ម៉ាថាយ 10
10
សាវកទាំងដប់ពីររូប
(ម៉ាកុស ៣.១៣-១៩ លូកា ៦.១២-១៦)
1ពេលនោះ ព្រះយេស៊ូវហៅសិស្សរបស់ព្រះអង្គទាំងដប់ពីរមក ហើយប្រទានឲ្យគេមានអំណាចដេញវិញ្ញាណអាក្រក់ និងប្រោសអស់ទាំងជំងឺរោគាគ្រប់ប្រភេទឲ្យបានជា។ 2សាវកទាំងដប់ពីរមានឈ្មោះដូចតទៅ៖ ទីមួយគឺ ស៊ីម៉ូន ដែលហៅថាពេត្រុស និងអនទ្រេជាប្អូន ហើយមានកូនរបស់លោកសេបេដេ គឺយ៉ាកុប និងយ៉ូហានជាប្អូន។ 3ភីលីព បារថូឡូមេ ថូម៉ាស ម៉ាថាយ ជាអ្នកទារពន្ធ យ៉ាកុប ជាកូនរបស់លោកអាល់ផាយ និង[លេបេ ដែលហៅថា] ថាដេ 4ស៊ីម៉ូន ជាសាសន៍កាណាន និងយូដាសអ៊ីស្ការីយ៉ុត ជាអ្នកដែលក្បត់ព្រះអង្គ។
បេសកកម្មរបស់អ្នកទាំងដប់ពីរ
(ម៉ាកុស ៦.៧-១៣ លូកា ៩.១-៦)
5ព្រះយេស៊ូវចាត់អ្នកទាំងដប់ពីរឲ្យចេញទៅ ដោយបង្គាប់ថា៖ «កុំចូលទៅទឹកដីរបស់សាសន៍ដទៃ ឬទីក្រុងណាមួយរបស់សាសន៍សាម៉ារីឡើយ 6តែចូរទៅរកចៀមបាត់បង់របស់ប្រជាជនអ៊ីស្រាអែលវិញ។ 7ពេលអ្នករាល់គ្នាចេញទៅ ចូរប្រកាសថា "ព្រះរាជ្យនៃស្ថានសួគ៌នៅជិតបង្កើយ"។ 8ចូរប្រោសអ្នកជំងឺឲ្យជា ប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញ មនុស្សឃ្លង់ឲ្យបានជាស្អាត ហើយដេញអារក្សឲ្យចេញពីមនុស្ស។ អ្នករាល់គ្នាទទួលមកដោយឥតបង់ថ្លៃ ត្រូវឲ្យដោយឥតបង់ថ្លៃដែរ។ 9កុំយកមាស ប្រាក់ ឬលុយកាក់ ដាក់ក្នុងខ្សែក្រវាត់របស់អ្នកឡើយ 10កុំយកថង់យាម ឬយកអាវពីរ កុំយកស្បែកជើង ឬដំបងទៅជាមួយ ដ្បិតអ្នកធ្វើការ សមនឹងមានអាហារបរិភោគ។ 11នៅក្រុងណា ឬភូមិណាដែលអ្នករាល់គ្នាចូលទៅ ចូរសួររកអ្នកដែលស័ក្តិសមនៅទីនោះ ហើយស្នាក់នៅផ្ទះអ្នកនោះ រហូតដល់អ្នកចាកចេញ។ 12ពេលចូលទៅក្នុងផ្ទះនោះ ត្រូវជម្រាបសួរ អ្នកផ្ទះនោះផង។ 13បើអ្នកផ្ទះនោះស័ក្តិសម ចូរឲ្យសេចក្តីសុខសាន្តរបស់អ្នករាល់គ្នាកើតមានដល់ផ្ទះនោះ តែបើមិនស័ក្តិសម ត្រូវឲ្យសេចក្តីសុខសាន្តរបស់អ្នករាល់គ្នាវិលមករកអ្នករាល់គ្នាវិញ។ 14បើអ្នកណាមិនទទួលអ្នករាល់គ្នា ឬមិនស្តាប់ពាក្យអ្នករាល់គ្នាទេ ចូររលាស់ធូលីចេញពីជើងរបស់អ្នករាល់គ្នានៅពេលចាកចេញពីផ្ទះ ឬពីក្រុងនោះ។ 15ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា នៅថ្ងៃជំនុំជម្រះ ក្រុងសូដុម និងក្រុងកូម៉ូរ៉ា ងាយទ្រាំជាងក្រុងនោះទៅទៀត»។
អំពីការបៀតបៀន
(ម៉ាកុស ១៣.៩-១៣ លូកា ២១.១២-១៧)
16«មើល៍! ខ្ញុំចាត់អ្នករាល់គ្នាឲ្យទៅ ដូចចៀមនៅកណ្តាលហ្វូងចចក ដូច្នេះ ត្រូវឆ្លាតដូចសត្វពស់ ហើយស្លូតដូចសត្វព្រាប។ 17ត្រូវប្រយ័ត្ននឹងមនុស្ស ដ្បិតគេនឹងបញ្ជូនអ្នករាល់គ្នាទៅឲ្យក្រុមប្រឹក្សា ហើយវាយអ្នករាល់គ្នានឹងរំពាត់ នៅក្នុងសាលាប្រជុំរបស់គេ 18អ្នករាល់គ្នានឹងត្រូវគេបញ្ជូនទៅឲ្យលោកទេសាភិបាល និងស្តេច ដោយព្រោះខ្ញុំ ទុកជាបន្ទាល់ដល់អ្នកទាំងនោះ និងដល់ពួកសាសន៍ដទៃ។ 19ប៉ុន្តែ ពេលគេបញ្ជូនអ្នករាល់គ្នាទៅ កុំខ្វល់ពីរបៀប ឬពាក្យដែលត្រូវនិយាយយ៉ាងណានោះឡើយ ដ្បិតអ្វីដែលត្រូវនិយាយ ព្រះនឹងប្រទានមកអ្នករាល់គ្នានៅវេលានោះ។ 20ដ្បិតមិនមែនអ្នករាល់គ្នាទេដែលនិយាយ គឺព្រះវិញ្ញាណនៃព្រះវរបិតារបស់អ្នករាល់គ្នាទ្រង់មានព្រះបន្ទូលក្នុងអ្នករាល់គ្នាវិញ។ 21បងប្អូននឹងបញ្ជូនបងប្អូនរបស់ខ្លួនទៅឲ្យគេសម្លាប់ ឪពុកនឹងបញ្ជូនកូន ហើយកូនលើកគ្នាទាស់នឹងឪពុកម្តាយ ព្រមទាំងប្រគល់ពួកគាត់ទៅឲ្យគេសម្លាប់ 22មនុស្សទាំងអស់នឹងស្អប់អ្នករាល់គ្នាដោយព្រោះនាមខ្ញុំ ប៉ុន្តែ អ្នកណាស៊ូទ្រាំរហូតដល់ចុងបញ្ចប់ នឹងបានសង្គ្រោះ។ 23ពេលគេបៀតបៀនអ្នករាល់គ្នានៅក្រុងមួយ ចូរគេចចេញទៅក្រុងមួយទៀត ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អ្នករាល់គ្នានឹងមិនបានទៅសព្វអស់ទាំងក្រុងរបស់អ៊ីស្រាអែលផង មុននឹងកូនមនុស្សមកដល់។
24សិស្សមិនលើសជាងគ្រូទេ ហើយអ្នកបម្រើក៏មិនដែលលើសជាងម្ចាស់របស់ខ្លួនដែរ 25ដ្បិតពេលសិស្សបានដូចជាគ្រូ ហើយអ្នកបម្រើបានដូចជាចៅហ្វាយ នោះល្មមហើយ។ ប្រសិនបើគេហៅម្ចាស់ផ្ទះថា បេលសេប៊ូល ទៅហើយ នោះចំណង់បើអស់អ្នកដែលនៅក្នុងផ្ទះ តើគេនឹងហៅកាន់តែអាក្រក់យ៉ាងណាទៅទៀត»។
អ្នកដែលត្រូវខ្លាច
(លូកា ១២.២-៧)
26«ដូច្នេះ កុំខ្លាចគេឡើយ ដ្បិតគ្មានអ្វីគ្របបាំង ដែលមិនត្រូវបង្ហាញឲ្យគេឃើញ ក៏គ្មានអ្វីលាក់លៀម ដែលមិនត្រូវបង្ហាញឲ្យគេដឹងនោះដែរ។ 27អ្វីដែលខ្ញុំប្រាប់អ្នករាល់គ្នាក្នុងទីងងឹត ចូរនិយាយនៅទីភ្លឺ ហើយអ្វីដែលអ្នករាល់គ្នាឮពាក្យខ្សឹប ចូរប្រកាសពីលើដំបូលផ្ទះ។ 28កុំខ្លាចអស់អ្នកដែលសម្លាប់បានតែរូបកាយ តែមិនអាចសម្លាប់ព្រលឹងបាននោះឡើយ តែផ្ទុយទៅវិញ ត្រូវខ្លាចព្រះអង្គដែលទ្រង់អាចនឹងបំផ្លាញទាំងព្រលឹង និងរូបកាយទៅក្នុងនរកបាន។ 29តើគេមិនលក់ចាបពីរថ្លៃមួយសេនទេឬ? តែគ្មានចាបណាមួយធ្លាក់ដល់ដី ដែលព្រះវរបិតារបស់អ្នករាល់គ្នាមិនយល់ព្រមនោះឡើយ។ 30សូម្បីតែសក់របស់អ្នករាល់គ្នានៅលើក្បាល ក៏ព្រះអង្គរាប់ទាំងអស់ដែរ។ 31ដូច្នេះ កុំខ្លាចឡើយ អ្នករាល់គ្នាមានតម្លៃវិសេសជាងចាបជាច្រើនទៅទៀត»។
32«ដូច្នេះ អស់អ្នកណាដែលទទួលស្គាល់ខ្ញុំ នៅចំពោះមនុស្ស ខ្ញុំក៏នឹងទទួលស្គាល់អ្នកនោះ នៅចំពោះព្រះវរបិតាខ្ញុំ ដែលគង់នៅស្ថានសួគ៌ដែរ។ 33តែអ្នកណាដែលបដិសេធមិនទទួលស្គាល់ខ្ញុំ នៅចំពោះមនុស្ស ខ្ញុំក៏នឹងបដិសេធមិនទទួលស្គាល់អ្នកនោះ នៅចំពោះព្រះវរបិតាខ្ញុំ ដែលគង់នៅស្ថានសួគ៌ដែរ»។
ការបាក់បែកគ្នាព្រោះជំនឿ
(លូកា ១២.៥១-៥៣)
34«កុំគិតថា ខ្ញុំមកដើម្បីនាំសេចក្ដីសុខសាន្តមកផែនដីឡើយ ខ្ញុំមិនមែនមកដើម្បីនាំសេចក្តីសុខសាន្តមកទេ តែខ្ញុំនាំដាវមកទេតើ! 35ដ្បិតខ្ញុំមក ធ្វើឲ្យកូនប្រុសទាស់នឹងឪពុកខ្លួន ហើយកូនស្រីទាស់នឹងម្តាយ កូនប្រសាស្រីទាស់នឹងម្តាយក្មេក 36ហើយសត្រូវរបស់អ្នកនោះ គឺជាសមាជិកនៅក្នុងគ្រួសាររបស់អ្នកនោះឯង។ 37អ្នកណាស្រឡាញ់ឪពុក ឬម្តាយ ជាងស្រឡាញ់ខ្ញុំ មិនស័ក្តិសមនឹងខ្ញុំឡើយ ហើយអ្នកណាស្រឡាញ់កូនប្រុស ឬកូនស្រី ជាងស្រឡាញ់ខ្ញុំ ក៏មិនស័ក្ដិសមនឹងខ្ញុំដែរ។ 38អ្នកណាមិនយកឈើឆ្កាងរបស់ខ្លួន មកតាមខ្ញុំ មិនស័ក្ដិសមនឹងខ្ញុំទេ។ 39អ្នកណាដែលរកបានជីវិតរបស់ខ្លួន នោះនឹងត្រូវបាត់ជីវិតទៅ ហើយអ្នកណាដែលបាត់ជីវិតរបស់ខ្លួន ដោយព្រោះខ្ញុំ នោះនឹងបានជីវិតវិញ»។
រង្វាន់
40«អ្នកណាទទួលអ្នករាល់គ្នា អ្នកនោះទទួលខ្ញុំ ហើយអ្នកណាទទួលខ្ញុំ អ្នកនោះក៏ទទួលព្រះអង្គដែលចាត់ខ្ញុំឲ្យមកដែរ។ 41អ្នកណាទទួលហោរា ក្នុងនាមជាហោរា អ្នកនោះនឹងទទួលរង្វាន់របស់ហោរា ហើយអ្នកណាទទួលមនុស្សសុចរិត ក្នុងនាមជាមនុស្សសុចរិត អ្នកនោះនឹងទទួលរង្វាន់របស់មនុស្សសុចរិតនោះ។ 42អ្នកណាឲ្យទឹកត្រជាក់ សូម្បីតែមួយកែវដល់ក្មេងម្នាក់ ក្នុងចំណោមក្មេងទាំងនេះ ក្នុងនាមជាសិស្សរបស់ខ្ញុំ ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អ្នកនោះនឹងមិនបាត់រង្វាន់របស់ខ្លួនឡើយ»។
Currently Selected:
ម៉ាថាយ 10: គកស១៦
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies