YouVersion Logo
Search Icon

ម៉ាកុស 10

10
ដំបូន្មាន​អំពី​រឿង​លែង​លះ​ប្ដី​ប្រពន្ធ
(ម៉ាថាយ ១៩.១-១២ លូកា ១៦.១៨)
1ព្រះ‌យេស៊ូវ​យាង​ចេញ​ពី​ទី​នោះ ទៅ​កាន់​ស្រុក​យូដា និង​នៅ​ខាង​នាយ​ទន្លេ​យ័រ‌ដាន់។ ពេល​នោះ មហាជន​នាំ​គ្នា​មក​ចោម​រោម​ព្រះ‌អង្គ​ម្តង​ទៀត ហើយ​ព្រះ‌អង្គ​ក៏​បង្រៀន​គេ​តាម​ទម្លាប់​របស់​ព្រះ‌អង្គ។
2មាន​ពួក​ផារិ‌ស៊ី​ខ្លះ​បាន​ចូល​មក​ល្បង​ល​ព្រះ‌អង្គ ដោយ​សួរ​ថា៖ «តើ​មាន​ច្បាប់​ឲ្យ​បុរស​លែង​ប្រពន្ធ​បាន​ឬ​ទេ?» 3ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​ឆ្លើយ​ទៅ​គេ​ថា៖ «តើ​លោក​ម៉ូសេ​បាន​បង្គាប់​អ្នក​រាល់​គ្នា​ដូច​ម្តេច?» 4គេ​ទូល​ថា៖ «លោក​ម៉ូសេ​អនុញ្ញាត​ឲ្យ​បុរស​សរសេរ​សំបុត្រ​លែង​លះ ហើយ​ឲ្យ​លែង​នាង​បាន»។ 5ប៉ុន្តែ ព្រះ‌យេស៊ូវ​មាន​ព្រះ​បន្ទូល​ទៅ​គេ​ថា៖ «លោក​បាន​ចែង​បទ‌បញ្ជា​ដូច្នេះ​សម្រាប់​អ្នក​រាល់​គ្នា ព្រោះ​តែ​អ្នក​រាល់​គ្នា​មាន​ចិត្ត​រឹង​រូស។ 6ប៉ុន្តែ តាំង​ពី​ដើម​កំណើត​ពិភព​លោក​មក "ព្រះ​បាន​បង្កើត​គេ​ជា​ប្រុស​ជា​ស្រី" 7"ដោយ​ហេតុ​នេះ​បាន​ជា​បុរស​ត្រូវ​ចាក​ចេញ​ពី​ឪពុក‌ម្តាយ [ទៅ​រួម​រស់​ជា​មួយ​ប្រពន្ធ​របស់​ខ្លួន] 8ហើយ​អ្នក​ទាំង​ពីរ​នឹង​ត្រឡប់​ជា​សាច់​តែ​មួយ "។ ដូច្នេះ គេ​មិន​មែន​ពីរ​នាក់​ទៀត​ទេ គឺ​ជា​សាច់​តែ​មួយ​វិញ។ 9ដូច្នេះ មនុស្ស​ដែល​ព្រះ​បាន​ផ្សំ‌ផ្គុំ​ហើយ មិន​ត្រូវ​ឲ្យ​អ្នក​ណា​មក​ពង្រាត់​ឡើយ»។
10ពេល​ចូល​ក្នុង​ផ្ទះ ពួក​សិស្ស​ទូល​សួរ​ព្រះ‌អង្គ​អំពី​រឿង​នេះ​ម្តង​ទៀត។ 11ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​ទៅ​គេ​ថា៖ «អ្នក​ណា​លែង​ប្រពន្ធ ហើយ​រៀប​ការ​នឹង​ស្ត្រី​ម្នាក់​ទៀត អ្នក​នោះ​ផិត​ក្បត់​នឹង​ប្រពន្ធ 12ហើយ​បើ​នាង​លែង​ប្តី រួច​រៀប​ការ​នឹង​បុរស​ម្នាក់​ទៀត ស្ត្រី​នោះ​ក៏​ផិត​ក្បត់​ដែរ»។
