YouVersion Logo
Search Icon

ម៉ាកុស 12

12
រឿង​ប្រៀប​ធៀប​អំពី​អ្នក​ថែរក្សា​ចម្ការ​ទំពាំង​បាយ​ជូរ
(ម៉ាថាយ ២១.៣៣-៤៦ លូកា ២០.៩-១៩)
1បន្ទាប់​មក ព្រះ‌អង្គ​ចាប់​ផ្តើម​មាន​ព្រះ​បន្ទូល​ទៅ​គេ​ជា​រឿង​ប្រៀប​ធៀប​ថា៖ «មាន​បុរស​ម្នាក់​ដាំ​ទំពាំង​បាយ​ជូរ​មួយ​ចម្ការ។ គាត់​បាន​ធ្វើ​របង​ព័ទ្ធ​ជុំ​វិញ ជីក​កន្លែង​មួយ​សម្រាប់​បញ្ជាន់​ផ្លែ ហើយ​សង់​ប៉ម​មួយ។ បន្ទាប់​មក គាត់​ប្រវាស់​ទៅ​ឲ្យ​ពួក​អ្នក​ធ្វើ​ចម្ការ រួច​ក៏​ចេញ​ទៅ​ស្រុក​មួយ​ផេ្សង​ទៀត។ 2លុះ​ដល់​រដូវ​ប្រ​មូល​ផល គាត់​ចាត់​បាវ​បម្រើ​ម្នាក់​ឲ្យ​ទៅ​ជួប​ពួក​អ្នក​ធ្វើ​ចម្ការ ដើម្បី​ទទួល​ផល​ដែល​ជា​ចំណែក​របស់​គាត់ ពី​អ្នក​ទាំង​នោះ។ 3ប៉ុន្តែ គេ​ចាប់​អ្នក​បម្រើ​នោះ​វាយ ហើយ​ដេញ​ឲ្យ​ត្រឡប់​ទៅ​វិញ​ដៃ​ទទេ។ 4គាត់​ចាត់​បាវ​បម្រើ​ម្នាក់​ទៀត​ឲ្យ​ទៅ​ជួប​គេ​ម្តង​ទៀត តែ​គេ​វាយ​ក្បាល​អ្នក​បម្រើ​នោះ ហើយ​ជេរ​ប្រមាថ​ទៀត​ផង។ 5បន្ទាប់​មក គាត់​ចាត់​ម្នាក់​ទៀត​ឲ្យ​ទៅ ហើយ​គេ​សម្លាប់​អ្នក​នោះ ក៏​ប្រព្រឹត្ត​ចំពោះ​អ្នក​បម្រើ​ជា​ច្រើន​ផ្សេង​ទៀត​ដូច​គ្នា ខ្លះ​ត្រូវ​គេ​វាយ ហើយ​ខ្លះ​ទៀត​ត្រូវ​គេ​សម្លាប់។ 6គាត់​នៅ​មាន​កូន​ជា​ទី​ស្រឡាញ់​ម្នាក់​ទៀត។ ទី​បំផុត គាត់​ក៏​ចាត់​កូន​នោះ​ឲ្យ​ទៅ​ជួប​គេ ដោយ​គិត​ថា "គេ​នឹង​គោរព​កូន​ប្រុស​ខ្ញុំ"។ 7ប៉ុន្តែ ពួក​អ្នក​ធ្វើ​ចម្ការ​ទាំង​នោះ​និយាយ​គ្នា​ថា "នេះ​ជា​កូន​គ្រង​មត៌ក​ហើយ មក​យើង​សម្លាប់​វា​ចោល ហើយ​មត៌ក​នេះ​នឹង​ក្លាយ​ជា​របស់​យើង"។ 8ដូច្នេះ​គេ​ក៏​ចាប់​កូន​នោះ​សម្លាប់ ហើយ​បោះ​ចោល​ទៅ​ក្រៅ​ចម្ការ។ 9តើ​ម្ចាស់​ចម្ការ​នឹង​ធ្វើ​ដូច​ម្តេច? គាត់​នឹង​មក​សម្លាប់​ពួក​អ្នក​ធ្វើ​ចម្ការ​ទាំង​នោះ រួច​ប្រគល់​ចម្ការ​ទៅ​ឲ្យ​អ្នក​ផ្សេង​ទៀត។ 10តើ​អ្នក​រាល់​គ្នា​មិន​ដែល​អាន​បទ​គម្ពីរ​នេះ​ទេ​ឬ​ថា
"ថ្ម​ដែល​ពួក​ជាង​សង់​ផ្ទះ​បោះ​ចោល
បាន​ត្រឡប់​ជា​ថ្ម​ជ្រុង​យ៉ាង​ឯក
11ព្រះ‌អម្ចាស់​បាន​ធ្វើ​ការ​នេះ
ហើយ​ជា​ការ​អស្ចារ្យ​នៅ​ចំពោះ​ភ្នែក​យើង​ខ្ញុំ "?»
12គេ​ក៏​រក​មធ្យោ​បាយ​ចាប់​ព្រះ‌អង្គ ព្រោះ​គេ​ដឹង​ថា ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​ជា​រឿង​ប្រៀប​ធៀប​នេះ សំដៅ​លើ​ពួក​គេ ប៉ុន្តែ គេ​ខ្លាច​បណ្ដា​ជន ដូច្នេះ គេ​ក៏​ចេញ​ពី​ព្រះ‌អង្គ​ទៅ។
គេ​ចោទ​សួរ​ព្រះ‌យេស៊ូវ​អំពី​ការ​បង់​ពន្ធ
(ម៉ាថាយ ២២.១៥-២២ លូកា ២០.២០-២៦)
13បន្ទាប់​មក គេ​ចាត់​ពួក​ផារិ‌ស៊ី​ខ្លះ និង​ពួក​ហេរ៉ូឌ​ខ្លះ​ឲ្យ​ទៅ​ជិត​ព្រះ‌អង្គ ដើម្បី​ចាប់​កំហុស​ពេល​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល។ 14ពេល​មក​ដល់ គេ​ទូល​ព្រះ‌អង្គ​ថា៖ «លោក​គ្រូ យើង​ខ្ញុំ​ដឹង​ថា លោក​ជា​មនុស្ស​ពិត​ត្រង់ ហើយ​មិន​ខ្វល់​ពី​អ្នក​ណា ព្រោះ​លោក​មិន​យល់​មុខ​មនុស្ស​ណា​ឡើយ លោក​បង្រៀន​ពី​ផ្លូវ​របស់​ព្រះ តាម​តែ​សេចក្តី​ពិត។ តើ​មាន​ច្បាប់​នឹង​បង់​ពន្ធ​ថ្វាយ​សេសារ​ឬ​ទេ? 15តើ​ត្រូវ​បង់ ឬ​មិន​ត្រូវ​បង់?» ប៉ុន្តែ ព្រះ‌អង្គ​ជ្រាប​ពី​ពុត​ត្បុត​របស់​គេ ហើយ​មាន​ព្រះ​បន្ទូល​ទៅ​គេ​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ល្បង​ល​ខ្ញុំ​ដូច្នេះ? ចូរ​យក​ប្រាក់​កាក់​មួយ​មក​ឲ្យ​ខ្ញុំ​មើល​មើល៍»។ 16គេ​ក៏​យក​ប្រាក់​កាក់​មួយ​មក រួច​ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​សួរ​គេ​ថា៖ «តើ​រូប​នេះ និង​ឈ្មោះ​នេះ ជា​របស់​អ្នក​ណា?» គេ​ទូល​ឆ្លើយ​ថា៖ «របស់​សេសារ»។ 17ព្រះ​យេស៊ូវ​មាន​ព្រះ​បន្ទូល​ទៅ​គេ​ថា៖ «ចូរ​ថ្វាយ​របស់​សេសារ ទៅ​សេសារ​ទៅ ហើយ​របស់​ព្រះ ថ្វាយ​ទៅ​ព្រះ​វិញ»។ គេ​ក៏​មាន​សេច​ក្ដី​អស្ចារ្យ​នឹង​ព្រះ‌អង្គ​ជា​ខ្លាំង។
គេ​ចោទ​សួរ​ព្រះ‌យេស៊ូវ​អំពី​ការ​រស់​ឡើង​វិញ
(ម៉ាថាយ ២២.២៣-៣៣ លូកា ២០.២៧-៤០)
