YouVersion Logo
Search Icon

មីកា ពាក្យ​លំនាំ

ពាក្យ​លំនាំ
លោកមីកា​ជា​ហោរា​មួយ​រូប​រស់​នៅ​ជំនាន់​ហោរា​អេសាយ លោក​បម្រើ​ព្រះ‌អម្ចាស់​ក្នុង​អំឡុង​ឆ្នាំ ៧៤០-៧០០ មុន​គ្រីស្ទ​សករាជ។ ហោរា​មីកា​ក៏​ដូច​ជា​ហោរា​អេសាយ​ដែរ លោក​នាំ​ព្រះ‌បន្ទូល​ទៅ​ប្រកាស​ប្រាប់​អ្នក​ស្រុក​យូដា នៅ​គ្រា​ដែល​ពួក​គេ​ទទួល​ការ​គំរាម‌កំហែង​ពី​សំណាក់​កង‌ទ័ព​អាសសើុរ។
ហោរា​មីកា​ប្រកាស​ប្រាប់​អ្នក​ស្រុក​ថា ទឹក​ដី​របស់​ពួក​គេ ជា​ពិសេស ក្រុង​យេរូ‌សាឡិម នឹង​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ខ្មាំង​សត្រូវ ដូច​ក្រុង​សាម៉ារី ជា​រាជ‌ធានី​របស់​អាណា‌ចក្រ​អ៊ីស្រា‌អែល​ខាង​ជើង​ដែរ។ លោក​ប្រាប់​ពួក​គេ​ឲ្យ​ដឹង​ថា មហន្តរាយ​ដែល​នឹង​កើត​មាន​នេះ ជា​លទ្ធផល​នៃ​អំពើ​បាប​របស់​ពួក​គេ ជា​ពិសេស អំពើ​អយុត្តិ‌ធម៌​នៅ​ក្នុង​សង្គម​ជាតិ​យូដា។ សេចក្ដី​ដែល​លោក​ប្រកាស​ក្នុង​នាម​ព្រះ‌អម្ចាស់ បណ្ដាល​ឲ្យ​មាន​ការ​ប៉ះ​ទង្គិច​ជា‌មួយ​ពួក​មេ​ដឹក‌នាំ ពួក​អភិជន អ្នក​គ្រប់‌គ្រង និង​ពួក​សង្ឃ​ជា​ដើម។ លោក​ក៏​បាន​ប្រកាស​ប្រឆាំង​នឹង​ពួក​ហោរា​មួយ​ចំនួន ដែល​បោក​បញ្ឆោត​ប្រជាជន ដោយ​ពោល​ពាក្យ​បញ្ចើច‌បញ្ចើ ជា​ហេតុ​ធ្វើ​ឲ្យ​ប្រជាជន​មិន​ព្រម​ទទួល​ស្គាល់​កំហុស​របស់​ខ្លួន ឬ​កែ​ប្រែ​ចិត្ត​គំនិត​ឡើយ។ តាម​រយៈ​សេចក្ដី​ដែល​លោក​ប្រកាស ហោរា​មីកា​ចង់​ណែនាំ​ប្រជាជន​ឲ្យ​រិះ‌គិត​ពិចារណា ហើយ​ប្រកាន់​យក​គោល​ជំហរ​ដូច​តទៅ៖ ស្តាប់​បង្គាប់​ព្រះ និង ធ្វើ​តាម​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ‌អង្គ ហើយ​គោរព​ស្រឡាញ់​អ្នក​ដទៃ។ លោក​ស្ដី​ប្រដៅ​ប្រជាជន​មែន តែ​លោក​ក៏​ប្រកាស​ឲ្យ​គេ​ដឹង​ថា ព្រះ​មាន​កម្រោង‌ការ​សង្គ្រោះ​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ​នៅ​អនាគត‌កាល​ដែរ។
កណ្ឌ‌គម្ពីរ​មីកា សង្កត់​ទៅ​លើ​ខ្លឹមសារ​ពីរ​យ៉ាង៖ ព្រះ​ប្រកាស​ថា ព្រះ‌អង្គ​នឹង​វិនិច្ឆ័យ​ទោស​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ ដើម្បី​វាយ​ប្រដៅ​ពួក​គេ (ជំពូក ១-៣ និង ៦.១-៧.៧) ហើយ​ព្រះ‌អង្គ​ក៏​សន្យា​នឹង​សង្គ្រោះ​ពួក​គេ​ដែរ (ជំពូក ៤-៥ និង ៧.៨-២០) ដោយ​ស្តារ​ស្ថាន‌ភាព​របស់​ពួក​គេ​ឡើង​វិញ ហើយ​តែង‌តាំង​ឲ្យ​មាន​ស្តេច​មួយ​អង្គ​ដែល​ជា​ពូជ‌ពង្ស​របស់​ព្រះ‌បាទ​ដាវីឌ ឲ្យ​គ្រង​រាជ្យ​លើ​ពួក​គេ (៥.១-៤ ក)។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in