាន​ការ​ច្របូក​ច្របល់។ 9ដូច្នេះ យើង​ក៏​បាន​អធិស្ឋានដល់​ព្រះ​នៃ​យើង ហើយ​ចាត់​ចែង​ឲ្យ​មាន​អ្នក​យាម​ល្បាត ដើម្បី​ការ​ពារ​ទាំង​យប់​ទាំង​ថ្ងៃ។
10ពេល​នោះ ពួក​យូដា​ពោល​ថា៖ «កម្លាំង​របស់​អស់​អ្នក​ដែល​លី​សែងចេះ​តែ​ចុះ​ខ្សោយ​ហើយ គំនរ​បែក​បាក់មាន​ច្រើន​ពេក យើង​ពុំ​អាច​សង់​កំផែង​ឡើង​វិញ​បាន​ទេ»។ 11មួយ​ទៀត ខ្មាំង​សត្រូវ​របស់​យើងពោល​ថា៖ «មុន​ពេល​គេ​ដឹង​ខ្លួន ឬ​ឃើញ​អ្វី​ដែល​កើ​តឡើង យើង​នឹង​ចូល​ទៅ​ក្នុង​ចំណោម​ពួក‌គេ ហើយ​សម្លាប់​ពួក‌គេ ដើម្បី​បញ្ឈប់​កិច្ច​ការ​នោះ»។ 12នៅ​ពេល​សាសន៍​យូដា​ដែល​រស់‌នៅ​ក្បែរ​ពួក‌គេ​មក​ដល់ គេ​ប្រាប់​យើង​ដល់​ទៅដប់​ដង​ថា៖ «គេ​នឹង​ឡើង​មក​ពី​គ្រប់​ទី​កន្លែង​របស់​គេ ដើម្បី​មក​ទាស់​នឹង​ពួក​យើង »។ 13ដូច្នេះ ខ្ញុំ​ក៏​ដាក់​ប្រជា‌ជន​ទាំង​កាន់​ដាវ កាន់​លំពែង និង​ធ្នូ​រ​បស់​គេ ឲ្យ​ឈរ​នៅ​កន្លែង​ទាបៗ​ពី​ក្រោយ​កំផែង នៅ​កន្លែង​ដែល​មើល​ឃើញ​ច្បាស់ តាម​អំបូរ​របស់​គេ​រៀង​ខ្លួន។ 14កាល​ខ្ញុំ​បាន​ត្រួត​ពិនិត្យ​មើលរួច​ហើយ ខ្ញុំ​ក៏​ក្រោក​ឡើង ហើយ​ពោល​ទៅកាន់​ពួក​អភិជន និង​ពួក​អ្នក​គ្រប់​គ្រង ព្រម​ទាំង​ប្រជា‌ជន​ឯ​ទៀត​ៗ​ថា៖ «កុំ​ខ្លាចពួក‌គេ​ឡើយ ចូរ​នឹកចាំ​ពី​ព្រះ‌អម្ចាស់ ដែល​ទ្រង់​ធំ ហើយ​គួរ​ស្ញែង‌ខ្លាច ហើយ​ត្រូវ​ប្រយុទ្ធ​ការពារ​ពួក​បង‌ប្អូន កូន​ប្រុស កូន​ស្រី ប្រពន្ធ និង​ផ្ទះ​សំបែង​របស់​អ្នក​រាល់​គ្នា!»។
15កាល​ខ្មាំង​សត្រូវ​របស់​យើង​បាន​ឮ​ថា យើង​ដឹង​គំនិត​របស់​គេ ហើយ​ថា ព្រះ​បាន​រំលាយ​ផែន​ការ​របស់​គេ នោះ​យើង​ទាំង​អស់​គ្នា​ក៏​វិល​ទៅ​សង់​កំផែង តាម​កិច្ច​ការ​របស់​យើង​រៀង​ៗ​ខ្លួន​វិញ។ 16ដូច្នេះ ចាប់​ពី​ថ្ងៃ​នោះ​មក ពួក​អ្នក​បម្រើ​របស់​ខ្ញុំ​ពាក់​កណ្ដាល​បាន​ធ្វើ​ការ ហើយ​ពាក់​កណ្ដាល​ទៀត កាន់​លំពែង កាន់​ខែល កាន់​ធ្នូ និង​អាវ​ក្រោះ ឯ​ពួក​មេដឹក​នាំ ក៏​ឈរ​នៅ​ពី​ក្រោយ​ពួក​វង្ស​យូដា​ទាំង​មូល 17ដែល​កំពុង​សង់​កំផែង។ អស់​អ្នក​ដែល​លីសែង ហើយដឹក​ជញ្ជូន គេ​ធ្វើ​ការ​ដោយ​ដៃ​ម្ខាង ហើយ​ដៃ​ម្ខាង​ទៀត​កាន់​គ្រឿង​សស្ត្រា‌វុធ។ 18ឯ​ពួក​ជាង​សង់ សុទ្ធ​តែ​ស្ពាយ​ដាវ​ជាប់​នឹង​ខ្លួន ហើយ​ធ្វើ​ការ ឯ​អ្នក​ដែល​ផ្លុំ​ត្រែឈរ​នៅ​ក្បែរ​ខ្ញុំ។ 19ខ្ញុំ​ពោល​ទៅ​កាន់​ពួក​អភិជន ពួក​អ្នក​គ្រប់​គ្រង និង​ប្រជា‌ជនឯ​ទៀត​ៗ​ថា៖ «កិច្ច​ការ​នេះ​ធំ ហើយ​លាត​សន្ធឹង​យ៉ាង​វែង យើងក៏​នៅ​ដាច់​ពី​គ្នានៅ​លើ​កំផែង​ទៀត។ 20ដូច្នេះ នៅ​កន្លែង​ណា​ដែល​អ្នក​រាល់​គ្នា​ឮ​សូរ​ត្រែ នោះ​ត្រូវ​ប្រមូល​គ្នា​មក​ឯ​យើង​នៅ​ទី​នោះ។ ព្រះ​នៃ​យើង​នឹង​ប្រយុទ្ធ​ជំនួស​យើង»។
21ដូច្នេះ យើងក៏​ខំ​ប្រឹង​ធ្វើ​ការ ហើយ​ពួក‌គេ​ពាក់​កណ្ដាល​កាន់​លំពែង ចាប់​តាំង​ពី​ថ្ងៃ​រះ រហូត​ដល់​ផ្កាយ​លេច​ចេញ​មក។ 22នៅ​គ្រា​នោះ ខ្ញុំ​ក៏​ប្រាប់​ប្រជា‌ជន​ថា៖ «ត្រូវ​ឲ្យ​គ្រប់​គ្នា ព្រម​ទាំង​អ្នក​បម្រើ​របស់​ខ្លួន ដេក​នៅ​ក្រុង​យេរូ‌សាឡិម ដើម្បី​ឲ្យ​គេ​ជួយ​ការ​ពារ​យើង​នៅ​ពេល​យប់ ហើយ​ធ្វើ​ការ​នៅ​ពេល​ថ្ងៃ»។ 23ដូច្នេះ ទោះ​ជា​ខ្ញុំ ឬ​បង‌ប្អូន ពួក​អ្នក​បម្រើ​របស់​ខ្ញុំ ឬ​ពួកអ្នកការ​ពារ​ដែល​មក​តាម​ខ្ញុំ​ក្តី គ្មាន​អ្នក​ណា​បាន​ដោះ​សម្លៀក‌បំពាក់​ចេញ​ឡើយ ម្នាក់ៗ​កាន់​អាវុធ​ជាប់​នឹង​ដៃ​ស្ដាំ​ជានិច្ច។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in