YouVersion Logo
Search Icon

ម៉ាកុស 13

13
ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​អំពី​ការ​បំផ្លាញ​ព្រះ‌វិហារ
(ម៉ាថាយ ២៤.១-២ លូកា ២១.៥-៦)
1ពេល​ព្រះ‌យេស៊ូវ​យាង​ចេញ​ពី​ព្រះ‌វិហារ សិស្ស​ព្រះ‌អង្គ​ម្នាក់​ទូល​ព្រះ‌អង្គ​ថា៖ «លោក​គ្រូ មើល​ហ្ន៎ ថ្ម និង​អាគារ​ទាំង​នេះ​ល្អៗ​ណាស់!» 2ព្រះ‌យេស៊ូវ​មាន​ព្រះ​បន្ទូល​ទៅ​គាត់​ថា៖ «តើ​អ្នក​ឃើញ​អាគារ​ធំៗ​ទាំង​នេះ​ឬ​ទេ? នឹង​គ្មាន​ថ្ម​ណា​មួយ​នៅ​ត្រួត​លើ​គ្នា​ទៀត​ឡើយ ទាំង​អស់​នឹង​ត្រូវ​ទម្លាក់​ចុះ»។
3កាល​ព្រះ‌អង្គ​គង់​លើ​ភ្នំ​ដើម​អូលីវ ទល់​មុខ​ព្រះ‌វិហារ នោះ​ពេត្រុស យ៉ាកុប យ៉ូហាន និង​អនទ្រេ ទូល​សួរ​ព្រះ‌អង្គ​ដោយ​ឡែក​ថា៖ 4«សូម​ប្រាប់​យើង​ខ្ញុំ​ផង តើ​ការ​នេះ​នឹង​កើត​ឡើង​នៅ​ពេល​ណា? តើ​នឹង​មាន​ទី​សម្គាល់​អ្វី​ឲ្យ​ដឹង​ពី​ការ​ទាំង​អស់​នេះ ដែល​បម្រុង​នឹង​បាន​សម្រេច?» 5ព្រះ‌យេស៊ូវ​ចាប់​ផ្ដើម​មាន​ព្រះ​បន្ទូល​ទៅ​គេ​ថា៖ «ចូរ​ប្រយ័ត្ន ក្រែង​អ្នក​ណា​នាំ​អ្នក​រាល់​គ្នា​ឲ្យ​វង្វេង 6ដ្បិត​នឹង​មាន​មនុស្ស​ជា​ច្រើន​យក​ឈ្មោះ​ខ្ញុំ​មក​និយាយ​ថា "គឺ​ខ្ញុំ​នេះ​ហើយ" ហើយ​គេ​នឹង​នាំ​មនុស្ស​ជា​ច្រើន​ឲ្យ​វង្វេង។ 7កាល​ណា​អ្នក​រាល់​គ្នា​ឮ​អំពី​សង្គ្រាម និង​ដំណឹង​អំពី​សង្គ្រាម មិន​ត្រូវ​ច្រួល​ច្របល់​ឡើយ ដ្បិត​ហេតុ‌ការណ៍​ទាំង​នេះ​ត្រូវ​តែ​កើត​ឡើង តែ​ពុំ​ទាន់​ដល់​ចុង​បំផុត​នៅ​ឡើយ​ទេ។ 8ដ្បិត​សាសន៍​មួយ​នឹង​លើក​គ្នា​ទាស់​នឹង​សាសន៍​មួយ នគរ​មួយ​ទាស់​នឹង​នគរ​មួយ ។ នឹង​មាន​រញ្ជួយ​ផែន​ដី​នៅ​កន្លែង​ផ្សេងៗ ព្រម​ទាំង​មាន​អំណត់​កើត​ឡើង​ផង។ ការ​នេះ​ប្រៀប​បាន​នឹង​ការ​ចាប់​ផ្ដើម​របស់​ស្ត្រី​ដែល​ឈឺ​ចាប់​ហៀប​នឹង​សម្រាល​កូន»។
ព្រះ‌យេស៊ូវ​ប្រកាស​អំពី​ការ​បៀត​បៀន
9«ប៉ុន្តែ ចូរ​អ្នក​រាល់​គ្នា​ប្រយ័ត្ន​ខ្លួន ដ្បិត​គេ​នឹង​បញ្ជូន​អ្នក​រាល់​គ្នា​ទៅ​ឲ្យ​ក្រុម​ប្រឹក្សា គេ​នឹង​វាយ​អ្នក​រាល់​គ្នា​នៅ​ក្នុង​សាលា​ប្រជុំ ហើយ​អ្នក​រាល់​គ្នា​នឹង​ឈរ​នៅ​ចំពោះ​ទេសា‌ភិបាល និង​ស្តេច ដោយ​ព្រោះ​ខ្ញុំ ដើម្បី​ធ្វើ​បន្ទាល់​ដល់​អស់​លោក​ទាំង​នោះ។ 10ប៉ុន្តែ ដំណឹង​ល្អ ត្រូវ​តែ​ប្រកាស​ប្រាប់​ដល់​គ្រប់​ទាំង​សាសន៍​ជា​មុន​សិន។ 11ពេល​គេ​បញ្ជូន​អ្នក​រាល់​គ្នា​ទៅ​កាត់​ទោស កុំ​ព្រួយ​បារម្ភ​ជា​មុន​អំពី​ពាក្យ​ដែល​អ្នក​រាល់​គ្នា​ត្រូវ​និយាយ​ឡើយ ត្រូវ​និយាយ​តែ​សេចក្តី​ណា​ដែល​ព្រះ​ប្រទាន​មក​អ្នក​រាល់​គ្នា នៅ​វេលា​នោះ​ចុះ ដ្បិត​មិន​មែន​អ្នក​រាល់​គ្នា​ទេ​ដែល​និយាយ គឺ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​វិញ​ទេ​តើ។ 12បង‌ប្អូន​នឹង​បញ្ជូន​បង‌ប្អូន​របស់​ខ្លួន​ទៅ​ឲ្យ​គេ​សម្លាប់ ហើយ​ឪពុក​នឹង​បញ្ជូន​កូន កូន​លើក​គ្នា​ទាស់​នឹង​ឪពុក‌ម្តាយ ហើយ​ប្រគល់​ឲ្យ​គេ​សម្លាប់​ទៀត​ផង។ 13មនុស្ស​ទាំង​អស់​នឹង​ស្អប់​អ្នក​រាល់​គ្នា ព្រោះ​តែ​ឈ្មោះ​ខ្ញុំ តែ​អ្នក​ណា​ដែល​ស៊ូ​ទ្រាំ​ដល់​ចុង​បញ្ចប់ នោះ​នឹង​បាន​សង្គ្រោះ»។
វត្ថុ​ដ៏​ចង្រៃ គួរ​ឲ្យ​ស្អប់​ខ្ពើម
(ម៉ាថាយ ២៤.១៥-២៨ លូកា ២១.២០-២៤)
14«កាល​ណា​អ្នក​រាល់​គ្នា​ឃើញ​វត្ថុ​ដ៏​ចង្រៃ គួរ​ឲ្យ​ស្អប់​ខ្ពើម ឈរ​នៅ​កន្លែង​ដែល​មិន​គួរ​ឈរ (ចូរ​ឲ្យ​អ្នក​អាន​យល់​សេចក្ដី​នេះ​ចុះ) ពេល​នោះ អស់​អ្នក​ដែល​នៅ​ស្រុក​យូដា ត្រូវ​រត់​ចេញ​ទៅ​ជ្រក​តាម​ភ្នំ។ 15អ្នក​នៅ​លើ​ដំបូល​ផ្ទះ​មិន​ត្រូវ​ចុះ​មក​ក្រោម ឬ​ចូល​ទៅ​យក​អ្វី​ចេញ​ពី​ក្នុង​ផ្ទះ​ឡើយ 16ហើយ​អ្នក​ដែល​នៅ​ឯ​ចម្ការ ក៏​មិន​ត្រូវ​ត្រឡប់​មក​យក​អាវ​របស់​ខ្លួន​វិញ​ដែរ។ 17នៅ​គ្រា​នោះ ស្ត្រី​ណា​ដែល​មាន​ផ្ទៃ​ពោះ និង​ស្ត្រី​ណា​ដែល​បំបៅ​កូន នឹង​វេទនា​ណាស់។ 18ចូរ​អធិស្ឋាន​សូម​កុំ​ឲ្យ​ហេតុ‌ការណ៍​នេះ​កើត​ឡើង​នៅ​រដូវ​រងា​ឡើយ 19ដ្បិត​នៅ​គ្រា​នោះ នឹង​មាន​សេចក្តី​វេទនា​យ៉ាង​ខ្លាំង ដែល​តាំង​ពី​កំណើត​ពិភព​លោក​មក គឺ​តាំង​ពី​ព្រះ​បាន​បង្កើត រហូត​មក​ដល់​សព្វ​ថ្ងៃ មិន​ដែល​មាន​ដូច្នោះ​ឡើយ ហើយ​ទៅ​មុខ​ក៏​មិន​ដែល​មាន​ដែរ ។ 20ប្រសិន‌បើ​ព្រះ‌អម្ចាស់​មិន​បាន​បន្ថយ​ថ្ងៃ​ទាំង​នោះ​ឲ្យ​ខ្លី​ទេ នោះ​គ្មាន​មនុស្ស​ណា​បាន​សង្គ្រោះ​ឡើយ ប៉ុន្តែ ព្រះ‌អង្គ​បាន​បន្ថយ​ថ្ងៃ​ទាំង​នោះ​ឲ្យ​ខ្លី ដោយ​យល់​ដល់​ពួក​រើស​តាំង គឺ​ពួក​អ្នក​ដែល​ព្រះ‌អង្គ​ជ្រើស​រើស។ 21ពេល​នោះ បើ​មាន​អ្នក​ណា​ប្រាប់​អ្នក​រាល់​គ្នា​ថា "មើល៍! ព្រះ‌គ្រីស្ទ​គង់​នៅ​ទី​នេះ!" ឬ​ថា "មើល៍! ព្រះ‌អង្គ​គង់​នៅ​ទី​នោះ!" កុំ​ជឿ​គេ​ឡើយ 22ដ្បិត​នឹង​មាន​ព្រះ‌គ្រីស្ទ​ក្លែង​ក្លាយ និង​ហោរា​ក្លែង​ក្លាយ​លេច​មក ហើយ​សម្តែង​ទី​សម្គាល់ និង​ការ​អស្ចារ្យ​ផេ្សងៗ ដើម្បី​នាំ​ពួក​អ្នក​រើស​តាំង​ឲ្យ​វង្វេង ប្រសិន‌បើ​គេ​អាច​ធ្វើ​បាន។ 23ចូរ​ប្រុង​ប្រយ័ត្ន! ដ្បិត​ខ្ញុំ​បាន​ប្រាប់​អី្វៗ​ទាំង​អស់​ដល់​អ្នក​រាល់​គ្នា​ជា​មុន​ហើយ»។
កូន​មនុស្ស​នឹង​យាង​មក​វិញ
(ម៉ាថាយ ២៤.២៩-៤៤ លូកា ២១.២៥-៣៣)
24«ប៉ុន្តែ នៅ​គ្រា​ក្រោយ​សេចក្តី​វេទនា​នោះ ថ្ងៃ​នឹង​ទៅ​ជា​ងងឹត ហើយ​ខែ​នឹង​លែង​បញ្ចេញ​ពន្លឺ 25ផ្កាយ​នឹង​ធ្លាក់​ចុះ​ពី​លើ​មេឃ ហើយ​អំណាច​នានា​នៅ​លើ​មេឃ​នឹង​ត្រូវ​កក្រើក​រំពើក ។ 26បន្ទាប់​មក គេ​នឹង​ឃើញ​កូន​មនុស្ស​យាង​មក​ក្នុង​ពពក ប្រកប​ដោយ‌ចេស្តា និង​សិរី​ល្អ​ជា​ខ្លាំង។ 27ពេល​នោះ លោក​នឹង​ចាត់​ពួក​ទេវតា ឲ្យ​ទៅ​ប្រមូល​ពួក​រើស​តាំង​របស់​លោក ពី​ទិស​ទាំង​បួន តាំង​ពី​ចុង​ផែនដី​ម្ខាង រហូត​ដល់​ចុង​ផែនដី​ម្ខាង»។
មេរៀន​អំពី​ដើម​ល្វា
28«ចូរ​រៀន​ជា​សេចក្តី​ប្រៀប​ធៀប​ពី​ដើម​ល្វា​នេះ​ចុះ។ កាល​ណា​មែក​របស់​វា​ត្រឡប់​ជា​ទន់ ហើយ​ស្លឹក​លាស់​ឡើង អ្នក​រាល់​គ្នា​ដឹង​ថា រដូវ​ក្តៅ​ជិត​មក​ដល់​ហើយ។ 29ដំណើរ​នេះ​ក៏​ដូច្នោះ​ដែរ កាល​ណា​អ្នក​រាល់​គ្នា​ឃើញ​ការ​ទាំង​នេះ​កើត​ឡើង នោះ​ត្រូវ​ដឹង​ថា កូន​មនុស្ស​ជិត​មក​ដល់​ហើយ ក៏​នៅ​មាត់​ទ្វារ​ផង។ 30ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា មនុស្ស​ជំនាន់​នេះ​នឹង​មិន​កន្លង​ផុត​ឡើយ រហូត​ទាល់​តែ​គ្រប់​ការ​ទាំង​នេះ​បាន​កើត​មក។ 31ផ្ទៃ​មេឃ និង​ផែនដី​នឹង​កន្លង​បាត់​ទៅ តែ​ពាក្យ​របស់​ខ្ញុំ នឹង​មិន​កន្លង​បាត់​ឡើយ»។
ការ​ត្រៀម​ខ្លួន​រង់​ចាំ​ទទួល​ព្រះ‌គ្រីស្ទ
32«ប៉ុន្តែ ត្រង់​ឯ​ថ្ងៃ ឬ​ពេល​កំណត់ គ្មាន​អ្នក​ណា​ដឹង​ទេ ទោះ​បី​ពួក​ទេវតា​នៅ​ស្ថាន‌សួគ៌ ឬ​ព្រះ​រាជ​បុត្រា​ក៏​មិន​ជ្រាប​ដែរ មាន​តែ​ព្រះ‌វរបិតា​មួយ​អង្គ​ប៉ុណ្ណោះ​ដែល​ជ្រាប។ 33ចូរ​ប្រុង​ប្រយ័ត្ន ហើយ​ចាំ​យាម ដ្បិត​អ្នក​រាល់​គ្នា​មិន​ដឹង​ថា ពេល​នោះ នឹង​មក​ដល់​នៅ​វេលា​ណា​ទេ។ 34ដំណើរ​នេះ​ប្រៀប​ដូច​ជា​បុរស​ម្នាក់ ដែល​ចេញ​ដំណើរ​ទៅ​ឆ្ងាយ ហើយ​ពេល​គាត់​ចេញ​ពី​ផ្ទះ គាត់​ប្រគល់​អំណាច​ដល់​ពួក​បាវ​បម្រើ ឲ្យ​ម្នាក់ៗ​មាន​ការងារ​រៀងៗ​ខ្លួន ទាំង​បង្គាប់​ឆ្មាំ​ទ្វារ​ឲ្យ​ចាំ​យាម​ផង។ 35ដូច្នេះ ចូរ​ចាំ​យាម ដ្បិត​អ្នក​រាល់​គ្នា​មិន​ដឹង​ថា ម្ចាស់​ផ្ទះ​នឹង​មក​នៅ​វេលា​ណា​ទេ មិន​ដឹង​ជា​ល្ងាច កណ្តាល​អធ្រាត្រ ពេល​មាន់​រងាវ ឬ​ពេល​ព្រលឹម​នោះ​ឡើយ 36ក្រែង​លោ​ពេល​លោក​មក​ដល់​ភ្លាម ឃើញ​អ្នក​រាល់​គ្នា​កំពុង​តែ​ដេក​លក់។ 37សេចក្តី​ដែល​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​នេះ ខ្ញុំ​ប្រាប់​ដល់​មនុស្ស​ទាំង​អស់ គឺ​ថា ចូរ​ចាំ​យាម​ចុះ»។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in