YouVersion Logo
Search Icon

យ៉ូប 36

36
លោក​អេលី‌ហ៊ូវ​លើក​តម្កើង​ភាព​ល្អ​របស់​ព្រះ
1អេលី‌ហ៊ូវ​ក៏​ពោល​ត​ទៅ​ថា៖
2«សូម​ទ្រាំ​ចាំ​ខ្ញុំ​បន្តិច​សិន ខ្ញុំ​នឹង​បង្ហាញ​លោក
ដ្បិត​ខ្ញុំ​នៅ​មាន​សេចក្ដី​ខ្លះ
នឹង​ពោល​តម្កើង​ពី​ព្រះ។
3ខ្ញុំ​នឹង​នាំ​យក​សេចក្ដី​ចេះ​ដឹង
របស់​ខ្ញុំ​មក​ពី​ចម្ងាយ
ហើយ​នឹង​សម្ដែង​ច្បាស់​ថា
ព្រះ​ដែល​បង្កើត​ខ្ញុំ ព្រះ‌អង្គ​សុចរិត
4ដ្បិត​ពិត​ជា​ពាក្យ​ខ្ញុំ មិន​មែន​ជា​ពាក្យ​កំភូត​ទេ
គឺ​មាន​ព្រះ​ដ៏​មាន​តម្រិះ​សព្វ​គ្រប់
ព្រះ‌អង្គ​គង់​នៅ​ជា‌មួយ​ខ្ញុំ​វិញ
5មើល៍ ព្រះ‌ទ្រង់​មាន​ព្រះ‌ចេស្តា
តែ​ព្រះ‌អង្គ​មិន​មើល‌ងាយ​ដល់​អ្នក​ណា​ឡើយ
ព្រះ‌អង្គ​មាន​ឥទ្ធិ‌ឫទ្ធិ​ដោយ​កម្លាំង​នៃ​ព្រះ​តម្រិះ។
6ព្រះ‌អង្គ​មិន​គាំពារ​ជីវិត​របស់​មនុស្ស​អាក្រក់ នោះ​ទេ
តែ​ព្រះ‌អង្គ​ប្រោស​មនុស្ស
ដែល​ត្រូវ​វេទនា​តាម​ត្រឹម​ត្រូវ។
7ព្រះ‌អង្គ​មិន​ដក​ព្រះ‌នេត្រ
ចេញ​ពី​មនុស្ស​សុចរិត​ឡើយ
គឺ​ព្រះ‌អង្គ​តាំង​ឲ្យ​គេ​អង្គុយ​លើ​បល្ល័ង្ក
ជា‌មួយ​ពួក​ស្តេច
ឲ្យ​នៅ​អស់​កល្ប​ជា‌និច្ច
ហើយ​គេ​បាន​ថ្កើង​ឡើង។
8បើ​កាល​ណា​គេ​ត្រូវ​ជាប់​ច្រវាក់
ឬ​ជាប់​ចំណង​នៃ​សេចក្ដី​វេទនា
9ព្រះ‌អង្គ​ក៏​បង្ហាញ​ឲ្យ​គេ​ឃើញ​អំពើ​របស់​គេ
ព្រម​ទាំង​អំពើ​រំលង​របស់​គេ
ដែល​គេ​ប្រព្រឹត្ត​ដោយ​ហួស​ល្បត់។
10ព្រះ‌អង្គ​ក៏​បើក​ត្រចៀក​គេ​ឲ្យ​ស្តាប់​សេចក្ដី​ដំបូន្មាន
ហើយ​បង្គាប់​ឲ្យ​គេ​ចេញ​ពី
អំពើ​ទុច្ចរិត​វិល​មក​វិញ។
11បើ​គេ​ស្តាប់​តាម ហើយ​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ‌អង្គ
នោះ​គេ​នឹង​រស់​នៅ​អស់​ទាំង​ថ្ងៃ​នៃ​អាយុ​គេ
ដោយ​សេចក្ដី​រុងរឿង
ហើយ​អស់​ទាំង​ឆ្នាំ​គេដោយ​អំណរ។
12ប៉ុន្តែ បើ​គេ​មិន​ស្តាប់
គេ​នឹង​ត្រូវ​វិនាស​ដោយ​ដាវ
ហើយ​ស្លាប់​ទៅ​ដោយ​ខ្វះ​ប្រាជ្ញា។
13ឯ​ពួក​អ្នក​ដែល​មាន​ចិត្ត​ទមិឡ​ល្មើស
គេ​ប្រមូល​ទុក​សេចក្ដី​ក្រោធ
ហើយ​កាល​ណា​ព្រះ‌អង្គ​ចង​គេ
នោះ​គេ​មិន​អំពាវ‌នាវ​ទេ។
14គេ​ស្លាប់​ក្នុង​វ័យ​ក្មេង
ហើយ​គេ​បាត់​បង់​ជីវិត​ក្នុង​ចំណោម
ពួកប្រុស​ពេស្យា​ប្រចាំ​ទី​សក្ការៈ។
15ព្រះ‌អង្គ​ជួយ​អ្នក​ដែល​មាន​សេចក្ដី​ទុក្ខ
ឲ្យ​រួច​ដោយ​ការ​រង​ទុក្ខ​របស់​គេ​នោះ
ក៏​បើក​ត្រចៀក​គេ​ក្នុង​គ្រា
ដែល​កើត​មាន​សេចក្ដី​សង្កត់‌សង្កិន។
16ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫ‌ទ័យ
ចង់​នាំ​លោក​ចេញ​ពី​ទី​ចង្អៀត
ទៅ​ឯ​ទី​ធំ​ទូលាយ​វិញ
ជា​ទី​គ្មាន​សេចក្ដី​ត្បៀត‌ត្បុល​ឡើយ
យ៉ាង​នោះ នឹង​មាន​អាហារ​ឆ្ងាញ់ៗ
ដាក់​នៅ​លើ​តុ​លោក។
17ប៉ុន្តែ លោក​បាន​សម្រេច​ពេញ​ទី
តាម​សេចក្ដី​ជំនុំ​ជម្រះ​របស់​មនុស្ស​អាក្រក់
សេចក្ដី​យុត្តិ‌ធម៌ និង​សេចក្ដី​សុចរិត
បាន​ចាប់​លោក​ហើយ។
18កុំ​បី​លោក​ទុក​ឲ្យ​សេចក្ដី​ក្រោធ​បណ្ដាល​ឲ្យ
ទាស់​ទទឹង​នឹង​ការ​រាង​ចាល​ឡើយ
ក៏​កុំ​ឲ្យ​ថ្លៃ​លោះ​យ៉ាង​ធំ​ក្រៃ‌លែង​នេះ
នាំ​ឲ្យ​លោក​វង្វេង​ចេញ​ដែរ។
19តើ​សម្រែក​របស់​លោក
ឬ​ឫទ្ធិ​នៃ​កម្លាំង​លោក​ល្មម
អាច​នឹង​ជួយ​ឲ្យ​លោក​រួច​ពី
សេចក្ដី​ទុក្ខ​នេះ​បាន​ឬ?
20កុំ​សង្វាត​ចង់​បាន​ពេល​យប់
ជា​ពេល​ដែល​ពួក​ជន​ត្រូវ​ដក​ចេញ​ពី
កន្លែង​គេ​នោះ​ឡើយ។
21ត្រូវ​ឲ្យ​ប្រយ័ត្ន និង​ចៀស​ចេញ​ពី​អំពើ​ទុច្ចរិត
ដ្បិត​លោក​បាន​រើស​សេចក្ដី​នោះ
ជំនួស​ការ​រង​ទុក្ខ​វិញ។
22មើល៍ ព្រះ​ធ្វើ​ការ​យ៉ាង​ខ្ពស់​វិសេស
ដោយ​ឫទ្ធិ​របស់​ព្រះ‌អង្គ
តើ​មាន​គ្រូ​ណា​ដែល​ប្រៀប​ផ្ទឹម​នឹង​ព្រះ‌អង្គ​បាន?
23តើ​អ្នក​ណា​បាន​បង្គាប់​បង្ហាញ​ផ្លូវ
ដែល​ព្រះ‌អង្គ​ត្រូវ​ដើរ?
ឬ​អ្នក​ណា​ហ៊ាន​ថា​ព្រះ‌អង្គ​បាន​ប្រព្រឹត្ត​ការ​ទុច្ចរិត?
លោក​អេលីហ៊ូវ​ប្រកាសពីសេចក្ដីមេត្តាករុណា​របស់​ព្រះ
24លោក​ត្រូវ​នឹក​ចាំ និង​លើក​តម្កើង​ការ​ព្រះ‌អង្គ​វិញ
គឺ​ជា​ការ​ដែល​មនុស្ស​លោក
បាន​ច្រៀង​សរសើរ​ដែរ។
25មនុស្ស​ទាំង​អស់​រំពឹង​មើល​ការ​នោះ
តែ​គេ​មើល​ពី​ចម្ងាយ​ទេ។
26មើល៍ ព្រះ​ធំ​ណាស់
យើង​រាល់​គ្នា​មិន​ស្គាល់​ព្រះ‌អង្គ​ទេ
ចំនួន​ឆ្នាំ​នៃ​ព្រះ‌ជន្ម​ព្រះ‌អង្គ
នោះ​រក​កំណត់​មិន​បាន។
27ដ្បិត​ព្រះ‌អង្គ​បាន​ទាញ​យក
ដំណក់​ទឹក​ឡើង​ទៅ​លើ
ព្រះ‌អង្គ​ធ្វើ​ឲ្យ​ប្រែ​ជា​ចំហាយ
រួច​ទម្លាក់​មក​វិញ​ជា​ភ្លៀង
28ជា​ទឹក​ដែល​ពពក​ចាក់​ចុះ​មក
ឲ្យ​ធ្លាក់​ជា​បរិបូរ ស្រោច‌ស្រព​លើ​មនុស្ស​លោក។
29តើ​មាន​អ្នក​ណា​យល់​ពី​ពពក​រសាត់
ឬ​ពី​សៀង​ផ្គរ​នៅ​ឯ​ពន្លា​របស់​ព្រះ‌អង្គ​បាន?
30មើល៍! ព្រះ‌អង្គ​ជះ​ពន្លឺ​រស្មី​ព័ទ្ធ​ជុំ‌វិញ​ព្រះ‌អង្គ
ហើយ​ក៏​គ្រប​បាំង​ទាំង​បាត​សមុទ្រ​ផង។
31ដ្បិត​គឺ​ដោយ‌សារ​ការ​ទាំង​នោះ
ដែល​ព្រះ‌អង្គ​ពិចារ‌ណា​មើល​អស់​ទាំង​សាសន៍
ព្រះ‌អង្គ​ប្រោស​ប្រទាន​អាហារ​ឲ្យ​ជា​បរិបូរ។
32ព្រះ‌អង្គ​យក​រន្ទះ​កាន់​នៅ​ព្រះ‌ហស្ត
ហើយ​ក៏​បាញ់​ទៅ​ចំ​ពួក​ខ្មាំង​សត្រូវ
33សូរ​គ្រាំ‌គ្រេង​នោះ​សម្ដែង​ពី​ព្រះ‌អង្គ
ដូច​ព្យាករ​ឲ្យ​ពពួក​សត្វ​ដឹង​ពេល
ដែល​ត្រូវ​ភ្លៀង‌ផ្គរ​នោះ​ដែរ។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in