YouVersion Logo
Search Icon

ម៉ាកុស 11

11
ព្រះ‌យេស៊ូវ​យាង​ចូល​ក្រុង​យេរូ‌សាឡិម
(មថ ២១.១-១១ លក ១៩.២៨-៤០ យហ ១២.១២-១៩)
1ពេល​គេ​មក​ជិត​ដល់​ក្រុង​យេរូ‌សាឡិម នៅ​ត្រង់​ភូមិ​បេត‌ផាសេ និង​ភូមិ​បេថា‌នី ជិត​ភ្នំ​ដើម​អូលីវ ព្រះ‌អង្គ​ចាត់​សិស្ស​របស់​ព្រះ‌អង្គ​ពីរ​នាក់ 2ដោយ​មាន​ព្រះ​បន្ទូល​ថា៖ «ចូរ​ទៅ​ភូមិ​នៅ​ខាង​មុខ​អ្នក​រាល់​គ្នា​នោះ​ទៅ ហើយ​ពេល​ចូល​ទៅ​ដល់​ភ្លាម អ្នក​នឹង​ឃើញ​កូន​លា​មួយ​ចង​ទុក​នៅ​ទី​នោះ ដែល​មិន​ទាន់​មាន​អ្នក​ណា​ជិះ​នៅ​ឡើយ ចូរ​ស្រាយ ហើយ​ដឹក​វា​មក។ 3បើ​មាន​អ្នក​ណា​សួរ​ថា "ហេតុ​អ្វី​បាន​ជា​អ្នក​ធ្វើ​ដូច្នេះ?" ចូរ​ប្រាប់​ថា "ព្រះ‌អម្ចាស់​ត្រូវ​ការ​វា តែ​គេ​នឹង​ដឹក​វា​មក​ទី​នេះ​វិញ​ភ្លាម"»។ 4សិស្ស​ទាំង​ពីរ​ក៏​ចេញ​ទៅ ឃើញ​កូន​លា​មួយ​ដែល​គេ​ចង​ទុក​នៅ​មាត់​ទ្វារ​ខាង​ក្រៅ ក្បែរ​ផ្លូវ ហើយ​គេ​ក៏​ស្រាយ​វា។ 5មាន​អ្នក​ខ្លះ​ដែល​ឈរ​នៅ​ទី​នោះ សួរ​ថា៖ «តើ​អ្នក​ធ្វើ​អ្វី​ហ្នឹង ស្រាយ​កូន​លា​នេះ​ឬ?» 6អ្នក​ទាំង​នោះ​ឆ្លើយ​ទៅ​គេ តាម​ពាក្យ​ដែល​ព្រះ‌យេស៊ូវ​បាន​បង្គាប់ ហើយ​គេ​ក៏​ឲ្យ​ដឹក​វា​យក​ទៅ។ 7អ្នក​ទាំង​ពីរ​ដឹក​កូន​លា​នោះ​មក​ថ្វាយ​ព្រះ‌យេស៊ូវ យក​អាវ​របស់​ខ្លួន​ក្រាល​លើ​វា ហើយ​ព្រះ‌អង្គ​ក៏​ឡើង​គង់។ 8មនុស្ស​ជា​ច្រើន​នាំ​គ្នា​យក​អាវ​របស់​ខ្លួន​ក្រាល​តាម​ផ្លូវ ហើយ​ខ្លះ​ទៀត​កាច់​ស្លឹក​ឈើ​ពី​ចម្ការ មក​រាយ​តាម​ផ្លូវ។ 9ពេល​នោះ អស់​អ្នក​ដែល​ដើរ​ហែ​ហម​ពី​មុខ​ពី​ក្រោយ នាំ​គ្នា​ស្រែក​ឡើង​ថា៖ «ហូសា‌ណា សូម​ថ្វាយ​ព្រះ​ពរ​ព្រះ‌អង្គ​ដែល​យាង​មក​ក្នុង​ព្រះ‌នាម​ព្រះ‌អម្ចាស់ ។ 10សូម​ថ្វាយ​ព្រះ​ពរ​ដល់​ព្រះរាជ្យ​ដែល​កំពុង​តែ​មក​ដល់ គឺ​ព្រះរាជ្យ​របស់​ព្រះ​បាទ​ដាវីឌ ជា​បុព្វ‌បុរស​របស់​យើង! ហូសា‌ណា! នៅ​ស្ថាន​ដ៏​ខ្ពស់​បំផុត!»។
11ពេល​ព្រះ‌អង្គ​យាង​មក​ដល់​ក្រុង​យេរូ‌សាឡិម ទ្រង់​ក៏​ចូល​ក្នុង​ព្រះ‌វិហារ។ ក្រោយ​ពី​បាន​ទត​មើល​ជុំ​វិញ​សព្វ​គ្រប់​ហើយ ព្រះ‌អង្គ​ក៏​យាង​ទៅ​ភូមិ​បេថា‌នី​ជា​មួយ​អ្នក​ទាំង​ដប់​ពីរ ដ្បិត​ល្ងាច​ណាស់​ហើយ។
ដើម​ល្វា​ត្រូវ​បណ្ដាសា
(ម៉ាថាយ ២១.១៨-១៩)
12នៅ​ថ្ងៃ​បន្ទាប់ ពេល​គេ​ចេញ​ពី​ភូមិ​បេថា‌នី ព្រះ‌អង្គ​ឃ្លាន។ 13ពេល​ព្រះ‌អង្គ​ទត​ឃើញ​ដើម​ល្វា​មួយ​ដើម​ពី​ចម្ងាយ ដែល​មាន​ស្លឹក ព្រះ‌អង្គ​ក៏​យាង​ទៅ​មើល ក្រែង​រក​បាន​ផ្លែ​ខ្លះ។ កាល​ព្រះ‌អង្គ​យាង​ទៅ​ជិត ទ្រង់​ទត​ឃើញ​មាន​តែ​ស្លឹក​ប៉ុណ្ណោះ ព្រោះ​មិន​ទាន់​ដល់​រដូវ​ល្វា​ផ្លែ​នៅ​ឡើយ។ 14ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​ទៅ​ដើម​ល្វា​នោះ​ថា៖ «សូម​កុំ​ឲ្យ​អ្នក​ណា​បរិ‌ភោគ​ផ្លែ​ពី​ឯង​ទៀត​ឡើយ»។ ពួក​សិស្ស​ព្រះ‌អង្គ​ក៏​ឮ។
ព្រះ‌យេស៊ូវ​សម្អាត​ព្រះវិហារ
15កាល​គេ​មក​ដល់​ក្រុង​យេរូ‌សាឡិម ព្រះ‌អង្គ​ក៏​យាង​ចូល​ទៅ​ក្នុង​ព្រះ‌វិហារ ហើយ​ចាប់​ផ្ដើម​ដេញ​អស់​អ្នក​ដែល​លក់​ដូរ​ក្នុង​ព្រះ‌វិហារ​ចេញ ទ្រង់​ផ្កាប់​តុ​របស់​ពួក​អ្នក​ដូរ​ប្រាក់ និង​កៅ​អី​របស់​ពួក​អ្នក​លក់​ព្រាប 16ហើយ​ព្រះ‌អង្គ​មិន​ឲ្យ​អ្នក​ណា​ម្នាក់​លី​សែង​អ្វី​ឆ្លង​កាត់​ព្រះ‌វិហារ​ឡើយ។ 17ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​បង្រៀន​គេ​ថា៖ «តើ​គ្មាន​សេចក្តី​ចែង​ទុក​មក​ទេ​ឬ​ថា
"ដំណាក់​របស់​យើង ត្រូវ​ហៅ​ថា​ជា​ដំណាក់
សម្រាប់​អស់​ទាំង​សាសន៍​អធិស្ឋាន ?"
ប៉ុន្តែ អ្នក​រាល់​គ្នា​យក​ដំណាក់​នេះ
ធ្វើ​ជា​រោង​ចោរ ទៅ​វិញ»។
18ពួក​សង្គ្រាជ និង​ពួក​អាចារ្យ​ឮ​ដូច្នេះ គេ​ក៏​រក​មធ្យោ​បាយ​ធ្វើ​គុត​ព្រះ‌អង្គ ដ្បិត​គេ​ខ្លាច​ព្រះ‌អង្គ ព្រោះ​បណ្តា​ជន​ទាំង​អស់​មាន​សេចក្តី​អស្ចារ្យ​ក្នុង​ចិត្ត​ចំពោះ​សេចក្តី​បង្រៀន​របស់​ព្រះ‌អង្គ។ 19លុះ​ដល់​ល្ងាច ព្រះ‌អង្គ និង​ពួក​សិស្ស​ក៏​ចាក​ចេញ​ពី​ទី​ក្រុង។
មេ​រៀន​អំពី​ដើម​ល្វា​ក្រៀម​ស្វិត
(ម៉ាថាយ ២១.២០-២២)
20លុះ​ព្រឹក​ឡើង ពេល​គេ​ធ្វើ​ដំណើរ​តាម​ផ្លូវ ពួក​សិស្ស​ឃើញ​ដើម​ល្វា​នោះ​ក្រៀម​ស្វិត រហូត​ដល់​ឫស។ 21ពេល​នោះ ពេត្រុស​នឹក​ឃើញ ហើយ​ទូល​ព្រះ‌អង្គ​ថា៖ «រ៉ាប៊ី មើល៍! ដើម​ល្វា​ដែល​លោក​ដាក់​បណ្តាសា ក្រៀម​ស្វិត​ទៅ​ហើយ»។ 22ព្រះ‌យេស៊ូវ​មាន​ព្រះ​បន្ទូល​ឆ្លើយ​ទៅ​គេ​ថា៖ «ចូរ​មាន​ជំនឿ​ដល់​ព្រះ​ចុះ! 23ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា បើ​អ្នក​ណា​និយាយ​ទៅ​ភ្នំ​នេះ​ថា "ចូរ​រើ​ចេញ​ពី​ទី​នេះ ទៅ​ធ្លាក់​ក្នុង​សមុទ្រ​ទៅ!" ហើយ​នៅ​ក្នុង​ចិត្ត​ជឿ​ដោយ​ឥត​សង្ស័យ​ថា អ្វី​ដែល​ខ្លួន​និយាយ​នឹង​បាន​សម្រេច នោះ​នឹង​បាន​សម្រេច​ដល់​អ្នក​នោះ​មែន។ 24ដូច្នេះ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា អ្វី​ក៏​ដោយ​ដែល​អ្នក​រាល់​គ្នា​អធិស្ឋាន​សូម ចូរ​ជឿ​ថា អ្នក​រាល់​គ្នា​បាន​ទទួល​ហើយ នោះ​អ្នក​នឹង​បាន​មែន។
25ពេល​ណា​អ្នក​ឈរ​អធិស្ឋាន បើ​អ្នក​មាន​ទំនាស់​អ្វី​នឹង​អ្នក​ណា​ម្នាក់ ចូរ​អត់​ទោស​ឲ្យ​គេ​ទៅ ដើម្បី​ឲ្យ​ព្រះ‌វរបិតា​របស់​អ្នក​រាល់​គ្នា ដែល​គង់​នៅ​ស្ថាន‌សួគ៌ អត់​ទោស​ចំពោះ​អំពើ​រំលង​ច្បាប់​របស់​អ្នក​រាល់​គ្នា​ដែរ»។ 26[តែ​បើ​អ្នក​រាល់​គ្នា​មិន​អត់​ទោស​ឲ្យ​គេ​ទេ នោះ​ព្រះ‌វរបិតា​របស់​អ្នក​រាល់​គ្នា ដែល​គង់​នៅ​ស្ថាន‌សួគ៌​ក៏​មិន​អត់​ទោស​ចំពោះ​អំពើ​រំលង​ច្បាប់​របស់​អ្នក​រាល់​គ្នា​ដែរ។]
គេ​ចោទ​សួរ​ពី​អំណាច​របស់​ព្រះ‌យេស៊ូវ
(ម៉ាថាយ ២១.២៣-២៧ លូកា ២០.១-៨)
27ព្រះ​យេស៊ូវ​យាង​ចូល​ក្រុង​យេរូ‌សាឡិម​ជា​មួយ​ពួក​សិស្ស​ម្តង​ទៀត។ ពេល​ព្រះ‌អង្គ​កំពុង​តែ​យាង​ចុះ​ឡើង​ក្នុង​ព្រះ‌វិហារ ពួក​សង្គ្រាជ ពួក​អាចារ្យ និង​ពួក​ចាស់​ទុំ​ក៏​ចូល​មក​ជួប​ព្រះ‌អង្គ 28ហើយ​ទូល​សួរ​ថា៖ «តើ​លោក​ធ្វើ​ការ​ទាំង​នេះ​ដោយ​អាង​អំណាច​អ្វី? តើ​អ្នក​ណា​ប្រគល់​អំណាច​ឲ្យ​លោក​ធ្វើ​ការ​ទាំង​នេះ?» 29ព្រះ‌យេស៊ូវ​មាន​ព្រះ​បន្ទូល​ទៅ​គេ​ថា៖ «ខ្ញុំ​នឹង​សួរ​អស់​លោក​ពី​សំណួរ​មួយ សូម​ឆ្លើយ​ប្រាប់​ខ្ញុំ នោះ​ខ្ញុំ​នឹង​ប្រាប់​អស់​លោក​ថា ខ្ញុំ​ធ្វើ​ការ​ទាំង​នេះ​ដោយ​អាង​អំណាច​អ្វី។ 30តើ​ពិធី​ជ្រមុជ​របស់​លោក​យ៉ូហាន មក​ពី​ស្ថាន‌សួគ៌ ឬ​មក​ពី​មនុស្ស? សូម​ឆ្លើយ​ប្រាប់​ខ្ញុំ​មើល៍»។ 31គេ​រិះ‌គិត​គ្នា​ថា៖ «បើ​យើង​ថា មក​ពី​ស្ថាន‌សួគ៌ នោះ​គាត់​មុខ​ជា​សួរ​យើង​ថា ចុះ​ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​មិន​បាន​ជឿ​គាត់? 32ចុះ​បើ​យើង​និយាយ​ថា មក​ពី​មនុស្ស​វិញ?…» (ពួក​គេ​ខ្លាច​បណ្តា‌ជន ដ្បិត​មនុស្ស​ទាំង​អស់​ចាត់​ទុក​លោក​យ៉ូហាន​ថា​ជា​ហោរា​ពិត​ប្រាកដ​មែន)។ 33ដូច្នេះ គេ​ទូល​ឆ្លើយ​ទៅ​ព្រះ​យេស៊ូវ​ថា៖ «យើង​មិន​ដឹង​ទេ!» ព្រះ​យេស៊ូវ​មាន​ព្រះ​បន្ទូល​ទៅ​គេ​ថា៖ «ខ្ញុំ​ក៏​មិន​ប្រាប់​អស់​លោក​ថា ខ្ញុំ​ធ្វើ​ការ​ទាំង​នេះ​ដោយ​អាង​អំណាច​អ្វី​នោះ​ដែរ»។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in