18មាន​ពួក​សាឌូ‌ស៊ី​ខ្លះ​ដែល​ពោល​ថា គ្មាន​ការ​រស់​ឡើង​វិញ បាន​មក​ជួប​ព្រះ‌អង្គ ទូល​ថា៖ 19«លោក​គ្រូ លោក​ម៉ូសេ​បាន​ចែង​ទុក​ឲ្យ​យើង​ខ្ញុំ​ថា "បើ​បង​ប្រុស​របស់​អ្នក​ណា​ស្លាប់​ចោល​ប្រពន្ធ តែ​ឥត​មាន​កូន ប្អូន​ប្រុស​នោះ​ត្រូវ​រៀប​ការ​នឹង​បង​ថ្លៃ ហើយ​បង្កើត​កូន​ឲ្យ​បង​ប្រុស​របស់​ខ្លួន "។ 20ឥឡូវ មាន​បង‌ប្អូន​ប្រុស​ប្រាំ​ពីរ​នាក់ បង​បង្អស់​បាន​រៀប​ការ ហើយ​ស្លាប់​ទៅ​ទាំង​ឥត​មាន​កូន។ 21ប្អូន​បន្ទាប់​ក៏​រៀប​ការ​នឹង​នាង ហើយ​ស្លាប់​ទៅ​ទាំង​ឥត​មាន​កូន​ដែរ។ អ្នក​ទី​បី​ក៏​ដូច​គ្នា 22អ្នក​ទាំង​ប្រាំ​ពីរ​សុទ្ធ​តែ​គ្មាន​កូន​ដូច​គ្នា។ ទី​បំផុត ស្ត្រី​នោះ​ក៏​ស្លាប់​ទៅ​ដែរ។ 23ដូច្នេះ នៅ​គ្រា​រស់​ឡើង​វិញ តើ​នាង​ត្រូវ​ជា​ប្រពន្ធ​របស់​អ្នក​ណា? ដ្បិត​អ្នក​ទាំង​ប្រាំ​ពីរ​សុទ្ធ​តែ​បាន​រៀប​ការ​នឹង​នាង»។
24ព្រះ‌យេស៊ូវ​មាន​ព្រះ​បន្ទូល​ទៅ​គេ​ថា៖ «តើ​នេះ​មិន​មែន​ជា​ហេតុ​ដែល​អ្នក​រាល់​គ្នា​យល់​ខុស ព្រោះ​តែ​អ្នក​រាល់​គ្នា​មិន​ស្គាល់​គម្ពីរ ក៏​មិន​ស្គាល់​ព្រះ‌ចេស្តា​របស់​ព្រះ​ទេ​ឬ? 25ដ្បិត​ពេល​មនុស្ស​ស្លាប់​រស់​ឡើង​វិញ គេ​មិន​រៀប​ការ​ជា​ប្តី​ប្រពន្ធ​ទេ គេ​នឹង​បាន​ដូច​ជា​ទេវតា​នៅ​ស្ថាន‌សួគ៌​វិញ។ 26ឯ​ដំណើរ​ដែល​មនុស្ស​ស្លាប់​រស់​ឡើង​វិញ តើ​អ្នក​រាល់​គ្នា​មិន​បាន​អាន​រឿង​អំពី​គុម្ព​បន្លា នៅ​ក្នុង​គម្ពីរ​លោក​ម៉ូសេ​ទេ​ឬ? ព្រះ‌ទ្រង់​មាន​ព្រះ​បន្ទូល​មក​លោក​ថា "យើង​ជា​ព្រះ​របស់​អ័ប្រា‌ហាំ ជា​ព្រះ​របស់​អ៊ីសាក និង​ជា​ព្រះ​របស់​យ៉ាកុប " 27ព្រះ‌អង្គ​មិន​មែន​ជា​ព្រះ​របស់​មនុស្ស​ស្លាប់​ទេ គឺ​ជា​ព្រះ​របស់​មនុស្ស​រស់​វិញ​ទេ​តើ អ្នក​រាល់​គ្នា​យល់​ខុស​ទាំង​ស្រុង»។
ព្រះឱវាទ​សំខាន់​ជាង​គេ
(ម៉ាថាយ ២២.៣៤-៤០ លូកា ១០.២៥-២៦)
28មាន​អាចារ្យ​ម្នាក់​ចូល​មក​ជិត ឮ​ពួក​គេ​ជជែក​គ្នា ហើយ​ឃើញ​ថា​ព្រះ‌អង្គ​បាន​ឆ្លើយ​នឹង​ពួក​គេ​យ៉ាង​ល្អ គាត់​ក៏​ទូល​សួរ​ព្រះ‌អង្គ​ថា៖ «ក្នុង​ព្រះឱវាទ​ទាំង​ប៉ុន្មាន តើ​ព្រះឱវាទ​ណា​សំខាន់​ជាង​គេ?» 29ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា៖ «ព្រះឱវាទ​ដែល​សំខាន់​ជាង​គេ​គឺ "អ៊ី​ស្រា‌អែល​អើយ ចូរ​ស្តាប់​ចុះ ព្រះ‌អម្ចាស់​ជា​ព្រះ​របស់​យើង ជា​ព្រះ‌អម្ចាស់​តែ​មួយ​ព្រះ‌អង្គ​គត់ 30ត្រូវ​ស្រឡាញ់​ព្រះ‌អម្ចាស់​ជា​ព្រះ​របស់​អ្នក ឲ្យ​អស់​ពី​ចិត្ត អស់​ពី​ព្រលឹង អស់​ពី​គំនិត និង​អស់​អំពី​កម្លាំង​របស់​អ្នក "។ 31ឯ​ព្រះឱវាទ​ទី​ពីរ​គឺ "ត្រូវ​ស្រឡាញ់​អ្នក​ជិត​ខាង​របស់​អ្នក ដូច​ខ្លួន​ឯង" គ្មាន​បទ‌បញ្ជា​ណា​ទៀត​ធំ​ជាង​បទ‌បញ្ជា​ទាំង​ពីរ​នេះ​ឡើយ»។ 32អាចារ្យ​នោះ​ក៏​ទូល​ព្រះ‌អង្គ​ថា៖ «ពិត​ហើយ លោក​គ្រូ លោក​មាន​ប្រសាសន៍​ត្រូវ​ណាស់​ថា ព្រះ‌អង្គ​ជា​ព្រះ​តែ​មួយ​ព្រះ‌អង្គ​គត់ ហើយ​ក្រៅ​ពី​ព្រះ‌អង្គ គ្មាន​ព្រះ​ឯ​ណា​ទៀត​សោះ 33ហើយ​ដែល​ស្រឡាញ់​ព្រះ‌អង្គ​អស់​ពី​ចិត្ត អស់​ពី​ប្រាជ្ញា អស់​ពី​ព្រលឹង និង​អស់​ពី​កម្លាំង ហើយ​ស្រឡាញ់​អ្នក​ជិត​ខាង​ខ្លួន ដូច​ខ្លួន​ឯង នោះ​វិសេស​ជាង​អស់​ទាំង​តង្វាយ​ដុត និង​យញ្ញ‌បូជា​ទាំង​ប៉ុន្មាន​ទៅ​ទៀត»។ 34កាល​ព្រះ‌យេស៊ូវ​ឃើញ​ថា គាត់​ឆ្លើយ​ប្រកប​ដោយ​ប្រាជ្ញា ព្រះ‌អង្គ​ក៏​មាន​ព្រះ​បន្ទូល​ទៅ​គាត់​ថា៖ «អ្នក​នៅ​មិន​ឆ្ងាយ​ពី​ព្រះរាជ្យ​របស់​ព្រះ​ទេ»។ បន្ទាប់​មក គ្មាន​អ្នក​ណា​ហ៊ាន​ទូល​សួរ​អ្វី​ដល់​ព្រះ‌អង្គ​ទៀត​ឡើយ។
សំណួរ​អំពី​ព្រះ‌រាជ‌វង្ស​ព្រះបាទ​ដាវីឌ
(ម៉ាថាយ ២២.៤១-៤៦ លូកា ២០.៤១-៤៤)
35ពេល​ព្រះ‌យេស៊ូវ​កំពុង​បង្រៀន​ក្នុង​ព្រះ‌វិហារ ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​ថា៖ «ហេតុ​អ្វី​បាន​ជា​ពួក​អាចារ្យ​និយាយ​ថា ព្រះ‌គ្រីស្ទ​ជា​ព្រះ‌រាជ‌វង្ស​ព្រះ‌បាទ​ដាវីឌ? 36ព្រះ‌បាទ​ដាវីឌ​ផ្ទាល់ មាន​ព្រះ​បន្ទូល​ដោយ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​ថា
"ព្រះ‌អម្ចាស់​មាន​ព្រះ​បន្ទូល​មក​កាន់
ព្រះ‌អម្ចាស់​របស់​ខ្ញុំ​ថា ចូរ​អង្គុយ​ខាង​ស្តាំ​យើង
រហូត​ដល់​យើង​ដាក់​ខ្មាំង​សត្រូវ​របស់​ព្រះ‌អង្គ
នៅ​ក្រោម​ព្រះ​បាទ​ព្រះ‌អង្គ" ។
37ដូច្នេះ បើ​ព្រះ‌បាទ​ដាវីឌ​ផ្ទាល់​ហៅ​ព្រះ‌គ្រីស្ទ​ថា​ព្រះ‌អម្ចាស់ ធ្វើ​ដូច​មេ្តច​ឲ្យ​ព្រះ‌គ្រីស្ទជា​ព្រះ‌រាជ​វង្ស​របស់​ព្រះ‌អង្គ​ទៅ​កើត?» បណ្ដាជន​ជា​ច្រើន​ទាំង​នោះ​ស្តាប់​ព្រះ‌អង្គ​ដោយ​អំណរ។
ព្រះ‌យេស៊ូវ​ប្រាប់​ឲ្យ​ប្រយ័ត្ន​នឹង​ពួក​អាចារ្យ
(ម៉ាថាយ ២៣.១-៣៦ លូកា ២០.៤៥-៤៧)
38ពេល​ព្រះ‌អង្គ​បង្រៀន ទ្រង់​មាន​ព្រះ​បន្ទូល​ថា៖ «ចូរ​ប្រយ័ត្ន​នឹង​ពួក​អាចារ្យ ដែល​ដើរ​ចុះ​ឡើង​ទាំង​ពាក់​អាវ​វែង ហើយ​ឲ្យ​គេ​គំនាប់​ខ្លួន​នៅ​តាម​ទី​ផ្សារ។ 39គេ​ចូល​ចិត្ត​អង្គុយ​កៅ​អី​កិត្តិយស​ក្នុង​សាលា​ប្រជុំ និង​កន្លែង​កិតិ្ត‌យស​ក្នុង​ពិធី​ជប់​លៀង 40គេ​ស៊ី​បំផ្លាញ​ផ្ទះ​ស្ត្រី​មេម៉ាយ ហើយ​ធ្វើ​ឫក​ជា​អធិស្ឋាន​យូរ។ អ្នក​ទាំង​នោះ​នឹង​ទទួល​ទោស​ធ្ងន់​ជាង​គេ»។
តង្វាយ​របស់​ស្ដ្រី​មេម៉ាយ
(លូកា ២១.១-៤)
41ព្រះ‌យេស៊ូវ​គង់​ទល់​មុខ​ហិប​តង្វាយ ទត​មើល​បណ្តាជន​ដាក់​តង្វាយ​ទៅ​ក្នុង​ហិប​តង្វាយ​នោះ។ អ្នក​មាន​ជា​ច្រើន ដាក់​ប្រាក់​យ៉ាង​ច្រើន។ 42តែ​មាន​ស្ត្រី​មេម៉ាយ​ក្រ​ម្នាក់ មក​ដាក់​តែ​ពីរ​ស្លឹង ដែល​ត្រូវ​ជា​កន្លះ​សេន។ 43ពេល​នោះ ព្រះ‌អង្គ​ហៅ​ពួក​សិស្ស​មក ហើយ​មាន​ព្រះ​បន្ទូល​ទៅ​គេ​ថា៖ «ខ្ញុំ​បា្រប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា ស្ត្រី​មេម៉ាយ​ក្រ​នេះ​បាន​ដាក់​តង្វាយ​ក្នុង​ហិប ច្រើន​ជាង​គេ​ទាំង​អស់។ 44ដ្បិត​គេ​ទាំង​អស់​គ្នា​សុទ្ធ​តែ​បាន​ថ្វាយ​ពី​ប្រាក់​សំណល់​របស់​ខ្លួន តែ​ស្ត្រី​នេះ​បាន​ថ្វាយ​អ្វីៗ​ដែល​នាង​មាន​សម្រាប់​ចិញ្ចឹម​ជីវិត ចេញ​ពី​ភាព​ក្រី​ក្រ​របស់​នាង»។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in