YouVersion Logo
Search Icon

យ៉ូប 15

15
ប្រសាសន៍​របស់​លោក​អេលី‌ផាស៖ លោក​យ៉ូប​បាត់​បង់​ជំនឿ
1អេលី‌ផាស សាសន៍​ថេម៉ាន ឆ្លើយ​ឡើង​ថា៖
2«តើ​គួរ​ឲ្យ​អ្នក​ប្រាជ្ញ​ឆ្លើយ
ដោយ​សេចក្ដី​ចេះ​ដឹង​អសារ​ឥត​ការ
ឬ​បំពេញ​ចិត្ត​ដោយ​ខ្យល់​ពី​ខាង​កើត​ឬ?
3តើ​គួរ​នឹង​ជជែក​ដោយ​សម្ដី​ឥត​ប្រយោជន៍
ឬ​ដោយ​ពាក្យ​អធិប្បាយ
ដែល​បង្កើត​សេចក្ដី​ល្អ​មិន​បាន​ឬ?
4អើ អ្នក​បំផ្លាញ​សេចក្ដី​កោត​ខ្លាច​ដល់​ព្រះ
ហើយ​ឃាត់‌ឃាំង​សេចក្ដី​នឹក​ជញ្ជឹង
នៅ​ចំពោះ​ព្រះ​ផង។
5ដ្បិត​សេចក្ដី​អាក្រក់​របស់​អ្នក​បញ្ចេះ
ឲ្យ​មាត់​អ្នក​និយាយ​ចេញ​មក
ហើយ​អ្នក​ប្រើ​ពាក្យ​សម្ដី
របស់​មនុស្ស​ឧបាយ​អាក្រក់។
6គឺ​មាត់​របស់​អ្នក​កាត់​ទោស​ដល់​ខ្លួន​ហើយ
មិន​មែន​ជា​ខ្ញុំ​ទេ
អើ បបូរ​មាត់​របស់​អ្នក
ធ្វើ​បន្ទាល់​ទាស់​នឹង​ខ្លួន​អ្នក។
7តើ​អ្នក​ជា​មនុស្ស​ដំបូង​ដែល​កើត​មក​ឬ?
តើ​អ្នក​បាន​លេច​មក​មុន​អស់​ទាំង​ភ្នំ​ដែរ​ឬ?
8តើ​អ្នក​បាន​ឮ​សេចក្ដី​ប្រឹក្សា​ដ៏​កំបាំង​របស់​ព្រះ​ឬ?
តើ​អ្នក​ស្មាន​ថា មាន​តែ​ខ្លួន​អ្នក​មួយ​ទេ
ដែល​មាន​ប្រាជ្ញា?
9តើ​អ្នក​ចេះ​អ្វី​ដែល​ពួក​យើង​មិន​ចេះ?
ឬ​យល់​អ្វី​ដែល​ពួក​យើង​មិន​បាន​យល់​នោះ?
10ខាង​យើង​មាន​ទាំង​មនុស្ស​ក្បាល​សក់​ស្កូវ
និង​មនុស្ស​អាយុ​ច្រើន
ដែល​ចាស់​ជាង​ឪពុក​អ្នក​ទៅ​ទៀត។
11តើ​អ្នក​រាប់​ការ​កម្សាន្ត​របស់​ព្រះ​ថា​តូច​តាច​ពេក
ឬ​ជា​ពាក្យ​ផ្អែម​ពី​រោះ​សម្រាប់​អ្នក?
12ហេតុ​អ្វី​បាន​ជា​អ្នក​បណ្តោយ​ទៅ​តាម​ចិត្ត
ហើយ​មិច​ភ្នែក​ដូច្នេះ?
13ហេតុ​អ្វី​បាន​ជា​អ្នក​បំបែរ​ចិត្ត​ទៅ​ទាស់​នឹង​ព្រះ
ហើយបញ្ចេញ​ពាក្យ​យ៉ាង​នេះ
ពី​មាត់​របស់​អ្នក​មក?
14តើ​មនុស្ស​ជា​អ្វី​ដែល​អាច​បាន​បរិសុទ្ធ?
តើ​មនុស្ស​កើត​មក​ពី​មនុស្ស​ស្រី
អាច​សុចរិត​ម្ដេច​បាន?
15មើល៍ ព្រះ‌អង្គ​មិន​ទុក​ចិត្ត
នឹង​ពួក​បរិសុទ្ធ​របស់​ព្រះ‌អង្គ
ហើយ​ផ្ទៃ​មេឃ​ក៏​មិន​បរិសុទ្ធ
នៅ​ព្រះ‌នេត្រ​របស់​ព្រះ‌អង្គ​ដែរ
16ចំណង់​បើ​ម្នាក់​ដែល​គួរ​តែ​ខ្ពើម
ហើយ​ស្មោក‌គ្រោក
ជា​អ្នក​ដែល​ផឹក​សេចក្ដី​អាក្រក់​ដូច​ជា​ទឹក
តើ​នឹង​ជា​យ៉ាង​ណា​ទៅ។
17ខ្ញុំ​នឹង​សម្ដែង​ឲ្យ​អ្នក​ដឹង ចូរ​ស្តាប់​ចុះ
ខ្ញុំ​នឹង​ថ្លែង​ប្រាប់​ពី​សេចក្ដី
ដែល​ខ្ញុំ​បាន​ឃើញ​ហើយ
18គឺ​ជា​សេចក្ដី​ដែល​ពួក​អ្នក​ប្រាជ្ញ​បាន​ពោល​ត​មក
តាំង​តែ​ពី​បុព្វ‌បុរស​គេ ឥត​លាក់​ទុក​ឡើយ
19ជា​ពួក​តែ​មួយ​ដែល​បានគ្រង​គ្រង​ស្រុក
ឥត​មាន​សាសន៍​ដទៃ​ណា
ចូល​មក​ក្នុង​ពួក​គេ​ឡើយ។
20គឺ​ថា មនុស្ស​អាក្រក់​រមែង​រង​ទុក្ខ
ដោយ​ឈឺ​ចាប់​គ្រប់​មួយ​ជីវិត​របស់​គេ
ឯ​អស់​ចំនួន​ឆ្នាំ​គេ​បាន​លាក់​ទុក
សម្រាប់​មនុស្ស​គំហក‌កំហែង។
21មាន​សូរ​គួរ​ស្ញែង​ខ្លាច​ឮ​ដល់​ត្រចៀក​គេ
ក្នុង​ពេល​ដែល​កំពុង​តែ​ចម្រើន
នោះ​មេ​បំផ្លាញ​នឹង​មក​លើ​គេ។
22គេ​គ្មាន​សង្ឃឹម​នឹង​ត្រឡប់​ពី​ទី​ងងឹត​មក​វិញ​ទេ
ហើយ​ក៏​ស្មាន​ថា មាន​ដាវ​នៅ​រង់‌ចាំ​គេ​ដែរ។
23គេ​ដើរ​ចេញ​ទៅ​ទី​នេះ​ផង ទៅ​ទី​នោះ​ផង
រក​អាហារ​បរិ‌ភោគ​ទាំង​សួរ​ថា "តើ​នៅ​ឯ​ណា"?
គេ​ស្មាន​ប្រាកដ​ថា
វេលា​លំបាក​ជិត​មក​ដល់​គេ​ហើយ
24មាន​ទុក្ខ​លំបាក
និង​សេចក្ដី​ចង្អៀត​ចិត្ត​មក​បំភ័យ​គេ
ក៏​ឈ្នះ​គេ​ដូច​ជា​ស្តេច​ណា
ដែល​រៀប​ជា​ស្រេច​នឹង​ទៅ​ច្បាំង។
25ព្រោះ​គេ​បាន​លូក​ដៃ​ទៅ​ទាស់​នឹង​ព្រះ
ហើយ​ក៏​ប្រព្រឹត្ត​ដោយ​ឆ្មើង‌ឆ្មៃ
នៅ​ចំពោះ​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា
26គេ​រត់​ឆ្ពោះ​ទៅ​ទាស់​នឹង​ព្រះ‌អង្គ
ហើយ​មាន​ខែល​បាំង​យ៉ាង​ក្រាស់
27ព្រោះ​គេ​មាន​សាច់​មុខ​ធាត់​ពេញ
ហើយ​បាន​ឡើង​សាច់​ខ្នន់ៗ​នៅ​ចង្កេះ​ផង
28គេ​អាស្រ័យ​នៅ​ក្នុង​ទី​ក្រុង​ស្ងាត់​ឈឹង
ក្នុង​ផ្ទះ​ឥត​មាន​មនុស្ស​នៅ
ដែល​ហៀប​នឹង​រលំ​ហើយ
29គេ​នឹង​មិន​ដែល​បាន​ជា​អ្នក​មាន
ហើយ​ទ្រព្យ‌សម្បត្តិ​គេ​ក៏​មិន​គង់​នៅ​ដែរ
ឯ​ធន‌ធាន​របស់​គេ
ក៏​មិន​បាន​ដុះ‌ដាល នៅ​ផែនដី​ឡើយ
30គេ​នឹង​ចេញ​ពី​សេចក្ដី​ងងឹត​មិន​រួច
អណ្ដាត​ភ្លើង​នឹង​ធ្វើ​ឲ្យ​មែក​គេ​ស្វិត​ក្រៀម​ទៅ
ហើយ​គេ​នឹង​ត្រូវ​ផាត់​បាត់​ទៅ​ដោយ​សារ​ខ្យល់។
31កុំ​ឲ្យ​គេ​បញ្ឆោត​ខ្លួន
ដោយ​ទុក​ចិត្ត​នឹង​សេចក្ដី​អសារ​ឥត​ការ​ឡើយ
ដ្បិត​យ៉ាង​នោះ សេចក្ដី​អសារ​ឥត​ការ
នឹង​បាន​ជា​រង្វាន់​ដល់​គេ។
32ការ​នោះ​នឹង​បាន​សម្រេច
មុន​ពេល​កំណត់​របស់​គេ
ហើយ​មែករបស់​គេ​នឹង​មិន​បាន
ខៀវ​ស្រស់​ទៀត​ទេ។
33គេ​នឹង​រលាស់​ជម្រុះ​ផ្លែ​ខ្ចី​របស់​ខ្លួន​អស់​ទៅ
ដូច​ជា​ដើម​ទំពាំង‌បាយ‌ជូរ
ហើយ​នឹង​ឲ្យ​ផ្កា​ខ្លួន​ជ្រុះ​ចុះ
ដូច​ជា​ដើម​អូលីវ​ដែរ។
34ដ្បិត​ពួក​មនុស្ស​ទមិឡ​ល្មើស
នឹង​កើត​ផល​មិន​បាន
ហើយ​ភ្លើង​នឹង​ឆេះ​បន្សុស​ទី​លំនៅ
របស់​ពួក​ដែល​ស៊ី​សំណូក​ផង។
35គេ​មាន​គភ៌​បង្កើត​ជា​សេចក្ដី​អាក្រក់
ហើយ​ក៏​សម្រាល​ចេញ​មក​ជា​អំពើ​ទុច្ចរិត
ហើយ​ចិត្ត​គេ​តែង‌តែ​រៀបចំ
គម្រោង​ការអាក្រក់»។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in