YouVersion Logo
Search Icon

ម៉ាថាយ 9

9
1បន្ទាប់​មក ព្រះ‌យេស៊ូវ​យាង​ចុះ​ទូក ឆ្លង​ទៅ​ក្រុង របស់​ព្រះ‌អង្គ​វិញ។
ព្រះ‌យេស៊ូវ​ប្រោស​មនុស្ស​ខ្វិន​ម្នាក់​ឲ្យ​ដើរ​រួច
(ម៉ាកុស ២.១-១២ លូកា ៥.១៧-២៦)
2ពេល​នោះ មាន​គេ​សែង​មនុស្ស​ស្លាប់​ដៃ​ស្លាប់​ជើង​ម្នាក់ ដេក​លើ​គ្រែ​មក​រក​ព្រះ‌អង្គ។ ពេល​ព្រះ‌យេស៊ូវ​ទត​ឃើញ​ជំនឿ​របស់​អ្នក​ទាំង​នោះ ព្រះ‌អង្គ​ក៏​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​អ្នក​ស្លាប់​ដៃ​ស្លាប់​ជើង​នោះ​ថា៖ «កូន​អើយ! ចូរ​សង្ឃឹម​ឡើង កូន​បាន​ទទួល​ការ​អត់​ទោស​ពី​បាប​ហើយ»។ 3ពេល​នោះ មាន​អាចារ្យ​ខ្លះ​នឹក​ក្នុង​ចិត្ត​ថា៖ «អ្នក​នេះ​ប្រមាថ​ព្រះ​ទេ​តើ!»។ 4ប៉ុន្តែ ព្រះ‌យេស៊ូវ​ស្គាល់​គំនិត​របស់​គេ ក៏​មាន​ព្រះ‌បន្ទូល​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​មាន​គំនិត​អាក្រក់​ក្នុង​ចិត្ត​ដូច្នេះ? 5ដ្បិត​ដែល​និយាយ​ថា "អ្នក​បាន​ទទួល​ការ​អត់​ទោស​ហើយ" ឬ​ថា "ចូរ​ក្រោក​ឡើង ហើយ​ដើរ​ទៅ" តើ​ពាក្យ​ណា​មួយ​ស្រួល​និយាយ​ជាង? 6ប៉ុន្តែ នេះ​ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ថា កូន​មនុស្ស​មាន​អំណាច​នឹង​អត់​ទោស​បាប​នៅ​លើ​ផែនដី​នេះ»។ ពេល​នោះ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​អ្នក​ស្លាប់​ដៃ​ស្លាប់​ជើង​ថា៖ «ចូរ​ក្រោក​ឡើង យក​គ្រែ​ស្នែង​របស់​អ្នក​ទៅ​ផ្ទះ​ទៅ!» 7អ្នក​នោះ​ក៏​ក្រោក​ឡើង ហើយ​ដើរ​ទៅ​ផ្ទះ។ 8កាល​មហា‌ជន​ឃើញ​ហេតុ‌ការណ៍​នោះ គេ​មាន​ការ​ស្ញប់‌ស្ញែង ហើយ​សរសើរ​តម្កើង​ដល់​ព្រះ​ដែល​ប្រទាន​អំណាច​ដ៏​អស្ចារ្យ​ដល់​មនុស្ស​លោក។
ព្រះ‌យេស៊ូវ​ត្រាស់​ហៅ​លោក​ម៉ាថាយ
(ម៉ាកុស ២.១៣-១៧ លូកា ៥.២៧-៣២)
9ពេល​ព្រះ‌យេស៊ូវ​យាង​ផុត​ពី​ទី​នោះ ទ្រង់​ទត​ឃើញ​បុរស​ម្នាក់​ឈ្មោះ ម៉ាថាយ កំពុង​អង្គុយ​នៅ​កន្លែង​ទារ​ពន្ធ។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «ចូរ​មក​តាម​ខ្ញុំ»។ គាត់​ក៏​ក្រោក​ឡើង ហើយ​ដើរ​តាម​ព្រះ‌អង្គ។