ព្រះ‌យេស៊ូវ​ប្រទាន​ពរ​ក្មេងៗ
(ម៉ាថាយ ១៩.១៣-១៥ លូកា ១៨.១៥-១៧)
13មាន​មនុស្ស​នាំ​ក្មេង​តូចៗ​មក​ថ្វាយ​ព្រះ‌អង្គ ដើម្បី​ឲ្យ​ព្រះ‌អង្គ​ពាល់​ពួក​គេ ប៉ុន្តែ ពួក​សិស្ស​បន្ទោស​អ្នក​ទាំង​នោះ។ 14កាល​ព្រះ‌យេស៊ូវ​ឃើញ​ដូច្នោះ ព្រះ‌អង្គ​ទាស់​ព្រះ‌ហឫ‌ទ័យ​ជា​ខ្លាំង ហើយ​មាន​ព្រះ​បន្ទូល​ទៅ​គេ​ថា៖ «ទុក​ឲ្យ​ក្មេងៗ​មក​រក​ខ្ញុំ​ចុះ កុំ​ឃាត់​ពួក​គេ​ឡើយ ដ្បិត​ព្រះរាជ្យ​របស់​ព្រះ​ជា​របស់​មនុស្ស ដូច​ក្មេងៗ​ទាំង​នេះ​ឯង»។ 15ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា៖ «អ្នក​ណា​មិន​ទទួល​ព្រះរាជ្យ​របស់​ព្រះ ដូច​ជា​ក្មេង​តូច​មួយ​នេះ​ទេ អ្នក​នោះ​មិន​អាច​ចូល​ក្នុង​ព្រះរាជ្យ​របស់​ព្រះ​បាន​ឡើយ»។ 16បន្ទាប់​មក ព្រះ‌អង្គ​លើក​ក្មេង​ទាំង​នោះ​ឡើង ដាក់​ព្រះ‌ហស្ត​លើ ហើយ​ប្រទាន​ពរ​ពួក​គេ។
អ្នក​មាន​ម្នាក់​ចង់​បាន​ជីវិត​អស់​កល្ប​ជា‌និច្ច
(ម៉ាថាយ ១៩.១៦-៣០ លូកា ១៨.១៨-៣០)
17កាល​ព្រះ‌អង្គ​កំពុង​ចេញ​ដំណើរ​ទៅ មាន​បុរស​ម្នាក់​រត់​មក ហើយ​លុត​ជង្គង់​ចុះ​នៅ​ចំពោះ​ព្រះ‌អង្គ ទូល​ថា៖ «លោក​គ្រូ​ល្អ​អើយ! តើ​ខ្ញុំ​ត្រូវ​ធ្វើ​ដូច​ម្តេច​ដើម្បី​ឲ្យ​បាន​ជីវិត​អស់​កល្ប​ជា‌និច្ច​ទុក​ជា​មត៌ក?» 18ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​ហៅ​ខ្ញុំ​ថា​ល្អ​ដូច្នេះ? គ្មាន​អ្នក​ណា​ល្អ​ទេ មាន​តែ​ព្រះ​មួយ​អង្គ​ប៉ុណ្ណោះ។ 19អ្នក​ស្គាល់​ព្រះឱវាទ​ហើយ​ថា "កុំ​សម្លាប់​មនុស្ស កុំ​ផិត​ក្បត់ កុំ​លួច កុំ​ធ្វើ​បន្ទាល់​ក្លែង​ក្លាយ កុំ​កេង​បន្លំ ចូរ​គោរព​ឪពុក‌ម្តាយ​របស់​អ្នក "»។ 20បុរស​នោះ​ទូល​ព្រះ‌អង្គ​ថា៖ «លោក​គ្រូ ខ្ញុំ​បាន​កាន់​តាម​សេចក្តី​ទាំង​នោះ តាំង​ពី​ក្មេង​មក»។ 21ព្រះ‌យេស៊ូវ​ទត​ទៅ​គាត់ ទ្រង់​ស្រឡាញ់​គាត់ ហើយ​មាន​ព្រះ​បន្ទូល​ថា៖ «អ្នក​នៅ​ខ្វះ​ការ​មួយ ចូរ​ទៅ​លក់​អ្វីៗ​ដែល​អ្នក​មាន ហើយ​យក​លុយ​ទៅ​ឲ្យ​អ្នក​ក្រ​ទៅ នោះ​អ្នក​នឹង​មាន​ទ្រព្យ‌សម្បត្តិ​នៅ​ស្ថាន‌សួគ៌ រួច​ហើយ​មក​តាម​ខ្ញុំ»។ 22ពេល​គាត់​ឮ​ដូច្នេះ គាត់​មាន​ទឹក​មុខ​ស្រ​ពោន ហើយ​ចេញ​ទៅ​ទាំង​ព្រួយ​ចិត្ត ព្រោះ​គាត់​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​ណាស់។
23ព្រះ‌យេស៊ូវ​ទត​មើល​ជុំ​វិញ ហើយ​មាន​ព្រះ​បន្ទូល​ទៅ​ពួក​សិស្ស​របស់​ព្រះ‌អង្គ​ថា៖ «អ្នក​មាន​ចូល​ទៅ​ក្នុង​ព្រះរាជ្យ​របស់​ព្រះ​ពិបាក​ណាស់!» 24ពួក​សិស្ស​ងឿង​ឆ្ងល់​នឹង​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ តែ​ព្រះ​យេស៊ូវ​មាន​ព្រះ​បន្ទូល​ទៅ​គេ​ម្តង​ទៀត​ថា៖ «កូន​អើយ ព្រះរាជ្យ​របស់​ព្រះ​ពិបាក​ចូល​ណាស់! 25សត្វ​អូដ្ឋ​ចូល​តាម​ប្រហោង​ម្ជុល ងាយ​ជាង​អ្នក​មាន​ចូល​ទៅ​ក្នុង​ព្រះរាជ្យ​របស់​ព្រះ​ទៅ​ទៀត»។ 26ពួក​សិស្ស​នឹក​ប្លែក​ក្នុង​ចិត្ត​ជា​ខ្លាំង ហើយ​និយាយ​គ្នា​ទៅ​វិញ​ទៅ​មក​ថា៖ «ដូច្នេះ តើ​អ្នក​ណា​អាច​ទទួល​ការ​សង្គ្រោះ​បាន?» 27ព្រះ‌យេស៊ូវ​ទត​ទៅ​គេ ហើយ​មាន​ព្រះ​បន្ទូល​ថា៖ «ការ​នេះ​មនុស្ស​មិន​អាច​ធ្វើ​បាន​ទេ តែ​ព្រះ​អាច​ធ្វើ​បាន ដ្បិត​ព្រះ​អាច​ធ្វើ​គ្រប់​ការ​ទាំង​អស់​បាន»។
28ពេត្រុស​ចាប់​ផ្ដើម​ទូល​ព្រះ‌អង្គ​ថា៖ «មើល៍ យើង​ខ្ញុំ​បាន​លះ​ចោល​អ្វីៗ​ទាំង​អស់​មក​តាម​ព្រះ‌អង្គ​ហើយ»។ 29ព្រះ‌យេស៊ូវ​មាន​ព្រះ​បន្ទូល​ថា៖ «ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា គ្មាន​អ្នក​ណា​ដែល​លះ​ចោល​ផ្ទះ​សំបែង បង‌ប្អូន​ប្រុស​ស្រី ឪពុក‌ម្តាយ កូន ឬ​ស្រែ​ចម្ការ ដោយ​ព្រោះ​ខ្ញុំ និង​ដោយ​ព្រោះ​ដំណឹង​ល្អ 30ហើយ​មិន​បាន​ទទួល​មួយ​ជា​មួយ​រយ ក្នុង​សម័យ​នេះ​នោះ​ឡើយ គឺ​ជា​ផ្ទះ​សំបែង បង‌ប្អូន​ប្រុស​ស្រី ម្តាយ កូន និង​ស្រែ​ចម្ការ ព្រម​ទាំង​ការ​បៀត‌បៀន​ដែរ ហើយ​នៅ​ឯ​បរ‌លោក នឹង​បាន​ជីវិត​រស់​អស់​កល្ប​ជា‌និច្ច​ថែម​ទៀត​ផង។ 31តែ​មនុស្ស​ជា​ច្រើន​ដែល​ជា​អ្នក​មុន នឹង​ទៅ​ជា​ក្រោយ ហើយ​អ្នក​ក្រោយ​នឹង​ទៅ​ជា​មុន​វិញ»។
ព្រះ‌យេស៊ូវ​ប្រកាស​អំពី​ការ​សុគត និង​រស់​ឡើង​វិញ​របស់​ព្រះ‌អង្គ​ជា​លើក​ទីបី
(ម៉ាថាយ ២០.១៧-១៩ លូកា ១៨.៣១-៣៤)
32កាល​ពួក​គេ​កំពុង​ដើរ​តាម​ផ្លូវ ឡើង​ទៅ​ក្រុង​យេរូ‌សាឡិម ព្រះ‌យេស៊ូវ​យាង​នាំ​មុខ​គេ។ ពួក​សិស្ស​មាន​ចិត្ត​វិល​វល់ ហើយ​អស់​អ្នក​ដែល​ដើរ​តាម​ក្រោយ​ក៏​ភ័យ​ខ្លាច។ ព្រះ‌អង្គ​នាំ​អ្នក​ទាំង​ដប់​ពីរ​ទៅ​ដោយ​ឡែក​ម្តង​ទៀត ហើយ​ចាប់​ផ្ដើម​មាន​ព្រះ​បន្ទូល​ប្រាប់​អំពី​ការ​ដែល​ត្រូវ​កើត​ឡើង​ដល់​ព្រះ‌អង្គ​ថា៖ 33«មើល៍ យើង​ឡើង​ទៅ​ក្រុង​យេរូ‌សាឡិម ហើយ​កូន​មនុស្ស​នឹង​ត្រូវ​គេ​បញ្ជូន​ទៅ​ឲ្យ​ពួក​សង្គ្រាជ និង​ពួក​អាចារ្យ គេ​នឹង​កាត់​ទោស​ប្រហារ​ជីវិត​លោក រួច​បញ្ជូន​លោក​ទៅ​ឲ្យ​ពួក​សាសន៍​ដទៃ។ 34ពួក​នោះ​នឹង​ចំអក​ឲ្យ​លោក ស្តោះ​ទឹក​មាត់​ដាក់​លោក វាយ​លោក​នឹង​រំពាត់ ហើយ​សម្លាប់​លោក តែ​បី​ថ្ងៃ​ក្រោយ​មក លោក​នឹង​រស់​ឡើង​វិញ»។
សំណូម‌ពរ​របស់​លោក​យ៉ាកុប និង​លោក​យ៉ូហាន
(ម៉ាថាយ ២០.២០-២៨)
35យ៉ាកុប និង​យ៉ូហាន ជា​កូន​លោក​សេបេ‌ដេ ចូល​មក​ជិត​ព្រះ‌អង្គ ទូល​ថា៖ «លោក​គ្រូ សូម​លោក​គ្រូ​យល់​ព្រម​តាម​សំណូម​របស់​យើង​ខ្ញុំ​ផង»។ 36ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​សួរ​ថា៖ «តើ​អ្នក​ចង់​ឲ្យ​ខ្ញុំ​ធ្វើ​អ្វី​ឲ្យ​អ្នក?» 37គេ​ទូល​ព្រះ‌អង្គ​ថា៖ «ពេល​លោក​គ្រូ​គង់​លើ​បល្ល័ង្ក​ដ៏​រុង​រឿង សូម​ប្រោស​ប្រទាន​ឲ្យ​យើង​ខ្ញុំ​បាន​អង្គុយ​អម​លោក​គ្រូ ម្នាក់​ខាង​ស្តាំ ហើយ​ម្នាក់​ខាង​ឆ្វេង​ផង»។ 38ប៉ុន្ដែ ព្រះ‌យេស៊ូវ​មាន​ព្រះ​បន្ទូល​ថា៖ «អ្នក​មិន​ដឹង​ថា​ខ្លួន​កំពុង​សុំ​អ្វី​ឡើយ តើ​អ្នក​អាច​នឹង​ផឹក​អំពី​ពែង ដែល​ខ្ញុំ​ត្រូវ​ផឹក ហើយ​ទទួល​ពិធី​ជ្រមុជ​ដែល​ខ្ញុំ​ត្រូវ​ទទួល​បាន​ឬ​ទេ?» 39គេ​ទូល​ឆ្លើយ​ថា៖ «យើង​ខ្ញុំ​អាច​ទទួល​បាន»។ ព្រះ‌យេស៊ូវ​មាន​ព្រះ​បន្ទូល​ទៅ​គេ​ថា៖ «អ្នក​នឹង​ផឹក​ពី​ពែង​ដែល​ខ្ញុំ​ផឹក ហើយ​ទទួល​ពិធី​ជ្រមុជ​ដែល​ខ្ញុំ​ទទួល​មែន 40តែ​ដែល​អង្គុយ​ខាង​ស្តាំ ឬ​ខាង​ឆ្វេង​ខ្ញុំ នោះ​មិន​មែន​ស្រេច​លើ​ខ្ញុំ​ទេ គឺ​សម្រាប់​អស់​អ្នក​ដែល​ព្រះ​បាន​រៀប​ចំ​ទុក​ឲ្យ​ប៉ុណ្ណោះ»។
41កាល​សិស្ស​ដប់​នាក់​ទៀត​បាន​ឮ​ដូច្នោះ គេ​ចា​ប់​ផ្ដើម​ខឹង​នឹង​យ៉ាកុប និង​យ៉ូហាន។ 42ព្រះ‌យេស៊ូវ​ហៅ​អ្នក​ទាំង​នោះ​មក ហើយ​មាន​ព្រះ​បន្ទូល​ទៅ​គេ​ថា៖ «អ្នក​រាល់​គ្នា​ដឹង​ថា ក្នុង​ចំណោម​ពួក​សាសន៍​ដទៃ អស់​អ្នក​ដែល​គេ​ចាត់​ទុក​ជា​អ្នក​គ្រប់​គ្រង គេ​ជិះ​ជាន់​លើ​ប្រជារាស្រ្ត ហើយ​ពួក​អ្នក​ធំ​របស់​គេ ក៏​ប្រើ​អំណាច​លើ​គេ​ដែរ។ 43ប៉ុន្តែ ក្នុង​ចំណោម​អ្នក​រាល់​គ្នា មិន​មែន​ដូច្នោះ​ឡើយ អ្នក​ណា​ដែល​ចង់​ធ្វើ​ធំ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា អ្នក​នោះ​ត្រូវ​ធ្វើ​ជា​អ្នក​បម្រើ​អ្នក​រាល់​គ្នា។ 44អ្នក​ណា​ដែល​ចង់​បាន​ជា​លេខ​មួយ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា អ្នក​នោះ​ត្រូវ​ធ្វើ​ជា​បាវ​បម្រើ​ដល់​អ្នក​ទាំង​អស់។ 45ដ្បិត​កូន​មនុស្ស​បាន​មក មិន​មែន​ឲ្យ​គេ​បម្រើ​លោក​ទេ គឺ​មក​ដើម្បី​បម្រើ​គេ​វិញ ទាំង​ប្រគល់​ជីវិត​ខ្លួន ជា​ថ្លៃ​លោះ​ដល់​មនុស្ស​ជា​ច្រើន»។
ព្រះ‌យេស៊ូវ​ប្រោស​មនុស្ស​ខ្វាក់​ម្នាក់​ឈ្មោះ​បារទី‌មេ​ឲ្យ​ភ្លឺ
(ម៉ាថាយ ២០.២៩-៣៤ លូកា ១៨.៣៥-៤៣)
46ពួក​គេ​បាន​មក​ដល់​ក្រុង​យេរី‌ខូរ។ ពេល​ព្រះ‌អង្គ និង​ពួក​សិស្ស ព្រម​ទាំង​បណ្ដាជន​ច្រើន​កុះ​ករ ធ្វើ​ដំណើរ​ចេញ​ពី​ក្រុង​យេរីខូរ មាន​មនុស្ស​ខ្វាក់​ឈ្មោះ​បារទី‌មេ ជា​កូន​របស់​លោក​ទី​មេ កំពុង​អង្គុយ​សុំ​ទាន​នៅ​ក្បែរ​ផ្លូវ។ 47កាល​គាត់​ឮ​ថា នោះ​ជា​ព្រះ‌យេស៊ូវ​អ្នក​ស្រុក​ណាសា‌រ៉ែត គាត់​ក៏​ស្រែក​ឡើង​ថា៖ «ព្រះ‌យេស៊ូវ ជា​ព្រះ‌រាជ​វង្ស​ព្រះ​បាទ​ដាវីឌ​អើយ! សូម​អាណិត​មេត្តា​ទូល​បង្គំ​ផង»។ 48មនុស្ស​ជា​ច្រើន​គំរាម​គាត់​ឲ្យ​នៅ​ស្ងៀម តែ​គាត់​ស្រែក​រឹត​តែ​ខ្លាំង​ឡើង​ថា៖ «ព្រះ‌រាជ‌វង្ស​ព្រះ‌បាទ​ដាវីឌ​អើយ! សូម​អាណិត​មេត្តា​ទូល​បង្គំ​ផង!» 49ព្រះ‌យេស៊ូវ​ឈប់ ហើយ​មាន​ព្រះ​បន្ទូល​ថា៖ «ចូរ​ហៅ​គាត់​មក»។ គេ​ក៏​ហៅ​បុរស​ខ្វាក់​នោះ​មក ដោយ​ពោល​ទៅ​គាត់​ថា៖ «ចូរ​សង្ឃឹម​ចុះ ហើយ​ក្រោក​ឡើង លោក​ហៅ​អ្នក»។ 50គាត់​ក៏​បោះ​អាវ​ធំ​ចោល ស្ទុះ​ក្រោក​ឡើង ហើយ​មក​រក​ព្រះ‌យេស៊ូវ។ 51ព្រះ​យេស៊ូវ​មាន​ព្រះ​បន្ទូល​សួរ​គាត់​ថា៖ «តើ​អ្នក​ចង់​ឲ្យ​ខ្ញុំ​ធ្វើ​អ្វី​ឲ្យ​អ្នក?» បុរស​ខ្វាក់​នោះ​ទូល​ព្រះ‌អង្គ​ថា៖ «លោក​គ្រូ! សូម​ប្រោស​ភ្នែក​ទូល​បង្គំ​ឲ្យ​បាន​ភ្លឺ​ផង!» 52ព្រះ‌យេស៊ូវ​មាន​ព្រះ​បន្ទូល​ទៅ​គាត់​ថា៖ «ចូរ​អញ្ជើញ​ទៅ​ចុះ ជំនឿ​របស់​អ្នក បាន​ធ្វើ​ឲ្យ​អ្នក​ជា​សះ​ស្បើយ​ហើយ»។ រំពេច​នោះ គាត់​មើល​ឃើញ​ភា្លម រួច​ដើរ​តាម​ពី​ក្រោយ​ព្រះ‌អង្គ​ទៅ។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in