YouVersion Logo
Search Icon

លេវី‌វិន័យ 18

18
ទំនាក់​ទំនង​ខាង​ផ្លូវ​ភេទ
1ព្រះ‌យេហូវ៉ា​បង្គាប់​លោក​ម៉ូសេ 2ឲ្យ​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ថា៖
«យើង​នេះ​គឺ​ជា​យេហូវ៉ា ជា​ព្រះ​របស់​អ្នក​រាល់​គ្នា 3អ្នក​រាល់​គ្នា​មិន​ត្រូវ​ប្រព្រឹត្ត​តាម​អំពើ​ដែល​គេ​ធ្វើ​នៅ​ស្រុក​អេស៊ីព្ទ ជា​ស្រុក​ដែល​អ្នក​រាល់​គ្នា​បាន​អាស្រ័យ​នៅ​នោះ​ឡើយ ក៏​មិន​ត្រូវ​ប្រព្រឹត្ត​តាម​អំពើ​ដែល​គេ​ធ្វើ​នៅ​ស្រុក​កាណាន ជា​ស្រុក​ដែល​យើង​នាំ​អ្នក​រាល់​គ្នា​ទៅ​នៅ​នោះ​ដែរ កុំ​ឲ្យ​ដើរ​តាម​របៀប​របស់​គេ​ឲ្យ​សោះ។ 4អ្នក​រាល់​គ្នា​ត្រូវ​រក្សា​បញ្ញត្តិ​របស់​យើង ហើយ​កាន់​តាម​អស់​ទាំង​ច្បាប់​របស់​យើង​វិញ ដើម្បី​នឹង​ប្រព្រឹត្ត​តាម យើង​នេះ​គឺ​យេហូវ៉ា ជា​ព្រះ​របស់​អ្នក​រាល់​គ្នា។ 5ដូច្នេះ អ្នក​រាល់​គ្នា​ត្រូវ​កាន់​តាម​អស់​ទាំង​ច្បាប់ និង​បញ្ញត្តិ​ទាំង​ប៉ុន្មាន​របស់​យើង បើ​អ្នក​ណា​កាន់​តាម នោះ​នឹង​រស់​នៅ​ដោយ‌សារ​សេចក្ដី​ទាំង​នោះ​ឯង យើង​នេះ​គឺ​ជា​ព្រះ‌យេហូវ៉ា។
6កុំ​ឲ្យ​អ្នក​ណា​ក្នុង​ពួក​អ្នក​រាល់​គ្នា​ចូល​ទៅ​ជិត បើក​កេរ‌ខ្មាស​របស់​សាច់‌ញាតិ​ដែល​ជិត‌ដិត​ឡើយ យើង​នេះ​ជា​ព្រះ‌យេហូវ៉ា 7ឯ​កេរ‌ខ្មាស​របស់​ឪពុក​អ្នក គឺ​ជា​កេរ‌ខ្មាស​ម្តាយ​អ្នក នោះ​កុំ​បើក​ឲ្យ​សោះ ដ្បិត​គាត់​ជា​ម្តាយ​អ្នក មិន​ត្រូវ​បើក​កេរ‌ខ្មាស​គាត់​ឡើយ។ 8ឯ​កេរ‌ខ្មាស​ប្រពន្ធ​របស់​ឪពុក​អ្នក នោះ​មិន​ត្រូវ​បើក​ឡើយ ដ្បិត​គឺ​ជា​កេរ‌ខ្មាស​របស់​ឪពុក​អ្នក​ហើយ។ 9ឯ​កេរ‌ខ្មាស​របស់​បង ឬ​ប្អូន​ស្រី​អ្នក ទោះ​បើ​ជា​កូន​ខាង​ឪពុក ឬ​ខាង​ម្តាយ​អ្នក ដែល​កើត​នៅ​ផ្ទះ ឬ​នៅ​ឯ​ណា​ទៀត​ក្តី នោះ​ក៏​មិន​ត្រូវ​បើក​ឡើយ។ 10ឯ​កេរ‌ខ្មាស​របស់​ចៅ​ស្រី​ខាង​កូន​ប្រុស ឬ​ខាង​កូន​ស្រី​អ្នក នោះ​មិន​ត្រូវ​បើក​ឡើយ ដ្បិត​គឺ​ជា​កេរ‌ខ្មាស​របស់​ខ្លួន​ឯង។ 11ឯ​កេរ‌ខ្មាស​របស់​កូន​ស្រី​ប្រពន្ធ​ឪពុក​អ្នក ដែល​ឪពុក​អ្នក​បង្កើត​មក នោះ​មិន​ត្រូវ​បើក​ឡើយ ដ្បិត​នាង​នោះ​ជា​បង ឬ​ប្អូន​ស្រី​បង្កើត​នឹង​អ្នក​ហើយ។ 12កុំ​ឲ្យ​បើក​កេរ‌ខ្មាស​របស់​ម្តាយ​ធំ ឬ​ម្តាយ​មីង​ខាង​ឪពុក​អ្នក​ឡើយ ដ្បិត​នាង​នោះ​ជា​សាច់​បង្កើត​នឹង​ឪពុក​អ្នក 13ក៏​កុំ​ឲ្យ​បើក​កេរ‌ខ្មាស​របស់​ម្តាយ​ធំ ឬ​ម្តាយ​មីង​ខាង​ម្តាយ​អ្នក​ដែរ ដ្បិត​នាង​ជា​សាច់​បង្កើត​នឹង​ម្តាយ​អ្នក​ហើយ។ 14កុំ​ឲ្យ​បើក​កេរ‌ខ្មាស​របស់​ឪពុក​ធំ ឬ​ឪពុក​មា​ខាង​ឪពុក​អ្នក គឺ​មិន​ត្រូវ​ចូល​ទៅ​ជិត​ប្រពន្ធ​គាត់​ឡើយ ដ្បិត​នាង​ជា​ម្តាយ​ធំ ឬ​ម្តាយ​មីង​អ្នក​ហើយ។ 15កុំ​ឲ្យ​បើក​កេរ‌ខ្មាស​របស់​កូន​ប្រសា​ស្រី​អ្នក​ដែរ ដ្បិត​នាង​ជា​ប្រពន្ធ​របស់​កូន​អ្នក​ហើយ ដូច្នេះ មិន​ត្រូវ​បើក​កេរ‌ខ្មាស​របស់​នាង​ឡើយ។ 16កុំ​ឲ្យ​បើក​កេរ‌ខ្មាស​របស់​បង ឬ​ប្អូន​ប្រុស​អ្នក​ឡើយ នោះ​គឺ​ជា​កេរ‌ខ្មាស​របស់​បង ឬ​ប្អូន​ប្រុស​អ្នក​ហើយ។ 17មិន​ត្រូវ​បើក​កេរ‌ខ្មាស​របស់​ស្ត្រី​ណា និង​កូន​ស្រី​របស់​ស្ត្រីនោះ​ឡើយ ក៏​មិន​ត្រូវ​យក ចៅ​ស្រី​ខាង​កូន​ប្រុស ឬ​ខាង​កូន​ស្រី​របស់​គាត់ ដើម្បី​បើក​កេរ‌ខ្មាស​ដែរ ដ្បិតគេ​ជា​សាច់​ឈាម​របស់​អ្នក ។ នេះ​ជាអំពើ​អាក្រក់​ជួ‌ជាតិ។ 18កាល​ប្រពន្ធ​របស់​អ្នក​នៅ​រស់​នៅ​ឡើយ មិន​ត្រូវ​យក​បង ឬ​ប្អូន​ស្រី​របស់​នាង​មក​បើក​កេរ‌ខ្មាស ដើម្បី​ប្រណាំង​ប្រជែង​នឹង​ប្រពន្ធ​របស់​អ្នក​ឡើយ។
19កុំ​ចូល​ទៅ​ជិត​ស្ត្រី​ណា ដើម្បី​នឹង​បើក​កេរ‌ខ្មាស​នាង​កំពុង​ដែល​មាន​រដូវ​នោះ​ឡើយ 20កុំ​សហាយ‌ស្មន់​នឹង​ប្រពន្ធ​របស់​អ្នក​ជិត​ខាង​អ្នក ដែល​នឹង​នាំ​ឲ្យ​ខ្លួន​ស្មោក‌គ្រោក​ជា​មួយ​នាង​ឡើយ។ 21មិន​ត្រូវ​យក​កូន​ចៅ​របស់​អ្នក​ណា​មួយ​ទៅ​ធ្វើ​យញ្ញ​បូជា ថ្វាយព្រះ​ម៉ូឡុក​ឡើយ ក៏​កុំ​ឲ្យ​បង្អាប់​ដល់​ព្រះ‌នាម​នៃ​ព្រះ​របស់​អ្នក​ឲ្យ​សោះ យើង​ជា​ព្រះ‌យេហូវ៉ា។ 22កុំ​រួម​ដំណេក​នឹង​ប្រុស ដូច​ជា​រួម​នឹង​ស្រី​ឡើយ ដ្បិត​នោះ​ជា​អំពើ​គួរ​ស្អប់​ខ្ពើម។ 23ក៏​កុំ​រួម​សង្វាស​នឹង​សត្វ​ណា ជា​ការ​ដែល​នាំ​ឲ្យ​ស្មោក‌គ្រោក​ឡើយ ហើយ​ស្រី​ក៏​មិន​ត្រូវ​ឈរ​នៅ​មុខ​សត្វ ដើម្បី​រួម​សង្វាស​ជា​មួយ​នោះ​ដែរ ដ្បិត​ជា​អំពើ​ដ៏​ថោក​ទាប​បំផុត។
24កុំ​ឲ្យ​អ្នក​រាល់​គ្នា​ស្មោក‌គ្រោក ដោយ​ប្រព្រឹត្ត​អំពើ​ទាំង​នេះ​ណា​មួយ​ឡើយ ដ្បិត​សាសន៍​ដទៃ​ទាំង​ប៉ុន្មាន ដែល​យើង​បណ្តេញ​ចេញ​ពី​មុខ​អ្នក​រាល់​គ្នា នោះ​បាន​ស្មោក‌គ្រោក​ចំពោះ​អំពើ​ទាំង​នេះ​ហើយ។ 25ស្រុក​គេ​ក៏​ត្រូវ​ស្មោក‌គ្រោក​ដែរ បាន​ជា​យើង​ទម្លាក់​អំពើ​ទុច្ចរិត​របស់​គេ​ទៅ​លើ​គេ​វិញ ឯ​ស្រុក​ក៏​ក្អួត​គេ​ចេញ​ទៅ​ផង។ 26ដូច្នេះ អ្នក​រាល់​គ្នា​វិញ ត្រូវ​ឲ្យ​កាន់​តាម​អស់​ទាំង​ច្បាប់ និង​បញ្ញត្តិ​ទាំង​ប៉ុន្មាន​របស់​យើង ហើយ​កុំ​ប្រព្រឹត្ត​អំពើ​គួរ​ខ្ពើម​ឆ្អើម​ណា​មួយ​នោះ​ឡើយ ទោះ​ទាំង​អ្នក​ស្រុក ឬ​ពួក​ប្រទេស​ក្រៅ​ដែល​នៅ​កណ្ដាល​អ្នក​រាល់​គ្នា 27(ដ្បិត​ពួក​អ្នក​ដែល​អាស្រ័យ​នៅ​មុន​អ្នក​រាល់​គ្នា គេ​បាន​ប្រព្រឹត្ត​អស់​ទាំង​អំពើ​គួរ​ខ្ពើម​ឆ្អើម​នោះ ហើយ​ស្រុក​របស់​គេ​ក៏​បាន​ត្រូវ​ស្មោក‌គ្រោក)។ 28ដូច្នេះ បើ​កាល​ណា​អ្នក​រាល់​គ្នា​នាំ​ឲ្យ​ស្រុក​នោះ​ទៅ​ជា​ស្មោក‌គ្រោក​ដែរ នោះ​ក្រែង​ស្រុក​នោះ​នឹង​ក្អួត​អ្នក​រាល់​គ្នា​ចេញ​ទៀត ដូច​ជា​បាន​ក្អួត​ពួក​សាសន៍​ដទៃ​ដែល​នៅ​មុន​អ្នក​រាល់​គ្នា​ដែរ។ 29ដ្បិត​អ្នក​ណា​ដែល​ប្រព្រឹត្ត​អំពើ​គួរ​ខ្ពើម​ឆ្អើម​ណា​មួយ​នោះ អ្នក​នោះ​ឯង​នឹង​ត្រូវ​កាត់​ចេញ​ពី​សាសន៍​របស់​ខ្លួន។ 30ដូច្នេះ អ្នក​រាល់​គ្នា​ត្រូវ​រក្សា​បញ្ញើ​របស់​យើង ដើម្បី​កុំ​ឲ្យ​ប្រព្រឹត្ត​តាម​ទម្លាប់​គួរ​ខ្ពើម​ទាំង​នោះ ដែល​គេ​បាន​ប្រព្រឹត្ត​មុន​អ្នក​រាល់​គ្នា​ឡើយ ហើយ​ដើម្បី​កុំ​ឲ្យ​អ្នក​រាល់​គ្នា​នាំ​ឲ្យ​ខ្លួន​ស្មោក‌គ្រោក​ដោយ‌សារ​អំពើ​ទាំង​នោះ​ផង យើង​នេះ​ជា​យេហូវ៉ា ជា​ព្រះ​របស់​អ្នក​រាល់​គ្នា​ហើយ»។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in