10ពេល​ព្រះ‌អង្គ​សោយ​អាហារ​នៅ​ក្នុង​ផ្ទះ មាន​ពួក​អ្នក​ទារ​ពន្ធ និង​មនុស្ស​បាប​ជា​ច្រើន បាន​មក​អង្គុយ​រួម​តុ​ជា​មួយ​ព្រះ‌អង្គ និង​ពួក​សិស្ស​របស់​ព្រះ‌អង្គ។ 11ពេល​ពួក​ផារិស៊ី​ឃើញ​ដូច្នោះ គេ​និយាយ​ទៅ​កាន់​ពួក​សិស្ស​របស់​ព្រះ‌អង្គ​ថា៖ «ហេតុ​អ្វី​បាន​ជា​គ្រូ​របស់​អ្នក​រាល់​គ្នា បរិ‌ភោគ​ជា​មួយ​ពួក​អ្នក​ទារ​ពន្ធ និង​មនុស្ស​បាប​ដូច្នេះ?» 12ពេល​ព្រះ‌យេស៊ូវ​ឮ​ដូច្នោះ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «អស់​អ្នក​ដែល​មាន​សុខ‌ភាព​ល្អ មិន​ត្រូវ​ការ​គ្រូ​ពេទ្យ​ទេ មាន​តែ​អស់​អ្នក​ដែល​ឈឺ​ប៉ុណ្ណោះ​ទើប​ត្រូវ​ការ។ 13ចូរ​ទៅ​រៀន​ពី​ន័យ​របស់​ពាក្យ​នេះ​ថា "យើង​ចង់​បាន​សេចក្ដី​មេត្តា‌ករុណា មិន​មែន​យញ្ញបូជា​ទេ"។ ដ្បិត​ខ្ញុំ​មិន​បាន​មក ដើម្បី​ហៅ​មនុស្ស​សុចរិត​ទេ តែ​មក​ហៅ​មនុស្ស​បាប​វិញ»។
សំណួរ​អំពី​ការ​តម​អាហារ
(ម៉ាកុស ២.១៨-២២ លូកា ៥.៣៣-៣៨)
14ពេល​នោះ ពួក​សិស្ស​របស់​លោក​យ៉ូហាន​ចូល​មក​គាល់​ព្រះ‌អង្គ​ទូល​ថា៖ «ហេតុ​អ្វី​បាន​ជា​យើង​ខ្ញុំ និង​ពួក​ផារិស៊ី​តម​អាហារ​ជា​ញឹក​ញាប់ តែ​ពួក​សិស្ស​របស់​ព្រះ‌អង្គ​មិន​តម​ដូច្នេះ?» 15ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​តប​ទៅ​គេ​ថា៖ «តើ​ភ្ញៀវ​ដែល​មក​ចូល​រួម​ពិធី​មង្គលការ អាច​កាន់​ទុក្ខ​កើត​ដែរ​ឬ ពេល​កូន​កំលោះ​នៅ​ជា​មួយ​ពួក​គេ​នៅ​ឡើយ? ប៉ុន្តែ នឹង​មាន​ថ្ងៃ​មក​ដល់ ដែល​កូន​កំលោះ​នឹង​ត្រូវ​ដក​យក​ចេញ​ពី​គេ​ទៅ ហើយ​ពេល​នោះ គេ​នឹង​តម​អាហារ​វិញ។ 16គ្មាន​អ្នក​ណា​យក​ក្រណាត់​ថ្មី មក​ប៉ះ​លើ​សម្លៀក‌បំពាក់​ចាស់​ឡើយ ដ្បិត​បំណះ​នោះ​នឹង​ទាញ​សម្លៀក‌បំពាក់​ចាស់ ហើយ​វា​រឹត​តែ​ធ្វើ​ឲ្យ​រហែក​លើស​ដើម។ 17ក៏​គ្មាន​អ្នក​ណា​ដាក់​ស្រា​ទំពាំង​បាយ​ជូរ​ថ្មី ទៅ​ក្នុង​ថង់​ស្បែក​ចាស់​ដែរ បើ​ធ្វើ​ដូច្នេះ ថង់​ស្បែក​នឹង​ធ្លុះ ហើយ​ស្រា​ក៏​ធ្លាយ ថង់​ក៏​ខូច។ ប៉ុន្តែ គេ​តែង​ដាក់​ស្រា​ទំពាំង​បាយ​ជូរ​ថ្មី ទៅ​ក្នុង​ថង់​ស្បែក​ថ្មី​វិញ ធ្វើ​ដូច្នេះ​ទើប​ទាំង​ពីរ​នៅ​គង់​បាន»។
ព្រះ‌យេស៊ូវ​ប្រោស​ស្ដ្រី​ម្នាក់​ឲ្យ​ជា និង​ប្រោស​ក្មេង​ស្រី​ម្នាក់​ឲ្យ​រស់​ឡើង​វិញ
(ម៉ាកុស ៥.២១-៤៣ លូកា ៨.៤០-៥៦)
18កាល​ព្រះ‌អង្គ​កំពុង​តែ​មាន​ព្រះ‌បន្ទូល​សេចក្តី​ទាំង​នេះ​ទៅ​គេ ស្រាប់​តែ​មាន​មេ​ដឹក​នាំ​សាលា​ប្រជុំ​ម្នាក់ ចូល​មក​ក្រាប​ថ្វាយ‌បង្គំ​ព្រះ‌អង្គ​ទូល​ថា៖ «កូន​ស្រី​របស់​ខ្ញុំ​បាទ​ទើប​នឹង​ស្លាប់​អម្បាញ់‌មិញ សូម​ព្រះ‌អង្គ​មេត្តា​អញ្ជើញ​ទៅ​ដាក់​ដៃ​លើ​នាង នោះ​នាង​មុខ​ជា​រស់​ឡើង​វិញ​មិន​ខាន»។ 19ព្រះ‌យេស៊ូវ​ក៏​ក្រោក​ឡើង យាង​ទៅ​តាម​គាត់ ហើយ​ពួក​សិស្ស​ក៏​ទៅ​ជា​មួយ​ដែរ។ 20រំពេច​នោះ មាន​ស្ត្រី​ម្នាក់​ដែល​កើត​ជំងឺ​ធ្លាក់​ឈាម​អស់​ដប់​ពីរ​ឆ្នាំ​មក​ហើយ នាង​បាន​ចូល​មក​ពី​ក្រោយ​ព្រះ‌អង្គ ហើយ​ពាល់​ជាយ​ព្រះ‌ពស្ត្រ​ព្រះ‌អង្គ 21ដ្បិត​នាង​គិត​ក្នុង​ចិត្ត​ថា៖ «បើ​ខ្ញុំ​គ្រាន់​តែ​ពាល់​ជាយ​ព្រះ‌ពស្ត្រ​ព្រះ‌អង្គ ខ្ញុំ​មុខ​ជា​បាន​ជា​មិន​ខាន»។ 22ព្រះ‌យេស៊ូវ​បែរ​ទៅ​ក្រោយ ហើយ​ឃើញ​នាង ក៏​មាន​ព្រះ‌បន្ទូល​ថា៖ «កូន​ស្រី​អើយ! ចូរ​សង្ឃឹម​ឡើង ជំនឿ​របស់​នាង បាន​ធ្វើ​ឲ្យ​នាង​ជា​សះ​ស្បើយ​ហើយ»។ ស្ត្រី​នោះ​ក៏​បាន​ជា​សះ​ស្បើយ​ភ្លាម​មួយ​រំពេច។ 23ពេល​ព្រះ‌យេស៊ូវ​យាង​ចូល​ទៅ​ក្នុង​ផ្ទះ​មេ​ដឹក​នាំ​សាលា​ប្រជុំ​នោះ ហើយ​ទត​ឃើញ​ពួក​អ្នក​ផ្លុំ​ខ្លុយ និង​មនុស្ស‌ម្នា​ជា​ច្រើន​កំពុង​ច្រួល​ច្របល់ 24ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «នាំ​គ្នា​ចេញ​ទៅ! ដ្បិត​ក្មេង​ស្រី​នេះ​មិន​មែន​ស្លាប់​ទេ នាង​គ្រាន់​តែ​ដេក​លក់​ប៉ុណ្ណោះ»។ គេ​ក៏​សើច​ចំអក​ដាក់​ព្រះ‌អង្គ។ 25កាល​បណ្តេញ​មនុស្ស​ទាំង​នោះ​ឲ្យ​ចេញ​ក្រៅ​អស់​ហើយ ព្រះ‌អង្គ​ក៏​យាង​ចូល​ទៅ​ចាប់​ដៃ​ក្មេង​ស្រី​នោះ ហើយ​នាង​ក៏​ក្រោក​ឡើង។ 26ដំណឹង​នោះ​ក៏​លេច​ឮ​ខ្ចរ‌ខ្ចាយ​ពាស‌ពេញ​ស្រុក​នោះ​ទាំង​មូល។
ព្រះ‌យេស៊ូវ​ប្រោស​មនុស្ស​ខ្វាក់​ពីរ​នាក់​ឲ្យ​ភ្លឺ
27ពេល​ព្រះ‌យេស៊ូវ​យាង​ចេញ​ពី​ទី​នោះ មាន​មនុស្ស​ខ្វាក់​ពីរ​នាក់​ដើរ​តាម​ព្រះ‌អង្គ​ទាំង​ស្រែក​ឡើង​ថា៖ «ព្រះ‌រាជ‌វង្ស​ព្រះ‌បាទ​ដាវីឌ​អើយ! សូម​ទ្រង់​ប្រោស​មេត្តា​ដល់​យើង​ខ្ញុំ​ផង»។ 28ពេល​ព្រះ‌អង្គ​យាង​ចូល​ទៅ​ក្នុង​ផ្ទះ មនុស្ស​ខ្វាក់​ទាំង​ពីរ​នាក់​ក៏​ចូល​មក​ជិត​ព្រះ‌អង្គ។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «តើ​អ្នក​ជឿ​ថា ខ្ញុំ​អាច​នឹង​ធ្វើ​ការ​នេះ​បាន​ឬ​ទេ?» គេ​ទូល​ព្រះ‌អង្គ​ថា៖ «យើង​ខ្ញុំ​ជឿ​ហើយ ព្រះ‌អម្ចាស់​អើយ»។ 29ពេល​នោះ ព្រះ‌អង្គ​ក៏​ពាល់​ភ្នែក​គេ ទាំង​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​ឲ្យ​បាន​សម្រេច​តាម​ជំនឿ​របស់​អ្នក​ចុះ»។ 30ភ្នែក​របស់​គេ​ក៏​ភ្លឺ​ឡើង។ ព្រះ‌យេស៊ូវ​ហាម​ប្រាម​គេ​យ៉ាង​តឹង‌រ៉ឹង​ថា៖ «ចូរ​ប្រយ័ត្ន កុំ​ឲ្យ​អ្នក​ណា​ដឹង​ការ​នេះ​ឡើយ»។ 31ប៉ុន្តែ គេ​ចេញ​ទៅ ហើយ​ផ្សព្វ‌ផ្សាយ​ឲ្យ​គេ​ដឹង​អំពី​ព្រះ‌អង្គ​ពាស‌ពេញ​ស្រុក​នោះ​ទាំង​មូល។
ព្រះ‌យេស៊ូវ​ប្រោស​មនុស្ស​គ​ម្នាក់​ឲ្យ​និយាយ​បាន
32ក្រោយ​ពេល​អ្នក​ទាំង​ពីរ​ចេញ​ផុត​ទៅ មាន​គេ​នាំ​មនុស្ស​គ​ម្នាក់ ដែល​មាន​អារក្ស​ចូល​មក​រក​ព្រះ‌អង្គ។ 33ក្រោយ​ពី​បាន​ដេញ​អារក្ស​ចេញ​ហើយ មនុស្ស​គ​នោះ​ក៏​និយាយ​បាន ហើយ​មហា‌ជន​មាន​សេចក្តី​អស្ចារ្យ ទាំង​ពោល​ថា៖ «នៅ​ស្រុក​អ៊ីស្រា‌អែល មិន​ដែល​ឃើញ​មាន​ការ​អស្ចារ្យ​ដូច្នេះ​សោះ»។ 34ប៉ុន្តែ ពួក​ផារិស៊ី​និយាយ​ថា៖ «អ្នក​នេះ​ដេញ​អារក្ស ដោយ‌សារ​មេ​អារក្ស​ទេ»។
ចម្រូត​ធំ តែ​មាន​អ្នក​ច្រូត​តិច
(ម៉ាកុស ៦.៣៤ លូកា ១០.២)
35បន្ទាប់​មក ព្រះ‌យេស៊ូវ​យាង​ទៅ​គ្រប់​ក្រុង គ្រប់​ភូមិ ទាំង​បង្រៀន​នៅ​តាម​សាលា​ប្រជុំ​របស់​គេ ព្រម​ទាំង​ប្រកាស​ដំណឹង​ល្អ​អំពី​ព្រះរាជ្យ ហើយ​ប្រោស​អស់​ទាំង​ជំងឺ​រោគា​គ្រប់​ប្រភេទ​ឲ្យ​បាន​ជា។ 36កាល​ព្រះ‌អង្គ​ទត​ឃើញ​មហា‌ជន ព្រះ‌អង្គ​មាន​ព្រះ‌ហឫ‌ទ័យ​ក្តួល​អាណិត​ដល់​គេ ព្រោះ​គេ​ល្វើយ ហើយ​ខ្ចាត់​ខ្ចាយ ដូច​ចៀម​គ្មាន​គង្វាល។ 37ពេល​នោះ ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​ពួក​សិស្ស​ថា៖ «ចម្រូត​ធំ​ណាស់ តែ​មាន​អ្នក​ច្រូត​តិច​ទេ។ 38ដូច្នេះ ចូរ​ទូល​សូម​ដល់​ព្រះ‌អម្ចាស់​នៃ​ចម្រូត ឲ្យ​ព្រះ‌អង្គ​ចាត់​ពួក​អ្នក​ច្រូត​មក​ក្នុង​ចម្រូត​របស់​ព្រះ‌អង្គ»។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in