យ៉ូប 36
36
លោកអេលីហ៊ូវលើកតម្កើងភាពល្អរបស់ព្រះ
1អេលីហ៊ូវក៏ពោលតទៅថា៖
2«សូមទ្រាំចាំខ្ញុំបន្តិចសិន ខ្ញុំនឹងបង្ហាញលោក
ដ្បិតខ្ញុំនៅមានសេចក្ដីខ្លះ
នឹងពោលតម្កើងពីព្រះ។
3ខ្ញុំនឹងនាំយកសេចក្ដីចេះដឹង
របស់ខ្ញុំមកពីចម្ងាយ
ហើយនឹងសម្ដែងច្បាស់ថា
ព្រះដែលបង្កើតខ្ញុំ ព្រះអង្គសុចរិត
4ដ្បិតពិតជាពាក្យខ្ញុំ មិនមែនជាពាក្យកំភូតទេ
គឺមានព្រះដ៏មានតម្រិះសព្វគ្រប់
ព្រះអង្គគង់នៅជាមួយខ្ញុំវិញ
5មើល៍ ព្រះទ្រង់មានព្រះចេស្តា
តែព្រះអង្គមិនមើលងាយដល់អ្នកណាឡើយ
ព្រះអង្គមានឥទ្ធិឫទ្ធិដោយកម្លាំងនៃព្រះតម្រិះ។
6ព្រះអង្គមិនគាំពារជីវិតរបស់មនុស្សអាក្រក់ នោះទេ
តែព្រះអង្គប្រោសមនុស្ស
ដែលត្រូវវេទនាតាមត្រឹមត្រូវ។
7ព្រះអង្គមិនដកព្រះនេត្រ
ចេញពីមនុស្សសុចរិតឡើយ
គឺព្រះអង្គតាំងឲ្យគេអង្គុយលើបល្ល័ង្ក
ជាមួយពួកស្តេច
ឲ្យនៅអស់កល្បជានិច្ច
ហើយគេបានថ្កើងឡើង។
8បើកាលណាគេត្រូវជាប់ច្រវាក់
ឬជាប់ចំណងនៃសេចក្ដីវេទនា
9ព្រះអង្គក៏បង្ហាញឲ្យគេឃើញអំពើរបស់គេ
ព្រមទាំងអំពើរំលងរបស់គេ
ដែលគេប្រព្រឹត្តដោយហួសល្បត់។
10ព្រះអង្គក៏បើកត្រចៀកគេឲ្យស្តាប់សេចក្ដីដំបូន្មាន
ហើយបង្គាប់ឲ្យគេចេញពី
អំពើទុច្ចរិតវិលមកវិញ។
11បើគេស្តាប់តាម ហើយគោរពប្រតិបត្តិដល់ព្រះអង្គ
នោះគេនឹងរស់នៅអស់ទាំងថ្ងៃនៃអាយុគេ
ដោយសេចក្ដីរុងរឿង
ហើយអស់ទាំងឆ្នាំគេដោយអំណរ។
12ប៉ុន្តែ បើគេមិនស្តាប់
គេនឹងត្រូវវិនាសដោយដាវ
ហើយស្លាប់ទៅដោយខ្វះប្រាជ្ញា។
13ឯពួកអ្នកដែលមានចិត្តទមិឡល្មើស
គេប្រមូលទុកសេចក្ដីក្រោធ
ហើយកាលណាព្រះអង្គចងគេ
នោះគេមិនអំពាវនាវទេ។
14គេស្លាប់ក្នុងវ័យក្មេង
ហើយគេបាត់បង់ជីវិតក្នុងចំណោម
ពួកប្រុសពេស្យាប្រចាំទីសក្ការៈ។
15ព្រះអង្គជួយអ្នកដែលមានសេចក្ដីទុក្ខ
ឲ្យរួចដោយការរងទុក្ខរបស់គេនោះ
ក៏បើកត្រចៀកគេក្នុងគ្រា
ដែលកើតមានសេចក្ដីសង្កត់សង្កិន។
16ព្រះអង្គសព្វព្រះហឫទ័យ
ចង់នាំលោកចេញពីទីចង្អៀត
ទៅឯទីធំទូលាយវិញ
ជាទីគ្មានសេចក្ដីត្បៀតត្បុលឡើយ
យ៉ាងនោះ នឹងមានអាហារឆ្ងាញ់ៗ
ដាក់នៅលើតុលោក។
17ប៉ុន្តែ លោកបានសម្រេចពេញទី
តាមសេចក្ដីជំនុំជម្រះរបស់មនុស្សអាក្រក់
សេចក្ដីយុត្តិធម៌ និងសេចក្ដីសុចរិត
បានចាប់លោកហើយ។
18កុំបីលោកទុកឲ្យសេចក្ដីក្រោធបណ្ដាលឲ្យ
ទាស់ទទឹងនឹងការរាងចាលឡើយ
ក៏កុំឲ្យថ្លៃលោះយ៉ាងធំក្រៃលែងនេះ
នាំឲ្យលោកវង្វេងចេញដែរ។
19តើសម្រែករបស់លោក
ឬឫទ្ធិនៃកម្លាំងលោកល្មម
អាចនឹងជួយឲ្យលោករួចពី
សេចក្ដីទុក្ខនេះបានឬ?
20កុំសង្វាតចង់បានពេលយប់
ជាពេលដែលពួកជនត្រូវដកចេញពី
កន្លែងគេនោះឡើយ។
21ត្រូវឲ្យប្រយ័ត្ន និងចៀសចេញពីអំពើទុច្ចរិត
ដ្បិតលោកបានរើសសេចក្ដីនោះ
ជំនួសការរងទុក្ខវិញ។
22មើល៍ ព្រះធ្វើការយ៉ាងខ្ពស់វិសេស
ដោយឫទ្ធិរបស់ព្រះអង្គ
តើមានគ្រូណាដែលប្រៀបផ្ទឹមនឹងព្រះអង្គបាន?
23តើអ្នកណាបានបង្គាប់បង្ហាញផ្លូវ
ដែលព្រះអង្គត្រូវដើរ?
ឬអ្នកណាហ៊ានថាព្រះអង្គបានប្រព្រឹត្តការទុច្ចរិត?
លោកអេលីហ៊ូវប្រកាសពីសេចក្ដីមេត្តាករុណារបស់ព្រះ
24លោកត្រូវនឹកចាំ និងលើកតម្កើងការព្រះអង្គវិញ
គឺជាការដែលមនុស្សលោក
បានច្រៀងសរសើរដែរ។
25មនុស្សទាំងអស់រំពឹងមើលការនោះ
តែគេមើលពីចម្ងាយទេ។
26មើល៍ ព្រះធំណាស់
យើងរាល់គ្នាមិនស្គាល់ព្រះអង្គទេ
ចំនួនឆ្នាំនៃព្រះជន្មព្រះអង្គ
នោះរកកំណត់មិនបាន។
27ដ្បិតព្រះអង្គបានទាញយក
ដំណក់ទឹកឡើងទៅលើ
ព្រះអង្គធ្វើឲ្យប្រែជាចំហាយ
រួចទម្លាក់មកវិញជាភ្លៀង
28ជាទឹកដែលពពកចាក់ចុះមក
ឲ្យធ្លាក់ជាបរិបូរ ស្រោចស្រពលើមនុស្សលោក។
29តើមានអ្នកណាយល់ពីពពករសាត់
ឬពីសៀងផ្គរនៅឯពន្លារបស់ព្រះអង្គបាន?
30មើល៍! ព្រះអង្គជះពន្លឺរស្មីព័ទ្ធជុំវិញព្រះអង្គ
ហើយក៏គ្របបាំងទាំងបាតសមុទ្រផង។
31ដ្បិតគឺដោយសារការទាំងនោះ
ដែលព្រះអង្គពិចារណាមើលអស់ទាំងសាសន៍
ព្រះអង្គប្រោសប្រទានអាហារឲ្យជាបរិបូរ។
32ព្រះអង្គយករន្ទះកាន់នៅព្រះហស្ត
ហើយក៏បាញ់ទៅចំពួកខ្មាំងសត្រូវ
33សូរគ្រាំគ្រេងនោះសម្ដែងពីព្រះអង្គ
ដូចព្យាករឲ្យពពួកសត្វដឹងពេល
ដែលត្រូវភ្លៀងផ្គរនោះដែរ។
Currently Selected:
យ៉ូប 36: គកស១៦
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies