លេវីវិន័យ 17
17
ការសម្លាប់សត្វ
1ព្រះយេហូវ៉ាបង្គាប់លោកម៉ូសេ 2ឲ្យប្រាប់ដល់អើរ៉ុន ពួកកូនលោក និងពួកកូនចៅអ៊ីស្រាអែលទាំងអស់ថា៖
«ព្រះយេហូវ៉ាបានបង្គាប់មកដូច្នេះ 3គឺបើមានអ្នកណាក្នុងពួកវង្សអ៊ីស្រាអែល ដែលសម្លាប់គោ ចៀម ឬពពែ នៅក្នុងទីដំឡើងត្រសាល ឬខាងក្រៅទីដំឡើងត្រសាលក្តី 4ឥតនាំចូលមកឯទ្វារត្រសាលជំនុំ ដើម្បីថ្វាយជាតង្វាយដល់ព្រះយេហូវ៉ា នៅមុខរោងឧបោសថរបស់ព្រះអង្គ អ្នកនោះរាប់ថាមានទោសនឹងឈាម ដ្បិតបានកម្ចាយឈាមហើយ អ្នកនោះត្រូវកាត់ចេញពីសាសន៍របស់ខ្លួន។ 5នេះដើម្បីឲ្យពួកកូនចៅអ៊ីស្រាអែលបាននាំអស់ទាំងយញ្ញបូជារបស់គេ ដែលតែងថ្វាយនៅវាល មកថ្វាយដល់ព្រះយេហូវ៉ានៅមាត់ទ្វារត្រសាលជំនុំវិញ គឺមកឯសង្ឃ ដើម្បីនឹងថ្វាយទុកជាយញ្ញបូជានៃតង្វាយមេត្រីដល់ព្រះយេហូវ៉ា។ 6នោះសង្ឃនឹងប្រោះឈាមនៅលើអាសនារបស់ព្រះយេហូវ៉ាត្រង់មាត់ទ្វារត្រសាលជំនុំ និងដុតខ្លាញ់ទុកជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ាដែរ 7ដូច្នេះ គេនឹងមិនថ្វាយយញ្ញបូជារបស់គេចំពោះរូបសត្វដែលគេផិតទៅតាមនោះទៀតឡើយ នេះហើយជាច្បាប់នៅអស់កល្បជានិច្ច សម្រាប់គ្រប់ទាំងតំណគេតរៀងទៅ។
8ត្រូវប្រាប់គេថា អស់អ្នកណាក្នុងពួកវង្សអ៊ីស្រាអែល ឬអ្នកប្រទេសក្រៅណានៅកណ្ដាលគេ ដែលថ្វាយតង្វាយដុត ឬយញ្ញបូជា 9ឥតយកមកឯទ្វារត្រសាលជំនុំ ដើម្បីថ្វាយដល់ព្រះយេហូវ៉ា អ្នកនោះត្រូវកាត់ចេញពីសាសន៍របស់ខ្លួន»។
ការហាមបរិភោគឈាម
10«អ្នកណាក្នុងពួកវង្សអ៊ីស្រាអែល ឬអ្នកប្រទេសក្រៅណានៅកណ្ដាលគេ ដែលបរិភោគឈាមអ្វីក៏ដោយ នោះយើងតាំងមុខទាស់នឹងអ្នកដែលបរិភោគឈាមនោះ ហើយកាត់គេចេញពីសាសន៍របស់ខ្លួន 11ដ្បិតជីវិតរូបសាច់នោះនៅក្នុងឈាម ហើយយើងបានឲ្យឈាមដល់អ្នករាល់គ្នា សម្រាប់នឹងថ្វាយនៅលើអាសនា ដើម្បីឲ្យបានធួននឹងជីវិតអ្នក ដ្បិតគឺជាឈាមនោះហើយដែលធ្វើឲ្យមានជីវិត។ 12ដោយហេតុនោះបានជាយើងហាមដល់ពួកកូនចៅអ៊ីស្រាអែលថា កុំឲ្យអ្នកណាក្នុងពួកអ្នករាល់គ្នាបរិភោគឈាមឲ្យសោះ ក៏មិនត្រូវឲ្យពួកប្រទេសក្រៅ ដែលនៅកណ្ដាលអ្នករាល់គ្នាបរិភោគដែរ។ 13អ្នកណាក្នុងពួកកូនចៅអ៊ីស្រាអែល ឬក្នុងពួកអ្នកប្រទេសក្រៅនៅជាមួយ ដែលដេញចាប់បានសត្វជើងបួន ឬសត្វស្លាប ដែលបរិភោគបាន ត្រូវឲ្យអ្នកនោះសម្រក់ឈាមចោល រួចយកដីគ្របវិញ។
14ដ្បិតឈាមជាជីវិតនៃអស់ទាំងសត្វ ឈាម និងជីវិតនោះ គឺតែមួយទេ ដោយហេតុនោះ បានជាយើងហាមដល់ពួកកូនចៅអ៊ីស្រាអែលថា អ្នករាល់គ្នាមិនត្រូវបរិភោគឈាមនៃសត្វណាមួយឡើយ គឺព្រោះជីវិតនៃសត្វទាំងឡាយជាឈាមនោះឯង អ្នកណាដែលបរិភោគ នោះនឹងត្រូវកាត់ចេញជាមិនខាន។ 15អស់អ្នកណាដែលបរិភោគសត្វ ដែលស្លាប់ដោយខ្លួនឯង ឬមានសត្វណាហែកសម្លាប់ ទោះបើអ្នកនោះកើតក្នុងស្រុក ឬជាអ្នកប្រទេសក្រៅក្តី នោះត្រូវបោកសម្លៀកបំពាក់ខ្លួន ហើយងូតទឹកចេញ រួចនៅជាមិនស្អាតរហូតដល់ល្ងាច នោះទើបនឹងបានស្អាតវិញ។ 16ប៉ុន្តែ បើមិនបានបោក ឬងូតទឹកចេញទេ អ្នកនោះត្រូវទ្រាំទ្រក្នុងអំពើទុច្ចរិតរបស់ខ្លួនហើយ»។
Currently Selected:
លេវីវិន័យ 17: គកស១៦
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies